តំណាង​រាស្ត្រ​សង្គ្រោះ​ជាតិ​ទៅ​តំបន់​ព្រំ​ដែន​ដែល​មាន​វិវាទ

លោក រៀល ខេមរិន្ទ្រ (បង់កក្រមា) ពេលចុះទៅព្រំដែនក្នុងឃុំដូងកាលពីសប្តាហ៍មុន។ រូបថត សហការី




ភ្នំពេញប៉ុស្តិ៍

ស្វាយរៀងៈ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង និង​អ្នក​គាំទ្រ​ជាច្រើន​នាក់​គ្រោង​ចុះ​ទៅ​ពិនិត្យ​មើល​ព្រំដែន កម្ពុជា-វៀតណាម នៅ​ក្នុង ស្រុក​រមាស​ហែក នៅ​ចុង​ខែ​នេះ​ជា​ថ្មី​ទៀត ដោយសារ​តែ​ប្រជា​ពលរដ្ឋ​បាន​ប្តឹង​តវ៉ា​ថា ទាហាន វៀតណាម បាន​ហាម​ឃាត់​ពួក​គេ មិន​ឲ្យ​ដើរ​លើ​ដី​ស្រែ​កេរ​ដូន​តា​របស់​ខ្លួន​នៅ​ជាប់​ព្រំដែន។

លោក រៀល ខេមរិន្ទ្រ តំណាង​រាស្រ្ត​ជាប់​ឆ្នោត នៅ​មណ្ឌល ខេត្ត​ស្វាយរៀង បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា នៅ​ថ្ងៃ ទី៣០ ខែ​មិថុនា ខាង​មុខ​នេះ លោក​នឹង​ដឹក​នាំ​អ្នក​គាំទ្រ​គណបក្ស​ប្រហែល​ជាង ១០០ នាក់​ចុះ​ទៅ​ពិនិត្យ​មើល​តំបន់​ផ្ទះ​ខ្មែរ​ប្រាំ​មួយ​ខ្នង ស្ថិត​នៅ​ក្នុង ឃុំ​ដូង ស្រុក​រមាស​ហែក ដែល​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​នេះ បាន​អះអាង​ថា វៀតណាម បាន​ហាម​មិន​ឲ្យ​ពួក​គាត់ ដើរ​លើ​ដី​ស្រែ​របស់​ពួក​គាត់។

លោក​បាន​បញ្ជាក់​ថា ពួក​គេ​ធ្លាប់​ធ្វើ​ស្រែ​នៅ​តំបន់​នោះ តាំង​ពី​ដូន​តា​មក ប៉ុន្តែ​ប្រហែល​ជាង ១ ឆ្នាំ​មក​នេះ ទាហាន វៀតណាម បាន​ហាម​ឃាត់​ពួកគេ កុំ​ឲ្យ​ដើរ និង​ធ្វើ​ស្រែ​ចម្ការ នៅ​លើ​ដី​នោះ​ទៀត។

លោក រៀល ខេមរិន្ទ្រ បន្ថែម​ថា៖ «យើង​ចង់​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី បង្ហាញ​យើង​អំពី​ដី​របស់​ពួក​គេ។ យើង​នឹង​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ អំពី​ដី​របស់​ប្រជា​ពលរដ្ឋ ដែល​ពួក​គេ​ធ្លាប់​ធ្វើ​ស្រែ​កន្លង​មក»។

លោក​បាន​បញ្ជាក់​ថា កាល​ពី​សប្តាហ៍​មុន បន្ទាប់​ពី​ប្រជា​ពលរដ្ឋ បាន​ប្តឹង​មក​លោក​ក្នុង​នាម​ជា​តំណាង​រាស្រ្ត​ជាប់​ឆ្នោត លោក និង​សកម្មជន​គណបក្ស បាន​ចុះ​ទៅ​កន្លែង​នោះ ហើយ​បាន​ដើរ​នៅ​លើ​ដី​នោះ ប៉ុន្តែ​ពេល​នោះ ទាហាន វៀតណាម បាន​មក​ហាម​ឃាត់​លោក និង​អ្នក​ទៅ​ជាមួយ​លោក​មិន​ឲ្យ​ដើរ​នៅ​តំបន់​នោះ​ទេ។

ក្នុង​អំឡុង​ពេល​ចុះ​ទៅ​តំបន់​ព្រំដែន និង​បាន​ប៉ះទង្គិច​ពាក្យ​សម្តី​ជាមួយ​នឹង​ទាហាន វៀតណាម ដែល​ឃើញ​បង្ហោះ​ឃ្លីប​វិដេអូ កាល​ពី​សប្តាហ៍​មុន លោក រៀល ខេមរិន្ទ្រ បាន​ថ្លែង​ថា៖ «នៅ​តំបន់​ស យួន​អាច​ប្រើ និង​ធ្វើ​អ្វី​ក៏​បាន គេ​ហៅ​វា​តំបន់​ស ប៉ុន្តែ​នេះ​ជា​ដី​ខ្មែរ ហេតុ​អ្វី​ខ្មែរ​មិន​អាច​ដើរ​បាន? ខ្ញុំ​ចង់​ប្រាប់​សាធារណជន​ថា ដី​ដែល​ខ្ញុំ​កំពុង​ដើរ​គឺជា​ដី​ខ្មែរ វា​មិន​មែន​ជា​របស់ យួន ទេ ប៉ុន្តែ យួន​មិន​អនុញ្ញាត​ឲ្យ​យើង​ដើរ​លើ​ដី​យើង​ទេ។ ជា​តំណាង​រាស្រ្ត​ជាប់​ឆ្នោត ខ្ញុំ​ត្រូវ​តែ​ដឹង​ថា កន្លែង​ណា​ជា​ដី​ខ្មែរ ហើយ​ខ្ញុំ​ត្រូវ​តែ​មាន​សិទិ្ធ​ឈរ​លើ​ដី​ខ្មែរ វា​មិន​ខុស​ទេ»។

នៅ​ក្នុង​វីដេអូ​ឃ្លីប​នោះ​គេ​ឃើញ ទាហាន វៀតណាម ម្នាក់ បាន​ព្រមាន​លោក ខេមរិន្រ្ទ កុំ​ឲ្យ​និយាយ​ថា ដី​នេះ​ជា​ដី​របស់​ខ្មែរ។ «ឥឡូវ​នេះ ខ្ញុំ​និយាយ​ជាមួយ​អ្នក អ្នក​និយាយ​ថា នេះ​ជា​ដី​អ្នក ខ្ញុំ​មិន​ជឿ​ថា ជា​ដី​អ្នក​ទេ។ ឥឡូវ​នេះ ខ្ញុំ​ប្រាប់​ថា ដី​កន្លែង​ណា​របស់​អ្នក​ណា…ត្រូវ​រង់ចាំ​រដ្ឋាភិបាល​ទាំង​សង​ខាង​ដោះស្រាយ​សិន»។

អ្នក​ស្រី អ៊ុក យន ប្រជា​ពលរដ្ឋ​ម្នាក់​ដែល​រស់​នៅ​ក្នុង ឃុំ​ដូង បាន​អះអាង​ថា អ្នក​ស្រី​មាន​ដី​ប្រហែល​កន្លះ​ហិកតា ហើយ​អ្នក​ស្រី​បាន​ធ្វើ​ស្រែ​នៅ​ទីនោះ​អស់​ជាង ១០ ឆ្នាំ​ហើយ ចាប់​តាំង​ពី​ឪពុក​ក្មេក​របស់​អ្នក​ស្រី បាន​ចែក​ដី​នោះ​មក​អ្នក​ស្រី​និង​ប្តី ប៉ុន្តែ ឥឡូវ​នេះ អ្នក​ស្រី​អាច​ធ្វើ​ស្រែ​លើ​ដី​នេះ​បាន​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ចំណែក​មួយ​ផ្នែក​ទៀត​ទាហាន វៀតណាម បាន​ហាម​ឃាត់​គ្រួសារ​អ្នក​ស្រី​មិន​ឲ្យ​ធ្វើ​ស្រែ​ទេ។

លោក ជៀង អំ អភិបាល ខេត្ត​ស្វាយរៀង មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ។ ប៉ុន្តែ លោក ពេញ ជា អភិបាល ស្រុក​រមាស​ហែក បាន​ថ្លែង​ថា កន្លែង​ដែល​ទាហាន វៀតណាម ហាម​ឃាត់​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ដើរ​នោះ គឺជា​តំបន់​ស ហើយ​ទាំង កម្ពុជា និង វៀតណាម ត្រូវ​បាន​ហាម​ឃាត់ មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ និង​ដើរ​លើ​ដី​នោះ​ទេ ហើយ​ថា គ្មាន​អ្នក​ណា​ម្នាក់ ហាម​ឃាត់​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ដើរ​លើ​ដី​នោះ​ទេ ប៉ុន្តែ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​របស់​គាត់​មិន​បាន​សហការ​ជាមួយ​នឹង​អាជ្ញាធរ មុន​ពេល​ចុះ​ទៅ​ទី​នោះ។ លោក ពេញ ជា បាន​លើក​ឡើង​ថា៖ «កុំ​ជឿ​តែ​ម្ខាង។ វា​អាស្រ័យ​លើ​ដំណោះស្រាយ​របស់​គណៈកម្មាធិការ​ព្រំដែន។ យើង​និយាយ​ថា ដី​នោះ​ជា​របស់​យើង គេ​ថា ដី​នោះ​របស់​គេ ប៉ុន្តែ​ដី​នោះ​នៅ​តែ​ដដែល ហើយ​យើង​រង់​ចាំ​ដំណោះស្រាយ​ពី​ថ្នាក់​លើ»។

នៅ​ពេល​សួរ​ថា តើ​ហេតុ​អ្វី​ទាហាន វៀតណាម ប្រាប់​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ថា ដី​នោះ​មិន​មែន​ជា​របស់​ខ្មែរ លោក ជា ពុំ​បាន​រៀបរាប់​លម្អិត​ទេ ដោយ​គ្រាន់​តែ​និយាយ​ថា គ្មាន​បញ្ហា​ធំ​ទេ ចំពោះ​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្តី​រវាង​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ និង​ទាហាន វៀតណាម នោះ។

លោក វ៉ា គឹមហុង ទេស​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា គណៈកម្មាធិការ​ព្រំដែន កម្ពុជា និង វៀតណាម នឹង​ចុះ​ទៅ​វាស់​វែង​តំបន់​នោះ​ក្នុង​ពេល​ឆាប់ៗ ដើម្បី​កំណត់​ដី​របស់​ប្រទេស​នីមួយៗ​ឲ្យ​បាន​ច្បាស់​ដើម្បី​បោះ​បង្គោល​ព្រំដែន។

លោក វ៉ា គឹមហុង បាន​ថ្លែង​ថា៖ «យើង​នឹង​ចុះ​ទៅ​នៅ​ខែ​នេះ ដើម្បី​វាស់​វែង»។ នៅ​ពេល​សួរ​ថា តើ​ហេតុអ្វី​បាន​ជា​ទាហាន វៀតណាម មក​ហាម​ឃាត់​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ដើរ​នៅ​តំបន់​នោះ លោក វ៉ា គឹមហុង ពុំ​បាន​ធ្វើ​ការ​អត្ថាធិប្បាយ​ទេ ដោយ​លោក​និយាយ​ថា លោក​មិន​ដឹង​ថា តើ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ដើរ​លើ​ដី​កម្ពុជា​ឬ​អត់​នោះ​ទេ៕


What Next?

Recent Articles

3 Responses to "តំណាង​រាស្ត្រ​សង្គ្រោះ​ជាតិ​ទៅ​តំបន់​ព្រំ​ដែន​ដែល​មាន​វិវាទ"

  1. Anonymous says:

    all CCP officers should be sentenced when CNRP in Power because all these people who destroy its nationalities, lands and natural resources

  2. ទៅភាគខាងលិចផងពួកអាមោក

  3. ?? says:

    some of those comment is not take full responsible to their own nation. my question is why can all of us see the danger situation of our nation. which one is more dangerous the west or the east?????????????? I knew they are not the best neighbor but which one that trying to swallow you alive????? did we are seeing our country getting smaller or still be the same????this is a simple question to all of us. in time that the whole world is in dangerous situation,that the world community focus on. they will not concentrate on our small nation that much. it’s time to think about our self to survive in the world uncertainty situation. please think fare ahead of you, be for it come ***************************