បើទោះណាជារដ្ឋាភិបាលបដិសេធយ៉ាងខ្លាំងមិនព្រមធ្វើតាមអនុសាសន៍របស់លោកពាក់ព័ន្ធនឹងកំណែទម្រង់ការបោះឆ្នោតកាលពីពីរឆ្នាំមុនក៏ដោយ ក៏លោក សុរិយា ស៊ូបេឌី ប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានដើរចេញពីកិច្ចប្រជុំជាមួយលោក អុឹម សួស្ដី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) កាលពីម្សិលមិញ ដោយមានគំនិតសុទិដ្ឋិនិយមដែរ។
លោក ស៊ូបេឌី បានមានប្រសាសន៍ថា ” ដំណើរការកែទម្រង់គឺតែងតែជាដំណើរការដែលជួបឧបសគ្គសម្រាប់ប្រទេសណាក៏ដោយ ជាពិសេសចំពោះប្រទេសដូចជាប្រទេសកម្ពុជាជាដើម ដែលមានភាពស្មុគស្មាញ។ ប៉ុន្តែជាថ្មីម្ដងទៀត ខ្ញុំមានក្តីរំភើបរីករាយដែលភាគច្រើននៃអនុសាសន៍របស់ខ្ញុំ ឥឡូវនេះក្លាយជាផ្នែកមួយនៃរបៀបវារៈរបស់ជាតិ”។
នៅក្នុងរបាយការណ៍ខែកក្កដា ឆ្នាំ២០១២ផ្ញើជូនមហាសន្និបាតអង្គការសហប្រជាជាតិ លោក ស៊ូបេឌី បានព្រមានថា ការមិនធ្វើកំណែទម្រង់ស្ថាប័នរដ្ឋមួយចំនួន រួមទាំងគ.ជ.ប.ផងនោះ អាចធ្វើឲ្យប្រទេសជាតិមានអស្ថិរភាព និងបណ្ដាលឲ្យមានអំពើហិង្សា។
ការព្រមានរបស់លោកបានបង្ហាញឲ្យឃើញដូចការគិតទុកជាមុន ខណៈដែលកងកម្លាំងរដ្ឋាភិបាលបានបាញ់បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ប្រាំពីរនាក់ស្លាប់ មានទាំងអ្នកតវ៉ា ឬអ្នកឈរមើលការតវ៉ាជាដើម ចាប់តាំងពីការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសកាលពីខែកក្កដាមក។
ប៉ុន្តែលោក ស៊ូបេឌី បានមានប្រសាសន៍កាលពីម្សិលមិញថា លោក អុឹម សួស្ដី ” តែងតែនិយាយដោយស្មោះត្រង់និងក្នុងន័យស្ថាបនានៅក្នុងការពិភាក្សារបស់ខ្ញុំ” ហើយ ” លោកតែងតែផ្តល់ព័ត៌មានដែលមានសារៈសំខាន់នៅក្នុងដំណោះរបស់លោកចំពោះបញ្ហាមួយចំនួន ដែលប្រទេសកម្ពុជាកំពុងប្រឈមមុខសព្វថ្ងៃនេះ”។
ការទាមទារខ្លាំងបំផុតរបស់គណបក្សសង្គ្រោះជាតិដើម្បីបញ្ចប់ការបន្តធ្វើពហិការរដ្ឋសភារបស់ខ្លួននោះ គឺជាការកែទម្រង់គ.ជ.ប.ទាំងស្រុង ដែលបច្ចុប្បន្ននេះមានមន្ត្រីជាច្រើនរួមទាំងលោក អុឹម សួស្ដី ផងសុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយគណបក្សប្រជាជនកម្ពុជា។
លោក ស៊ូបេឌី បានមានប្រសាសន៍ថា ជំនួបនោះភាគច្រើនទាក់ទងនឹងការបោះឆ្នោតកាលពីខែកក្កដា និងថាតើលោកអាចចូលរួមចំណែកដោះស្រាយភាពទាល់ច្រកនយោបាយដោយវិធីណា។ លោកបានមានប្រសាសន៍ថា ” ដល់ពេលផ្លាស់ប្តូរដំណើរការបោះឆ្នោត និងធ្វើកំណែទម្រង់ស៊ីជម្រៅទូលំទូលាយហើយ”។
ទោះជាយ៉ាងណា ការពិភាក្សាថ្មីបំផុតពាក់ព័ន្ធនឹងនយោបាយ ដែលបានធ្វើឡើងកាលពីសប្ដាហ៍មុនបានបញ្ចប់នៅពេលដែលប្រតិភូគណបក្សប្រជាជនកម្ពុជាទទូចឲ្យមានការជ្រើសរើសសមាជិកគ.ជ.ប.ថ្មី ដោយសំឡេង៥០ភាគរយបូក១នៅក្នុងសភា ដែលជាថ្មីម្ដងទៀតអនុញ្ញាតឲ្យគណបក្សប្រជាជនកម្ពុជាជ្រើសរើសសមាជិកគ.ជ.ប. យ៉ាងប្រុងប្រយ័ត្នដោយគ្មានការទប់ស្កាត់។
លោក អឹុម សួស្ដី មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេបន្ទាប់ពីជំនួបនោះ ប៉ុន្តែលោក ទេព នីថា អគ្គលេខាធិការគ.ជ.ប. បានមានប្រសាសន៍ថា លោកប្រធានបានពន្យល់ថា ទន្ទឹមនឹងការផ្លាស់ប្ដូរលក្ខណៈបច្ចេកទេសមួយចំនួន ដូចជាការដាក់ចៅក្រមពីររូប ដែលមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជានៅក្នុងគ.ជ.ប. លោកបានបដិសេធមិនឆ្លើយសំណួរទាក់ទងផែនការធ្វើកំណែទម្រង់បន្ថែមទៀតឡើយ។
លោក ទេព នីថា បានមានប្រសាសន៍ថា ” ការពិត គ.ជ.ប.មិនមានសមត្ថកិច្ចធ្វើកំណែទម្រង់ទេ យើងត្រូវរង់ចាំរហូតដល់សមាជិកសភាត្រេៀមខ្លួនធ្វើកំណែទម្រង់ច្បាប់ ហើយយើងត្រូវអនុវត្តតាមច្បាប់។ ដូច្នេះហើយ គ.ជ.ប.គ្រាន់តែជម្រាបលោក ស៊ូបេឌី ថា យើងមិនអាចឆ្លើយតបចំពោះបញ្ហានេះបានទេ”៕ សារុន
© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
នៅក្នុងរបាយការណ៍ខែកក្កដា ឆ្នាំ២០១២ផ្ញើជូនមហាសន្និបាតអង្គការសហប្រជាជាតិ លោក ស៊ូបេឌី បានព្រមានថា ការមិនធ្វើកំណែទម្រង់ស្ថាប័នរដ្ឋមួយចំនួន រួមទាំងគ.ជ.ប.ផងនោះ អាចធ្វើឲ្យប្រទេសជាតិមានអស្ថិរភាព និងបណ្ដាលឲ្យមានអំពើហិង្សា។
_______________________
យើងចាត់ទុកថា លោក ស៊ូបឺឌី ជាអ្នកចេះដឹងច្បាប់ម្នាក់ នឹងកំពុងតែខិតខំដើរតួចង់បានគុណសម្បត្តិពីការងារដែលោលកមពូងធ្វើជាមួយកម្ពុជា។
យើងឲ្យលោក ស៊ូបឺឌី និយាយសំដែងទស្សនៈជាមួយនឹងការប្រយ័ត្នបន្តិច!
ពាក្យមួយឃ្លាខាងលើនេះ មិនល្អទេ!! ពាក្យថាអស្ថរភាព និង ហឹង្សា។ គួរតែលោក ស៊ូបឺឌី ដកចេញ។ នេះ គេហៅថា ជាការអុជអាល ជាការលើកទឹកចិត្ត ជាការជម្រុញ ជាការបញ្ឆេះ។
ក្នុងនាមជាអ្នកច្បាប់ លោក សុំឲ្យរាជរដ្ឋាភិបាលអនុវត្តទៅតាមច្បាប់របស់រដ្ឋ និង អនុសញ្ញា ឬច្បាប់អន្តរជាតិ ឲ្យបានត្រឹមត្រូវ និងមានការថ្លឹងថ្លែង, តែលោកក៏ត្រូវសុំឲ្យប្រជាពលរដ្ឋ ដែលទាមទារនោះ ត្រូវមានការពិចារណា និងធ្វើអ្វីដោយគោរពច្បាប់របស់រដ្ឋ ផងដែរ។
លោក ស៊ូបឺឌី ត្រូវមើលឃើញឲ្យច្បាស់ពីគម្រូដ៏ល្អរបស់ប្រទេសថៃនាបច្ចុប្បន្ន។ អ្នកណាក៏ដោយ ក្រុមមជ្ឈដ្ឋានអ្នកវិភាគ និងបក្សប្រឆាំងរបស់កម្ពុជា ក៏ដូចជាពូកបរទេសមួយចំនួន តែងសរសើរថៃ ជានិច្ច ថាជាស្ថាប័នរដ្ឋបាល ជាកងទ័ព ជានគរបាល ជាតុលាការឯករាជ្យ។ តែ ឥឡូវ មាននរណា និយាយដូចនេះទៀត ឬទេ?
គួរកុំខិតខំរុញច្រាន់របៀបរស់នៅរបស់ខ្មែរ ដែលកំពុងតែស្ងប់ស្ងាត់ ឲ្យក្លាយជាហឹង្សា ឲ្យសោះ!
រឿងអ្វី ត្រូវដោះស្រាយដោយច្បាប់!
កុំចង់ឲ្យចេញជារូបភាពអនាធិបតេយ្យឲ្យសោះ ។ យើងឃើញហើយ រូបភាពប៉ុន្មានថ្ងៃមកនេះ នៅស្រុក សៀមប៉ាង ។ តើអ្នកណាខ្លះ គាំទ្រ និងអ្នកណាខ្លះ មិនគាំទ្រ ខណៈដែលឃើញប្រជាជនប្រើកម្លាំងអនាធិបតេយ្យរំលោភលើសមត្ថកិច្ច? អាចនិយាយតាម ការយល់ឃើញ ទៅ ចុះ។ តែបើចេះតែមានសភាពដូចនេះ ប្រទេៃកម្ពុជា នឹងត្រូវវិលទៅចាប់ផ្តើម ការកសាងជាតិពី ឆ្នាំ ១៩៧៩ មកវិញ។
ប្រសិនបើ យើង ចេះតែនាំគ្នាគិតថា ដោយសារមិនកែទម្រង់ច្បាប់ មិនកែទម្រង់គជប. ហើយចេះតែនិយាយថា អ្វីក៏អាក្រក់ អ្វីក៏ខុស ហើយយើងមិននិយាយគ្នា មិនដោះស្រាយតាមច្បាប់ បែរជាខិតខំ រុញច្រានបាតុកម្មពីមួយថ្ងៃទៅមួយថ្ងៃ ឲ្យឈានដល់អំពើហឹង្សា ដែលចាំបាច់រដ្ឋាភិបាល ត្រូវតែគ្រប់គ្រងសភាពការណ៍ ឲ្យបាន តើពេលនេះ អ្វីនឹងកើតឡើង?
ពេលនេះ រាជរដ្ឋាភិបាល នឹងប្រើច្បាប់អាជ្ញាសឹក ដូង លោក ប្រាយុទ្ធ ចាន់អ៊ូចារ!
សុំកុំបន្ទោស លោកប្រាយុទ្ធ ឲ្យសោះ!
ដើម្បីសេចក្តីសុខរបស់ជាតិ ដើម្បីស្ថេរភាពសង្គម ដែលធានាដល់សន្តិភាព តើរាជរដ្ឋាភិបាលត្រូវឆ្លើយតបបែបណាទៅនឹងសកម្មភាពអនាធិបតេយ្យ គឺ មានតែប្រកាសប្រើច្បាប់ អាជ្ញាសឹក។
សុំមើលឡើងវិញពី សន្តិភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ដែលអាមេរិកបាននាំទៅជូនប្រជាពលរដ្ឋអ៊ីរ៉ាក់ តាមរយៈកងកម្លាំងទ័ព និងសព្វាវុធ។ តើថ្ងៃនេះ លោកអូបាម៉ាកំពុងតែគិតអ្វីខ្លះ ដើម្បីធានាថារដ្ឋាភិបាលអ៊ីរ៉ាក់ ដែលបន្តុបដោយអាមេរិក នឹងមានជីវិតទៅទៀត។
ឃើញរូបភាពបែបនេះ យើងនឹកឃើញដល់ប្រវត្តិអាមេរិកនាំ សេរីភាព សមភាព ភាតរភាព ប្រជាធិបតេយ្យមកឲ្យខ្មែរតាមរយៈលោកសេនាប្រមុខលន់ នល់។ ចុងក្រោយបំផុត អាមេរិករត់ចោលកម្ពុជា យ៉ាងអាម៉ាស។ ហើយអ្នកណា ជាអ្នកទឹកភ្នែក នៅឆ្នាំ ១៩៧៥។
សរុបមក វិញ ក្នុងបេសកកម្មលើកនេះ យើងសំណូមពរ លោក ស៊ូបឺឌី ត្រូវប្រុងប្រយ័ត្នក្នុងការរៀបចំរបាយការណ៍ ត្រូវពិនិត្យ សិក្សាឲ្យបានច្រើន ពីគ្រប់ភាគីពាក់ព័ន្ធ ដោយត្រូវស្គាល់ឲ្យអស់ពីចរិត គោលការណ៍ គោលនយោបាយ បេសកម្ម របស់គណបក្សនីមួយៗ របស់អង្គការនិមួយៗ ក្នុងក្របខ័ណ្ឌជាស្ថាប័ន តែក៏ត្រូវស្គាល់ពិចរិត បុគ្គលិកលក្ខណៈ លក្ខណៈសម្បត្តិជាបុគ្គលនៃមនុស្សម្នាក់ជាមន្ត្រី ជាថ្នាក់ដឹកនាំ ជាប្រធានគណបក្ស ឬនៃអង្គការ ក៏ត្រូវមើលពីផលប្រយោជន៍បុគ្គលរបស់ផង។
បើលោក ស៊ូបឺឌី មើលមិនអស់ នោះ របាយការណ៍ ក៏ខុស ហើយអនុសាសន៍របស់ លោក ក៏ គេពិបាកទទួលដែរ៕