ពលរដ្ឋ​ស្រុក​ពញាឮ​៖ អាជ្ញាធរ​ទទួល​សំណូក​ពី​ជនជាតិ​វៀតណាម ជា​ថ្នូរ​នឹង​ការនេសាទ​ខុសច្បាប់​​

ដោយ៖​ ណាត សុភាព​​
ថ្ងៃពុធ ទី18 មិថុនា 2014
http://vodhotnews.com

ប្រជាពលរដ្ឋ​នៅ​ស្រុក​ពញាឮ ខេត្ត​កណ្តាល អះអាងថា អាជ្ញាធរ​មូលដ្ឋាន​ទទួល​សំណូក​ពី​ជនជាតិ វៀតណាម ដើម្បី​ជា​ថ្នូរ​ឲ្យ​ពួកគេធ្វើការ​នេសាទ​ខុសច្បាប់​នៅ​រដូវ​ត្រី​ពង​កូន​។​

តំណាង​ប្រជាពលរដ្ឋ លោក លី វ៉ាន់ឌី ឲ្យ​VOD​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ទូក​នេសាទ​របស់​ជន​ជាតិ​វៀតណាម​ប្រមាណ​ជាង​១០​គ្រឿង បាន​ចុះ​ទៅ​នេសាទ​នៅ​ស្រុក​ពញាឮ ដោយ​ប្រើ​មង​ក្រឡា​ញឹក ហើយ​មិន​មាន​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជលផល​ចុះ​បង្ក្រាប​នោះ​ទេ​។ លោក​ថា មូលហេតុ​ដែល​មិន​មាន​ការចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​រដូវ​ហាមឃាត់ ដោយសារ​មន្ត្រី​ទាំងនោះ​ទទួល​សំណូក​ពី​ជនជាតិ​វៀតណាម។

លោក លី វាន់​ឌី បង្ហាញ​ក្តីបារម្ភ​ថា បើ​មន្ត្រី​ជលផល​មិន​ចុះ​បង្ក្រាប​ទេ នោះ​នឹង​ធ្វើឲ្យ​បាត់បង់​ធនធាន​មច្ឆាជាតិ ដោយសារ​រដូវ​នេះ​ជា​រដូវ​ត្រី​ពង​កូន​។​

នាយក​សង្កាត់រដ្ឋបាល​ជលផល​ស្រុក​ពញាឮ លោក កែវ ពិទូរ្យ បដិសេធ​នឹង​ការលើកឡើង​របស់​ប្រជាពលរដ្ឋ ដែល​ថា​សមត្ថកិច្ច​ឃុបឃិត​ជាមួយ​ជនជាតិ​វៀតណាម​បើ​កដៃ​ឲ្យ​នេសាទ​ខុសច្បាប់​។ ប៉ុន្តែ​លោក​បញ្ជាក់ថា ក្រុមការងារ​នឹង​ចុះ​ត្រួតពិនិត្យ​នៅ​តំបន់​នោះ។

​មន្ត្រី​សម្របសម្រួល កម្មវិធី​បឹង​ទន្លេសាប នៃ​អង្គការ​សម្ព័ន្ធដើម្បី​អភិរក្ស​ធនធាន​ជលផល លោក ម៉ិញ ប៊ុនលី យល់ថា ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នោះ​ផ្ទាល់ ត្រូវ​ថត​យក​ភស្តុតាង ហើយ​ដាក់​ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ ដើម្បី​ជួយ​ទប់ស្កាត់​កុំឲ្យ​មាន​បទល្មើស​នោះ​កើតឡើង​ទៀត។

តាម​ច្បាប់​ស្តីពី​ជលផល ឲ្យដឹងថា ជា​រៀងរាល់ឆ្នាំចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា ដល់​ថ្ងៃ​៣០ ខែ​កញ្ញា គឺ​ច្បាប់​មិន​អនុញ្ញាតិ​ឲ្យ​នេសា​ទទេ ដោយ​សារ​ជា​រដូវ​ត្រី​ពង​កូន​៕

សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

One Response to "ពលរដ្ឋ​ស្រុក​ពញាឮ​៖ អាជ្ញាធរ​ទទួល​សំណូក​ពី​ជនជាតិ​វៀតណាម ជា​ថ្នូរ​នឹង​ការនេសាទ​ខុសច្បាប់​​"

  1. Anonymous says:

    > . . , . . មន្ត្រី ខ្មែរ មួយចំនួន ល្មម ឈប់ ក្បត់ជាតិ ខ្លួនអែង ទៅ !