អាជ្ញាធរ​រុះ​រើ​ផ្ទះ​បំផ្លាញ​ដំណាំ​ចម្ការ​អ្នក​ភូមិ​នៅ​កែវសីមា

អាជ្ញាធរនៅ​ភាគ​ឦសាន​​ទៅ​បង្ខំ​ឲ្យ​ពលរដ្ឋ​​រើ​ផ្ទះ​ចេញ​​​។ រូបថត សហ​ការី




ភ្នំពេញប៉ុស្តិ៍

មណ្ឌលគិរីៈ កម្លាំង​សមត្ថកិច្ច​ចម្រុះ​កាល​ពី​ម្សិលមិញ​បាន​ចុះ​រុះរើ​ដុត​បំផ្លាញ​ផ្ទះ​និង​ឈូស​ឆាយ​ដី​ចម្ការ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង ឃុំ​ស្រែព្រះ ឃុំ​កែវសីមា ដោយ​ចោទ​ប្រកាន់​ថា ប្រជា​ពលរដ្ឋ​ទាំង​នោះ​ចូល​ទៅ​កាន់​កាប់​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់។

ពលរដ្ឋ​រងគ្រោះ​ឈ្មោះ សារ៉ន សុណេង អាយុ ៤០​ឆ្នាំ បាន​និយាយ​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ចោទ​ប្រកាន់​ប្រជា​ពលរដ្ឋ​ថា បាន​ចូល​កាន់​កាប់​ដី​រដ្ឋ​ខុស​ច្បាប់។ អាជ្ញាធរ​បាន​ចុះ​មក​បំផ្លាញ​ផ្ទះ​ប្រជា​ពលរដ្ឋ និង​ចម្ការ​ដំឡូង​ជាង ៤ ហិកតា​ដោយ​បង្ខំ​ឲ្យ​ចាក​ចេញ។

លោក សុណេង និយាយ​ថា៖ «យើង​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ​ដូច​គ្នា យើង​គ្មាន​ដី​រស់​នៅ​ទេ ពួក​ខ្ញុំ​មិន​ដឹង​ទៅ​ឯណា​ទេ ក្រោយ​អាជ្ញាធរ​រុះរើ​ដុត​បំផ្លាញ​ផ្ទះ​ពួក​យើង​និង​ដី​ចម្ការ​ដំឡូង​ដែល​កំពុង​ឲ្យ​ផល ហើយ​ត្រូវ​បំផ្លាញ​អស់​បែប​នេះ»។

ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ ហុយ ព័រ អាយុ ៤៨​ឆ្នាំ បាន​បន្ទរ​ថា ពួក​អ្នក​ភូមិ​បាន​នាំ​គ្នា​មក​សុំ​ដី​វត្ត​ស្នាក់នៅ​បណ្តោះ​អាសន្ន​ហើយ​ទាំង​អស់​គ្នា​នឹង​វិល​ទៅ​រស់​នៅ​កន្លែង​ចាស់​វិញ ដោយ​សារ​តែ​គ្មាន​កន្លែង​រស់​នៅ​និង​ដី​អាស្រ័យ​ផល។

លោក ហុយ ព័រ និយាយ​ថា៖ «អាជ្ញាធរ​មិន​គួរ​ដុត​បំផ្លាញ​ផ្ទះ​និង​ចម្ការ​ដំឡូង​របស់​អ្នក​ភូមិ​យើង​ទេ ព្រោះ​ពួក​គេ​សុទ្ធ​តែ​ជា​ពលរដ្ឋ​រស់​នៅ​លើ​ដី​ខ្មែរ»។

លោក សុក រដ្ឋា អ្នក​សម្រប​សម្រួល​របស់​សមាគម អាដហុក ប្រចាំ ខេត្ត​មណ្ឌលគិរី បាន​អះអាង​ថា រូបភាព​នៃ​ការ​ដុត​បំផ្លាញ​រុះរើ​ទាំង​បង្ខំ​បែប​នេះ គឺជា​ការ​រំលោភ​សិទ្ធិ​មនុស្ស។

លោក​និយាយ​ថា៖ «អាជ្ញាធរ​គួរ​រិះរក​វិធានការ​ដោះស្រាយ​សម​ស្រប​ណា​មួយ សម្រាប់​ពួក​គេ​មុន​នឹង​ការ​បំផ្លាញ​ផ្ទះ​និង​ដី​ស្រែ​ចម្ការ​អ្នក​ភូមិ»។

លោក សិន វណ្ណវុធ អភិបាល ស្រុក​កែវសីមា ថ្លែង​បញ្ជាក់​ពី​បញ្ហា​នេះ​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​គួរ​តែ​នាំ​គ្នា​មក​បំពេញ​បែបបទ ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​រក​ដី​សង្គមកិច្ច​នៅ​តំបន់​ណា​មួយ​សម្រាប់​ពួក​គាត់​រស់​នៅ​ជា​ជាង​នាំ​គ្នា​ទៅ​រស់​នៅ​លើ​ដី​រដ្ឋ​ខុស​ច្បាប់​បន្ត​ទៀត៕


What Next?

Recent Articles

2 Responses to "អាជ្ញាធរ​រុះ​រើ​ផ្ទះ​បំផ្លាញ​ដំណាំ​ចម្ការ​អ្នក​ភូមិ​នៅ​កែវសីមា"

  1. ?? says:

    YES>>>>>>>>>>>>>>>>>>>>>>> just sucking your own blood only.do not tray whit VEINAM and SIAM&&&&&&&&&&&&&&&&&&&&&&

  2. Bol says:

    ប្រទេសមានច្បាប់, អ្វីៗក៏ដោយត្រូវតែដំណើការតាមច្បាប់។ តែបើប្រជាជនធ្វើអ្វីក្នុងជីវភាព ដោយអនាធិបតេយ្យ អាជ្ញាធរត្រូវតែដោះស្រាយតាមវិធីដែលច្បា់មានចែង។

    ចំាដល់ ពួកសម រង្ស៊ីកាន់អណាចថ្ងៃណាមួយនោះ ឯងនឹងបានដឹងហើយ ពីអ្វីដែលឯងបានបង្រៀនមនុស្សឲ្យអនាធិបតេយ្យយ៉ាងនេះ។