ព្រីម លីហ្សា មិន​បកស្រាយ​នឹង​ពាក្យ​រិះគន់​ធ្ងន់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស

តារាសម្ដែង​កូនកាត់​បី​សាសន៍ ព្រីម លីហ្សា។




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ខណៈ​កំពុង​ត្រូវ​បាន​មជ្ឈដ្ឋាន លើក​ឡើង​ពី​ភាព​អវិជ្ជមាន​ពី​ការងារ​សិល្បៈ​នោះ តារាសម្តែង​ដែល​មហាជន​ភាគច្រើន​ស្គាល់​ដោយ​ការ​បង្អួត​សម្លៀកបំពាក់​តម្លៃ​ថ្លៃៗ ជាមួយ​ចេតនា​បង្ហាញ​សាច់​ដើមទ្រូង​សិចស៊ី​បែប​តារាអឺរ៉ុប នាង ព្រីម លីហ្សា ក៏​ត្រូវ​បាន​ផ្ទុះ​ការ​រិះគន់​យ៉ាង​ធ្ងន់​ពី​ជុំវិញ​សម្រស់​និង​ការ​តុបតែង​ខ្លួន​ជាថ្មី ដែល​អ្នក​ខ្លះ​បាន​ទាំង​លើក​ឡើង​ថា៖ «មិន​ដឹង​ជា​តារាល្បី​អី មិន​ឃើញ​មាន​អ្វី​លេចធ្លោ​ពី​សិល្បៈ​ក្រៅពី​អួត​ពី​សម្ភារ​ប្រើប្រាស់​នោះ»។

រយៈពេល​ជាង​ពីរ​ឆ្នាំ​ហើយ​ដែល​តារាសម្ដែង​កូនកាត់​បី​សាសន៍​នាង ព្រីម លីហ្សា មិន​បាន​លេចស្រមោល​ក្នុង​វិស័យ​សម្ដែង​បន្ត​ទៀត បន្ទាប់ពី​នាង​បាន​លេច​វត្តមាន​ក្នុង​ខ្សែភាពយន្ត​ភាគ​លើ​កញ្ចក់​ទូរទស្សន៍​មួយ​រឿង​នោះ។

មហាជន​លើក​ឡើង​ថា៖ «មិន​ដែល​ឃើញ​វត្តមាន​នាង លេច អណ្តែត​ក្នុង​ការ​សម្តែង​ភាពយន្ត​ទៀត ឬ​មួយ​នាង​មិន​ទទួល​ការ​សម្តែង​ឬ​យ៉ាង​ណា​បាន​ជា​ឃើញ​តែ​មួយ​រឿង​ក៏​បាត់​ស្រមោល​រហូត។ ឮ​តែ​គេ​និយាយ​ថា នាង​មាន​ការងារ​ធ្វើ​ច្រើន​នៅ​តែ​បរទេស ជាពិសេស​គឺ​ឱកាស​ដើរ​ម៉ូដ​កម្មវិធី​ធំៗ​នោះ»។

មជ្ឈដ្ឋាន​តាមដាន សកម្មភាព​សិល្បៈ​បាន​ផ្ទុះ​ចម្ងល់​ថា៖ «បើ​នាង​ជា​តារាសម្តែង​មាន​មុខមាត់​ធំ ជើងវែង​ល្បី​ក្រៅ​ប្រទេស​អ៊ីចឹង​ហើយ ម៉េច​ផលិតកម្ម​ក្នុង​ស្រុក​មិន​ហៅ​ថត ឬ​ក៏​នាង​មិន​ទទួល​ថត​ការងារ​ក្នុង​ស្រុក បើ​សូម្បីតែ​ធ្វើ​ម៉ូដែល​ក្នុង​ស្រុក​ក៏​កម្រ​នឹង​ឃើញ​នាង​ដើរ​ដែរ»។

ការងារ​ពី​សិល្បៈ​សព្វថ្ងៃ​កាន់តែ​ទូលំទូលាយ​ដោយ​មាន​ទាំង​ការ​ថត​ស្ប៉ត​ផ្សព្វផ្សាយ ថត​ខារ៉ាអូខេ សម្តែង​រឿង​ជាដើម ហើយ​បើ​ហ៊ាន​សិចស៊ី ដូច ព្រីម លីហ្សា នោះ​ទៀត​មិន​សម​នាង​ខ្សត់​ការ​សម្តែង​ក្នុង​ស្រុក​នោះ​ទេ។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​ពី​ភាព​អវិជ្ជមាន​ពី​ការងារ​សម្តែង​នោះ ម្តាយ​របស់​តារា​រូប​នេះ​តែង​អះអាង​ថា៖ «ដោយសារ​តែ​ភាព​មមាញឹក​ពី​ការងារ​សិល្បៈ​ក្រៅ​ស្រុក​ច្រើន ទើប​មិន​សូវ​ទទួល​ការ​សម្តែង​ក្នុង​ស្រុក»។

អ្នកស្រី​ក៏​ធ្លាប់​ថ្លែង​ដោយ​សម្ដី​មោទនភាព​ខ្លួន​ផង​ដែរ ថា៖ «ការ​ឲ្យ​តម្លៃ​លើ​ការ​សម្តែង​នៅក្នុង​ស្រុក​ទាប​ពេក​មិន​សម​តម្លៃ​ខ្លួន​កូន​តារាល្បី​នៅ​ក្រៅ​ប្រទេស»។

ម្តាយ​នាង​ក៏​ធ្លាប់​បាន​និយាយ​ទៀត​ថា៖ «មិនមែន​មិន​ចង់​សម្តែង បញ្ចេញ​កាយវិការ​ក្នុង​ស្រុក​ទេ មកពី​ភាគច្រើន​និយាយ​ថ្លៃ​គ្នា​មិន​ត្រូវ​ឲ្យ​កូន ហ្សា (លីហ្សា​)​តម្លៃ​ស្មើ​តារា​ថ្មី មិន​ទទួល​ហ្នឹង ទើប​មិន​សម្តែង​»។

ភាយ​ក្លិន​តប​នឹង​ភាព​ស្ងាត់ជ្រងំ​ដូច​ចោរ​លួច​សេះ តារាល្បី​ប្រើប្រាស់​សម្ភារ​ថ្លៃៗ​និង​ភាព​សិចស៊ី​បញ្ចេញ​សាច់ទ្រូង​ពេល​នេះ​កំពុង​បង្ក​ការ​ភ្ញាក់ផ្អើល យ៉ាង​ខ្លាំង​ពី​ក្នុង​បណ្តាញ​សង្គម ដោយ​គេហទំព័​ក្នុង​ស្រុក បាន​ស្រង់​សំណេរ​ពី​ការ​ផ្សាយ​របស់​សារ​ព័ត៌មាន​វៀតណាម។ ដោយ​សរសេរ​ថា៖ «ព្រីម លីហ្សា ត្រូវ​សារព័ត៌មាន​បរទេស​រិះគន់​ថា ធាត់ ដើមទ្រូង​ធំ​និង​មុខ​អាក្រក់»។

ការ​ចេញ​ផ្សាយ​នោះ​លើក​ឡើង​ថា៖ «​ព្រីម លីហ្សា កើត​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​១៩៩២ ត្រូវ​បាន​គេ​ស្គាល់​ថា តារា​និយម​អួត​ម៉ាក​យីហោ​សម្លៀកបំពាក់ ឬ​ផលិតផល​ល្បីៗ​ដែល​នាង​ប្រើប្រាស់ ចូលរួម​កម្មវិធី​ធំៗ ថ្លៃ​មិន​ក្រោម​រាប់​ពាន​ដុល្លារ​នោះ​ទេ។ លើស​ពី​នេះ​ទៅ​ទៀត នាង​ចូលចិត្ត​បង្ហាញ​ភាព​សិចស៊ី សឹងតែ​ធ្វើឲ្យ​មនុស្ស​ប្រុស​ក្តៅ​ខ្លួន​ស្លាប់ តាមរយៈ​យីហោ​ល្បីៗ​ទាំងនោះ​»។

សុំ​ការ​បកស្រាយ ឬ​ប្រតិកម្ម​យ៉ាង​ណា ពី​ជុំវិញ​ការ​លេច​ចេញ​នូវ​ព័ត៌មាន​ដ៏អាម៉ាស់​ពី​ប្រទេស​ជិត​ខាង​នោះ ភ្នំពេញ​ប៉ុស្តិ៍​មិន​ទទួល​បាន​ចម្លើយ​ឡើយ ខណៈ​ទាក់ទង​ទៅ​ម្តាយ​តារាសម្តែង​នាង ព្រីម លីហ្សា ទទួល​ទូរស័ព្ទ ហើយ​អ្នកស្រី​អះអាង​ថា​មិន​មាន​ពេល​និយាយ​ទេ រួច​ក៏​ផ្តាច់​ការ​ទាក់ទង​យ៉ាង​តក់ក្រហល់​ទៅ​វិញ៕


What Next?

Recent Articles

One Response to "ព្រីម លីហ្សា មិន​បកស្រាយ​នឹង​ពាក្យ​រិះគន់​ធ្ងន់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស"

  1. លឹង្គនាគរាជ says:

    ជំនាន់អាពតរកតែអំបិលឆីមិនបាន ដល់សម័យនេះស្រាប់តែកាច់ឬក ហឺុ!យ៉ាប់មែន។