​តុលាការ លើក​ពេល​សាកសួរ ជនជាតិដើម​ភាគតិច​៤​នាក់ ដោយសារ​មិន​មាន​ដើមបណ្ដឹង​​

ដោយ៖​ ​បូ សា​វី​
ថ្ងៃពុធ ទី25 មិថុនា 2014
http://vodhotnews.com

សាលាដំបូង​ខេត្ដ​ព្រះវិហារ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ សម្រេច​លើ​ក​ពេល​សាកសួរជនជាតិដើម​ភាគតិចគួ​យ​ចំនួន​៤​នាក់ ដែល​ប្តឹង​ដោយ​ក្រុមហ៊ុន​ចិន ដោយសារ​តុលាការ អះអាងថា ដើមបណ្ដឹង​មាន​ធុរៈ​ទៅ​ក្រៅប្រទេស​។​

ការលើក​ពេលនេះ ខណៈ​ប្រជា​សហគមន៍ជនជាតិ​ត​ដើម​ភាគ​តិចគួយ ប្រមាណ​១០០​នាក់ មក​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​តុលាការ ដើម្បី​ចាំ​ស្ដាប់ និង​លើក​ទឹកចិ​ត្ដ​ពួកគេ​ទាំង​៤​នាក់​នោះ​។ ជនសង្ស័យ​ទាំង​បួន​នាក់ មាន​ម្នាក់​ជា​មន្ដ្រី​អង្គការ​ពន្លក​ខ្មែរ លោក សាំង លួត​។​

​ប្រជា​សហគមន៍​នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ អ្នកស្រី នួន ម៉ុន ប្រាប់​VOD​ថា ព្រះរាជអាជ្ញារ​រងអម​សាលាដំបូង​ខេត្ដ លោក ឡុង ស៊ីថា បាន​លើក​ពេល​សាកសួរ​ពួកគេ​៣​នាក់ ដោយ​មិន​បាន​ជួន​ដំណឹង​ជា​មុន​ឡើយ​។ អ្នកស្រី​បន្ដ​ថា តុលាការ​បាន​សម្រេច​ឲ្យ​ពួកគាត់​៤​នាក់​មក​បំភ្លឺ​នៅ​ថ្ងៃទី​៣០​ ខែកក្កដា ខាងមុខ​។

​កាលពី​ថ្ងៃ​ទី​៥ ​ខែមិថុនា ឆ្នាំ​២០១៤ តុលាការ​ខេត្ដ​ព្រះវិហារ បាន​កោះហៅ​តំណាង​ជនជាតិដើម​ភាគ​តិចគួយ​៣​នាក់ និង​មន្ដ្រី​អង្គការ​ពន្លក​ខ្មែរ​ម្នាក់ ដោយ​ចោទ​ថា បំផ្លិចបំផ្លាញ​ដំណាំ​អំពៅរបស់​ក្រុមហ៊ុន​ចិន ឡាន​ហ្វេ​ង ប៉ុន្ដែ​ត្រូវបាន​លើក​ពេល​ជា​បន្ដបន្ទាប់​។​

អ្នកស្រី សឹង សាំ ដែល​ត្រូវ​តុលាការ​ចោទប្រកាន់  រិះគន់ថា ការលើក​ពេលនេះ ធ្វើឲ្យ​ពួកគាត់ខាត់​បង់​ពេលវេលា​ធ្វើស្រែ​ចម្ការ និង​ចំណាយ​ប្រាក់កាស​ធ្វើដំណើរ។

​ប៉ុន្តែ ព្រះរាជអាជ្ញារង អម​សាលាដំបូងខេត្ដ​ព្រះវិហារ លោក ឡុង ស៊ីថា មានប្រសាសន៍ថា ការលើក​ពេល​សាកសួរ​នេះ ដោយសារ​មេធាវី​ខាង​ដើមបណ្ដឹង​មាន​ធុរៈ​ទៅ​ប្រទេស​បារាំង​។​

ទោះជា​យ៉ាងណា អ្នកសម្របសម្រួល សមាគម​ការពារ​សិទ្ធិមនុស្សអាដហុក ខេត្ដ​ព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា តាម​នីតិវិធី​ច្បាប់ តុលាការ​មុន​សម្រេច​ពន្យារ​ពេល​សាកសួរ​ជនសង្ស័យ ត្រូវ​ជូនដំណឹង​មុន ឲ្យបាន​ពី​៣​ទៅ​៥​ថ្ងៃមុន ដើម្បី​ចៀសវាង​ការ​ខាត​ពេល​ប្រកប​ការងារ​របស់​ពួកគេ​។

​តាម​របាយការណ៍​ស្រាវជ្រាវ របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល មាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា អង្គការ​ពន្លក​ខ្មែរ និង​អង្គការ​ជាច្រើន​ទៀត បាន​រកឃើញថា ស្ថានភាព​ជនជាតិដើម​ភាគ​តិចគួយ ដែល​រស់នៅ​ក្នុង​ឃុំ​ប្រមេ​រ បាន​នឹង​កំពុង​ទទួល​រង​នូវ​ការគំរាមកំហែង ផ្នែក​ជីវភាព បរិស្ថាន ទំនៀមទម្លាប់​ ជំនឿ​ពី​ដូនតា ដោយសារ​ការផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ធ្វើឲ្យប៉ះពាល់​ដល់​សហគមន៍​ពួកគេ​៕

សូមសរសេរមកលោក ​បូ សា​វី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles

2 Responses to "​តុលាការ លើក​ពេល​សាកសួរ ជនជាតិដើម​ភាគតិច​៤​នាក់ ដោយសារ​មិន​មាន​ដើមបណ្ដឹង​​"

  1. គុល says:

    តុលាការ ខេត្តព្រះវិហារ គ្មាន​សីលធម៌សង្គម និងមានចេតនា ដោយមិនផ្តល់ដំណឹងជូនសហគមន៍ ជនជាតិដើមភាគតិចជាមុន ។

  2. ?? says:

    communist court or judge do not needed plaintiff or defender , just get communist government security hand cap the people, asking question then send them to jail . who ever again whit democracy plated government those person have to be pander???????????????that was the best leader of Cambodia in this century. Cambodia the country of wonder ???????