ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃសុក្រ ទី4 កក្កដា 2014
http://vodhotnews.com
ក្រុមប្រឹក្សាធម្មនុញ្ញចេញសេចក្តីសម្រេចជាស្ថាពរ និងបិទផ្លូវតវ៉ា លើសេចក្តីព្រាងច្បាប់ចំនួន៣ ស្តីពីតុលាការបើទោះជាក្រុមអង្គការសង្គមស៊ីវិល ស្នើឲ្យមានការពិចារណាលើមាត្រាមួយចំនួន ដែលពួកគេរកឃើញថា អធម្មនុញ្ញភាព និងផ្ទុយពីច្បាប់អន្តរជាតិក្តី។
សេចក្ដីព្រាងច្បាប់ស្តីពីតុលាការចំនួន៣ រួមមាន ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា រួមទាំងច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
សេចក្តីសម្រេចចំនួន៣ផ្សេងគ្នា ចុះផ្សាយកាលពីថ្ងៃទី០២ខែកក្កដា ឆ្នាំ២០១៤ បានសរសេរថា រដ្ឋសភា និងព្រឹទ្ធសភា បានអនុវត្តយ៉ាងត្រឹមត្រូវ តាមបែបបទដែលមានចែង ក្នុងមាត្រា១១៣ថ្មី នៃរដ្ឋធម្មនុញ្ញ ក្នុងការពិនិត្យ និងអនុម័តច្បាប់ទាំង៣នេះ។ សេចក្តីសម្រេចបន្ថែមថា រាល់បញ្ញត្តិនៅក្នុងច្បាប់ទាំងនេះ ពុំមានបទបញ្ញត្តិណាមួយ មិនស្របទៅនឹងរដ្ឋធម្មនុញ្ញនោះទេ។
សេចក្តីសម្រេចនោះលើកឡើងថា ជំពូកទី១ មាត្រា១ ដល់មាត្រា៧ ក្នុងច្បាប់ស្តីពីលក្ខន្តិកៈនៃអង្គចៅក្រម និងព្រះរាជអាជ្ញា ចែងពីគោលបំណងធានាឯករាជ្យនៃអំណាចតុលាការ វិសាលភាពនៃការអនុវត្ត បុគ្គលដែលត្រូវជ្រើសរើសសម្រាប់ឲ្យបំពេញមុខងារចៅក្រមនិងព្រះរាជអាជ្ញា និងការកំណត់ដាក់ចៅក្រម និងព្រះរាជអាជ្ញាឲ្យស្ថិតក្នុងក្របខណ្ឌកណ្តាលរបស់ក្រសួងយុតិធម៌ គឺស្របទៅនឹងរដ្ឋធម្មនុញ្ញ។
លោក ឌុច ពិសិដ្ឋ អ្នកសម្របសម្រួលគម្រោងសង្កេតការណ៍សវនាការរបស់ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា អង្គការលោក ខកចិត្តជាខ្លាំងដែលក្រុមប្រឹក្សាធម្មនុញ្ញមិនបានពិចារណាចំណុចមួយចំនួន ដែលអង្គការសង្គមស៊ីវិលរកឃើញថា បានរំលោភរដ្ឋធម្មនុញ្ញនោះទេ។ លោកថា ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នកំពូលមួយនេះ ហាក់មិនទាន់មានឯករាជ្យភាពសម្រាប់កម្ពុជានោះទេ។
ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ សមាគមការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CHRAC លោក សួន ប៊ុនស័ក្តិ មានប្រសាសន៍ថា ច្បាប់ទាំង៣នេះ បានរំលោភទៅលើគោលការនៃការបែងចែកអំណាចនៅកម្ពុជា។ លោកថា នៅក្នុងបញ្ញត្តិច្បាប់នេះ គេឃើញរដ្ឋាភិបាល មានអំណាចពាក់ព័ន្ធនៅក្នុងអង្គការកំពូលនៃវិស័យតុលាការ ឬឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលធ្វើឲ្យប៉ះពាល់ដល់ការសម្រេចចិត្តក្នុងស្ថាប័ននេះ។
មាត្រាដែលរងការរិៈគន់ក្នុងច្បាប់ថ្មីនេះ រួមមាន មាត្រ៣៩នៃច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ដែលផ្តល់អំណាចដល់រដ្ឋមន្ត្រីក្រសួងយុតិធម៌ គឺជាអ្នកសម្រេចដ៏សំខាន់ ក្នុងការតំឡើងមុខតំណែងរបស់ចៅក្រម និងព្រះរាជអាជ្ញា។ មាត្រា២៣នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចែងថា រដ្ឋមន្ត្រីក្រសួងយុតិធម៌ និងទទួលបន្ទុកក្នុងការត្រួតពិនិត្យ និងស្រាវជ្រាវបឋមលើសំណុំរឿងវិន័យផ្នែកតុលាការជាដើម៕
សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
Crock korock!
Crock corock! Crocodile learns to walk!