ដោយ៖ ណាត សុភាព
ថ្ងៃសុក្រ ទី4 កក្កដា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
អង្គការឃ្លាំបោះឆ្នោតមួយសម្តែងការខកចិត្ត ចំពោះតំណាងរាស្ត្រមួយចំនួនរបស់គណបក្សឈ្នះឆ្នោតទាំងពីរ ដែលមិនព្រមសហការផ្តល់ប្រវត្តិរូប តំណាងរាស្ត្រនីតិកាលទី៥ ដើម្បីចងក្រងជាសៀវភៅ បង្ហាញជូនម្ចាស់ឆ្នោត។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការខុមហ្វ្រែល ចុះផ្សាយកាលពីថ្ងៃទីព្រហស្បតិ៍ម្សិលមិញ ស្តីពី ការចេញផ្សាយសៀវភៅរដ្ឋសភា ជីវប្រវត្តិសង្ខេបតំណាងរាស្ត្រ និងបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៥ និងដំណើរវេទិកាសួរអ្នកតំណាង ឲ្យដឹងថា ដំណើរការផលិតសៀវភៅនេះជួបការលំបាកមួយចំនួនដូចជា ការខ្វះខាត ការសហការរបស់តំណាងរាស្ត្រ ឬបេក្ខជនជាប់ឆ្នោត អគ្គលេខាធិការដ្ឋាន គណបក្សនយោបាយដែលជាប់ឆ្នោត និងស្ថាប័នពាក់ព័ន្ធ។
សេចក្តីប្រកាសព័ត៌មានឲ្យដឹងទៀតថា ខុមហ្វ្រែលបានប្រមូលព័ត៌មានតំណាងរាស្ត្រ ឬបេក្ខជនជាប់ឆ្នោតទាំង១២៣រូប ដើម្បីចងក្រងជាសៀវភៅ រួចបញ្ជូលអាសយដ្ឋាន លេខទូរស័ព្ទ កម្រិតវប្បធម៌ ជំនាញឯកទេសផ្សេងៗ។ តែជាលទ្ធផលមានតែបេក្ខជនជាប់ឆ្នោតគណបក្សសង្គ្រោះជាតិចំនួន២៧រូបទេ ដែលសហការផ្តល់ព័ត៌មាន។ ដោយឡែកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចំនួន៦៨រូបបដិសេធ ចំពោះការស្នើសុំនោះ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន មានប្រសាសន៍ថា តំណាងរាស្ត្រគណបក្សនេះមានសិទ្ធិបដិសេធពីប្រវត្តិរូបរបស់ពួកគេ។ តែលោកថា ការបដិសេធនេះ ដោយសារតែខុមហ្វ្រែលមិនទាន់បែងចែកអ្វីជាតំណាងរាស្ត្រ អ្វីមិនតំណាងរាស្ត្រឲ្យបានច្បាស់លាស់តាមផ្លូវច្បាប់ «ខ្ញុំមិនបានផ្តល់ឲ្យគាត់ទេ ព្រោះគាត់មិនបានបែងចែក អ្វីហៅថាដំណាងរាស្ត្រ នឹងអ្វីដែលមិនហៅថាដំណាងរាស្ត្រ ខុមហ្វ្រែលទាល់តែគាត់បែងចែកឲ្យបានច្បាស់លាស់សិន តាមផ្លូវច្បាប់ គាត់យកប្រវត្តិរូបគេធ្វើអ្វីបើគាត់បែងចែក ប៉ុនហ្នឹងមិនច្បាស់ផងហ្នឹង ច្បាប់នៅកម្ពុជាមានដែរត្រូវយកច្បាប់ មកអនុវត្តន៍មិនមែនពួកគ្នាគាត់មនុស្សរស់នៅក្រៅច្បាប់ឯណា»។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញឬទ្ធិ មានប្រសាសន៍ថា បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយចំនួន ពិតជាបានបញ្ជូនប្រវត្តិរូបទៅខុមហ្វ្រែលមែន តែខុមហ្វ្រែល បានដាក់ឈ្មោះ និងតួនាទីខុសជាដើម។ ហេតុនេះ លោកនឹងស្នើឲ្យខុមហ្វ្រែលបញ្ជូនឈ្មោះនោះមកវិញ បន្ទាប់មកលោកនឹងពិភាក្សាជាមួយនិងថ្នាក់ដឹកនាំថា ត្រូវបញ្ជូនទៅវិញឬយ៉ាងណា «ព័ត៌មានដែលយើងឲ្យទៅដំណារាស្ត្រមួយចំនួន បេក្ខជនជាប់ឆ្នោតមួយចំនួនដែលឲ្យទៅ ខុមហ្វ្រែលយកទៅធ្វើខុសពីទួនាទី ខុសពីឈ្មោះគណបក្សទៅទឿត ដូចនេះយើងសុំពិនិត្យវិញទាំងអស់ ដោយសារមានកាខុសឆ្គងនឹង យើងនឹងពិនិត្យមើល នឹងសួរដល់ថ្នាក់ដឹកនាំ ថាតើយើងត្រូវគិតគូរៀបចំដូចម្តេច»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក កែម ឡី យល់ថា ការស្នើសុំរបស់ខុមហ្វ្រែល ទៅកាន់គណបក្សឈ្នះឆ្នោតទាំងពីរ ជារឿងមួយសំខាន់ សម្រាប់បង្ហាញទៅម្ចាស់ឆ្នោតឲ្យបានដឹង និងងាយស្រួលធ្វើការសម្រេចចិត្តគាំទ្រលើតំណាងដែលខ្លួនពេញចិត្ត។ តែលោកបញ្ជាក់ថា ខុមហ្វ្រែល គួរតែរង់ចាំគណបក្សឈ្នះឆ្នោតទាំងពីរ ឯកភាពគ្នា ដោះស្រាយភាពជាប់គាំនយោបាយសិន មុននឹងចងក្រងសៀវភៅប្រវត្តិរូបរបស់តំណាងរាស្ត្រ «ហើយនៅកាលៈទេសៈនេះ យើងធ្វើព័ត៌មានបានប៉ុណា ប៉ុនហ្នឹង ក៏ជាការប្រសើរគ្រាន់ថាដាក់មណ្ឌលបោះឆ្នោត មានគណបក្សណាជាប់ឆ្នោតខ្លះ ភេទស្រី ភេទប្រុស មានលេខទូរស័ព្ទ ហៅទំនាក់ទំនង ប៉ុនហ្នឹងខ្ញុំថាទំនងដែរ ព្រោះដំណាងរាស្ត្រខ្លះដដែលៗ មាន Profile ឆ្នាំមុនៗ យកមកដាក់ក៏ជាការប្រសើរ ប្រសិនបើធ្វើបានពិជាល្អ ឲ្យមានដំណោះស្រាយនយោបាយគិតថាល្អណាស់ គឺជាការប្រសើរ »។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ គ.ជ.ប ប្រកាសថា គណបក្សប្រជាជនកម្ពុជា ទទួលបានអសនៈចំនួន៦៨ និងគណបក្សសង្គ្រោះជាតិ ទទួលបាន៥៥អាសនៈ។ តែលទ្ធផលនេះ ត្រូវបានគណបក្សសង្គ្រោះជាតិ ច្រានចោល ដោយសាររកឃើញភាពមិនប្រក្រតីច្រើន ហើយធ្វើពហិការមិនចូលរួមប្រជុំសភា ធ្វើឲ្យជួបវិបត្តិនយោបាយរហូតដល់ពេលបច្ចុប្បន្ននេះ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
It’d be good if they all put their background/profiles in a legal document so that the people in general know them and consider who is better for Cambodia.