Fri, 4 July 2014
សូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ជាមួយស្នាមញញឹមសាទរការចេញច្រៀង និងសម្តែងនៅដែនកោះអូស្រ្តាលី ខិតជិតមកដល់នៅកន្លះខែទៀតនេះ ពិធីការិនីក្តោបបានកៅអីអង្គុយដល់ទៅ៤ស្ថានីយទូរទស្សន៍ ដែលទើបបញ្ចប់ការសម្តែងនៅប្រទេសអាមេរិក វិលមកដល់ប្រទេសកំណើត មិនទាន់បាត់ឈឺចង្កេះ ឈឺខ្នង នាង សូ ដានីតា បានបង្ហើបបែបមោទនភាពខ្លួនថា ឆ្នាំនេះរាសីឡើងខ្ពស់ ប្រាក់ហូរចូលគិបៗតែម្តង។
ក្រោយពីវិលមកចាប់អាជីពចាស់ កាន់ក្បាលម៉ៃក្រូហ្វូនធ្វើជាអ្នកអត្ថាធិប្បាយក្នុងកម្មវិធីទូរទស្សន៍ ក្រោយពីបន្សាត់ខ្លួនពនេចរនៅក្រៅប្រទេសចូលកន្លះទសវត្សរ៍ សូ ដានីតា ត្រូវបានមហាជនមើលឃើញថា នាងមានទីផ្សារសិល្បៈយ៉ាងណែនពេញដៃតែម្តង។
ពេលនេះ ក្រៅពីក្តាប់បានឱកាសកាន់កម្មវិធីដល់ទៅ៤ស្ថានីយ និងការងារសិល្បៈខាងក្រៅក៏មមាញឹកផងនោះ ពិធីការិនីដែលរមែងជំពប់រឿងអាស្រូវស្នេហ៍បរាជ័យនាង សូ ដានីតា ក៏ទើបចុះយន្តហោះមកពីការសម្តែងនៅប្រទេសអាមេរិកផងដែរ។ ជាមួយការសាទរនូវភាពជោគជ័យនោះ តារារូបនេះក៏ល្បីកំពុងត្រៀមបង្វេចខោអាវរៀបដាក់វ៉ាលិសជាថ្មី អូសឡើងយន្តហោះទៅសម្តែងនៅដែនកោះអូស្រ្តាលីបន្តទៀត។
ជាមួយការទទួលស្គាល់ដំណឹងនេះ ពិធីការិនី សូ ដានីតា ប្រាប់ថា៖«ដំណឹងនេះជាការពិត ខាងស្ពនស័រអូស្រ្តាលី កំពុងរត់ឯកសាររៀបចំឲ្យពួកខ្ញុំចេញទៅសម្តែងនៅខែកក្កដានេះ ដោយមានរយៈពេលមិនលើសពី៦សប្តាហ៍ទេ។ តាមគម្រោងនឹងឡើងយន្តហោះនៅពាក់កណ្តាលខែកក្កដានេះ ជាមួយនឹងអ្នកនាង ព្រីម មន្ថា និងតារាថ្មីៗពីរនាក់ទៀត តែពេលនេះ ត្រូវពន្យារពេលបើមិនចុងខែកក្កដា ក៏ខែសីហា តែដំណើរទៅសម្តែងនោះមិនកែប្រែទេ គឺត្រូវតែទៅ»។
ដានីតា បញ្ជាក់ថា៖ «ដោយមានការយឺតយ៉ាវដោយសារឯកសារខ្លះ ដូច្នេះទើបត្រូវពន្យារថ្ងៃឡើងយន្តហោះរហូតដល់ទៅចុងខែ ឬក៏ដើមខែសីហានោះ»។
បន្ថែមលើជំហរដ៏ជាក់លាក់លើដំណើរទៅកើបប្រាក់នៅដែនកោះអូស្រ្តាលី មិនមានការកែប្រែ បើទោះជាត្រូវបានពន្យារពេលដល់ដើមខែសីហានោះ ពិធីការិនីដែលមានកៅអីអង្គុយស្ទើរគ្រប់ស្ថានីយទូរទស្សន៍វ័យជាង៣០រូបនេះ បង្ហើបបែបលេងសើចថា៖«ឆ្នាំនេះរាសីខ្ញុំឡើងខ្ពស់ណាស់ ប្រាក់ហូរចូលមិនដាច់ ខាងអាជីពសិល្បៈទាំងក្នុងនិងក្រៅប្រទេស»។
បន្លឺសំឡេងលាយឡំជាមួយសំណើចកក្អឹកផង សូ ដានីតា រៀបរាប់ថា «បើគិតមើលពេលនេះ ការងារសិល្បៈខ្ញុំរកតែពេលសម្រាកស្រួលខ្លួនមិនបានផង មួយសប្តាហ៍ៗវិលជុំរហូត ពេលនេះ ការងារទូរទស្សន៍ចុះពីស្ទូឌីយោមួយទៅថតនៅស្ទូឌីយោមួយទៀត តែមិនមានកុងត្រាផ្តាច់មុខនៅស្ថានីយទូរទស្សន៍ណាមួយទេ»។
ពិធីការិនី ដែលខ្លាចរឿងអាស្រូវស្នេហ៍ដល់ថ្នាក់សំណូមពរអ្នកកាសែតកុំឲ្យរំឭករឿងស្នេហា រូបនេះ ប្រាប់ថា៖«ពេលនោះខ្ញុំធ្វើប្រាំកម្មវិធីទូរទស្សន៍។ ក្រៅពីការងារខាងក្រៅផង ពេលនេះកំពុងត្រៀមឡើងយន្តហោះទៅសម្តែងនៅប្រទេសអូស្រ្តាលីទៀត គិតមើលប្រឹងយ៉ាងនេះ បើប្រាក់មិនហូរចូលទេ តើខំប្រឹងធ្វើអ្វី?»។
បើទោះជានាង សូ ដានីតា អះអាងថា ការងារ និងប្រាក់ចំណូលដើរទន្ទឹមគ្នាក្តី ប៉ុន្តែតារារូបនេះ មិនត្រូវគេចាត់ចូលក្នុងបញ្ជីតារាសិល្បៈ ដែលមានសម្ភារនិយមទំនើបៗមកប្រកួតប្រជែងជាមួយអ្នកសិល្បៈមួយចំនួនឡើយ។
ឆ្លើយតបការមើលឃើញនោះ ពិធីការិនី សូ ដានីតា បានប្រាប់ថា៖«ការពិតខ្ញុំខំរាល់ថ្ងៃនេះ មិនមានមនុស្សភាគច្រើនដឹងឡើយ ថាខ្ញុំត្រូវរ៉ាប់រងចំពោះមុខយ៉ាងណា ការងារមានច្រើនក្នុងដៃស្ទើរតែរកពេលសម្រាកផ្ទះគ្មាន បូករួមការងារចេញសម្តែងក្រៅប្រទេសផង។ គេសួរថា ចុះម៉េចមិនឃើញបង្ហាញរថយន្តស៊េរីទំនើប ផ្ទះវីឡានឹងគេ? នោះគឺដោយសារសព្វថ្ងៃខ្ញុំត្រូវរ៉ាប់រងធ្ងន់ណាស់ គ្រួសារខ្ញុំទាំងមូល គឺជាអ្នកដោះស្រាយចិញ្ចឹម ថែមទាំងក្មួយៗបីនាក់ទៀតផង ហេតុនេះខ្ញុំមិនចង់បង្ហាញឲ្យមហាជន ឃើញល្អមើលខាងក្រៅ ក្នុងផ្ទះបងប្អូនក្មួយៗ វេទនានោះទេ»។
សូ ដានីតា បញ្ជាក់ខ្លីថា៖ «ពេលនេះអ្នកដែលអាស្រ័យពីចំណូលសិល្បៈខ្ញុំ មានដល់ទៅជិត១០នាក់ឯណោះ ក្នុងបន្ទុកខ្ញុំ»។
ពាក់ព័ន្ធគម្រោងទៅសម្តែងនៅអូស្ត្រាលីវិញពិធីការិនីនាង សូដា នីតា បានអះអាងទៀតថា៖«ខ្ញុំជឿជាក់ថា បងប្អូនខ្មែរនៅអូស្ត្រាលីនឹងទទួលស្វាគម៍ចំពោះរូបនាងខ្ញុំ និងមិត្តភក្តិសិល្បករ ដោយភាពកក់ក្តៅ »៕
You look like Thai ladyboy…that I ‘ve met in Phuket???