Fri, 4 July 2014
សេត គឹមសឿន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ តារាសម្តែង និងដឹកនាំកម្មវិធីនៅផលិតកម្មសាន់ដេ លោក មូល សុវណ្ណគិរី បានទទួលរងការភិតភ័យព្រលឹងចុងសក់កាលពីរាត្រីរំលងអធ្រាត្រចូលថ្ងៃព្រហស្បតិ៍ ដោយសារមានក្មេងស្ទាវមួយក្រុមសង្ស័យមានកាំភ្លើង បានបើករថយន្តទំនើបដេញបុក និងកៀររថយន្តរបស់លោក ក្រោយពេលលោកត្រឡប់មកពីថតភាពយន្តខ្នាតធំ។
ហេតុការណ៍គួរភិតភ័យនេះ បានកើតឡើងកាលពីម៉ោង១២និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៤ នៅមុខបុរីសុភមង្គល តាមបណ្តោយផ្លូវជាតិលេខ៦A ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ប្រភពដែលជិតស្និទ្ធនឹងតារារូបនេះបានឲ្យដឹងថា ក្រោយត្រឡប់មកពីថតខ្សែភាពយន្តឱ្យផលិតកម្មសាន់ដេ រឿង សង្សារខ្មោច នៅតាមខេត្តរួចមក ស្រាប់តែពេលបើករថយន្តមកដល់ចំណុចខាងលើ មូល សុវណ្ណគិរី ដែលរួមដំណើរជាមួយប្អូនប្រុសម្នាក់ ត្រូវរថយន្តទំនើបមួយគ្រឿងម៉ាកកាមរី ហាយប្រ៊ីត បើក និងជិះដោយក្មេងស្ទាវ៤ទៅ៥នាក់ បានបើកដេញបុក និងកៀរតែម្តង។
ក្រោយពេលជួបនឹងហេតុការណ៍ដ៏អាក្រក់នេះ គេសង្កេតឃើញថា គ្រោះនេះបានបណ្តាលឱ្យរថយន្តរបស់លោក មូល សុវណ្ណគិរី បើកជ្រុលចង្កូតឡើងទៅលើសួនច្បារពុះចែកទ្រូងផ្លូវ កើលបើកទៅមុខលែងរួច។ ដោយឡែករថយន្តដែលបើកដេញគៀរ រថយន្តតារារូបនេះក៏បានបើកជ្រុលចង្កូតទៅបុកផ្ទះប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវទៅមុខមិនរួចដែរ។ ក្នុងហេតុការណ៍នេះ បានបណ្តាលឲ្យ សុវណ្ណគិរី រងរបួសជើងស្រាល។
ក្រោយជួបហេតុការណ៍ដ៏អាក្រក់នេះ តារាសម្តែង និងជាពិធីករមានឈ្មោះល្បីគួរសម មូល សុវណ្ណគិរី បានរៀបរាប់ប្រាប់សារព័ត៌មាននៅកន្លែងនោះថា លោកបើកបរនាពេលយប់ជ្រៅនេះ ដោយសារតែរូបលោកទើបតែត្រឡប់មកពីថតខ្សែភាពយន្តឱ្យផលិតកម្មសាន់ដេនៅតាមខេត្ត។ លោកបានបន្តថា ដោយសារតែថ្ងៃនេះមិនសូវស្រួលខ្លួន លោកក៏មិនជិះរថយន្តរួមទេ លោកក៏សម្រេចយករថយន្ត កាមរីបាឡែនផ្ទាល់ខ្លួន ពណ៌ស ពាក់ស្លាកបណ្តោះអាសន្ន ៥៣៧៤ បើកបរជាមួយប្អូនប្រុសតែម្តង។
លោកបានរៀបរាប់បន្ថែមថា លោកបានធ្វើដំណើរតាមផ្លូវជាតិលេខ 6A ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានរថយន្តកាមរីហាយប្រ៊ីត ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2Y-3457 បើក និងជិះដោយយុវជន៤ទៅ៥នាក់ បានបើកដេញបុក និង កៀររថយន្តរបស់លោករហូត។
នៅពេលជួបហេតុការណ៍គួរឲ្យខ្លាចទាំងកណ្តាលអធ្រាត្របែបនេះ តារារូបសង្ហាវ័យក្មេង មូល សុវណ្ណគិរី បាននិយាយថា៖«នៅពេលហ្នឹង ដោយសារខ្ញុំភ័យខ្លាចក្រុមយុវជនដែលបើករថយន្តដេញកៀរខ្ញុំនោះ មានកាំភ្លើងទើបខ្ញុំបង្ខំចាប់ ហ្វ្រាំងរថយន្តតែម្តង ដូច្នេះហើយទើបធ្វើឱ្យរថយន្តរបស់ខ្ញុំជ្រុលចង្កូតរេឡើងទៅលើសួនច្បារពុះចែកទ្រូងផ្លូវកល់រថយន្តទៅមុខលែងរួចតែម្តង»។
តារារូបនេះបានបញ្ជាក់បន្ថែមថា៖«នៅពេលរថយន្តខ្ញុំរេឡើងទ្រូងផ្លូវ រីឯរថយន្តកាមរីហាយប្រ៊ីតរបស់យុវជនដែលដេញតាមកៀរ និងបុក រថយន្តខ្ញុំនោះ ក៏បានជ្រុលចង្កូតទៅបុកផ្ទះប្រជាពលរដ្ឋហើយក្មេងស្ទាវក្នុងរថយន្តនោះក៏នាំគ្នាចុះពីលើរថយន្តរត់គេចខ្លួនអស់តែម្តង តែពួកគេបានបង្ហាញខ្លួនវិញ ក្រោយពេលប៉ូលិសវាស់វែងរួច»។
យ៉ាងណាមិញជុំវិញហេតុការណ៍ដែលសុខៗស្រាប់តែមានរថយន្តទំនើបរបស់ក្មេងស្ទាវបើកមកបុក និងកៀររថយន្តរបស់ខ្លួននោះ កាលពីម្សិលមិញនេះនៅមិនទាន់ដោះស្រាយចប់នៅឡើយ ហើយ មូល សុវណ្ណគិរី ក៏មិនទាន់បានបញ្ជាក់ពីមូលហេតុចម្បងថា ហេតុអ្វីក្មេងស្ទាវមួយក្រុមនោះបើករថយន្តដេញបុកខ្លួនដែរ។
កាលពីម្សិលមិញនេះ ភ្នំពេញ ប៉ុស្តិ៍ ទាក់ទងបញ្ជាក់ព័ត៌មានចុងក្រោយនៅពេលល្ងាច តែមិត្តភក្តិរបស់មូល សុវណ្ណគិរី ដែលជាអ្នកលើកទូរស័ព្ទបានបញ្ជាក់ថា នៅពេលនេះ មូល សុវណ្ណគិរី មិនអាចនិយាយបានទេ ព្រោះកំពុងតែដោះស្រាយសំណុំរឿង៕
តើមានទាក់ទងហេតុផលនយោបាយឬទេ?
សូមកុំប្រាប់ថា មានទាក់ទងរឿងនយោបាយ ឲ្យ សោះ!
អា BOL អាឆ្កែ