ចោរ​ឯក​សណ្ឋាន​នៅ​ពី​ក្រោយ​បទ​ល្មើស​ព្រៃ​ឈើ​

ពលរដ្ឋ​ដែល​រក​ស៊ី​ដឹក​ឈើ​តាម​ម៉ូតូ​ដឹក​ឈើ​យក​ទៅ​លក់​ឲ្យ​ឈ្មួញ ឬ​ក៏​តំណាង​ក្រុម​ហ៊ុន​បន្ទាប់​ពី​បង់​លុយ​ឲ្យ​មន្ត្រី​ជំនាញ​តាម​តំបន់​នីមួយៗ​រួច​រាល់។

ពលរដ្ឋ​ដែល​រក​ស៊ី​ដឹក​ឈើ​តាម​ម៉ូតូ​ដឹក​ឈើ​យក​ទៅ​លក់​ឲ្យ​ឈ្មួញ ឬ​ក៏​តំណាង​ក្រុម​ហ៊ុន​បន្ទាប់​ពី​បង់​លុយ​ឲ្យ​មន្ត្រី​ជំនាញ​តាម​តំបន់​នីមួយៗ​រួច​រាល់។ ហេង ជីវ័ន



ភ្នំពេញប៉ុស្តិ៍

អាឡូ​បង​ខ្ញុំ​សុំ​ចេញ​អីវ៉ាន់​មួយ» នេះ​គឺ​ជា​ភាសា​ទំនាក់​ទំនង​គ្នា​រវាង​ពលរដ្ឋ​ដឹក​ឈើ​តាម​ម៉ូតូ​ជាមួយ​នឹង​សមត្ថកិច្ច​នៅ​តាម​គោល​ដៅ​នីមួយៗ​ដើម្បី​ឲ្យ​ដឹង​ថា ពួក​គេ​ដឹក​ឈើ​តាម​តំបន់​នោះ​ជា​ថ្នូរ​នៃ​ការ​បង់​ប្រាក់​កុំ​ឲ្យ​ចាប់​ពួក​គេ វា​ផ្ទុយ​ទៅ​នឹង​ការ​ដឹក​ជញ្ជូន​តាម​រយៈ​រថយន្ត​យីឌុប​ដែល​មាន​ស្លាក​សម្គាល់ ១១៦៨ របស់​ឧកញ៉ា ទ្រី ភាព ដែល​សមត្ថកិច្ច​ពុំ​ហ៊ាន​ទាំង​យក​ភ្នែក​មើល។

សន្ធឹក​ម៉ូតូ​បាន​លាន់​ឮ​កង​រំពង​នៅ​តាម​ដង​ផ្លូវ​ចាប់​តាំង​ពី ឃុំ​ប៉ាក់កាឡាន ឃុំ​ភ្នំ​កុក​ឡៅ ឃុំ​កាចូន ដែល​នៅ​ក្នុង​តំបន់​ខ្លះ​ផ្លូវ​ដាច់​ជា​ដុំ​និង​ភក់​រអិល​ពិបាក​ធ្វើ​ដំណើរ​នោះ សឿន សុង ជា​ឈ្មោះ​ដាក់​ឲ្យ​ដើម្បី​សុវត្ថិភាព​ដែល​ជា​អ្នក​រក​ស៊ី​ដឹក​ឈើ​យ៉ាង​សកម្ម​មាន​គ្នា ៧​នាក់ ដែល​ក្នុង​មួយ​ម៉ូតូ​អាច​ដឹក​ជិត​មួយ​តោន​នោះ​បាន​ថ្លែង​ថា ដើម្បី​ឲ្យ​របរ​រក​ស៊ី​មាន​សុវត្ថិភាព​លោក​ត្រូវ​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជា​មុន ហើយ​នៅ​ពេល​ធ្វើ​ដំណើរ​ទៀត​សោត​លោក​ត្រូវ​មាន​អ្នក​នាំ​ផ្លូវ​ម្នាក់ នៅ​អម​ខាង​មុខ ម៉ូតូ​ចំនួន ៦ ទៀត​ដើម្បី​ទៅ​ទាក់​ទង​អាជ្ញាធរ​និង​បង់​លុយ​ឲ្យ​គេ​ដើម្បី​កុំ​ឲ្យ​គេ​ចាប់។

លោក​បាន​ថ្លែង​ថា៖ «មន្ត្រី​សមត្ថកិច្ច​ចម្រុះ​ដែល​ដាក់​ប៉ុស្តិ៍​តាម​ដង​ផ្លូវ​ដើម្បី​ចាំ​យក​លុយ​នោះ គេ​ប្រាប់​អ្នក​ដឹក​ម៉ូតូ​ថា បើ​ដឹក​កាត់​តំបន់​គេ ប្រាប់​គេ​ផង​ពី​ព្រោះ​គេ​ទើប​តែ​មក​ថ្មី ហើយ​បើ​គេ​ប្រាប់​របៀប​នេះ​ម្តង​ទៅ ២ ដង​នៅ​មិន​ធ្វើ​តាម​លើក​ក្រោយ​គេ​ចាប់​យក​តែ​ម្តង​ដោយ​សារ​តែ​យើង​រក​ស៊ី​របរ​នេះ​ខុស​ច្បាប់​ដែរ​យើង​ត្រូវ​តែ​ឲ្យ​លុយ​គេ»។

ជា​ការ​ងាយ​ស្រួល​ទំនាក់​ទំនង​ចាប់​តាំង​ពី​សមត្ថកិច្ច​ចម្រុះ​ដាក់​កុងត្រូល​ដោយ​ដេក​ចាំ​លើ​អង្រឹង​ដើម្បី​យក​លុយ​ពី​អ្នក​ដឹក​ឈើ​តាម​ម៉ូតូ​នោះ​លោក​បាន​ថ្លែង​ថា មន្ត្រី​ទាំង​អស់​នោះ​គេ​ឲ្យ​លេខ​ទូរស័ព្ទ​គេ​មក​ពួក​លោក​ដើម្បី​ឲ្យ​ងាយ​ស្រួល​ទាក់​ទង​មក​គេ​នៅ​ពេល​ដែល​មាន​ទំនិញ​ដឹក។

លោក​បាន​ថ្លែង​ថា៖ «យើង​ដើរ​រក​ទិញ​ឈើ​ដូច​អ្នក​រក​ស៊ី​ដើរ​រក​ទិញ​ជ្រូក​ឬ​ក៏​អ្នក​ធ្វើ​ស្រែ​ចម្ការ​ដែរ មិន​ភ័យ​ខ្លាច​អី​ទេ​ពីព្រោះ​មន្ត្រី​ទាំង​អស់​គាត់​យក​លុយ​ពី​យើង គាត់​មិន​ចាប់​យើង​ទេ​ឲ្យ​តែ​យើង​តេ​ប្រាប់​គាត់ ហើយ​បើ​យើង​ចង់​គេច​គេ​ក៏​គេច​មិន​រួច​ដែរ​ពីព្រោះ​គេ​ដាក់​យាម​គ្រប់​កន្លែង។ អ៊ីចឹង​បាន​ជា​ខ្ញុំ​តែង​តែ​និយាយ​ជាមួយ​គ្នា​ខ្ញុំ​ថា បទ​ល្មើស​ព្រៃ​ឈើ​មិន​ពិបាក​ទប់​ស្កាត់​ទេ​បើ​មន្ត្រី​គាត់​ធ្វើ​មែន​នោះ»។

ពលរដ្ឋ​ដឹក​ឈើ​ជា​ក្រុម​ចេញ​ពី​ព្រៃ​បន្ទាប់​ពី​ទិញ​ពី​ប្រ​ជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​។​ ហេង ជីវ័ន

អ្នក​រក​ស៊ី​ដឹក​ឈើ​តាម​ម៉ូតូ​ត្រូវ​ចាក​ចេញ​ពី​ផ្ទះ​ដើម្បី​ចូល​ទៅ​រក​ទិញ​ឈើ​នៅ​តាម​ភូមិ និង​នៅ​តាម​ព្រៃ ខ្លះ​ត្រូវ​ឆ្លង ទន្លេ​សេសាន ដែល​តំបន់​សម្បូរ​ឈើ​ធ្នង់​បំផុត ចាប់​ពី​ម៉ោង ៧ ព្រឹក​រហូត​ដល់​ម៉ោង ២ ឬ​ក៏ ៣ ល្ងាច​ទើប​ដឹក​ឈើ​ទាំង​នោះ​ចេញ​ពី​ក្នុង​ព្រៃ​ដើម្បី​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​ដែល​រង់​ចាំ​ទិញ​នៅ​ឯ​ទី​រួម​ខេត្ត​ដើម្បី​យក​ទៅ​លក់​បន្ត​ឲ្យ​ក្រុម​ហ៊ុន ឧកញ៉ា ទ្រី ភាព នោះ​លោក សឿន សុង បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ត្រូវ​ទៅ​ជា​ក្រុម​ដើម្បី​ទិញ​ឈើ​គេ​ពី ៤០ ទៅ ៥០ សន្លឹក​រួច​ក៏​នាំ​គ្នា​លើក​ដាក់​ម៉ូតូ​រៀង​ខ្លួន​ដើម្បី​ដឹក​ទៅ​លក់​ឲ្យ​ឈ្មួញ។ មួយ​សន្លឹក​ដែល​មាន​ខ្នាត​មុខ​កាត់ ១៣ គុណ​នឹង ២០ ឬ​ក៏​មុខ​កាត់ ១៣ គុណ​នឹង ៣៣ ឬ​ក៏​មុខ​កាត់ ២០ ឃ្លុម ៤០ ឃ្លុម (១ ឃ្លុម​ស្មើ ២០ គុណ ៤០ សង់ទី​ម៉ែត្រ) ហើយ​អ្នក​ដឹក​តាម​ម៉ូតូ​ត្រូវ​ដឹក​តែ ៤ ឃ្លុម​ទៅ ៦ ឃ្លុម បើ ១៣ គុណ​នឹង ២៥ មួយ​ម៉ូតូ​ដឹក​បាន ១២ ដុំ​ប្រសិន​បើ​ផ្លូវ​ល្អ។

លោក​ថា៖ «គេ​ឃើញ​យើង​ដឹក​ប្រភេទ​ឈើ​ល្អ​នោះ​គេ​គិត​ថា យើង​រក​ស៊ី​ឈើ​នេះ​ពិត​ជា​មាន​បាន​តែ​តាម​ពិត​យើង​បង់​ឲ្យ​តែ​សមត្ថកិច្ច​ប៉ុណ្ណោះ គឺ​ត្រូវ​បង់​ឲ្យ​មន្ត្រី​ប៉ូលិស ប៉េអឹម មួយ​ម៉ូតូ ១ ម៉ឺន​រៀល​ទៅ ២ ម៉ឺន​រៀល ចំណែក​ឯ​មេព្រៃ​គេ​យក​មួយ​ម៉ូតូ ១ ម៉ឺន​រៀល មន្ត្រី​បរិស្ថាន ២ ម៉ឺន​រៀល។ យើង​ដឹក​មួយ​ជើង​បើ​និយាយ​ពី​តម្លៃ​លុយ​សរុប​ជាង ១ លាន​រៀល​ប៉ុន្តែ​គិត​ថ្លៃ​ចំណាយ​សព្វ​គ្រប់​ទាំង​ការ​បង់​ឲ្យ​មន្ត្រី​ចម្រុះ​នោះ​យើង​សល់​ទៅ​ផ្ទះ​វិញ​បាន ៧ ម៉ឺន​ទៅ ៨ ម៉ឺន​រៀល»។

លោក​ថ្លែង​ថា លោក​ដឹង​ថា គេ​ជា​មន្ត្រី​ពីព្រោះ​គេ​ដាក់​ប៉ុស្តិ៍​ដេក​លើ​អង្រឹង​ពាក់​ឯក​សណ្ឋាន​តាម​ជំនាញ​ចាំ​យក​លុយ​ពី​អ្នក​ដឹក​ឈើ​នៅ​តាម​ផ្លូវ​តែ​ម្តង បើ​គេ​ហៅ​ហើយ​មិន​ឈប់​គេ​ចេញ​ម៉ូតូ​ឬ​ឡាន​ដេញ​ចាប់ បើ​គេ​ចាប់​ហើយ​គេ​ទារ​ទាប​បំផុត ១៥០០ ដុល្លារ។

លោក​ថា៖ «យើង​រក​របស់​នេះ​មិន​ខុស​អ្នក​ចិញ្ចឹម​ជ្រូក​ទេ គេ​ទុក​ឲ្យ​យើង​រក​សល់​លុយ​ល្មម​បង់​ឲ្យ​គេ​គ្រប់ គេ​ចាប់​យើង ដូច​ជ្រូក​ដែរ​ពេល​ណា​ម្ចាស់​ចិញ្ចឹម​ដល់​ពេល​វា​ធំ​គេ​លក់​ឲ្យ​ឈ្មួញ​យក​ទៅ​កាប់។ យើង​រក​ស៊ី​នេះ​លំបាក​បំផុត​ដោយ​សារ​តែ​សមត្ថកិច្ច​ច្រើន​ពេក យក​ពី​យើង​គ្មាន​សល់​ទេ យើង​ខំ​ដឹក​កាត់​ភ្លៀង​ផ្គរ ផ្លូវ​លំបាក ប៉ុន្តែ​គេ​គ្រាន់​តែ​ដេក​ចាំ​យក​លុយ​ស្រួល​ពី​យើង»។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា រក​ស៊ី​ឈើ​នេះ​មិន​ពិបាក​លក់​ទេ ពីព្រោះ​នៅ​ទី​នេះ​មាន​ឈ្មួញ​ច្រើន​ណាស់​ដែល​គេ​រង់​ចាំ​ទិញ​ឈើ​ពី​អ្នក​ដឹក​ពី​ម៉ូតូ ប៉ុន្តែ​ឈ្មួញ​ទាំង​នោះ​យក​ទៅ​លក់​ឲ្យ​ក្រុម​ហ៊ុន ឧកញ៉ា ទ្រី ភាព ភាគ​តិច​ណាស់​ដែល​លួច​លក់​ផ្ទាល់​ទៅ​ឲ្យ វៀតណាម ប៉ុន្តែ​ភាគ​ច្រើន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន។ លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា៖ «ពិបាក​ណាស់​ក្នុង​ការ​លួច​លាក់​មិន​លក់​ឲ្យ​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព»។

អង្គុយ​នៅ​ក្រោយ​ឈើ ៦ ដុំ​ដែល​មាន​ទម្ងន់​ជិត​មួយ​តោន ដែល​ម៉ូតូ​មាន​តែ​ដែក​គ្រោង​ឆ្អឹង ដោយ​ពិបាក​សម្រេច​ចិត្ត​ថា ត្រូវ​ចេញ​តាម​ផ្លូវ​ណា​ដោយ​សារ​តែ​ផ្លូវ​ដាច់​ជា​អន្លើ​ហើយ​ត្រូវ​ចុះ​ពី​ភ្នំ​ទៀត​នោះ លោក សាអែម ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​តាម​ម៉ូតូ​ដឹក​ចេញ ភូមិ​ញ៉ាង ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ឯ​នោះ​វិញ​ក៏​ពុំ​ខុស​គ្នា​នឹង​អ្នក​រក​ស៊ី​នៅ​ឯ ស្រុក​វឺនសៃ ដែរ គឺ​ដឹក​ឈើ​ទាំង​នោះ​យក​ទៅ​លក់​ឲ្យ​ឈ្មួញ ហើយ​ឈ្មួញ​គេ​យក​ទៅ​លក់​ឲ្យ​ក្រុម​ហ៊ុន​បន្ត​ទៀត​ហើយ​នៅ​ក្នុង​មួយ​ជើង​ទទួល​បាន​ប្រាក់​ចំណេញ ៨ ម៉ឺន​រៀល​បន្ទាប់​ពី​ទូទាត់​ថ្លៃ​ចំណាយ​បង់​ទៅ​លើ​សមត្ថកិច្ច​គ្រប់​ជំនាញ​ទាំង​អស់។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ដោយ​សារ​តែ​អត់​មាន​មុខ​របរ​អី​ក្រៅ​ពី​រក​ស៊ី​ឈើ​ទើប​បាន​ជា​ពួក​ខ្ញុំ​រក​មុខ​របរ​នេះ​ចំណែក​អាជ្ញាធរ​គេ​មិន​ដែល​ឃាត់​ឬ​ក៏​ចាប់​យើង​ទេ​ដោយ​សារ​តែ​យើង​បង់​លុយ​ឲ្យ​គេ»។

រថយន្ត​របស់​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព កំពុង​ចូល​ប្រមូល​ឈើ​នៅ​ឃ្លាំង​ក្រោយ​រដ្ឋ​បាល​ព្រៃឈើ ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី ។ ហេង ជីវ័ន

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ឈើ​មួយ​ដុំ​ដែល​ទិញ​ពី​បង​ប្អូន​ជន​ជាតិ​គឺ​មាន​តម្លៃ​ចាប់​ពី ៣ ម៉ឺន​រៀល​រហូត​ដល់ ១០ ម៉ឺន​រៀល​ហើយ​ពួក​គាត់​ត្រូវ​ដឹក​ទៅ​លក់​នៅ​តាម​ច្រក​ព្រំដែន អូរសេដ្ឋី ឬ​ក៏​លក់​ឲ្យ​ឈ្មួញ​តំណាង​ឲ្យ​ក្រុម​ហ៊ុន គឺ​វា​អាស្រ័យ​ទៅ​លើ​ខាង​ណា​គេ​ទិញ​ថ្លៃ​ជាង។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា៖ «ក្នុង​តំបន់​នេះ​មាន​ឱកាស​ខ្លះ​អាច​ឆ្លៀត​យក​ទៅ​លក់​ដល់​ព្រំដែន វៀតណាម បាន​ដោយ​សារ​តែ​ជិត​ព្រំ​ដែន​យក​ទៅ​លក់​ផ្ទាល់​បាន​ថ្លៃ​ជាង​លក់​ឲ្យ​អ្នក​ទិញ​តំណាង​ឲ្យ​ក្រុម​ហ៊ុន»។

លោក វ៉ា រ៉ាឌី រស់​នៅ​ក្នុង ឃុំ​ញ៉ាង បាន​ឲ្យ​ដឹង​ថា លោក​ត្រូវ​ដើរ​ទិញ​ឈើ​នៅ​តាម​ព្រៃ​និង​នៅ​តាម​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​នៅ​តាម ឃុំ​ញ៉ាង ចំណែក​ឯ​មន្ត្រី​សមត្ថកិច្ច​គេ​ពុំ​ឈឺ​ឆ្អាល​ចាប់​លោក​នោះ​ទេ ប៉ុន្តែ​ពួក​គេ​សប្បាយ​ចិត្ត​ទៅ​វិញ​ទេ​ពី​ព្រោះ​ពួក​លោក​ជា​អ្នក​រក​លុយ​ឲ្យ​គេ​ដូច​ជា មន្ត្រី​សន្តិសុខ​តាម​ភូមិ​គេ​សុំ ១ ម៉ឺន​ទៅ ២ ម៉ឺន​រៀល ហើយ​ក្នុង​មួយ​ម៉ូតូ​របស់​លោក​គឺ​លោក​ចំណាយ​ទិញ​អស់​ប្រមាណ​ជា ៥០ ម៉ឺន​រៀល​ហើយ​លក់​វិញ​បាន​ប្រមាណ​ជាង ១ លាន​រៀល។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា៖ «គេ​មើល​ទៅ​ឃើញ​ថា យើង​ចំណេញ​ច្រើន​ណាស់ ប៉ុន្តែ​តាម​ពិត​យើង​រក​ចិញ្ចឹម​តែ​សមត្ថកិច្ច​ចម្រុះ​ពីព្រោះ​ពួក​គេ​ដាក់​ពង្រាយ​គ្រប់​កន្លែង​ដែល​រាប់​ស្ទើរ​មិន​អស់​ដូច​ជា​ប៉ូលិស ទាហាន បរិស្ថាន រដ្ឋបាល​ព្រៃឈើ សន្តិ​សុខ​ក្រុមហ៊ុន​លើក​លែង​តែ​គ្រូ​បង្រៀន​ប៉ុណ្ណោះ​ដែល​យើង​មិន​បង់​លុយ​ឲ្យ ហើយ​នៅ​ក្នុង​មួយ​ថ្ងៃ​មាន​អ្នក​ដឹក​តាម​ម៉ូតូ​ប្រហែល​ជា ៥០ ម៉ូតូ»។

លោក ឈឹម សាវុធ នាយក​ប្រតិបត្តិ​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​និង​បរិស្ថាន បាន​ថ្លែង​ឲ្យ​ដឹង​ថា នៅ​ក្នុង ខេត្ត​រតនគិរី នេះ​ក្រុម​ហ៊ុន​ឧកញ៉ា ទ្រី ភាព ដែល​ឧកញ៉ា លឹម វណ្ណា ហៅ ខ្នា ជា​អ្នក​ចេញ​មុខ​ទិញ​នោះ​មាន​ឃ្លាំង​ស្តុក​ឈើ​ធំៗ​ចំនួន ៥ កន្លែង​នៅ​ក្នុង​ស្រុក​ចំនួន ៥ ដូច​ជា​នៅ ស្រុក​អូរជុំ ស្រុក​វ៉ឺនសៃ ស្រុក​តាវែង ស្រុក​អណ្តូង​មាស និង ស្រុក​អូរយាដាវ។ ឈើ​ទាំង​នោះ​ត្រូវ​បាន​គេ​កាប់​ចេញ​ពី​តំបន់​កន្ទុយ​នាគ​គឺ ស្រុក​តាវែង និង ស្រុក​អណ្តូង​មាស។ ចំណែក​តំបន់ វរជ័យ គឺ​គេ​កាប់​ចេញ​ពី ស្រុក​វ៉ឺនសៃ និង ស្រុក​សៀមប៉ាង ព្រំ​ប្រទល់ ខេត្ត​ស្ទឹងត្រែង។

លោក​ថា៖ «ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​គឺ​ជា​លក្ខណៈ​ប្រព័ន្ធ​ដោយ​មាន​ទាំង​មន្ត្រី​ជំនាញ​តាំង​ពី​ថ្នាក់​ភូមិ​ឡើង​ទៅ រហូត​ដល់​មន្ត្រី​ធំៗ​ដែល​កំពុង​កាន់​អំណាច​ប្រសិន​បើ​មិន​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អនុវត្ត​ផ្ទាល់​ក៏​ប្រយោល​ដែរ​ដូចជា​ការ​ដាក់​បារ៉ាស​កុងត្រូល​យក​លុយ​ពី​អ្នក​កាប់​ឈើ​ដឹក​តាម​ម៉ូតូ​ខុស​ច្បាប់»។

លោក​ថា មន្ត្រី​ដែល​ដាក់​កុង​ត្រូល​យក​លុយ​នោះ​គឺ​ហ៊ាន​យក​តែ​ពី​ប្រជា​ពលរដ្ឋ​ទេ ប៉ុន្តែ​ចំពោះ​ក្រុម​ហ៊ុន​ដែល​ដឹក​តាម​រថយន្ត​យីឌុប​នោះ​គឺ​មន្ត្រី​ទាំង​នោះ​ពុំ​ហ៊ាន​ទាំង​ក្រឡេក​មើល​រថយន្ត​នោះ​ផង​ដោយ​សារ​តែ​គេ​ចំណាំ​ស្លាក​សញ្ញា​ថា ជា​របស់​ក្រុម​ហ៊ុន​ឧកញ៉ា ទ្រី ភាព ហេតុ​នោះ​ហើយ​បាន​ជា​ធ្វើ​ឲ្យ​ការ​ទប់​ស្កាត់​បទ​ល្មើស​ពុំ​មាន​ប្រសិទ្ធភាព ហើយ​ធ្វើ​ឲ្យ​ព្រៃ​ឈើ​ឈាន​ទៅ​រក​ការ​រលាយ​ដោយ​សារ​តែ​គ្មាន​អ្នក​បង្ក្រាប។

លោក ឧកញ៉ា ទ្រី ភាព និង​លោក អ៊ុក គឹមសាន្ត តំណាង​ឲ្យ​ក្រុម​ហ៊ុន ទ្រី ភាព ពុំ​អាច​ទាក់​ទង​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។

យោង​តាម​របាយ​ការណ៍​របស់​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ចុង ឆ្នាំ​២០១៣ បាន​រក​ឃើញ​ឃ្លាំង​ស្តុក​ឈើ​ប្រណីត​ចំនួន ១៤ កន្លែង និង​អាជ្ញាប័ណ្ណ​ទិញ​ឈើ​ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ២៧ នៅ​តាម​ខេត្ត​ចំនួន ១២ ព្រម​ទាំង​មាន​ក្រុមហ៊ុន​សាខា​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ១៥ នៅ​ក្នុង​ខេត្ត ១០ ដែល​មាន​ផ្ទៃ​ដី​សរុប​ជិត ៧ ម៉ឺន​ហិកតា។

ឈើ​ត្រូវ​​បាន​គេដាក់​គរនៅជិត​ទន្លេ​សេសាន​សម្រាប់​ដឹក​បន្ត។ ហេង ជីវ័ន

លោក ហៃ ភីវ៉ាត ប្រធាន​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ ស្រុក​វ៉ឺនសៃ ដែល​អ្នក​កាប់​ឈើ​ចោទ​ប្រកាន់​ថា ជា​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​ឈើ​និង​យក​លុយ​ពី​អ្នក​ដឹក​តាម​ម៉ូតូ​ថ្លែង​ឲ្យ​ដឹង​ថា លោក​ពុំ​បាន​ដឹង​អំពី​បញ្ហា​នេះ​ទេ​ចាំ​លោក​ស្រាវ​ជ្រាវ​សិន​មិន​ដឹង​ថា តើ​វា​មាន​កម្រិត​ណា​នោះ​ទេ។ លោក​ថា៖ «បើ​ថា​មន្ត្រី​យើង​យក​លុយ​ឲ្យ​ពួក​គេ​មក​ចង្អុល​បង្ហាញ​មក​ថា អ្នក​ណា​ជា​អ្នក​យក​ខ្លះ»។

រីឯ​លោក តឿ ថន អធិការ​នគរបាល ស្រុក​វ៉ឺនសៃ ដែល​អ្នក​រក​ស៊ី​ដឹក​ឈើ​ចោទ​ប្រកាន់​ថា ជា​អ្នក​រក​ស៊ី​ដឹក​ឈើ​លក់​ដែរ​នោះ​បាន​បដិសេធ​ថា លោក​ពុំ​ដែល​ប្រព្រឹត្ត​ទេ ហើយ​លោក​ក៏​ពុំ​ដែល​យក​លុយ​ពី​អ្នក​ណា​មួយ​រៀល​ដែរ គឺ​មាន​តែ​ការ​បង្ក្រាប​ពួក​អ្នក​រក​ស៊ី​ទាំង​អស់​នោះ។ លោក​បាន​ថ្លែង​ថា៖ «យើង​រឹត​បន្តឹង​ណាស់​មិន​ឲ្យ​មាន​ករណី​នេះ​ទេ ខ្ញុំ​មិន​ដឹង​ថា តើ​ប៉ូលិស​រដ្ឋបាល​ណា​មួយ​ប្រព្រឹត្ត​ករណី​នេះ​ច្បាប់​គេ​តឹង​រ៉ឹង​ណាស់ បើ​អ្នក​រក​ស៊ី​ឈើ​មាន​អាជ្ញាប័ណ្ណ​គឺ​គេ​បង់​ពន្ធ​ទៅ​តាម​ច្បាប់»។

ចំណែក​ឯ​លោក ឈឹម សាវុធ បាន​លើក​ឡើង​ថា ជា​ទូទៅ​គ្មាន​អ្នក​បដិសេធ​បាន​ទេ​ចំពោះ​ការ​ទទួល​លុយ​ពី​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​នោះ ហើយ​ការ​បដិសេធ​របស់​មន្ត្រី​ទាំង​នោះ​គ្រាន់​តែ​ជា​លេស​មួយ​ទេ ហើយ​វា​ក៏​ជា​រឿង​ចាស់​គំរឹល​ទៅ​ហើយ​ហើយ​គេ​ក៏​ឃើញ​និង​ដឹង​អស់​គ្រប់​គ្នា​ទៅ​ហើយ ដែល​លេស​នោះ​គ្មាន​អ្នក​ណា​គេ​ជឿ​ទៀត​ទេ អ្នក​ទាំង​អស់​នោះ​បើ​សិន​ជា​មិន​ជាប់​ពាក់​ព័ន្ធ​ការ​ដឹក​ជញ្ជូន​ឬ​ក៏​ការ​កាង​ឈើ​ផ្ទាល់​ក៏​ដាក់​កុងត្រូល​យក​លុយ​ដែរ អ្នក​ណា​ក៏​ដឹង​ថា​ឈើ​អស់​ហេតុ​អី​ក៏​មន្ត្រី​នៅ​ក្នុង​មូលដ្ឋាន​នោះ​មិន​ដឹង​រឿង បើ​មិន​ដឹង​មែន​ពួក​ទាំង​អស់​នោះ​មិន​មែន​ជា​មន្ត្រី​បំពេញ​ភារកិច្ច​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ទេ មិន​គួរ​ទុក​មន្ត្រី​ទាំង​អស់​នោះ​នាំ​ឲ្យ​ខាត​លុយ​រដ្ឋ​ទេ។

យោង​តាម​របាយ​ការណ៍​រូបភាព​ផ្កាយ​រណប ដែល​ចេញ​កាល​ពី ខែ​ធ្នូ ឆ្នាំ​២០១៣ ផែន​ទី​ដែល​មាន​លក្ខណៈ​ចលនា​គេហទំព័រ Open Development Cambodia បាន​បង្ហាញ​ថា​ក្នុង ឆ្នាំ​១៩៧៣ ប្រហែល ៧២,១១ ភាគរយ​នៃ​ប្រទេស​កម្ពុជា ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​ព្រៃឈើ។ រូបភាព​ថ្មីៗ​បាន​បង្ហាញ​ថា គម្រប​ព្រៃ​ឈើ​បច្ចុប្បន្ន​មាន​តិច​ទៅៗ​គឺ​ចំនួន ៤៦,៣៣ ភាគរយ ដោយ​រួម​បញ្ចូល​ទាំង​ចម្ការ​កៅស៊ូ​ផង៕


What Next?

Recent Articles

3 Responses to "ចោរ​ឯក​សណ្ឋាន​នៅ​ពី​ក្រោយ​បទ​ល្មើស​ព្រៃ​ឈើ​"

  1. ?? says:

    COME ON THAT IS THE WAY YOU SETROY YOUR OWN COUNTRY????????????????????????????????????????????????????????????????????????

  2. ?? says:

    COME ON THAT IS THE WAY YOU DESTROY YOUR OWN COUNTRY????????????????????????????????????????????????????????????????????????

  3. Judge says:

    Are you saying” kingdom of robber not king of wonder”.
    I am really confused!.