សង្គម​ស៊ីវិល៖ បក្ស​ទាំង​២​ចង់​មាន​ឥទ្ធិពល​លើ​ គ.ជ.ប ​ដូច​គ្នា

ដោយ វណ្ណ វិចារ
2014-07-06
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

កញ្ចប់​សុវត្ថិភាព "ក" មណ្ឌល​សៀមរាប ៦១០
សកម្មភាព​ដឹក​ជញ្ជូន​កញ្ចប់​សុវត្ថិភាព “ក” មណ្ឌល​សៀមរាប ពី​មជ្ឈមណ្ឌល​កុំព្យូទ័រ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) រាជធានី​ភ្នំពេញ ដើម្បី​ផ្ទៀងផ្ទាត់​សំឡេង​ឆ្នោត នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ​២០១៣។ RFA/Den Ayuthyea

អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា គណបក្ស​មួយ​នេះ​ចង់​ជ្រើសរើស​មនុស្ស ៥​នាក់​ឲ្យ​ធ្វើ​ជា​សមាជិក គ.ជ.ប ហើយ ៤​នាក់​ទៀត ទុក​ឲ្យ​បក្ស​ប្រឆាំង​ជា​អ្នក​ជ្រើសតាំង។ ចំណែក​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ចង់​ជ្រើសតាំង​សមាជិក គ.ជ.ប តាម​រូបមន្ត​ត្រូវ​មាន​ការ​គាំទ្រ​ពី​សមាជិក​សភា ២ ភាគ ៣ នៃ​សមាជិក​សភា​ទាំង​អស់។

សង្គម​ស៊ីវិល​ចាត់​ទុក​ថា គណបក្ស​ទាំង​ពីរ​សុទ្ធតែ​ចង់​ឲ្យ​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ខ្លួន។

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា តាំង​ពី​មេដឹកនាំ រហូត​ដល់​អ្នក​តំណាង​រាស្ត្រ លើក​ឡើង​ដដែលៗ​ថា រូបមន្ត​ជ្រើស​តាំង​សមាសភាព គ.ជ.ប របស់​បក្ស​ប្រឆាំង នឹង​ធ្វើ​ឲ្យ​នយោបាយ​ជាប់​គាំង​ហើយ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ចំណែក​ឯ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា វិញ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កក្កដា ថ្លែង​ប្រតិកម្ម​ថា រូបមន្ត ២ ភាគ ៣ នេះ​មិន​ធ្វើ​ឲ្យ​នយោបាយ​ជាប់​គាំង​នោះ​ឡើយ បើ​សិន​ណា​គណបក្ស​ទាំង​ពីរ​ត្រូវរ៉ូវ​គ្នា​នោះ។ ក៏​ប៉ុន្តែ​អ្នក​ឃ្លាំមើល​បញ្ហា​នយោបាយ​យល់​ថា  បក្ស​ទាំង​ពីរ​មាន​មហិច្ឆតា​ចង់​ចែក​អំណាច​គ្នា​នៅ​ក្នុង​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត។

ប្រធាន​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ យល់​ថា រូបមន្ត​ជ្រើសតាំង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត គ្រាន់តែ​ជា​វិធី​ដែល​បក្ស​នយោបាយ​ទាំង​ពីរ​ចង់​មាន​ឥទ្ធិពល​លើ​ស្ថាប័ន​មួយ​នេះ​ប៉ុណ្ណោះ។ លោក​បន្ត​ថា បញ្ហា​សំខាន់​នៅ​ពេល​នេះ គឺ​ការ​កែ​ទម្រង់​ឲ្យ​ស្ថាប័ន គ.ជ.ប ទទួល​ការ​ទុក​ចិត្ត​ពី​សាធារណជន​ទូទៅ ដែល​គ្រប់​គណបក្ស​នយោបាយ​អាច​ជឿ​ជាក់​ថា ពួកគេ​អាច​នឹង​ទទួល​បាន​យុត្តិធម៌ បើ​សិន​ជា​ពួកគេ​ចូល​រួម​ក្នុង​យុទ្ធនា​ការ​បោះ​ឆ្នោត។ លោក​បន្ថែម​ថា សមាជិក​អចិន្ត្រៃយ៍​នៃ គ.ជ.ប មិន​ត្រូវ​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ​ទេ។

​លោក អ៊ូ វីរៈ៖ «បើ​សិន ៥ ហើយ​និង ៤​ហ្នឹង មិន​មែន​សង្គ្រោះ​ជាតិ​គ្រប់គ្រង គ.ជ.ប ទេ គឺ​បក្ស​ប្រជាជន។ ហើយ​នេះ​វា​ផ្ទុយ​ទាំង​ស្រុង​ពី​គោលការណ៍​សេរី​ពហុបក្ស។ បាន​ន័យ​ថា បក្ស​ទាំង​ពីរ​ហាក់​ដូច​ជា​លំអៀង​ទាំង​ស្រុង​ទៅ​រក​បក្ស​ធំៗ។ នយោបាយ​ផ្ដាច់មុខ​នេះ​វា​មិន​ផ្ដល់​ជម្រើស​ឲ្យ​ពលរដ្ឋ​នោះ​ទេ វា​ដូចជា​ការ​រក​ស៊ី​ធ្វើ​នយោបាយ​ផ្ដាច់មុខ​អ៊ីចឹង។ ខ្ញុំ​ចង់​ឃើញ​ការ​បើក​ចំហ​នយោបាយ​ឲ្យ​គណបក្ស​ទាំង​អស់​មាន​សិទ្ធិ​ដូចៗ​គ្នា»

សង្គម​ស៊ីវិល​រក​ឃើញ​ថា បញ្ហា​មួយ​ចំនួន​ដែល​កម្ពុជា ត្រូវ​កែទម្រង់​ជា​បន្ទាន់​ដើម្បី​មាន​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌។ បញ្ហា​ទាំងនោះ​មាន​ដូច​ជា ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ប្រព័ន្ធ​ផ្សព្វផ្សាយ យន្តការ​ដោះស្រាយ​វិវាទ​នៃ​ការ​បោះ​ឆ្នោត និង​ការ​រៀបចំ​បង្កើត​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​នយោបាយ។ កាល​ពី​ដើម​ឆ្នាំ​២០១៣ សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា បង្ហាញ​ថា អ្នក​បោះ​ឆ្នោត​ជាង ១​លាន​នាក់​បាន​បាត់​ឈ្មោះ​ចេញ​ពី​បញ្ជី​អ្នក​បោះ​ឆ្នោត  ប៉ុន្តែ គ.ជ.ប បដិសេធ។ លុះ​ដល់​ថ្ងៃ​បោះ​ឆ្នោត ក៏​កើត​មាន​អំពើ​ហិង្សា​មួយ​ក្តៅ​គគុក​នៅ​គល់​ស្ពាន​ស្ទឹងមានជ័យ ទាក់ទង​នឹង​ការ​រក​ឈ្មោះ​បោះឆ្នោត​មិន​ឃើញ​នោះ​ទៀត​ផង។

ម្យ៉ាង​ទៀត គណបក្ស​កាន់​អំណាច​បាន​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគ​ច្រើន​លើសលប់។ នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ថែម​ទាំង​ប្រកាស​បិទ​មិន​ឲ្យ​វិទ្យុ​ក្នុង​ស្រុក​ផ្សាយ​បន្ត​នូវ​កម្មវិធី​វិទ្យុ​បរទេស​ផ្សាយ​ជា​ភាសា​ខ្មែរ​ទៀត​ផង។ បម្រាម​នោះ​ត្រូវ​បាន​លុប​ចោល​ទៅ​វិញ​នៅ​ពេល​​ដែល​មាន​ការ​រិះគន់​ខ្លាំងៗ​ពី​សង្គម​ស៊ីវិល។

មិន​តែ​ប៉ុណ្ណោះ គណបក្ស​កាន់​អំណាច​បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ច្រើន​លើសលប់​នោះ​ទៅ​ឃោសនា​ដោយ​ផ្ទាល់​និង​ប្រយោល​ទៀត​ផង។ ទង្វើ​នេះ​ផ្ទុយ​នឹង​គណបក្ស​ផ្សេងៗ​ទៀត ដែល​មាន​លទ្ធភាព​តិចតួច​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត។ បក្ស​ខ្លះ​មាន​លុយ​ជួល​ម៉ោង​វិទ្យុ​និង​ទូរទស្សន៍​ដើម្បី​ឃោសនា​ពី​គោលនយោបាយ​របស់​ខ្លួន ប៉ុន្តែ​វិទ្យុ​និង​ទូរទស្សន៍​នោះ​ត្រូវ​បាន​ហាម​ជា​សម្ងាត់​មិន​ឲ្យ​លក់​ម៉ោង​ឲ្យ​អ្នក​ផ្សេង​ក្រៅ​ពី​បក្ស​កាន់​អំណាច​ឡើយ។

ចំណែក​ឯ​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​គណបក្ស​នយោបាយ​វិញ នៅ​កម្ពុជា​មិន​ទាន់​មាន​ឡើយ។ ដោយសារ​មិន​ទាន់​មាន​ច្បាប់​នេះ​ហើយ ទើប​គណបក្ស​កាន់​អំណាច​ដែល​មាន​ធនធាន​ច្រើន​ជាង​គេ​ស្រាប់​នោះ អាច​ចំណាយ​ច្រើន​លើសលប់​ជាង​គេ​ក្នុង​ដំណើរ​រៀបចំ​ឃោសនា​បោះ​ឆ្នោត។ អង្គការ​ខុមហ្វ្រែល (Comfrel) រក​ឃើញ​ថា បក្ស​ប្រជាជន​កម្ពុជា ចំណាយ​ច្រើន​ជាង​គេ​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​នៅ​ពេល​កន្លង​ទៅ។

​ទាក់ទង​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា អង្គការ​និកហ្វិច (NECFIC) លោក ហង្ស ពុទ្ធា លើក​ឡើង​ថា បើ​សិន​ជា​បក្ស​ទាំង​ពីរ​នៅ​តែ​ព្យាយាម​បញ្ចូល​សមាជិក​របស់​ខ្លួន​នៅ​ក្នុង​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត នោះ​ពលរដ្ឋ​នឹង​នៅ​តែ​មិន​មាន​ទំនុក​ចិត្ត​លើ​ស្ថាប័ន​នេះ​ដដែល។ លោក​បន្ត​ថា  គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​សព្វថ្ងៃ ជា​បុគ្គល​នៅ​ក្រៅ​គណបក្ស​នយោបាយ ប៉ុន្តែ​ពលរដ្ឋ​កម្ពុជា ភាគ​ច្រើន​មិន​ទុក​ចិត្ត​លើ​របៀប​ធ្វើការ​របស់​ពួកគាត់​ដែល​លំអៀង​ទៅ​រក​គណបក្ស​កាន់​អំណាច។

លោក​បញ្ជាក់​ថា អ្វី​ដែល​សំខាន់​បំផុត គឺ​របៀប​ធ្វើ​ការ​របស់ គ.ជ.ប៖ «ជា​សំណើ​របស់​សង្គម​ស៊ីវិល យើង​ចង់​ឲ្យ​រៀបចំ​ស្ថាប័ន គ.ជ.ប ជា​ស្ថាប័ន​ឯករាជ្យ មិន​ឲ្យ​ក្រោម​ឥទ្ធិពល​នយោបាយ»

លោក​បន្ត​ថា ចំពោះ​យន្តការ​នៃ​ការ​ដោះស្រាយ​វិវាទ បន្ទាប់ពី​ការ​បោះឆ្នោត​ក៏​ជា​បញ្ហា​ដែល​ត្រូវ​កែ​ទម្រង់​នោះ​ដែរ។

តាម​ច្បាប់​បោះ​ឆ្នោត គណបក្ស​នយោបាយ​អាច​ប្ដឹងផ្ដល់​ពី​ភាព​មិន​ភាព​ប្រក្រតី​នៃ​ដំណើរការ​បោះ​ឆ្នោត​ទៅ​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហើយ​បើ​ភាគី​ណា​មួយ​មិន​សុខចិត្ត​អាច​ប្តឹង​បន្ត​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ។

កាល​ពី​ឆ្នាំ​មុន គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ក្រចេះ បាន​ប្ដឹង​សុំ​បើក​មើល​កញ្ចប់​សុវត្ថិភាព “ក” ចំនួន ១៣​កញ្ចប់ នៅ​ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល។ កញ្ចប់​សុវត្ថិភាព​ភាគ​ច្រើន​ជា​កញ្ចប់​ចំហ​មាត់។ បញ្ហា​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។ ក៏ប៉ុន្តែ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​ដឹកនាំ​ដោយ​សមាជិក​អចិន្ត្រៃយ៍​របស់​បក្ស​កាន់​អំណាច លោក ឯក សំអុល បែរ​ជា​ប្រើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ខ្លួន​ឯង​ជា​អ្នក​ស៊ើប​អង្កេត​ទៅ​វិញ។ ក្រុមប្រឹក្សា​ធម្មនុញ្ញ​មិន​បាន​សួរ​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត​ឃុំ​ស្វាយជ្រះ មួយ​ម៉ាត់​ឡើយ តែ​ស្ថាប័ន​កំពូល​មួយ​នេះ ក៏​ជឿ​លើ​របាយការណ៍​ស៊ើប​អង្កេត​របស់​ គ.ជ.ប មួយ​សន្លឹក​ដែល​រក​ឃើញ​ថា មន្ត្រី​ថ្នាក់​ក្រោម​ជា​អ្នក​ប្រព្រឹត្ត​កំហុស ហើយ​សម្រេច​ឲ្យ​ដាក់​ទោស​តាមច្បាប់​ទៀត​ផង។ ដើម្បី​បញ្ចប់​បញ្ហា គ.ជ.ប ប្រកាស​ប្រាប់​មន្ត្រី​ថ្នាក់​ក្រោម​ថា​ឲ្យ​ស្ងប់ស្ងាត់ ព្រោះ គ.ជ.ប មិន​ដាក់​ទោស​ទណ្ឌ​អ្វី​ឡើយ។

ទោះជា​យ៉ាង​ណា​ក្តី វិទ្យុ​អាស៊ីសេរី បាន​រក​ឃើញ​ថា មន្ត្រី​ថ្នាក់​ការិយាល័យ​រៀបចំ​ការ​បោះ​ឆ្នោត​ទាំង​នោះ​មិន​បិទ​កញ្ចប់​សុវត្ថិភាព “ក” ដោយសារ​ពួកគេ​ធ្វើ​តាម​បញ្ជា​ថ្នាក់​លើ​ប៉ុណ្ណោះ។

ទាក់ទង​នឹង​ទំនាស់​នយោបាយ​វិញ គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្រួម​ការ​តវ៉ា​តាំង​ពី​មិន​សុខ​ចិត្ត​ចំពោះ​លទ្ធផល​បោះ​ឆ្នោត ហើយ​ចោទ​ថា គ.ជ.ប ជួយ​បន្លំ​សន្លឹក​ឆ្នោត​ឲ្យ​បក្ស​កាន់​អំណាច​មក​នៅ​ត្រឹម​ទាមទារ​រៀបចំ​សមាសភាព គ.ជ.ប។ សង្គម​ស៊ីវិល​រក​ឃើញ​ថា ក្រៅ​ពី​មាន​ឥទ្ធិពល គ.ជ.ប គណបក្ស​កាន់​អំណាច​បាន​លូកដៃ​ចូល​ទៅ​ក្នុង​តុលាការ​រដ្ឋ​សភា និង​ស្ថាប័ន​មួយ​ចំនួន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

5 Responses to "សង្គម​ស៊ីវិល៖ បក្ស​ទាំង​២​ចង់​មាន​ឥទ្ធិពល​លើ​ គ.ជ.ប ​ដូច​គ្នា"

  1. Anonymous says:

    For so long , the social groups have been part of progressing Cambodia.
    why not having 3 members from CPP and 3 from CNRP and 3 from selected groups relevant to purpose o f NEC. Each can be from Comfrel, Nifec and Adhoc.
    This way, both from CPP and CNRP has to convince those social groups for the right decicion relating serving Cambodian democratically.
    So, each political party does not have any advantage over one another.
    it seems to be fair to everyone involved if this serve common cause, independent NEC.

  2. sambo says:

    សកម្មភាពអស់ទាំងនោះហើយដែលប្រជាជនភាគច្រើនបានចោទប្រកាន់ថា គជប គឺជាចោរប្លន់សន្លឹកឆ្នោតរបស់ប្រជាជនទាំងកំរោលនិងគ្មានការអៀនខ្មាស់ តទៅមុខបើសមាសភាពគជបនៅតែមានមុខពួកចោរអស់ហ្នឹងដដែលៗ ស្រុកខ្មែរគ្មានសេចក្តីសុខទេ ឯប្រជាជនក៏កាន់តែលំបាកវេទនាទ្វេរដងថែមទៀត បើពិបាកពេក ៣នាក់ម្ខាង ហើយសង្គមស៊ីវិល៣នាក់ដែរទៅ កុំស្មុកស្មាញពេក សូមអស់លោកបើកប្រស្រីមើលប្រជាជនខ្មែរដែលកំពង់វេទនាផង ម៉េចអាងតែក្រុមលោកឯង គ្រួសារលោកឯងមានលុយរាប់រយលានដុល្លាហើយ លោកឯងខ្វាក់ភ្នែកមិនឃើញប្រជាជនល្ហេមល្ហាមទេ មែនទេអស់លោកឯងក្រាញអំណាចហើយបន្តរលួចជាតិ លក់ជាតិតទៅទៀត ក្រយ៉ៅអស់លោកឯងជិតដល់ទីបញ្ចប់ហើយ ។

  3. ♡.♦.♛.♣.♤ says:

    តួលេខនៃចំនួន គជប ត្រូវរើស ត្រូវតែមានចំនួនស្មើរគ្នា
    បើបក្សប្រជាជនរើស៥នាក់ បក្សសង្រ្គោះជាតិក៍ត្រូវរើសយក៥នាក់ដែរ
    មិនមែនឱ្យគេរើសតែ ៤នាក់ ពួកលាមក ហ៊ុន សែន រើស៥នាក់លើសគេ
    អញ្ចឹងវាគ្មានភាពយុត្តិធម៏ទេ ។

  4. មោឃសែន says:

    ពួកមន្រ្តីបក្សប្រជាជននិងអាពូខ្វាក់អត់ភ្នែកមួយចំហៀង វាធ្វើអី ក៍មានគំនិតអាក្រក់ដែរ ! ហាស់ ៗៗៗៗ…
    វាមិនចោលក្បួនខូចជាដាច់ខាត ! ថោកទាបណាស់ ពិតជាថោកទាបហួសហេតុពេកហើយ !

  5. ?? says:

    this is a very important essence for this nation, these two leaders wanted to put their hand on this organization (NEC) HOW ABOUT SAY NO TO- 3 AND 3 OR 4 AND 3 . we should have a brand new one that no influence from these two party. the independent (NEC) is more importance for this nation. don’t you think??????????????????????????????????????