ANZ បាន​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​ក្រុម​ហ៊ុន លី យ៉ុងផាត់

អតិថិជន​កំពុង​ដក​ប្រាក់​តាម​ម៉ាស៊ីន ATM ធនាគារ ANZ Royal។

អតិថិជន​កំពុង​ដក​ប្រាក់​តាម​ម៉ាស៊ីន ATM ធនាគារ ANZ Royal។ ធនាគារ​ឈប់​ផ្តល់​កម្ចី​ដល់​ក្រុម​ហ៊ុន​លោក លី យ៉ុងផាត់ ទៀត​ហើយ។ ហេង ជីវ័ន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ធនាគារ ANZ បាន​បញ្ឈប់​ការ​ផ្ដល់​ហិរញ្ញប្បទាន​ដល់​ក្រុម​ហ៊ុន​ចម្ការ​អំពៅ​ដ៏​ចម្រូង​ចម្រាស​របស់​លោក លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​កាន់​អំណាច​ដែល​ឈរ​នៅ​កណ្ដាល​នៃ​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំ​រ៉ៃ​ជាមួយ​នឹង​រឿង​អាស្រូវ​ពលកម្ម​កុមារ។

ឯកសារ​សវនកម្ម​ផ្នែក​បរិស្ថាន​ប្រគល់​ដោយ​ធនាគារ ANZ ដែល ភ្នំពេញ ប៉ុស្ដិ៍ ទទួល​បាន​កាល​ពី ខែ​មករា ដោយ​ភ្ជាប់​ធនាគារ ANZ Royal ជា​ការ​វិនិយោគ​រួម​គ្នា​ជាមួយ​ក្រុម​ហ៊ុន រ៉ូយ៉ាល់ គ្រុប របស់ កម្ពុជា ផ្ញើ​ទៅ​ឲ្យ​ក្រុម​ហ៊ុន ភ្នំពេញ ស៊ូហ្គើរ របស់​លោក លី យ៉ុងផាត់។ ឯកសារ​នេះ​បង្ហាញ​ថា ចាប់​ពី ឆ្នាំ​២០១០ ដល់ ឆ្នាំ​២០១៣ ក្រុម​ហ៊ុន ភ្នំពេញ ស៊ូហ្គើរ មិន​បាន​ដោះ​ស្រាយ​ការ​ផ្ដល់​អនុសាសន៍​ដែល​នៅ​សល់ ៦០ ភាគរយ​ដែល​រួម​មាន​បញ្ហា​សុខភាព​របស់​កម្មករ និង​បញ្ហា​សុវត្ថិភាព​ដែល​បាន​លើក​ឡើង​ដោយ​សវនករ​អង្គការ​បរិស្ថាន International Environmental Management មាន​មូលដ្ឋាន​នៅ ទីក្រុង​បាងកក ទេ។

ចាប់​តាំង​ពី​ការ​បង្ហាញ​ឲ្យ​ដឹង​កាល​ពី ខែ​មករា ធនាគារ ANZ បាន​ឲ្យ​ដឹង​ថា ពួក​គេ​នឹង​បន្ត​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​ក្រុម​ហ៊ុន ភ្នំពេញ ស៊ូហ្គើរ ហើយ​នឹង​សហការ​ជាមួយ​នឹង​ក្រុម​គ្រួសារ​រង​គ្រោះ ក្រុម​ហ៊ុន ភ្នំពេញ ស៊ូហ្គើរ និង​អង្គការ NGO ដើម្បី​ដោះស្រាយ​ដី​សម្បទាន ៨ ៣៤៣ ហិកតា​នៅ​ក្នុង ខេត្ត​កំពង់ស្ពឺ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​របស់​ធនាគារ​បាន​អះអាង​តាម​រយៈ​អ៊ីមែល​កាល​ពី​ម្សិល​មិញ​ថា ធនាគារ​នេះ​ពេល​នេះ​បាន​កាត់​ទំនាក់​ទំនង​ជាមួយ​ក្រុម​ហ៊ុន ភ្នំពេញ ស៊ូហ្គើរ ហើយ។

អ្នក​នាំ​ពាក្យ​បាន​ថ្លែង​ដោយ​បដិសេធ​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ថា៖ «ខណៈ​ខ្ញុំ​ត្រូវ​បាន​កំណត់​នៅ​ក្នុង​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​អំពី​អតិថិជន​ជា​លក្ខណៈ​បុគ្គល​ខ្ញុំ​អាច​អះ​អាង​ថា ក្រុម​ហ៊ុន ភ្នំពេញ ស៊ូហ្គើរ (PPS) បាន​សង​ប្រាក់​កម្ចី​របស់​ខ្លួន​និង​លែង​ជា​អតិថិជន​របស់ ANZ ទៀត​ហើយ»។

របាយ​ការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​បាន​ពី​កាសែត The Australian បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន ភ្នំពេញ ស៊ូហ្គើរ រក​បាន​អ្នក​គាំទ្រ​ថ្មី​មួយ​សម្រាប់​ការ​ផ្ដល់​ហិរញ្ញ​ប្បទាន។

លោក សេង ញ៉ាក នាយក​គ្រប់​គ្រង​របស់​ក្រុម​ហ៊ុន ភ្នំពេញ ស៊ូហ្គើរ បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ស្ដី​ពី​កិច្ច​ព្រម​ព្រៀង​ថ្មី​ណា​មួយ​កាល​ពី​ម្សិល​មិញ ប៉ុន្តែ​លោក​បាន​អះអាង​ថា ធនាគារ ANZ លែង​មាន​ការ​ទាក់​ទង​ជាមួយ​ក្រុម​ហ៊ុន​របស់​លោក​ជា​យូរ​មក​ហើយ។ លោក​បន្ថែម​ថា ក្រុម​ហ៊ុន ភ្នំពេញ ស៊ូហ្គើរ កំពុង​ប្រជុំ​យ៉ាង​ទៀង​ទាត់​ជាមួយ​ក្រុម​គ្រួសារ​ដែល​ទទួល​រង​ប៉ះ​ពាល់​ទាំង​នោះ។

ប៉ុន្តែ​ក្រុម​សិទ្ធិ​មនុស្ស​ដែល​កំពុង​ធ្វើ​ការងារ​ជាមួយ​គ្រួសារ​រងគ្រោះ​បាន​បង្ហាញ​ពី​ការ​ខក​ចិត្ត​ចំពោះ ANZ ក្នុង​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​គម្រោង​ស្ករ​ស ហើយ​ថា ពួក​គេ​នៅ​តែ​មាន​កាតព្វកិច្ច​ដោះ​ស្រាយ​បញ្ហា​ដល់​គ្រួសារ​រង​គ្រោះ។

លោក David Pred នាយក​គ្រប់​គ្រង​របស់​ក្រុម​ហ៊ុន Inclusive Development International បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ម្សិល​មិញ​ថា៖ «ក្នុង​នាម​ជា​អ្នក​ផ្ដល់​ហិរញ្ញ​ប្បទាន​ដ៏​សំខាន់​មួយ​របស់​គម្រោង​ស្ករស​ធនាគារ ANZ មាន​កាតព្វកិច្ច​មួយ​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ប្រជាជន​ដែល​ត្រូវ​បាន​គេ​រឹប​អូស​យក​ដី ហើយ​ថា កាតព្វកិច្ច​នេះ​មិន​បាត់​នោះ​ទេ​នៅ​ពេល​ណា​ដែល​គេ​រំឭក​ពី​ប្រាក់​កម្ចី​របស់​ខ្លួន»។

លោក អៀង វុទ្ធី នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ ទី៨ ខែ​ឧសភា ជាមួយ​តំណាង​ធនាគារ ANZ មក​ពី ប្រទេស​អូស្ដ្រាលី លោក លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា និង​តំណាង​សហគមន៍​រង​ប៉ះពាល់​ថ្លែង​ថា មាន​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​បាន​គេ​លើក​ឡើង​នៅ​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ។

លោក​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាល​ពី​ម្សិល​មិញ​ថា៖ «ក្រុមហ៊ុន​ទាំង​ពីរ​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ពួក​គេ​ត្រូវ​តែ​ធ្វើ​ការងារ​ឲ្យ​បាន​ល្អ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ ប៉ុន្តែ​យើង​បាន​មើល​ឃើញ​ដំណោះ​ស្រាយ​សូន្យ​ស្ដី​ពី​ដី​ធ្លី។ ពិត​ហើយ​ពួកគេ​បាន​សង​ប្រាក់​ឲ្យ​ធនាគារ​ប៉ុន្តែ​គ្រោះ​ថ្នាក់​នៅ​តែ​មាន»៕


What Next?

Recent Articles

One Response to "ANZ បាន​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​ក្រុម​ហ៊ុន លី យ៉ុងផាត់"

  1. មោឃសែន says:

    Good job ANZ Bank !