ដោយ៖ ឡុង គីមម៉ារីតា
ថ្ងៃអង្គារ ទី8 កក្កដា 2014
http://vodhotnews.com
ប្រជាពលរដ្ឋរស់នៅក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល សម្តែងការមិនពេញចិត្តនឹងទង្វើរបស់មេភូមិត្រាទោល ក្នុងការកត់ឈ្មោះអ្នកភូមិដោយយកលុយក្នុងមួយគ្រួសារ៣ម៉ឺនរៀល សម្រាប់រត់ការក្នុងការតប្រព័ន្ធអគ្គិសនី។
ពលរដ្ឋម្នាក់រស់នៅក្នុងភូមិត្រាទោល ដែលអះអាងថាខ្លួនមានឈ្មោះសល់ ប្រាប់VODកាលពីថ្ងៃចន្ទថា កាលពីមុន ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រាទោល ឃុំបែកចាន ស្រុកអង្គស្នួល ប្រើប្រាស់អគ្គិសនីរបស់ឯកជន តែពេលថ្មីៗនេះ មានការផ្លាស់ប្តូរមកប្រើអគ្គិសនីរបស់រដ្ឋវិញ។ លោកបន្តថា ក្រោយពីឈប់ប្រើប្រាស់អគ្គិសនីរបស់ឯកជន មេភូមិត្រាទោល បានមកកត់ឈ្មោះប្រជាពលរដ្ឋដែលពុំទាន់បានភ្ជាប់អគ្គិសនីប្រើប្រាស់ ហើយយកលុយក្នុងមួយគ្រួសារ៣ម៉ឺនរៀល ជាថ្នូរនឹងការរត់ការដើម្បីតប្រព័ន្ធអគ្គិសនី។
ពលរដ្ឋម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះ បន្ថែមថាពលរដ្ឋមានការមិនពេញចិត្តចំពោះទង្វើរបស់មេភូមិត្រាទោលក្នុងការយកលុយ ដើម្បីតភា្ជប់ប្រព័ន្ធអគ្គិសនីរបស់រដ្ឋយកមកប្រើប្រាស់ដែលមានតម្លៃថ្លៃ ព្រោះពលរដ្ឋមួយចំនួនដែលរស់នៅក្នុងភូមិនោះ មានជីវភាពខ្វះខាតសឹងតែរកបាយញ៉ាំមិនបានផង។ លោកបន្តថា ពលរដ្ឋអំពាវនាវឲ្យអាជ្ញាធរបញ្ចុះតម្លៃឲ្យមានតម្លៃទាបជាងមុនក្នុងការរត់ការ ដើម្បីតភ្ជាប់ប្រព័ន្ធអគ្គិសនីនេះ។
មេភូមិត្រាទោល លោក ជីម ផល្លា បដិសេធការចោទប្រកាន់ក្នុងការយកលុយពីប្រជាពលរដ្ឋចំនួន៣ម៉ឺនរៀល ដើម្បីរត់ការក្នុងការតប្រព័ន្ធអគ្គិសនី។ លោកបញ្ជាក់ថា លោកគ្រាន់តែបានកត់ឈ្មោះប្រជាពលរដ្ឋដែលមិនទាន់បានតប្រព័ន្ធអគ្គិសនីតែប៉ុណ្ណោះ។ លោកបន្តថាការយកលុយដើម្បីរត់ការនោះ គឺបុគ្គលម្នាក់ឈ្មោះមឿក មុន ជាអ្នករត់ការក្នុងរឿងនេះ។
លោកមឿក មុន ដែលជាអ្នករត់ការក្នុងករណីនេះ បានឆ្លើយបំភ្លឺថា ការយកលុយពីប្រជាពលរដ្ឋ ដើម្បីតប្រព័ន្ធអគ្គិសនីនេះ មានការព្រមព្រៀងពីប្រជាពលរដ្ឋ ដោយពុំមានការបង្ខិតបង្ខំឡើយ។ លោកបញ្ជាក់ថា បើពលរដ្ឋមិនពេញចិត្តនឹងតម្លៃក្នុងការរត់ការនេះ ពួកគេអាចរត់ការដើម្បីភា្ជប់ប្រព័ន្ធអគ្គិសនីដោយខ្លួនឯង។
មន្ត្រីផ្នែកទំនាក់ទំនងព័ត៌មាននៃអគ្គិសនីជាតិកម្ពុជា លោក ឆេម ពេជ ប្រាប់VODនៅថ្ងៃអង្គារនេះថា អគ្គិសនីជាតិកម្ពុជា មិនយកតម្លៃសេវាក្នុងការរត់ការតប្រព័ន្ធអគ្គិសនី ដើម្បីតភ្ជាប់ប្រព័ន្ធអគ្គិសនីនោះទេ ព្រោះការរត់ការនេះ ពលរដ្ឋជាអ្នកបំពេញបែបបទដោយខ្លួនឯង។
មេភូមិទោលដែលរងការចោទប្រកាន់ ឲ្យដឹងថាប្រជាពលរដ្ឋដែលបានកត់ឈ្មោះដើម្បីតប្រព័ន្ធអគ្គិសនី មានប្រមាណ៣០គ្រួសារ ហើយការប្រើប្រាស់ប្រព័ន្ធអគ្គិសនីរបស់រដ្ឋមានតម្លៃត្រឹមតែ៦០០រៀលទៅ៧០០រៀលតែប៉ុណ្ណោះក្នុង១គីឡូវ៉ាត់ ដែលមានតម្លៃថោកជាងការប្រើប្រាស់អគ្គិសនីឯកជន គឺតម្លៃដល់ទៅ២០០០រៀលក្នុងមួយគីឡូវ៉ាត់៕
សរសេរមកកាន់កញ្ញា ឡុង គីមម៉ារីតា តាមរយៈ longkimmarita@gmail.com
៣ម៉ឺនអោយទៅ! មិនបានថ្លៃបាយ១ពេលផង!