សាលា​ក្រុង​ពង្រីក​សេវា​រថយន្ត​ក្រុង​បន្ថែម ៣ ខ្សែ​នៅ ខែ​កញ្ញា

រថយន្ត​ក្រុង​របស់​សាលា​រាជធានី​ដំណើរការ​នា​ពេល​កន្លង​មក។

រថយន្ត​ក្រុង​របស់​សាលា​រាជធានី​ដំណើរការ​នា​ពេល​កន្លង​មក។ ម៉ៃ វីរៈ



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ សេវា​រថយន្ត​ក្រុង​សាធារណៈ នឹង​ពង្រីក​ខ្សែ​រថ​ចំនួន ៣ ខ្សែ​ក្នុង​ខែ​កញ្ញា ខាង​មុខ​នេះ ឲ្យ​ទៅ​ដល់​គីឡូម៉ែត្រ​លេខ ៩ ផ្លូវ​ជាតិ​លេខ ១ ចោមចៅ និង ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដែល​ជា​ការ​កែ​សម្រួល​ពី​ខ្សែ​រថ​ផ្លូវ មុនីវង្ស ដែល​មាន​ស្រាប់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី ថ្លែង​ថា រថយន្ត​បន្ថែម​ចំនួន ៤០ គ្រឿង​សម្រាប់​បម្រើ​សេវា​រថយន្ត​ក្រុង​ទើប​មក​ដល់​កម្ពុជា ដូច្នេះ​អាជ្ញាធរ​បាន​បើក​កិច្ច​ប្រជុំ​មួយ​កាល​ពី​ម្សិល​មិញ ដើម្បី​សម្រេច​គម្រោង​កែ​សម្រួល​ខ្សែ​រថ និង​ពង្រីក​ជា​បី​ខ្សែ ដែល​សព្វ​ថ្ងៃ​បាន​ដំណើរការ​តែ​លើ​ផ្លូវ​មុនីវង្ស តាំង​ពី ខែ​មីនា មក។

លោក​បាន​និយាយ​ថា៖ «ឯកឧត្តម អភិបាល​បាន​សម្រេច​ធ្វើ​ការ​កែ​សម្រួល​ជា​បី​ខ្សែ។ ខ្សែ ទី១ គឺ​ចាប់​ពី​គីឡូម៉ែត្រ​លេខ ៩ មក​តាម​ផ្លូវ មុនីវង្ស រហូត​ឆ្លង​ស្ពាន​ក្បាល​ថ្នល់​កាត់​តាម ច្បារអំពៅ រហូត​ដល់ វត្ត​ក្តី​តាកុយ (ផ្លូវ​ជាតិ​លេខ ១)។ ខ្សែ ទី២ ចាប់​ផ្តើម​ពី​រង្វង់​មូល​កួច​កាណុង (ទូត​បារាំង) តាម​ផ្លូវ​ទំនប់ ទួលគោក រហូត​ដល់​អង់តែន ទួលគោក កាច់​មក​ដល់​ផ្លូវ គីម អ៊ីលស៊ុង (សាលា​តិចណូ) ឆ្លង​កាត់​លើ​ផ្លូវ ម៉ៅ សេទុង រហូត​មក​ដល់​ស្ថានទូត ចិន និង​ឆ្ពោះ​មក​ស្តុប​ជលផល ហើយ​ឆ្ពោះ​ទៅ​ចាក់​អង្រែ និង​ដល់ ក្រុង​តាខ្មៅ។ ចំពោះ​ខ្សែ ទី៣ គឺ​ចាប់​ពី​ផ្សារ​រាត្រី កាត់​តាម​ផ្សារ​ចាស់ ចេញ​តាម​ផ្លូវ កម្ពុជា​ក្រោម រហូត​ដល់​សាលា សន្ធរម៉ុក កាច់​ស្តាំ​ឡើង​មក​ផ្លូវ​សហព័ន្ធ រុស្ស៊ី រហូត​មក​ដល់ ចោមចៅ តែ​ម្តង»។

លោក​និយាយ​ថា រថយន្ត​ទាំង​នេះ​ជា​រថយន្ត​ដែល​គេ​ប្រើ​ប្រាស់​រួច (ជជុះ) ដែល​បាន​កុម្មង់​ទិញ​ពី ប្រទេស​កូរ៉េ កាល​ពី​ប៉ុន្មាន​ខែ​មុន បាន​មក​ដល់ ប្រទេស​កម្ពុជា នៅ កំពង់ផែ​ព្រះ​សីហនុ ហើយ ហើយ​នា​ពេល​នេះ អាជ្ញាធរ​រាជធានី​កំពុង​រៀបចំ​បែប​បទ​ដឹក​រថយន្ត​មក​រាជធានី និង​បន្ទាប់​មក​ធ្វើ​ការ​តុប​តែង​កែលម្អ​រថយន្ត​ក្រុង​នេះ និង​រៀបចំ​គូស​គំនូស​លើ​ផ្លូវ​ដែល​មាន​ខ្សែ​រថ។

លោក​បន្ថែម​ថា៖ «ជា​រថយន្ត​ជជុះ តែ​យើង​អាច​ប្រើ​ប្រាស់​បាន។ នៅ​ពេល​រថយន្ត​មក​ដល់​ភ្នំពេញ យើង​នឹង​លាប​ថ្នាំ បាញ់​ពណ៌ ធ្វើ​ឡូហ្គោ ដើម្បី​ចាប់​ផ្តើម​រថ​ហើយ»។

ក្នុង​ខណៈ​ពេល​ដែល​អាជ្ញាធរ​ធ្លាប់​អះអាង​ថា មាន​ក្រុម​ហ៊ុន​ចំនួន​បី កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​ដើម្បី​ជ្រើស​ធ្វើ​ជា​ដៃគូ​សម្រាប់​សេវា​រថយន្ត​ក្រុង​នេះ លោក ឡុង ឌីម៉ង់ បញ្ជាក់​ថា មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ក្រុម​ហ៊ុន​ណា​ដែល​អាជ្ញាធរ បាន​ជ្រើស​រើស​បាន​នៅ​ឡើយ តែ​លោក​មិន​បាន​បញ្ជាក់​មូល​ហេតុ។ ដូច្នេះ​សាលា​ក្រុង​នឹង​ចាប់​ដំណើរការ​សេវា​នេះ​ដោយ​ខ្លួន​ឯង ហើយ​អាជ្ញាធរ​មួយ​ដើម្បី​គ្រប់​គ្រង​សេវា​មួយ​នេះ នឹង​ត្រូវ​បង្កើត​ឲ្យ​បាន​មុន ខែ​កញ្ញា ផង​ដែរ។

លោក​ថា៖ «យើង​បាន​ជជែក​គ្នា​រឿង​ទាំង​អស់​ទុក ១ ខែ​នេះ ត្រូវ​បង្កើត​ឲ្យ​បាន ក្បាល​ម៉ាស៊ីន​ដឹក​នាំ​នៃ​រដ្ឋាករ​ស្វយ័ត​សេវា​ដឹក​ជញ្ជូន។ យើង​មិន​ទាន់​រក​ក្រុមហ៊ុន​ឯកជន​បាន​នៅ​ឡើយ​ទេ គឺ​រដ្ឋ​ធ្វើ​ខ្លួន​ឯង​សិន»។

ក្នុង ខែ​មីនា ក្រុមហ៊ុន​ចិន​ឈ្មោះ Global (Cambodia) ត្រូវ​បាន​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​រថយន្ត​ក្រុង​សាធារណៈ តាម​បណ្តោយ​ផ្លូវ មុនីវង្ស។ ក្រុម​ហ៊ុន​នេះ​បាន​សន្យា​នឹង​ពង្រីក​សេវា​នេះ ប៉ុន្តែ​នៅ ខែ​មេសា ក្រោយ​បញ្ចប់​គម្រោង​សាក​ល្បង​អាជ្ញាធរ​រាជធានី ក៏​បាន​ផ្អាក​គម្រោង​ជាមួយ​ក្រុម​ហ៊ុន ហើយ​បាន​អនុវត្ត​តែ​ម្នាក់​ឯង ដោយ​មាន​រថយន្ត​ចំនួន ១០ ដំណើរការ​មក​ទល់​ពេល​នេះ​ដោយ​គិត​ថ្លៃ ១៥០០ រៀល​ក្នុង​មួយ​លើក៕


What Next?

Recent Articles

One Response to "សាលា​ក្រុង​ពង្រីក​សេវា​រថយន្ត​ក្រុង​បន្ថែម ៣ ខ្សែ​នៅ ខែ​កញ្ញា"

  1. Lay Sokha says:

    If I want to walk where I can walk? do i have to walk in the street ? CPP ruled government including pp authorities did not think about this? Roads without clear signs and traffic lights? What did they do for almost 30 years?