បក្ស​ប្រឆាំង​បដិសេធ​ដំណឹង​ថា​កូនស្រី​លោក កឹម សុខា ជា​បេក្ខភាព​ គ.ជ.ប

ដោយ យាង សុជាមេត្តា
2014-07-30
RFA

កឹម មនោវិទ្យា ៦១០
អគ្គនាយក​រង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា (ឆ្វេង) ថត​រូប​ជាមួយ​អ្នក​គាំទ្រ នា​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៣។ RFA/Vann Vichar

បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក និង​ប្រភព​ក្រៅ​ផ្លូវ​ការ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​៣០ កក្កដា នេះ​ថា បេក្ខភាព​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ចំនួន ៤​រូប ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ជ្រើស​រើស​នោះ ក៏​មាន​កូនស្រី លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ដែរ។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​ដំណឹង​នេះ។

ក្នុង​ចំណោម​បេក្ខភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ៤​រូប ដែល​ជ្រើស​រើស​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ មាន​តែ លោក គួយ ប៊ុនរឿន មួយ​ប៉ុណ្ណោះ ដែល​សាធារណជន​បាន​ដឹង​ជា​ផ្លូវ​ការ​ថា នឹង​ក្លាយ​ជា​សមាជិក គ.ជ.ប ចំណែក​បេក្ខភាព​សមាជិក ៣​រូប​ផ្សេង​ទៀត កំពុង​នៅ​មាន​ភាព​ស្រពិចស្រពិល​នៅ​ឡើយ។

ទោះ​ជា​យ៉ាង​ណា មាន​ព័ត៌មាន​លេច​ឮ​ថា បេក្ខភាព​ផ្សេង​ទៀត​ដែល​អាច​ត្រូវ​ជ្រើស​រើស​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នោះ រួម​មាន នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍ លោក យ៉េង វីរៈ នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល ដើម្បី​យុត្តិធម៌ និង​ការ​បង្រួប​បង្រួម កញ្ញា សេង ធារី ព្រម​ទាំង​កូនស្រី លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា។

លើស​ពី​នេះ ក៏​មាន​ការ​លេច​ឮ​ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​កើត​ចេញ​ពី​ការ​បង្រួប​បង្រួម​រវាង​គណបក្ស​អ្នក​ប្រជាធិបតេយ្យ​ពីរ គឺ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស នោះ កំពុង​ខ្វែង​គំនិត​គ្នា​ទៅ​លើ​ការ​ដាក់​បេក្ខភាព​កូនស្រី​របស់ លោក កឹម សុខា ព្រោះ​មាន​សមាជិក​ខ្លះ​ចង់​ដាក់​បេក្ខភាព កញ្ញា សេង ធារី ជំនួស កញ្ញា កឹម មនោវិទ្យា វិញ។ ស្រប​ពេល​ជាមួយ​គ្នា ក៏​លេច​ឮ​ដែរ​ថា លោក គល់ បញ្ញា ដែល​ជា​បេក្ខភាព​មួយ​រូប​ដែរ​នោះ បាន​ដក​ខ្លួន​ចេញ​ពី​បេក្ខភាព គ.ជ.ប នេះ​ដែរ។

ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បដិសេធ​ចំពោះ​ការ​លើក​ឡើង​ទាំង​នេះ ហើយ​ថា គណបក្ស​ប្រឆាំង​មួយ​នេះ ពុំ​ទាន់​បាន​សិក្សា​ពី​គោលការណ៍ និង​លក្ខខណ្ឌ ដើម្បី​អាច​ឲ្យ​បុគ្គល​ម្នាក់​ក្លាយ​ខ្លួន​ជា​បេក្ខភាព គ.ជ.ប នៅ​ឡើយ។ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ថា អ្វី​ដែល​ពិត​នោះ គឺ​បេក្ខភាព​របស់ លោក គួយ ប៊ុនរឿន ដែល​បាន​ប្រគល់​តំណែង​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​ខ្លួន​ទៅ​ឲ្យ លោក សម រង្ស៊ី ដើម្បី​ទៅ​ធ្វើ​ជា​បេក្ខជន​របស់ គ.ជ.ប។ បើ​តាម លោក យ៉ែម បុញ្ញឫទ្ធិ គណបក្ស​ពុំ​ទាន់​បាន​គិតគូរ​ទៅ​លើ​បញ្ហា​បេក្ខភាព គ.ជ.ប ដែល​ខ្លួន​ត្រូវ​ជ្រើស​រើស​នៅ​ឡើយ ព្រោះ​អ្វី​ដែល​ជា​អាទិភាព​សម្រាប់​គណបក្ស​ប្រឆាំង​ពេល​នេះ គឺ​ដោះស្រាយ​បញ្ហា​ចាំបាច់​មួយ​ចំនួន​ជា​មុន​សិន។ នៅ​ពេល​ដែល​សួរ​ថា តើ កញ្ញា កឹម មនោវិទ្យា អាច​នឹង​ក្លាយ​ជា​បេក្ខភាព គ.ជ.ប ដែរ​ឬ​ទេ? លោក យ៉ែម បុញ្ញឫទ្ធិ ឆ្លើយ​ថា លោក​មិន​ដែល​បាន​ឮ​ព័ត៌មាន​នេះ​ទេ ហើយ​លោក​ក៏​មិន​ដឹង​នោះ​ដែរ៖ «យើង​អត់​ទាន់​បាន​កំណត់​ឲ្យ​ជាក់​លាក់​នៅ​ឡើយ​ទេ ពីព្រោះ​យើង​កំពុង​ប្រមូល​កម្លាំង​មក​ពិនិត្យ​សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា និង​ការងារ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត កិច្ចការ​ប្រញាប់ មុន​នឹង​យើង​ចូល​ស្បថ និង​ចូល​ប្រជុំ​សភា ហើយ​ពី​ហ្នឹង បាន​យើង​គិតគូរ​ទៅ​លើ​បញ្ហា​ទាំងអស់​ហ្នឹង»

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល ដែល​លេច​ឮ​ព័ត៌មាន​ថា លោក​បាន​ដក​ខ្លួន​ចេញ​ពី​បេក្ខភាព គ.ជ.ប ដែល​ជ្រើស​រើស​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នោះ អះអាង​ថា វា​មិន​មែន​ជា​រឿង​ពិត​នោះ​ទេ។ ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ លោក គល់ បញ្ញា បាន​សួរ​បក​ទៅ​វិញ​ថា តើ​ឲ្យ​លោក​បោះ​បង់​តំណែង​នេះ​យ៉ាង​ម៉េច​ទៅ បើ​លោក​មិន​ទាន់​ទាំង​បាន​ដាក់​ពាក្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​នៅ​ឡើយ។ តែ​ទោះ​ជា​យ៉ាង​ណា លោក​ថា លោក​ពិត​ជា​មាន​មនុស្ស​មក​ពី​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ពិត​ជា​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ទទួល​យក​ការងារ​នេះ​មែន ហើយ​ថា លោក​កំពុង​ពិចារណា​អំពី​បញ្ហា​នេះ។

លោក គល់ បញ្ញា៖ «មាន​មិត្តភ័ក្ដិ​ខាង​អង្គការ​ក្រៅ​រដ្ឋាភិបាល គេ​នាំ​គ្នា​ជជែក​លើក​ទឹក​ចិត្ត​ឲ្យ​ខ្ញុំ​ថា ដាក់​ទៅៗ​ធ្វើ​ការងារ​ហ្នឹង​ទៅ កាល​ណា​គេ​បើក​ចឹង យើង​ដាក់​ពាក្យ​ទៅ ហើយ​គេ​គាំទ្រ គេ​ជួយ​ធ្វើ campaign គេ​ជួយ​ធ្វើ lobby ឲ្យ​យើង ដើម្បី​ឲ្យ​យើង​ក្លាយ​ទៅ​បេក្ខជន ដែល​គេ​អាច​រើស​បាន​អ៊ីចឹង ហើយ​ខ្ញុំ​ក៏​សប្បាយ​រីករាយ​ដែរ ហើយ​មាន​ខាង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ អី​ក៏​គេ​ប្រាប់​យើង​ថា ដាក់​ទៅ គេ​គាំទ្រ​បេក្ខភាព​អ៊ីចឹង​ណា ហើយ​ខ្ញុំ​មើល​ទៅ​ក៏​មាន potential ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា ខ្ញុំ​ចង់​មើល​រដ្ឋធម្មនុញ្ញ​មើល​អី​សិន មើល​ច្បាប់ មើល​ថា តើ​ដំណើរ​រៀបចំ​ម៉េច​អី​ម៉េច ធានា​ឯករាជ្យ​បាន​ត្រឹមត្រូវ​អត់»

សេចក្តី​រាយការណ៍​នានា​បាន​អោយ​ដឹង​ថា ក្នុង​ចំណោម​បេក្ខភាព គ.ជ.ប ចំនួន ៤​រូប ដែល​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជ្រើស​រើស​នោះ មាន ២​រូប​រើស​ចេញ​ពី​គណបក្ស ហើយ ២​រូប​ទៀត​ចេញ​ពី​អង្គការ​សង្គម​ស៊ីវិល។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក សម រង្ស៊ី បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ចំពោះ​បេក្ខភាព គ.ជ.ប មិន​សំខាន់​ថា​មក​ពី​ណា​ទេ សំខាន់​ឲ្យ​តែ​បេក្ខជន​នោះ​ស្មោះ​ត្រង់ ទិញ​មិន​លក់ សម្លុត​មិន​ខ្លាច និង​ត្រូវ​មាន​បទពិសោធន៍ ព្រម​ទាំង​មាន​ភាព​វ័យ​ឆ្លាត​ក្នុង​ការ​ចាប់​ចោរ ជាដើម។

ទាក់ទង​បញ្ហា​នេះ អ្នក​វិភាគ​ព្រឹត្តិការណ៍​សង្គម​ឯករាជ្យ លោក​បណ្ឌិត កែម ឡី កត់​សម្គាល់​ថា ប្រសិន​បើ​គណបក្ស​នយោបាយ ទាំង​គណបក្ស​ប្រឆាំង ទាំង​គណបក្ស​កាន់​អំណាច ពិត​ជា​ចង់​ឲ្យ គ.ជ.ប ថ្មី​នេះ​មាន​ភាព​ឯករាជ្យ និង​មាន​កម្លាំង​ពេញ​លេញ ដើម្បី​អនុវត្ត​ការងារ​របស់​ខ្លួន​ពិត​ប្រាកដ​មែន ពួក​គេ​គួរ​សម្លឹង​រក​មើល​បុគ្គល​ដែល​មាន​សមត្ថភាព មាន​ការ​អប់រំ និង​មាន​បទពិសោធន៍​គ្រប់គ្រាន់ ព្រម​ទាំង​គួរ​ជៀសវាង​នូវ​ការ​ប្រកាន់​បក្ខពួក គ្រួសារ​និយម។ លោក​បន្ត​ថា បក្ខពួក​និយម នឹង​មិន​អាច​ធ្វើ​ឲ្យ គ.ជ.ប ថ្មី​នេះ​ឯករាជ្យ​បាន​ឡើយ។

លោក​បណ្ឌិត កែម ឡី៖ «ប្រសិន​បើ​យើង​រើស​វា​គ្រាន់​តែ​បំពេញ​នូវ​មុខ​ងារ​ដែល​មាន​បក្ស​មាន​ពួក​ដូច កឹម សុខា អី គាត់​ប្រុង​ដាក់​កូន​ដាក់​អី អា​ហ្នឹង​គ្រាន់​តែ​ចេញ​មក​ហ្នឹង គេ​ហៅ​ថា​ទំនាស់​ផល​ប្រយោជន៍​ហើយ ហើយ​វា​ខូច​កេរ្តិ៍​ឈ្មោះ​ទៀត ប្រសិន​ជា​គាត់​ចង់​រក្សា​កិត្តិយស​ឲ្យ​ល្អ ជៀសវាង​បក្ខពួក​និយម ជៀសវាង​គ្រួសារ​និយម ដូច សម រង្ស៊ី អី យើង​ត្រូវ​ជៀសវាង ហើយ​យើង​ត្រូវ​សម្លឹង​មើល​លក្ខខណ្ឌ​ទាំង​ពី​ការ​អប់រំ ទាំង​ពី​បទពិសោធន៍ ទាំង​ពី​សីលធម៌ ទាំង​ពី​ជំនាញ​បច្ចេកទេស ពីព្រោះ គ.ជ.ប ហ្នឹង​ត្រូវ​ការ​បច្ចេកទេស​ច្រើន​ដែរ ដើម្បី​ទៅ​គ្រប់គ្រង​អគ្គលេខាធិការដ្ឋាន​ហ្នឹង​បាន»

តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក កែម ឡី មាន​ប្រសាសន៍​ថា លោក​មិន​បដិសេធ​ចំពោះ​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការងារ​សង្គម ដូច​ដែល​លោក​តែង​បាន​អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ បញ្ជ្រាប​ស្រទាប់​យុវជន​ក្នុង​កិច្ចការ​ប្រទេស​ជាតិ​នោះ​ទេ ប៉ុន្តែ​លោក​ថា លោក​មិន​គាំទ្រ​ចំពោះ​ការ​ជ្រើស​រើស​កូនស្រី​របស់ លោក កឹម សុខា ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ជ្រើស​រើស​យុវជន​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ចេញ​ពី​បក្ស​របស់​ខ្លួន ហើយ​មិន​ជាប់​សាច់​ឈាម​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស នោះ​ទើប​ជា​រឿង​ដែល​លោក​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

6 Responses to "បក្ស​ប្រឆាំង​បដិសេធ​ដំណឹង​ថា​កូនស្រី​លោក កឹម សុខា ជា​បេក្ខភាព​ គ.ជ.ប"

  1. Anonymous says:

    If I may, I would suggest that the CNRP stays away from nepotism and partisan while selecting officials in the party to become candidates for the new NEC membership. CNRP needs to show to the public that nepotism and partisan are excluded in the selection process. I am too concerned that the public and civil society organizations will criticize the CNRP for any improper selection of candidates for the new NEC members. Another, CPP will put eyes on this selection and will counterattack the CNRP in the future should CNRP lambast the government and the CPP on partisan, favoritism, nepotism, etc. It will be a backfire to the CNRP.

    It is well noticed that the CNRP severely criticized the ruling party for improperly select and appoint only relatives and friends to the government positions. Obviously, Hun Sen and his officials are under the strong criticism for improper selection and appointment of officials to the government positions involving corruption, nepotism, favoritism, partisan, etc. Therefore, the CNRP ought to remove nepotism and partisan in any selection process. CNRP needs to be clean/pure for everything.

    Once again, I personally believe that there are lots of officials who have honesty, commitment, knowledge (on politics, election and law), potentiality, and energy. These officials should not be overlooked.

  2. Rayuth says:

    If I may, I would suggest that the CNRP stays away from nepotism and partisan while selecting officials in the party to become candidates for the new NEC membership. CNRP needs to show to the public that nepotism and partisan are excluded in the selection process. I am too concerned that the public and civil society organizations will criticize the CNRP for any improper selection of candidates for the new NEC members. Another, CPP will put eyes on this selection and will counterattack the CNRP in the future should CNRP lambast the government and the CPP on partisan, favoritism, nepotism, etc. It will be a backfire to the CNRP.

    It is well noticed that the CNRP severely criticized the ruling party for improperly select and appoint only relatives and friends to the government positions. Obviously, Hun Sen and his officials are under the strong criticism for improper selection and appointment of officials to the government positions involving corruption, nepotism, favoritism, partisan, etc. Therefore, the CNRP ought to remove nepotism and partisan in any selection process. CNRP needs to be clean/pure for everything.

    Once again, I personally believe that there are lots of officials who have honesty, commitment, knowledge (on politics, election and law), potentiality, and energy. These officials should not be overlooked.

  3. o says:

    មិនត្រូវដាក់កូនគឹម សុខាទេ សេង ធារីក៍អត់ឌែរ មិនសមនឹងតួនាទីនេះទេ

  4. KH says:

    ដាក់ទៅដាក់កូនស្រី កិម សុខាទៅបក្រសង្រ្គោះជាតិអើយ?

  5. តាកំសត់ says:

    ម៉េចមិនដាក់អាញ់ផង ហាស់​ ហាស់។។។។។។។។

  6. Rayuth says:

    I believe that the CNRP has lots of knowledgeable officials (politics, laws, elections, etc.). These people have commitment, potentiality and honesty for the party and are willing to work for the nation. These people should be offered an opportunity to work at the NEC. Please do not over-look these qualified officials who have been working for the party for years. Why don’t the CNRP create a mechanism or principle to select candidates for the position of the NEC?

    Please select anyone who can speak and write Khmer fluently. In addition, please exclude nepotism and partisan in the selection process.