​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ស្នើ​ឲ្យ​និស្សិ​តជាប់​អាហារូបករណ៍​ទៅ​បារាំង​ត្រឡប់​មកវិញ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា​​

ដោយ៖​ កាន់ វិច្ឆិកា​​
ថ្ងៃអង្គារ ទី5 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន​ណារ៉ុន ថ្លែង​ក្នុងពិធី​អបអរ​និស្សិត​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង (រូបភាពៈ កាន់ វិច្ឆិកា​)

​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវ​ជន និង​កីឡា លោក ហង់ ជួន​ណារ៉ុន កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ស្នើ​ឲ្យ​និស្សិត​កម្ពុជា​ដែល​ជាប់​អាហារូបករណ៍​ទៅ​ប្រទេស​បារាំង ត្រឡប់​មក​វិញ​ជួយ​បម្រើ​ការងារ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា​។​

​លោក ហង់ ជួន​ណារ៉ុន លើកឡើង​បែប​នេះ​ក្នុង​ពិធី​អបអរ​និស្សិត​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង ក៏ដូចជា​និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​បារាំង​កន្លងមក នៅ​វិទ្យាស្ថាន​ភាសា​បារាំង​នៃ​កម្ពុជា​។ លោក​ថា ការទទួលបាន​អាហារូបករណ៍​គឺជា​ឱកាស​មួយ​សម្រាប់​យុវជន​យុវនារី​កម្ពុជា​ទទួលបាន​នូវ​ការអប់រំ​មួយ​ប្រកបដោយ​គុណភាព និង​ដើម្បី​ដើរតួនាទី​បន្ត​ប្រពៃណី​ជា​ប្រទេស​និយាយ​ភាសា​បារាំង​។​

​ចំណែក​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា លោក ហ្សង់​ក្លូដ ពាំ​បឹ​ហ្វ មានប្រសាសន៍ថា គោលបំណង​នៃ​ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ដោយសារ​ចង់​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​លើ​វិស័យ​អប់រំ​។ លោក​ថា ធនធាន​ហិរញ្ញវត្ថុ​ដែល​បារាំង​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា គឺ​ពុំ​មាន​ឡើង​ចុះ​ទេ សម្រាប់​រយៈពេល ពី​៥ ទៅ​១០​ឆ្នាំ​ទៀត ខណៈ​បារាំង​កំពុង​មាន​បញ្ហា​សេដ្ឋកិច្ច​ដូចគ្នា​។​

​អតីត​និស្សិត​ផ្នែក​ភាសា​បារាំង​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ជា​និស្សិត​ជាប់​អាហារូបករណ៍​ដែល​ទើប​ត្រលប់​មក​ពី​ប្រទេស​បារាំង កញ្ញា យក់ សុភាព ប្រាប់ VOD ថា កញ្ញា​ជាប់​អាហារូបករណ៍​ទៅ​រៀន​អនុបណ្ឌិត​ផ្នែក​ទេសចរណ៍​នៅ​បារាំង​នា​ឆ្នាំ​២០១១​។ កញ្ញា​ថា ពេល​នេះ​កញ្ញា​បាន​បម្រើ​ការងារ​ជា​បុគ្គលិក​ផ្នែក​សរសេរ​គម្រោង​ក្នុង​ក្រុមហ៊ុន​ទេសចរណ៍​មួយ​នៅ​កម្ពុជា និង​ជា​គ្រូបង្រៀន​ទេសចរណ៍​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផងដែរ​។​

​កញ្ញា​បាន​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​បារាំង​បន្ត​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ឲ្យបាន​ច្រើន​ថែមទៀត ដើម្បី​ឲ្យ​កម្ពុជា​មាន​ធនធានមនុស្ស​កាន់តែ​ច្រើន​សម្រាប់​អភិវឌ្ឍ​ប្រទេស​ឲ្យមាន​ភាព​រីកចម្រើន​។​

​និស្សិត​ទើប​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​អភិវឌ្ឍ​ជនបទ​នៃ​វិទ្យាសា្ថន​បច្ចេកវិទ្យា​កម្ពុជា និង​ទើប​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​រយៈពេល​មួយ​ឆ្នាំ លោក ឌឹ​ម វណ្ណ​ដេត ប្រាប់ថា លោក​មាន​អារម្មណ៍​សប្បាយរីករាយ​ជា​ខ្លាំង​ដែល​បាន​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​លើ​មុខវិជ្ជា​ទឹក និង​កសិកម្ម​។ លោក​ថា និស្សិត​ដែល​មាន​អាទិភាព​អាច​ជាប់​អាហារូបករណ៍​បាន​លុះត្រាតែ​ជា​និស្សិត​ពូកែ​លើ​ជំនាញ និង​ភាសា​បារាំង​។ 
​លោ ក​វណ្ណ​ដេត សង្ឃឹមថា ក្រោយពី​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​បារាំង លោក​នឹង​ត្រលប់​មក​កម្ពុជា​វិញ​ដើម្បី​ធ្វើ​ការអភិវឌ្ឍ​ធនធាន​ទឹក​នៅ​កម្ពុជា ឲ្យស្រប​ទៅ​តាម​មុខ​ជំនាញ​ដែល​លោក​ជ្រើសរើស​។​

​ជា​រៀងរាល់ឆ្នាំ ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ដែល​មាន​បំណង​ចង់​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ឬ​ថ្នាក់​បណ្ឌិត ហើយ​នៅ​ឆ្នាំ​នេះ​មាន​និស្សិត​៨៦​រូប ភាគច្រើន​សិក្សា​ថ្នាក់​ភាសា​បារាំង​នៅ​តាម​សាកលវិទ្យាល័យ​ដែល​ទ្រទ្រង់​ដោយ​កិច្ចសហប្រតិបត្តិកា​របា​រាំង​។​

​បើតាម​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា រដ្ឋាភិបាល​បារាំង​បាន​ផ្តល់​ជំនួយ​ជា​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩១​មកម្ល៉េះ ដែល​ក្នុង​មួយ​ឆ្នាំ​មាន​ប្រហែលជា​២០​លាន​ដុល្លារ​។ ក្នុងនោះ​មុខវិជ្ជា​ដែល​ត្រូវ​ផ្តល់ឲ្យ​មាន​ដូចជា ទេសចរណ៍ សេដ្ឋកិច្ច វិទ្យាសាស្ត្រ​វិស្វកម្ម សុខាភិបាល ច្បាប់ និង​ភាសា​បារាំង​៕

សូមសរសេរមកកាន់កញ្ញា កាន់ វិច្ឆិកា​ តាមរយៈ vicheika@vodhotnews.com
 

What Next?

Recent Articles

3 Responses to "​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ស្នើ​ឲ្យ​និស្សិ​តជាប់​អាហារូបករណ៍​ទៅ​បារាំង​ត្រឡប់​មកវិញ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា​​"

  1. Sam says:

    People don’t want to live under a dictorial regime. Educated people especially from the Western Countries are unable to use fully their western style education in a place like Cambodia where everything is dictated by one man.

  2. Chourn says:

    ខ្ញុំមិនបង្អាប់បន្តុះនិសិត្សដែលរៀននៅប្រទេសបារាំងនោះទេ។ ឃើញហើយកន្លងមកនិសិត្សមកពី ប្រទេសបារាំងសុទ្ធតែរៀនតាមយុទ្ធសាស្ត្រកុំម្មុយនីស្ត៍បារាំងទាំងអស់។ អ្នកដឹកនាំស្រុកខ្មែរកន្លង មកសុទ្ធតែរៀនចេញពីប្រទេសបារាំងហើយទីបំផុតប្រទេសខ្មែរពោរពេញដោយហឹង្សាកាប់ចាក់ សុីសាច់ហុតឈាមគ្នារហូតដល់ជិត២លាននាក់ត្រូវសំលាប់ដោយខ្មែរនិងខ្មែរ។ ហើយពេលនេះ រដ្ឋមន្ត្រីក្រសួងអប់រំខ្មែរអំពាវនាវនិស្សិតមកពីបារាំងចូលស្រុកដើម្បីអភិវឌ្ឃប្រទេសសារជាថ្មី តើ ធានាទេថាពួកគេនិងដឹកនាំបនាល្អជាងនិស្សិតប៉ុលពតដែលរៀនចេញពីបារាំង? ម្តេចក៍រដ្ឋមន្ត្រី មិនសាកល្បងអំពាវនាវនិស្សិតដែលបានរៀនចប់ពីសហរដ្ឋអាមរិកឬអង់គ្លេសមកជួយអភិវឌ្ឃ ប្រទេសផងម្តេចក៍ខ្លាចពួកសេរីដឹកនាំស្រុកខ្មែរម្លេះ?

  3. Kmeng Peal says:

    មកវិញកុំភ្លេចជួយបូម…