ដោយ៖ ជន ស្រីណុច
ថ្ងៃអង្គារ ទី5 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ក្រុមសិស្សានុសិស្ស នាំគ្នាដាំដើមឈើនៅខេត្តព្រៃវែង (រូបថត៖ អេមី)
ក្រោមកំដៅថ្ងៃ ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង នាំគ្នាដាំដើមឈើរួមគ្នា ដោយសង្ឃឹមយ៉ាងម៉ុតមាំថា ដើមឈើនឹងអាចនាំផលប្រយោជន៍ដល់ពួកគេច្រើនយ៉ាងទៅថ្ងៃអនាគត។
ការដាំដើមឈើនេះ ធ្វើឡើងក្រោមការផ្ចុងផ្ដើមរបស់អង្គការសេដាក សហការជាមួយកសិដ្ឋានកាបូនកម្ពុជា ហៅថាកាត់ថាកាហ្វាកា ដោយត្រូវដាំលើដីសាធារណៈ ដូចជាក្នុងបរិវេណសាលារៀនតាមសងខាងផ្លូវ មាត់ប្រឡាយ ទំនប់ និងមាត់ស្រះក្នុងសហគមន៍ នៅឃុំរក្សជ័យ និងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ក្នុងវ័យ១៨ឆ្នាំ យុវសិស្សសួង សុជាតិ រៀនថ្នាក់ទី១១នៃវិទ្យាល័យជាស៊ីមរក្សជ័យ និយាយថា ពួកគេសប្បាយរីករាយនៅពេលដែលបានចូលរួមជួយដាំកូនឈើ នៅក្នុងសាលាក៏ដូចជាសហគមន៍ ដោយមានជំនឿថា ដើមឈើផ្ដល់ផលប្រយោជន៍ច្រើនដល់ជីវិតមនុស្ស សត្វ និងជួយកាត់បន្ថយកំដៅ ខណៈព្រៃឈើនៅប្រទេសកម្ពុជាកំពុងរងនូវការកាប់បំផ្លាញពីសំណាក់អ្នកមានលុយ មានអំណាច។
កំពុងអង្គុយដាំកូនឈើក្រោមកំដៅថ្ងៃ យុវតីទូច ស្រីនិច និងយុវតី នាង ស៊ីណា រៀបរាប់ដោយរីករាយពីអត្ថប្រយោជន៍នៃការដាំដើមឈើ ដែលអាចជាកន្លែងសម្រាប់ពួកគេធ្វើស្វ័យសិក្សាជាដើម។
នាយកវិទ្យាល័យជាស៊ីមរក្សជ័យ លោក ឈឹម សំណាង មានប្រសាសន៍ថា ដើមឈើមានគុណប្រយោជន៍ច្រើន ជាពិសេសការដាំនៅតាមសាលារៀន ជួយជាម្លប់ដល់សិស្ស នៅពេលសម្រាកពីការសិក្សា ហើយធ្វើឲ្យបរិស្ថានពោរពេញដោយពណ៌បៃតង។ លោកបន្តថា លោកបានណែនាំឲ្យលោកគ្រូអ្នកគ្រូ បញ្ជ្រាបការបង្រៀនសិស្ស ទាក់ទងនឹងការដាំដើមឈើ។
នាពេលបច្ចុប្បន្ន បរិយាកាស និងអាកាសធាតុលើសកលលោក មានការប្រែប្រួល ជាហេតុធ្វើឲ្យប្រទេសមហាអំណាច និងស្ថាប័នអន្តរជាតិមួយចំនួន ចាប់ផ្តើមគាំទ្រ និងលើកទឹកចិត្តកាន់តែខ្លាំងលើសកម្មភាពទាំងឡាយណា ដែលជួយដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងធ្វើឲ្យបរិយាកាសប្រសើរឡើងវិញ។
អភិបាលរងស្រុកបាភ្នំ លោក ម៉ម កាយ មានប្រសាសន៍ថា អាជ្ញាធរស្រុកបាភ្នំ សហការជាមួយអង្គការកសិដ្ឋានកាបូនកម្ពុជា គ្រោងដាំដើមឈើ១០ម៉ឺនដើម ដោយបច្ចុប្បន្ននេះដាំបាន៨ម៉ឺនដើមហើយ ដែលតម្រូវការនៃការដាំនេះ នឹងកើនឡើងថែមទៀត ប៉ុន្តែទាមទារឲ្យមានការសហការទាំងអស់គ្នាពីប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន។
លោកម៉ម កាយ បន្តថា ការដាំកូនឈើនេះ មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់សង្គមទេ វាថែមទាំងផ្ដល់កម្រៃដល់ប្រជាពលរដ្ឋអ្នកដាំទៀតផង។

កសិដ្ឋានកាបូនកម្ពុជា ដឹកនាំសហគន៍ឲ្យដាំដើមឈើ និងផ្តល់កម្រៃសមរម្យទៅដល់សហគមន៍ ដែលខំប្រឹងប្រែងដាំ។ កសិដ្ឋាននេះ ទទួលការផ្គត់ផ្គង់ដើមឈើ ច្រើនប្រភេទ សម្រាប់សាធារណៈជនទិញ ឬសម្រាប់ប្រទេសមហាអំណាចណាមួយ ដែលចង់ចូលរួមទិញ ហើយដាំនៅក្នុងសហគមន៍នោះ ដើម្បីជួយទប់ស្កាត់ការបំភាយចេញនូវឧស្ម័នកាបូន ដែលសាយភាយពេញទូទាំងពិភពលោក ខណៈប្រទេសមហាអំណាចធំៗ នាពេលបច្ចុប្បន្នមានចំហេះចេញពីរោងចក្រ និងរថយន្តជាច្រើន។
អ្នកគ្រប់គ្រងអាជីវកម្ម កសិដ្ឋានកាបូនកម្ពុជា លោក ហេង ឬទ្ធា មានប្រសាសន៍ថា ដើមឈើអាចជួយឲ្យបរិស្ថានល្អ សម្រាប់មនុស្សរស់នៅ មិនតែប៉ុណ្ណោះ ការដាំដើមឈើអាចនាំឲ្យប្រជាពលរដ្ឋទទួលបានប្រាក់ចំណូល ពីការទិញរបស់បណ្តាប្រទេសមហាអំណាច ខណៈដើមឈើស្រូបឧស្ម័នកាបូន ដែលក្នុងមួយដើមអាចស្រូបបាន១៨គីឡូក្រាម ហើយកាបូនក្នុង១តោនបានតម្លៃ៣ដុល្លារ។
កំពុងអង្គុយដាំកូនឈើនៅក្បែរផ្លូវលើប្រឡាយទឹកឃុំធា អ្នកស្រីថោង នឿន មានប្រសាសន៍ថា គាត់សប្បាយរីករាយនឹងការដាំដើមឈើ ព្រោះអាចទប់ដីកុំឲ្យទឹកហូរច្រោះដាច់ថ្នល់ ហើយថែមទាំងផ្តល់កម្រៃដល់រូបគាត់៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
អ្នកដាំដើមឈើដុះមិនទាន់អ្នកកាប់បំផ្លាញ់ទេដូច្នេះយើងត្រូវ
ដាំទុកអោយកូននាយខ្វាក់…។