Tue, 5 August 2014
សូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: បន្ទាប់ពីត្រូវបានមហាជនមើលឃើញថា ឧស្សាហ៍ឡើងចុះប្រទេសថៃញឹកញាប់ មួយខែមានពីរទៅបីដងក៏មាននោះ មានអ្នកទម្លាយថា ពិធីការិនីស៊ីធីអិនក្នុងកម្មវិធីផ្ទះលោកតា កញ្ញា ថន លក្ខិណា កំពុងស្ថិតក្នុងកែវភ្នែកថៅកែហាងលក់ពេជ្រ ជនជាតិថៃ ដែលព្យាយាមតាមប្រលោមសុំធ្វើជាម្ចាស់ឃុំគ្រងបេះដូង។ ពោលគឺឲ្យតែថាព្រមកាដូជាទីគាប់ចិត្ត ផ្ទះវីឡាប្រណីតមួយនឹងធ្លាក់ដល់ដៃនាងភ្លាម។ យ៉ាងណាដំណឹងនោះត្រូវ កញ្ញា ថន លក្ខិណា បដិសេធយ៉ាងដាច់អហង្ការ ហើយថែមទាំងថាអ្នកចោទនោះចេះតែប្រឌិតរឿង។
តារាសម្តែង និងពិធីការិនី ថន លក្ខិណា ធ្លាប់បានអះអាងថា នាងចេះភាសាថៃយ៉ាងស្ទាត់ ហើយក៏ធ្លាប់រស់នៅប្រទេសថៃនោះក៏ច្រើនឆ្នាំផងដែរ មុនពេលដែលនាងក្លាយជាតារាសិល្បៈនោះ។ ដូច្នេះហើយទើបការចុះឡើងចេញចូលទៅប្រទេសថៃ មិនមែនជាផលពិបាកឡើយសម្រាប់នាង។
ក្រៅពីដំណើរចុះឡើងយ៉ាងញឹកញាប់នោះ មានដំណឹងធ្លាយចេញពីចង្កោមអ្នកសិល្បៈដែលស្និទ្ធស្នាលនឹងរូបនាងទម្លាយថា មួយរយៈនេះ ថន លក្ខិណា មិនមែនចុះឡើងប្រទេសថៃធម្មតាទេ អាចថា នាងទៅជួបម្ចាស់បេះដូងនៅទីនោះ។
អ្នកសិល្បៈនោះបានបង្ហើបថា៖ «ពិធីការិនីរបស់ស្ថានីយទូរទស្សន៍ស៊ីធីអិន កញ្ញា ថន លក្ខិណា កំពុងត្រូវបានថៅកែហាងលក់ពេជ្រនៅប្រទេសថៃ តាមថ្ពក់បេះដូង មកប្រលោមស្នេហ៍ ហើយរឿងនោះ បើតាមដឹង លក្ខិណា ក៏មិនប្រកែកដែរ បានជានាងឧស្សាហ៍ចេញចូលណាស់»។
បន្ថែមលើការលើកឡើងនោះទៀត ប្រភពពីអ្នកសិល្បៈដដែលនោះ បានអះអាងទៀតថា៖ «បុរសសម្បូរទ្រព្យជនជាតិថៃ និងជាថៅកែហាងលក់ពេជ្រម្នាក់នោះថែមទាំងទាមទារ ជូនកាដូផ្ទះវីឡាកូនកាត់តម្លៃជាង២០ម៉ឺនដុល្លារដល់នាងថែមទៀតផង»។
ឆ្លើយតបនឹងដំណឹងដ៏ភ្ញាក់ផ្អើលពីក្លិនស្នេហ៍ឆ្លងដែន តារាសម្តែង និងពិធីការិនី ដែលវះកាត់កែច្នៃបបូរមាត់លើកសម្ផស្សមុខ កញ្ញា ថន លក្ខិណា ហាក់អស់សំណើចខ្លួនឯង បើទោះជានាងបដិសេធយ៉ាងដាច់អហង្ការក៏ដោយ។
នាងថ្លែងថា៖ «ខ្ញុំទទួលស្គាល់ថាពិតជាឧស្សាហ៍ចេញចូលប្រទេសថៃមែន តែមិនមែនទៅទំនាក់ទំនងស្នេហាជាមួយប្រុសណានៅប្រទេសនោះទេ»។
នាងអះអាងទៀតថា៖ «ត្រង់ថាអ្នកណាយល់ថា ខ្ញុំមានស្នេហាអីជាមួយបុរសមានទ្រព្យ ណាម្នាក់នៅប្រទេសថៃនោះពិតជាខុសស្រឡះតែម្តង»។
អតីតស្រីស្អាតចំណាត់ថ្នាក់លេខ១របស់មជ្ឈមណ្ឌលប៊ីអេសដែលធ្លាប់បន្សាត់ខ្លួនរស់នៅប្រទេសថៃកាលពីនៅកុមារភាព កញ្ញា ថន លក្ខិណា ហាក់មិនសប្បាយចិត្តប៉ុន្មានឡើយដែលគេភ្ជាប់ឈ្មោះនាងទៅនឹងបុរសថៃក្នុងន័យស្នេហា។
នាងថែមទាំងទទូចសួរថា៖ «នរណាគេអីក៏ដឹងថាខ្ញុំមានប្រុសជនជាតិថៃ តាមស្រឡាញ់និងទិញផ្ទះវីឡាឲ្យទៀតនោះ»។
កញ្ញា ថន លក្ខិណា លើកពីអារម្មណ៍របស់នាងថា៖ «ពិតណាស់ក្នុងចិត្តដូចជាមិនជ្រះស្រឡះសោះ ពេលដែលឮគេនិយាយថា ខ្ញុំចុះឡើងញឹកញាប់ថៃ ទៅមានស្នេហាជាមួយថៅកែហាងលក់ពេជ្រ ណា។ រឿងនេះវាមិនពិត តែបើអ៊ីចឹងមែននោះ ខ្ញុំមិនថាអីទេ តែអ្វីដែលវាកាន់តែខុសឆ្ងាយគឺត្រង់ថា មានអ្នកទិញផ្ទះវីឡាកូនកាត់ឲ្យណាតម្លៃជាង២០ម៉ឺន»។
តារាសម្តែងកំពុងគ្រងតំណែងតួឯកកុនភាគរឿង (វេរាស្នេហ៍ឆ្លងភព) ដែលមានកំណើតនៅខេត្តកោះកុងរូបនេះ ក្រៅពីអះអាងយ៉ាងក្តែងៗថា បេះដូងរបស់នាងនៅមិនទាន់មានអ្នកថែ កញ្ញា ថន លក្ខិណា ក៏បានបញ្ជាក់ពីដំណើរដែលនាងឧស្សាហ៍ចេញចូលប្រទេសថៃឲ្យមហាជនអស់ចម្ងល់ថា៖ «ការចេញចូលប្រទេសថៃ ដោយញឹកញាប់នោះ ក្រៅពីទៅដើរលេងជាមួយនឹងក្រុមគ្រួសារ ក៏ព្រោះតែនៅទីនោះនៅមានបងប្អូនសាច់ខាងម៉ាក់គាត់រស់នៅទីក្រុងបាងកកផងដែរ»។
ថន លក្ខិណា បានបញ្ជាក់ខ្លីថា៖ «បើកុំតែមានអ៊ីចឹងក៏ប្រហែលជាមិនទៅញឹកញាប់ដែរ»៕

អាសាច់មួយដុំដូចគេអែងដែរហ្នោះម្តេចក៍ថ្លៃម្លេះ?។
She is not beautyful, so it is very difficult to belive.
her natural beauty is better than now.