Thu, 7 August 2014
សេត គឹមសឿន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ថ្ងៃទី៤-៥ សីហា កន្លងមកនេះ ត្រូវបានតារាសម្តែងមានមន្តស្នេហ៍នាង បេប៊ី ចាត់ទុកថា ជាសមរភូមិដ៏ក្តៅគគុកសម្រាប់ជីវិតរបស់នាង ខណៈតារារូបនេះត្រូវចូលខ្លួនប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្រោមការរៀបចំរចនាសម្ព័ន្ធការប្រឡងថ្មីដ៏តឹងតែង។
ម្តាយរបស់តារាសម្តែងស្រីវ័យក្មេង ដែលអង្គុយចាំកូនចូលប្រឡងនៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក បានឲ្យដឹងថា បេប៊ី ហាក់ទទួលរងនូវគំនាបពេលវេលាស្ទើរដកខ្លួនពុំរួចនៅក្នុងឆ្នាំដែលត្រូវប្រឡងនេះ ដោយសារតែការងារសិល្បៈបុកមករករូបនាងគ្រប់ច្រកល្ហក ទោះបីជាការងារខ្លះនាងខំប្រកែកក្តី។ អ្នកស្រីបានបញ្ជាក់ថា សូម្បីតែនៅថ្ងៃប្រឡងបាក់ឌុប ដែលជាអាយុជីវិតនៃការសិក្សា ក៏ បេប៊ី ត្រូវចេញទៅថតឲ្យទូរទស្សន៍ស៊ីធីអិន ស្ទើរតែចេញពីការប្រឡងមិនចង់ទាន់ផង។
ម្តាយដែលតែងតាមឃុំគ្រងកូនស្រីគ្រប់វិនាទីរូបនេះ បាននិយាយថា៖ «នៅឆ្នាំនេះ បេប៊ី រវល់ស្ទើរតែគ្មានពេលសម្រាកណាមួយការងារសិល្បៈច្រើន ពិសេសនោះគឺនៅឆ្នាំនេះត្រូវប្រឡងបាក់ឌុប ហើយពេលនេះ(ថ្ងៃទី៥) បេប៊ី កំពុងប្រឡង»។
អ្នកស្រីបន្តថា៖ «សូម្បីតែពេលនេះ កំពុងជាប់ប្រឡងហើយ ក៏ បេប៊ី ត្រូវជាប់ការងារថតឲ្យគេដែរ នៅពេលនាងចេញពីការប្រឡងភ្លាម គឺនាងត្រូវទៅស៊ីធីអិនភ្លាមតែម្តង គឺត្រូវថតឲ្យគេទល់យប់ជ្រៅ អត់បានសម្រាកទេ»។
ដោយសារតែឆ្នាំនេះ ការប្រឡងបាក់ឌុបហាក់មានច្បាប់ពិន័យយ៉ាងតឹងតែងនោះ បេប៊ី ក៏ហាក់មានក្តីបារម្ភពីលទ្ធផលនៃការប្រឡងដែរ។ ប៉ុន្តែតារារូបនេះ បានឲ្យដឹងថា គ្រប់វិញ្ញាសានាងអាចធ្វើបានច្រើនគួរសមប្រហែលជាងពាក់កណ្តាល។
នាងនិយាយថា៖ «ឆ្នាំនេះ ពិតជារវល់ណាស់ ការងារសិល្បៈក៏ច្រើន តែខ្ញុំបានចំណាយពេលរៀនច្រើនដែរ គឺខ្ញុំទទួលថតតែថ្ងៃសុក្រ សៅរ៍ និងអាទិត្យប៉ុណ្ណោះ ក្រៅពីនោះ គឺមើលមេរៀន»។
ក្រោយចប់ការប្រឡងទាំង បេប៊ី និងម្តាយហាក់ធូរទ្រូងយ៉ាងខ្លាំង ព្រោះ បេប៊ី បានរួចផុតពីបម្រាមឪពុកដែលចង់ឲ្យនាងប្រឡងឲ្យចប់សិនមុននឹងគិតរឿងសិល្បៈ ហើយពេលនេះ បេប៊ី អាចមានពេលគ្រប់គ្រាន់ក្នុងការប្រជែងយកទីផ្សារសិល្បៈឲ្យបានពេញដៃតែម្តង ដោយម្តាយរបស់តារារូបនេះបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា នៅឆ្នាំក្រោយ បេប៊ី នឹងអាចក្លាយជាតារាលេចធ្លោជួរមុខទៀតផង។
ជាមួយក្តីសង្ឃឹមយ៉ាងមុតមាំម្តាយរបស់ បេប៊ី និយាយថា៖ «ខ្ញុំគិតថា បេប៊ី មានទីផ្សារការងារច្រើនណាស់ ព្រោះពេលនេះ នាងកំពុងជាប់ថត៣រឿង ថតស៉្បត ថតកម្មវិធីឲ្យស៊ីធីអិន រាល់សប្តាហ៍ ហើយពេលប្រឡងចប់នេះ ឪពុកគេក៏លែងហាមឃាត់ដែរ អ៊ីចឹង បេប៊ី អាចប្រឡូកសិល្បៈពេញទំហឹង ហើយខ្ញុំសង្ឃឹមថា នាងល្បីខ្លាំងក្នុងពេលដ៏ខ្លីនេះ»៕

Baby so beautiful with wide chest and pretty boobs. Love U baby !!!