​អ្នក​មាន​ជម្លោះ​ដីធ្លី​ថា តំណាងរាស្ត្រ CPP នៅ​កំពង់ឆ្នាំង​ឡើង​មក​ចរចា​ជាមួយ​ពួកគាត់​ដោយសារ​សម្តីនាយករដ្ឋមន្ត្រី​​

ដោយ៖​ កាន់ វិច្ឆិកា​​
ថ្ងៃព្រហស្បតិ៍ ទី21 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង​លោក​ស្រី កែ ច័ន្ទ​មុនី ពេលចុះជួបអ្នកមានជម្ឡោះ​ដីធ្លីកាលពីព្រឹកមិញនេះ (រូបភាព៖ Krishan Rajapakshe)

​អ្នក​មាន​ជម្លោះ​ដីធ្លី​មកពី​ភូមិ​ចំនួន​៥​នៅ​ខេត្ត​កំពង់ឆ្នាំង រួម​នឹង​សង្គម​ស៊ីវិល​លើកឡើងថា ការ​ចេញ​មុខ​មក​ចរ​ចា​រក​ដំណោះស្រាយ​របស់​តំណាងរាស្ត្រ​ខេត្ត​កំពង់ឆ្នាំង​គឺ​ដោយសារតែ​ខ្លាច​បាត់បង់​តំណែង​របស់​ខ្លួន ក្រោយពី​មាន​ការប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង លោកស្រី កែ ច័ន្ទ​មុនី ឡើង​មក​ជួប​ប្រជាពលរដ្ឋ​ដែល​មក​តវ៉ា​ដល់​រាជធានី​ភ្នំពេញ​តាមរយៈ​ការ​សម្រួល​ពី​អភិបាលរង​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង និង​អភិបាលរង​ខណ្ឌ​ដូនពេញ លោក សុខ ពេញវុ​ធ​។ ក្នុងការ​ឡើង​មក​ជួប​នេះ លោកស្រី កែ​ច័ន្ទ មុនី បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រលប់​ទៅ​វិញ ជាមួយនឹង​ការ​សន្យាថា​នឹង​ដោះស្រាយ​ជូន​ពលរដ្ឋ​ទាំងអស់គ្នា​។​

​ក្រោយ​ពី​ការស្នើឲ្យ​ប្រជាពលរដ្ឋ​ត្រលប់ទៅវិញ​មិនបាន​សម្រេច លោកស្រី កែ ច័ន្ទ​មុនី បាន​សន្យា​ចំពោះ​ការទាមទារ​ចំនួន​៣​ចំនុច​របស់​ប្រជាពលរដ្ឋ ថា​នឹង​ព្យាយាម​ដោះស្រាយ​តាមរយៈ​ការពិភាក្សា​ម្តង​មួយ​ចំនុច​។

​ដំណោះស្រាយ​បី​ចំណុច​ដែល​ក្រុម​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យមាន រួមមាន ទី​១​ទាមទារ​ឲ្យមាន​ការដោះលែង​អ្នកតំណាង​ទាំង​៥​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន ទី​២​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី និង​ទី​៣​បញ្ចប់​ការធ្វើ​របង​លើ​ដី​របស់​ពួកគាត់​និង​បញ្ឈប់​ការចោទប្រកាន់​លើ​ពលរដ្ឋ​ទាំង​អស់ ។​

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់​តំណាងរាស្ត្រ​នេះ តំណាង​ពលរដ្ឋ​មកពី​ឃុំ​តា​ជេស អ្នកស្រី អ៊ុំ សុ​ភី ប្រាប់ថា ប្រជាពលរដ្ឋ​ធ្លាប់​បាន​ដាក់​ញត្តិ និង​ជូនដំណឹង​ទៅ​លោក​ស្រី កែ ច័ន្ទ​មុនី រួចមកហើយ តែ​លោក​ស្រី​មិន​ដែល​បាន​អើពើ​នឹង​ពួកគាត់​ទេ​។ អ្នកស្រី​បន្ត​ថា ថ្ងៃនេះ​លោក​ស្រី​តំណាងរាស្ត្រ​ឡើង​មក​ជួប​ប្រជាពលរដ្ឋ​ដោយផ្ទាល់ ហើយ​ព្យាយាម​ចរចា​ស្វែងរក​ដំណោះស្រាយ​ជូន​ពួកគាត់ គឺ​ដោយសារតែ​ខ្លាច​ធ្លាក់​ពី​តំណែង ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​មន្ត្រី​ដោះស្រាយ​បញ្ហា​ដីធ្លី​តាម​តំបន់​របស់​ខ្លួន​នោះ​។

​ទោះបីជា​យ៉ាងណា កាលពី​ព្រឹក​មិញ​នេះ លោកស្រី កែ ច័ន្ទ​មុនី មានប្រសាសន៍ថា កន្លងមក​លោក​ស្រី​ធ្លាប់​ចុះ​ទៅ​ភូមិ​ឡ​ពាង​ក្នុងនាម​ជា​វាគ្មិន​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ ។​

​អ្នកស្រី អ៊ុំ សុ​ភី សង្ឃឹមថា តំណាងរាស្ត្រ​រូបនោះ​នឹង​អាចជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដែល​អូសបន្លាយ​នេះ​បាន​ឆាប់​។ បើទោះជា​យ៉ាងណា អ្នកស្រី រួម​នឹង​ប្រជាពលរដ្ឋ​រងគ្រោះ​ផ្សេង​ទៀត​អះអាង​ថា នៅតែ​បន្ត​ធ្វើ​ការតវ៉ា​នៅ​ភ្នំពេញ រហូត​ដល់​ការដោះស្រាយ​ចប់សព្វគ្រប់​ទើប​ត្រលប់​ទៅ​វិញ​។​

​ក្នុងនោះ ប្រធាន​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន លោក សៀ ភារម្យ ក៏​យល់​ដូចគ្នា​ទៅ​នឹង​ប្រជាពលរដ្ឋ​រងគ្រោះ​ដែរ​ថា ការ​ចេញ​មក​ចរចា​នេះ ដោយសារតែ​មាន​ការប្រកាស​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យមាន​ការយកចិត្តទុកដាក់ ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ពី​សំណាក់​មន្ត្រី​តាម​មូលដ្ឋាន​របស់​ខ្លួន​។ ទោះជា​យ៉ាងណា លោក​ក៏​មិន​សង្ឃឹម​ថា​ការសន្យា​របស់​ថ្នាក់​ដឹកនាំ​នេះ​អាច​ទទួលបាន​ជោគជ័យ​ដែរ​។

​លោក សៀ ភារម្យ បាន​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ទម្លាប់​ការនិយាយ​ភូតភរ និង​ព្យាយាម​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​តា​ម​ការសន្យា​។​

​គួរបញ្ជាក់​ថា អ្នក​មាន​ជម្លោះ​ដីធ្លី​មក​ពី​ប្រាំ​ភូមិ​គឺ​ភូមិ ឡ​ពាង សូរ​វង្ស បឹងកក់ បន្ទាយមាស និង​ភូមិ​សំរោង ក្នុង​ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​ជា​៧០​នាក់ បាន​ឡើងមក​ភ្នំពេញ ដើម្បី​ស្វែងរក​ការ​អន្តរាគមន៍ឲ្យ​ដោះលែង និង​ទម្លាក់​បទ​ចោទ​លើ​តំណាង​ពួកគេ​៥​នាក់ និង​ទាមទារ​ឲ្យជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពួកគេ ដែល​កើតឡើង​ជិត​១០​ឆ្នាំ​ហើយ ជាមួយ​ក្រុមហ៊ុន​KDC របស់​អ្នកស្រី​ជា ខេង ភរិយា​លោក​ស៊ុយ​សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​៕

សូមសរសេរមកកាន់កញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com

What Next?

Recent Articles

One Response to "​អ្នក​មាន​ជម្លោះ​ដីធ្លី​ថា តំណាងរាស្ត្រ CPP នៅ​កំពង់ឆ្នាំង​ឡើង​មក​ចរចា​ជាមួយ​ពួកគាត់​ដោយសារ​សម្តីនាយករដ្ឋមន្ត្រី​​"

  1. ?? says:

    this article is showing me that HUN SEN was not that much of respecting among his party. that right every thing is wrong in the whole country. peace for all Cambodian