​មេធាវី CCIM ជំរុញ​ឲ្យ​ព្រះរាជអាជ្ញា​ដំណើរការ​រឿងក្តី​ពាក់ព័ន្ធ​នឹង​ការប្រើ​ហិង្សា​លើ​អ្នកសារព័ត៌មាន VOD​

ដោយ៖​ កាន់ វិច្ឆិកា​​
ថ្ងៃព្រហស្បតិ៍ ទី21 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក ឡាយ សាមាន អ្នកសារព័ត៌មានវីអូឌី សន្លប់បន្ទាប់មានការវាយដំពីសន្តិសុខខណ្ឌដូនពេញ នាពេលកន្លងមក

​មេធាវី​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ដាក់​លិខិត​មួយច្បាប់​ជូន​ទៅ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​ដំណើរការ​សំណុំរឿង​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​ការប្រើ​ហិង្សា​លើ​អ្នកសារព័ត៌មានVOD ពី​សំណាក់​កងសន្តិសុខ​ខណ្ឌ​ដូនពេញ​កាលពី​ដើម​ខែ​ឧសភា​កន្លងទៅ​។​

​លិខិត​ដែល​ធ្វើឡើង​ដោយ​លោក​មេធាវី សេក សោភ័ណ នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៤ ម្សិលមិញ​នេះ បាន​បញ្ជាក់​ពី​កម្មវត្ថុ​សុំ​ជួយ​ជំរុញ​ឲ្យ​ដំណើរការ​សំណុំរឿង​លេខ​១៧២៨ ចុះ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៤ របស់​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យបាន​ឆាប់រហ័ស​។ ក្នុង​សំណុំរឿង​នោះ​ទទួល​បន្ទុក​ដោយ​ព្រះរាជអាជ្ញារង លោក មាស ច័ន្ទ​ពិសិដ្ឋ​។​

​លិខិត​ដដែល​បន្តថា កាលពី​ថ្ងៃ​ទី​១៦ ខែ​មថុ​នា ឆ្នាំ​២០១៤ ដើមបណ្ដឹង​រដ្ឋប្បវេណី​បាន​ចូល​បំភ្លឺ​លើ​ពាក្យបណ្តឹង​បរិហារ​របស់​ខ្លួន​តាម​ការកោះហៅ​របស់​ព្រះរាជអាជ្ញារង លោក មាស ច័ន្ទ​ពិសិដ្ឋ រួចហើយ ដោយឡែក​ការទទួលខុសត្រូវ​របស់​ឈ្មោះ ប៉ា សុជាតិ​វង្ស ឈ្មោះ សុខ សម្បត្តិ និង​ឈ្មោះ សុខ ពេញវុ​ធ ក្នុង​សំណុំរឿង​នេះ មិនទាន់​បាន​ដឹងថា​បាន​ចូល​បំភ្លឺ ឬ​មាន​ការកោះហៅ​ពី​តំណាង​អយ្យការ​រួចហើយ ឬ​មិន​ទាន់​នៅឡើយ​។​

​ក្នុង​លិខិត​ដដែល​នោះ លោក​មេធាវី​បាន​បន្ថែមថា កូនក្តី​របស់​លោក​ដែល​បាន​ខាតបង់​ទាំង​ពេល​វេលា និង​ថវិកា​លើ​ការព្យាបាល​ជនរងគ្រោះ​ឈ្មោះ ឡាយ សា​មាន ដែល​ជា​បុគ្គលិក កំពុង​រង់ចាំ​ចំណាត់ការ​របស់​តំណាង​អយ្យការ និង​សំណង​រដ្ឋប្បវេណី​។​

​ពាក់ព័ន្ធ​នឹង​លិខិត​នោះ​ដែរ លោក​មេធាវី សេក សោភ័ណ ប្រាប់​VOD បន្ថែម​នា​រសៀល​នេះ​ថា ការ​ដាក់​លិខិត​ជំរុញ​ឲ្យ​ព្រះរាជអាជ្ញា​ដំណើរការ​សំណុំរឿង​នេះ ដោយសារតែ​មិនទាន់​បាន​ទទួល​ដំណឹង​អំពី​វិធានការ ឬ​ចំណាត់ការ​ណាមួយ ព្រមទាំង​មាន​ភាពយឺតយ៉ាវ​ខ្លាំងពេក​។​

​សូម​រំឭកថា កាលពី​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៤ អ្នកយក​ព័ត៌មាន​របស់​វិទ្យុសំឡេង​ប្រជាធិបតេយ្យ VOD លោក ឡាយ សា​មាន ត្រូវបាន​ក្រុម​កងសន្តិសុខ​ខណ្ឌដូនពេញ​ប្រមាណ​ជា​៦​ទៅ​១០​នាក់ វាយ​រហូត​ដល់​សន្លប់ និង​ផុង​ឆ្អឹង​ថ្ពាល់​ខាងស្តាំ ខណៈ​អ្នកយក​ព័ត៌មាន​រូបនេះ ទៅ​យក​ព័ត៌មាន​ស្តីពី​យុទ្ធនាការ​ឃោសនា​ការបោះ​ឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ​។​

CCIM បាន​ដាក់​ពាក្យបណ្តឹង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៨​ខែ​ឧសភា ដោយ​ប្តឹង​អភិបាល​រាជធានី​ភ្នំពេញ និង​អតីត​អភិបាលខណ្ឌ ព្រមទាំង​អភិបាលរង​ខណ្ឌ​ដូនពេញ ពី​បទ​ផ្តើមគំនិត​ក្នុង​អំពើ​ហិង្សា​ដោយ​ចេតនា​មកលើ​អ្នកយក​ព័ត៌មាន​VOD៕

សូមសរសេរមកកាន់កញ្ញា កាន់ វិច្ឆិកា​ តាមរយៈ vicheika@vodhotnews.com

What Next?

Recent Articles

6 Responses to "​មេធាវី CCIM ជំរុញ​ឲ្យ​ព្រះរាជអាជ្ញា​ដំណើរការ​រឿងក្តី​ពាក់ព័ន្ធ​នឹង​ការប្រើ​ហិង្សា​លើ​អ្នកសារព័ត៌មាន VOD​"

  1. Former Hia lola says:

    ក្រុមសន្តិសុខវាយមនុស្សម្នាក់ និងក្រុមសន្តិសុខត្រូវបានគេវាយដំ។ តើមួយណា មានកំហុសធ្ងន់ធ្ងរជាង?

  2. sam rein sy says:

    ក្រុមសន្តិសុខត្រូវបានក្រុមបាតុករ​បក្ស​សង្គ្រោះ​ជាតិវាយយ៉ាងធ្ងន់ធ្ងរ ដល់ទៅ 32 នាក់. តើលោក​មេធាវី សេក សោភ័ណនេះ និយាយរបៀបណាដែល?

  3. sam rein sy says:

    ក្រុមសន្តិសុខត្រូវបានក្រុមបាតុករ​បក្ស​សង្គ្រោះ​ជាតិវាយយ៉ាងធ្ងន់ធ្ងរ ដល់ទៅ 32 នាក់.
    តើលោក​មេធាវី សេក សោភ័ណ និយាយរបៀបណាដែល?

  4. កូនខ្មែរសុទ្ធសាធ says:

    ចុះរវាងក្រុមសន្តិសុខត្រូវបានក្រុមបាតុករ​បក្ស​សង្គ្រោះ​ជាតិវាយយ៉ាងធ្ងន់ធ្ងរ ដល់ទៅ 32 នាក់ និង​ ការសំលាប់កម្មករចំនួន ៥នាក់ នៅផ្លូវ វ៉េង ស្រេង ដោយពួកទាហាន៩១១ មួយណា មានកំហុស ធ្ងន់ធ្ងរជាង?ហើយពួកសន្តិសុខមិនមែនវាយតែម្នាក់ហ្នឹងទេ ប៉ុន្តែមកពីមានតែម្នាក់ប្តឹង។ដូចជា ករណីបង្រ្កាបបាតុករនៅទីលានប្រជាធិបតេយ្យ ការតវ៉ាដីរបស់ប្រជាជន បឹងកក់ និង​ បុរីកីឡា។ រហូតដល់ចូលវាយព្រះសង្ឃដល់ក្នុងវត្តនៅស្ទឹងមានជ័យ តើអំពើទាំងអស់នេះធ្ងន់ជាង ឬស្រាលជាង? សូមលោកទាំង២ នាក់ខាងលើជួយឆ្លើយផង។

  5. sam rein sy says:

    បើបាតុករមិនបានធ្វើអ្វីខុសទេ, សន្តិសុខមិនបានវាយដំផងដែរ។

  6. កូនខ្មែរសុទ្ធសាធ says:

    ដូចគ្នាដែរ បើសិនសន្តិសុខមិនបានធ្វើអ្វីខុសទៅលើប្រជាជនដែលតវ៉ាក៏គ្មានការវាយបកទៅលើ សន្តិសុខនោះវិញដែរ។