Fri, 22 August 2014
ប៊ុត រស្មីគង្គា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ ទី២១ ខែសីហា បានបើកសវនាការកាត់ទោសជនជាប់ចោទជាអតីតតារាចម្រៀង នាង អូ រស្មី ដែលពាក់ព័ន្ធនឹងករណីជួញដូរព្រហ្មចារីក្មេងស្រីវ័យ ១៤ឆ្នាំ ម្នាក់ឲ្យទៅបុរសជាអាណិកជនអ្នកមានទ្រព្យម្នាក់ កាលពីដើម ឆ្នាំ២០១៤ កន្លងទៅនេះ។
លោក សួស សំអាត ប្រធានចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានថ្លែងឲ្យដឹងថា ជនជាប់ចោទឈ្មោះ អូ រស្មី ភេទស្រី អាយុ ៣៦ឆ្នាំ មានមុខរបរមុនចាប់ខ្លួនជាតារាចម្រៀងស្រី ធ្វើការនៅក្នុងផលិតកម្ម ឆ្លងដែន និងរៃយំ ត្រូវតំណាងអយ្យការចោទប្រកាន់លើ ២ បទល្មើស ពីបទ «សញ្ចារកម្ម មានស្ថានទម្ងន់ទោស» និងពីបទ «នាំចេញដោយមានគោលដៅ» តាមច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរ ជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ»។
លោកចៅក្រមបញ្ជាក់ថា ជនជាប់ចោទ អូ រស្មី ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញចាប់ខ្លួនតាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះកាលពីរសៀលថ្ងៃ ទី១៨ ខែមករា ឆ្នាំ២០១៤ កន្លងទៅ។
នៅក្នុងសវនាការកាលពីព្រឹកម្សិលមិញជនជាប់ចោទ អូ រស្មី បានឆ្លើយទៅនឹងការចោទសួររបស់ក្រុមប្រឹក្សាជំនុំជម្រះ និងមេធាវីការពារជនជាប់ចោទលោក សំ សុគង់ ដោយបដិសេធរាល់ការចោទប្រកាន់មកលើរូបគាត់ទាំងអស់ ហើយថា ខ្លួននាងមិនបានប្រព្រឹត្តដូចការចោទរបស់តំណាងអយ្យការឡើយ។
លោកមេធាវី សំ សុគង់ បានលើកឡើងថា៖ «កូនក្តីខ្ញុំ មិនបានប្រព្រឹត្តអ្វីដូចការចោទប្រកាន់នោះទេ។ រឿងនេះគឺជារឿងគំនុំរវាងកូនក្តីខ្ញុំជាមួយនឹងម្តាយរបស់ក្មេងរងគ្រោះ ហើយក៏គ្មានភ័ស្តុតាងជាក់ស្តែងឬច្បាស់លាស់ដែលយកមកបញ្ជាក់ថា កូនក្តីខ្ញុំបានប្រព្រឹត្តដែរ»។ លោកមេធាវី ក៏ស្នើសុំឲ្យតុលាការលើកការចោទប្រកាន់នាង អូ រស្មី និងដោះលែងពីការឃុំផងដែរ។
សវនាការបានបន្តការសាកសួរដេញដោលចុះឡើងរហូតដល់ម៉ោង ១២ ថ្ងៃត្រង់បន្ទាប់មកលោកប្រធានចៅក្រមជំនុំជម្រះ ក៏បានប្រកាសលើកសវនាការសំណុំរឿងនេះទៅធ្វើបន្តនៅពេលក្រោយទៀត តែមិនបានកំណត់កាលបរិច្ឆេទជាក់លាក់នៅពេលណាទេ។
យោងតាមច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរ ជួញដូរមនុស្សនិងការកេងប្រវ័ញ្ចផ្លូវភេទ ករណីនេះប្រសិនបើត្រូវតុលាការរកឃើញថា នាង អូ រស្មី ពិតជាមានពិរុទ្ធដូចការចោទប្រកាន់របស់តំណាងអយ្យការមែន គាត់អាចប្រឈមនឹងការជាប់គុកយ៉ាងតិចក៏ ១០ ឆ្នាំដែរ៕
រឿងនេះ វាជារឿងមួយដែលគួរតែពិចារណាផងដែរ។
ពាក្យខ្មែរគេថា « ទំពួកទៅ ទើបភ្នោវាមក» មានន័យថា សុទ្ធតែជារឿងដែល មនុស្សត្រូវការប្រយោជន៍ដូចគ្នា ទេ។
យើងក៏ចាប់អារម្មណ៍នឹងរឿងជួញដូរមនុស្ស ដែលមានក្នុងសង្គមខ្មែររាល់ថ្ងៃនេះ ដែរ។ សូម្បីតែអត្ថបទសាពត៌មានយើងនេះ ក៏និយាយពីរឿងម៉ែយ៉ែមតាមតថ្លៃ នាងៗតារា ណាខ្លះ។ តើនេះ ជាការជួញដូរឬទេ? មិនមែនទេ សុទ្ធតែជាការស្ម័គ្រចិត្ត ទាំងអស់។ សូម្បីតែឆាកទូរទស្សន៍សព្វថ្ងៃ ក៏បានផ្តល់ឱកាសសម្រាប់ការសំដែងទាក់ម៉ូយដែរ។
យើងអាណិត តែចែមុំ មីកាសា ទេ ដែលសុខៗ ជាប់គុកអញ្ចឹងទៅ! តាមពិត តារាយើងមិនតិចទេ ដែលប្រហែលជាស្តាយចែមុំ!