ដោយ៖ សក្កដា ប្រយុទ្ធ
ថ្ងៃសុក្រ ទី22 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ប្រជាពលរដ្ឋ ចូលរួមបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ នាពេលកន្លងមក
ក្រសួងមហាផ្ទៃដែលជាស្ថាប័នទទួលខុសត្រូវក្នុងការសម្របសម្រួលការធ្វើបាតុកម្មដោយសន្តិវិធីនៅតែប្រកាន់ជំហរថាការប្រមូលផ្តុំ ឬការដើរហែក្បួនបាតុកម្មដោយសន្តិវិធី បើមិនមានការយល់ព្រមពីអាជ្ញាធរមូលដ្ឋាននោះទេគឺជាបាតុកម្មខុសច្បាប់។ នឹកឃើញរឿងហ្នឹង ខ្ញុំនឹកដល់កាលពីសម័យកម្ពុជាប្រជាធិបតេយ្យ ដែលតម្រូវឲ្យមិត្តណាម្នាក់ដែលចង់ទៅណាមកណា ត្រូវតែមានលិខិតប៉ុនបាតដៃ ដែលជាលិខិតអនុញ្ញាតដែលគេហៅថា“ច្បាប់” នោះដែរ ព្រោះខ្ញុំបានអានច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធីឆ្នាំ២០០៩ ចុះឡើងៗជាច្រើនសារឥតឃើញមានមាត្រាណាមួយដែលតម្រូវឲ្យអ្នកធ្វើបាតុកម្មត្រូវសុំច្បាប់ ឬការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាននោះទេ ហើយជំពូកទី២ក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា“នីតិវិធីនៃការជូនដំណឹងអំពីការធ្វើបាតុកម្មដោយសន្តិវិធី” មិនមែន“នីតិវិធីនៃការដាក់ពាក្យស្នើសុំធ្វើបាតុកម្មដោយសន្តិវិធី” នោះដែរ។
ដូចនេះ មិនដឹងថា ក្រសួងមហាផ្ទៃយកច្បាប់ណាមួយមកអនុវត្តនោះទេសព្វថ្ងៃ។
នេះមកពីក្រសួងមហាផ្ទៃចេះតែនិយាយចឹងទើបអ្នកអនុវត្តនៅខាងក្រោម ឬតាមមូលដ្ឋានធ្វើតាម តួយ៉ាង អំឡុងក្រោយពេលបោះឆ្នោត២០១៣នេះ នៅពេលអង្គការសង្គមស៊ីវិល ក្រុមយុវជន ក្រុមសិទ្ធិមនុស្សនានាជូនដំណឹងអំពីការជួបជុំ ដើរក្បួនបាតុកម្ម ឬប្រារពទិវាអ្វីមួយកម្របានការអនុញ្ញាតណាស់។ ដល់ចឹងអ្នកធ្វើក៏នៅតែធ្វើព្រោះបានជូនដំណឹងរួចហើយ អាជ្ញាធរអត់មានអ្វីក្រៅពីការបង្ក្រាបព្រោះអាងខ្លួនមានកម្លាំង លើសពីនេះទៀតមានដល់ថ្នាក់យកកម្លាំងផ្សេងមកបង្កបញ្ហាទៀតដូចជា បាតុកម្មប្រឆាំងលោក កឹម សុខា នៅកំពង់ចាម បាតុកម្មប្រឆាំងមេដឹកនាំបក្សប្រឆាំងទាំងពីរនៅខេត្តឧត្តមានជ័យ កោះកុង និងខេត្តកណ្តាលជាដើមគឺសុទ្ធតែជាទង្វើឥតមានច្បាប់ទាំងអស់។ តើច្បាប់ឯណាអនុញ្ញាតឲ្យមានបាតុកម្មប្រឆាំងបាតុកម្មនោះ?
ឧបមាថាបើចឹងមែន ម៉េចក៏ម្ខាងធ្វើបាន ហើយម្ខាងទៀតមិនឲ្យធ្វើដូចជានៅអន្លង់វែង និងកោះកុងជាដើមហ្នឹង? ចុះម្ខាងទៀតដែលមកប្រឆាំងគេហ្នឹងមានជូនដំណឹងទៅអាជ្ញាធរដែរឬទេ? ហើយត្រូវធ្វើឃ្លាតគ្នាពីក្រុមមួយទៅក្រុមមួយចម្ងាយ៥០០ម៉ែត្រដែរឬអត់?
ច្បាប់បាតុកម្មដោយសន្តិវិធីគ្មានវិសាលភាពលើការដើរហែក្បួនព្យុហយាត្រា ដើរហែសព ឬការប្រមូលផ្តុំដទៃទៀតក្នុងគោលបំណងបម្រើសាសនា សិល្បៈ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ និងសកម្មភាពផ្សព្វផ្សាយអប់រំ ដើម្បីផលប្រយោជន៍សង្គមនោះទេ ប៉ុន្តែអាជ្ញាធរតែងតែអនុវត្តរំលោភលើសមត្ថកិច្ចរបស់ខ្លួនជានិច្ច។ ជាក់ស្តែងដូចជាចលនាមាតាធម្មជាតិរបស់លោកAlejandro Gonzalez Davidson ដែលមានសមាជិកចូលរួមប្រមាណពី៦០ទៅ៧០នាក់ (ចំនួនមិនដល់ក្មេងនៅវិទ្យាល័យសន្ធរម៉ុកកាលពីមុនមួយថ្នាក់ផង) ចង់ជិះកង់ផ្សព្វផ្សាយ ដើម្បីឲ្យសាធារណជន និងស្ថាប័នពាក់ព័ន្ធជួយការពារថែរក្សាព្រៃធម្មជាតិនៅតំបន់អារ៉ែ ងគឺជាសកម្មភាពសង្គមសុទ្ធសាធនោះ ក៏ត្រូវបានអាជ្ញាធរខណ្ឌមិនអនុញ្ញាតដោយសារថាការជិះកង់នេះគ្មានច្បាប់។
គោលបំណង និងទស្សនវិជ្ជានៃច្បាប់នេះគឺមានលក្ខណៈល្អ និងសម្រួលយ៉ាងច្រើនចំពោះការធ្វើបាតុកម្មដោយសន្តិវិធី ដូចយ៉ាងអាជ្ញាធរត្រូវពិនិត្យ និងឆ្លើយតបជាវិជ្ជមានរាល់សេចក្តីជូនដំណឹង ឬប្រសិនបើអាជ្ញាធរដែនដីមានព័ត៌មានច្បាស់ថាការធ្វើបាតុកម្មដោយសន្តិវិធី អាចនឹងបង្កគ្រោះថ្នាក់ណាមួយ ឬអាចនឹងប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់សាធារណៈ អាជ្ញាធរត្រូវធ្វើការពិភាក្សាជាមួយអ្នកជូនដំណឹងដើម្បីដោះស្រាយ ហើយប្រសិនបើមិនមានការព្រមព្រៀង គឺត្រូវសុំយោបល់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវជូនដល់ម្ចាស់លិខិតជូនដំណឹង និងអាជ្ញាធរក្នុងតំបន់អាចនឹងទទួលរងផលប៉ះពាល់ដោយសារការធ្វើបាតុកម្មដោយសន្តិវិធី។ នេះបញ្ជាក់ឲ្យឃើញថា ១-លុះត្រាតែអាជ្ញាធរដែនដីទទួលបានព័ត៌មានច្បាស់ថានឹងអាចបង្កគ្រោះថ្នាក់ ប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈពេលមានបាតុកម្មកើតឡើង ប៉ុន្តែកន្លងមកសាលារាជធានីមិនបានបង្ហាញហេតុផល ឬព័ត៌មានណាមួយដែលបញ្ជាក់អំពីការបង្កគ្រោះថ្នាក់អាចកើតមានក្រៅអំពីតែប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការប្រកបរបរបស់ប្រជាពលរដ្ឋនៅភ្នំពេញនោះទេ។ ២-សេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃដែលត្រូវផ្តល់ជូនដល់អ្នកជូនដំណឹង និងត្រូវថតចម្លងទៅអាជ្ញាធរនៅក្នុងតំបន់អាចរងប៉ះពាល់ពីការធ្វើបាតុកម្មនេះគឺបង្ហាញថាក្រសួងមហាផ្ទៃនៅតែអនុញ្ញាត គ្រាន់តែអាចមានការកែប្រែការព្រមព្រៀងខ្លះលើការធ្វើបាតុកម្មប៉ុណ្ណោះ។
ម្យ៉ាងទៀត បើភ្លែតឡើងសុំការសម្រេចពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាហ្នឹងតែរាជធានីមួយប៉ុណ្ណោះសព្វថ្ងៃ ចុះបើមាននៅតាមខេត្តទាំងជាងម្ភៃធ្វើគ្រប់ខេត្ត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនចាំបាច់ធ្វើអីទេ គឺចាំតែទទួលសេចក្តីស្នើពីមូលដ្ឋានទៅបានហើយ និងមួយទៀតបើដឹងថាអាចនឹងមានផលប៉ះពាល់ធ្ងន់ធ្ងររហូតចឹង នោះប្រទេសខ្មែរប្រហែលជាត្រូវដាក់ក្នុងភាពអាសន្ន សភាកោះប្រជុំរាល់ថ្ងៃទៅហើយ។
តាមខ្លឹមសារមាត្រា១៧ អាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ និងមិនជ្រៀតជ្រែកដល់ការប្រព្រឹត្តទៅនៃការធ្វើបាតុកម្មដោយសន្តិវិធីឡើយ ប៉ុន្តែអាជ្ញាធរមិនត្រឹមតែតែងអនុវត្តផ្ទុយទាំងស្រុងនៃស្មារតីនៃមាត្រានេះទេ ថែមទាំងដាក់កម្លាំងមកបង្ក្រាបអ្នកធ្វើបាតុកម្មយ៉ាងចាស់ដៃទៀត អ្នកខ្លះបែកក្បាល បាក់ធ្មេញ ប្រេះថ្គាម បាក់ដៃ សន្លប់ រលូតកូន ហើយសូម្បីតែកូនក្មេងក៏ពួកគេមិនលើកលែងដែរ លើសពីនេះទៀតឈានដល់ស្លាប់យ៉ាងអណោចអធម៌ ហើយរកអ្នកប្រព្រឹត្ត ឬជនដៃដល់មិនឃើញមិនទៀតផង។
រីឯមាត្រា១៩បានបញ្ជាក់ថាអាជ្ញាធរមានសមត្ថកិច្ចជាអ្នករក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនៅកន្លែងធ្វើបាតុកម្មដោយសន្តិវិធី និងប្រកាន់ខ្ជាប់នូវអត្តចរិតអត់ធ្មត់ដាច់ខាត។ ផ្ទុយពីនេះទាំងស្រុងគឺគេចេះជួលពួកក្រុមសន្តិសុខមិនបានហ្វឹកហាត់ឲ្យបានស្ទាត់ជំនាញខាងទប់ទល់ និងការពារបាតុកម្មនោះទេ ខោអាវចម្រុះ ខ្លះពណ៌គគី ខ្លះទឹកប៊ិចចាស់ មានមួកការពារក្បាល ពាក់ម៉ាស់ ចងខ្សែនៅនឹងដើមដៃ ឈាមរាវមកវាយសំពងប្រជាពលរដ្ឋខ្លួនឯង ឈាមឯងដូចសត្វធាតុគួរឲ្យអាសូរណាស់។ នៅពេលមានអ្នករងរបួស ដេកពេទ្យ គ្មានអ្នកណាទទួលខុសត្រូវឡើយ ហើយឆ្លើយថាក្រុមហ្នឹងមិនដឹងមកពីណា គ្មានអ្នកគ្រប់គ្រង ឆ្ងាញ់ជាងនេះទៅទៀតនៅពេលអ្នករងគ្រោះ ឬគ្រួសារអ្នករងគ្រោះ(ស្លាប់)ដោយសារស្នាដៃក្រុមបង្ក្រាបប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ មិនដែលមានចំណាត់ការជូនពលរដ្ឋនោះទេ ផ្ទុយទៅវិញ គ្រាន់តែក្រុមសន្តិសុខរងគ្រោះនៅថ្ងៃទី១៥ ខែកក្កដា នេះ កាកបាទក្រហមកម្ពុជាពពាក់ពពូនយកអំណោយ និងថវិកាសន្ធឹកទៅជូនពួកអ្នកវាយគេបែកក្បាលខ្លួនឯង ឯសាលាដំបូងរាជធានីវិញឃុំខ្លួនទាំងបេក្ខជនតំណាងរាស្ត្រដែលមានការចម្រូងចម្រាសនៃអភ័យឯកសិទ្ធិ សកម្មជន និងយុវជន ដែលក្រុមអ្នកឃ្លាំមើលនាំគ្នាស្ងើច និងហួសចិត្តគ្រប់គ្នា។
អាជ្ញាធរដែនដីដែលតែងតែលើកហេតុផលអំពីសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈដែលពួកគេបានសូត្ររត់មាត់ទៅហើយនោះគឺពួកគេនិយាយជាន់កែងខ្លួនឯងនៅពេលដែលមានបាតុកម្មនៅទីកន្លែងតែមួយ បញ្ហាតែមួយ តែពេលវេលាខុសគ្នា។ ជាន់កែងត្រង់ថា កាលពីពេលក្រុមអ្នកតវ៉ាជូនដំណឹងអំពីការធ្វើបាតុកម្មប្រឆាំងអ្នកនាំពាក្យស្ថានទូតវៀតណាម លើកទីមួយ សាលារាជធានីមិនបានអនុញ្ញាត និងមានការបង្ក្រាបរងរបួសធ្ងន់ស្រាល ដែលគេថាជាការបាតុកម្មខុសច្បាប់ ប៉ុន្តែនៅមុនមួយថ្ងៃនៃថ្ងៃបក្សទាំងពីរចរចានៅវិមានព្រឹទ្ធសភា បែរជាសាលារាជធានីបកស្រាយថាអាជ្ញាធរខិតខំព្យាយាមដើម្បីឲ្យការធ្វើបាតុកម្មដោយសន្តិវិធីប្រកបទៅមិនមានបញ្ហា និងដើម្បីរក្សាសភាពការមុនការចរចា។ ដូចនេះ មានន័យសាលារាជធានីអាចគ្រប់គ្រង ទប់ទល់ និងការពារស្ថានការបានទាំងអស់ អ្វីដែលនៅពីក្រោយគឺពួកគេមិនចង់ ឬមិនចង់ឲ្យមានបាតុកម្មកើតមានឡើងតែប៉ុណ្ណោះ ហើយអ្នកបង្កគ្រោះថ្នាក់គឺខាងអាជ្ញាធរមួយគត់ជាអ្នកធ្វើឡើង។ មួយទៀត ការបិទទីលានប្រជាធិបតេយ្យ គឺបង្ហាញឲ្យឃើញច្បាស់ថាធ្វើឡើងដោយគ្មានមូលដ្ឋានច្បាប់អ្វីទាំងអស់ ដោយយកលេស្លថាដើម្បីរក្សាសន្តិសុខ ទុកទីលានដើម្បីស៊ើបអង្កេត ឬចាំដល់ស្ថិរភាពនយោបាយវិលមករកភាពស្ងប់ស្ងាត់សិន។ល។ នេះជាហេតុផលមួយអាក្រក់បំផុតសម្រាប់ប្រទេសប្រជាធិបតេយ្យ។
សរុបមក ការធ្វើបាតុកម្មមិនត្រូវបានតម្រូវឲ្យសុំច្បាប់អនុញ្ញាតនោះទេ ការធ្វើបាតុកម្មក៏ត្រូវមានបែបបទដែរ
អត្ថបទទស្សនៈផ្សេងៗ
- លិខិតមិត្តអ្នកអាន៖ ស្រឡាញ់កូន ឲ្យចេះគិតអនាគតចៅ
- លិខិតមិត្តអ្នកអាន៖ ផ្នត់គំនិតដ៏គ្រោះថ្នាក់
- លិខិតមិត្តអ្នកអាន៖ មួយណាក៏ដូចមួយណា
- លិខិតមិត្តអ្នកអាន៖ គួរ ឬមិនគួរធ្វើជាគ្រូបង្រៀន?
- លិខិតមិត្តអ្នកអាន៖ ខ្មែរមិនគួរបាក់ស្បាត
- ទស្សនៈមិត្តអ្នកអាន៖ តើអ្នកណារំលោភរដ្ឋធម្មនុញ្ញ?
- ទស្សនៈមិត្តអ្នកអាន៖ ញញួរស្នោ
មិនមែនមានបាតុកម្មប្រឆាំងបាតុកម្មនោះទេ បើមានបាតុកម្មពីរក្នុងពេលតែមួយ អ្នកណាប្រាប់មុនឲ្យធ្វើមុននៅទីកន្លែងតែមួយ ឬធ្វើពេលដំណាលគ្នាក្នុងកម្រិតចម្ងាយ៥០០ម៉ែត្រពីគ្នាយ៉ាងតិច។ សមត្ថកិច្ចដែលយកមកការពារបាតុកម្មដោយសន្តិវិធីហ្នឹងត្រូវមានការហ្វឹកហាត់ច្បាស់លាស់ មានចិត្តអត់ធ្មត់ដាច់ខាត ហើយមិនត្រូវជ្រៀតជ្រែកការធ្វើបាតុកម្មនោះទេ រីឯការជូនដំណឹងយ៉ាងយូរ អាជ្ញាធរត្រូវឆ្លើយតបជាវិជ្ជមានមកវិញយ៉ាងយូរក្នុងរយៈពេលបីថ្ងៃ ហើយប្រសិនបើខកខានរហូតដល់ថ្ងៃកំណត់ធ្វើបាតុកម្មដោយសន្តិវិធីនោះ ចាត់ទុកថាអាជ្ញាធរយល់ព្រមហើយ។
ផ្ទុយទៅវិញ បើការធ្វើបាតុកម្មដោយសន្តិវិធីតម្រូវឲ្យមានការសុំច្បាប់ជាមុន ទោះអនុញ្ញាត ឬមិនអនុញ្ញាតជាសិទ្ធិរបស់អាជ្ញាធរ បើអាចមានបាតុកម្មប្រឆាំងបាតុកម្ម ឬពុះទីលានប្រជាធិបតេយ្យជាពីរ បើមានកងកម្លាំងក្រៅក្របខណ្ឌគ្មានវិជ្ជាជីវៈមកបង្ក្រាបបាតុកម្មដោយមិនមានការទទួលខុសត្រូវ និងមិនបង្កលក្ខណៈងាយស្រួលដល់បាតុកម្ម ថែមទាំងបង្កការជ្រៀតជ្រៀក បើទីលានប្រជាធិបតេយ្យចង់បិទក៏បិទ ចង់បើកក៏បើកតាមតែចិត្តនឹកឃើញដូចនេះ“ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី” ពិតណាស់ជាច្បាប់មិនអាចអនុវត្តបាននោះទេ។ ប្រសិនបើមានច្បាប់ហើយ អង្គុយលើច្បាប់ រំលោភច្បាប់យ៉ាងធ្ងន់ធ្ងរដូចនេះ តើមានអ្វីអន់ជាងប្រទេសអនាធិបតេយ្យពេញមុខនោះ ប្រៀបដូចមនុស្សដែលមិនគោរពគោលការណ៍ខ្លួនឯង មានអ្វីខុសពីសត្វ?
លិខិតមិតអ្នកអាន(Letter to Editor)
VOD បើកឲ្យមានទស្សនៈរបស់អ្នកអាន៖
- លិខិតមិតអ្នកអាន(Letter to Editor)
- ទស្សនៈអ្នកវិភាគ(Opinion Piece)
បញ្ចេញទស្សនៈលោកអ្នកមកកាន់យើងខ្ញុំតាមរយៈអ៊ីម៉េល
lettertoeditor@vodhotnews.com
យើងរីករាយនឹងផ្សាយលិខិតរបស់លោកអ្នក
លោក សក្កដា ប្រយុទ្ធ មន្ត្រីរាជការ នៅរាជធានីភ្នំពេញ
សរសេរមកកាន់លោក សក្កដា ប្រយុទ្ធ តាមរយៈ broyuth@gmail.com
ពេលនៅមានអំណាចចង់ធ្វើអ្វីក៏បានមិនបាច់គិតពីច្បាប់ទេ ត្រូវច្បាប់ក៏
ធ្វើបាន រំលោភច្បាប់ក៏ធ្វើបាន។ ប៉ុន្តែចាំមើលដល់ពេលអស់អំណាច
តើពួកនេះវាឆ្លើយថាម៉េចខ្លះពេលពួកវាឈរក្នុងរង្វង់ក្រចកសេះ?
អ្នកដែលនិយាយថា “ច្បាប់បាតុកម្មដោយសន្តិវិធី ជាច្បាប់ដែលមិនអាចអនុវត្តបាន” គឺខុសទាំងស្រុង។ នេះបានបង្ហាញថា ពួកគេតែងតែឱ្យប្រើអំពើហឹង្សា ដោយមិនស្រឡាញ់សុខសន្តិភាព។
the constitution of the country is very important for the whole nation. for any nation that their government and their people are strictly observe to their constitution those country away have peace and their whole nation living in a high standard, modern technology . in CAMBODIA I have been notice that our constitution was very good. but the government and it’s people did not think it is important for their nation. the government have been translate this constitution to suit their way of ruling . and the people did not know enough about their constitution.it is very dangerous to the nation, if the government willing to make his or her own nation wealthy it is a fortune for those nation. but if those government just need to stay in power by using their group such as military, law and order ,superman of their families gathering, or ruling the country for too long. those kind of government can not getaway from the public word of a DITATOR. some leaders that having his short temper speaking not responsible is also not good. those kind of leaders are always taking their people as hostage .that right in democracy human right was very important for any nation. peace to all CAMBODIAN