​អ្នក​មាន​ជម្លោះ​ដីធ្លី​ គប់​ពងមាន់​ស្អុយ​ដាក់​រូប​អតីត​អភិបាល​រាជធានី​ភ្នំពេញលោក កែប ជុតិមា​​

ដោយ៖​ ញឹម សុខន​
ថ្ងៃព្រហស្បតិ៍ ទី28 សីហា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

រូបភាពលោកកែប ជុតិមា ដែលត្រូវបានអ្នកមានជម្លោះដីធ្លី គប់ពងមាន់ដាក់កាលពីថ្ងៃពុធ (រូបថត៖តាំង វីដា)

​អ្នក​តវ៉ា​រឿង​ជម្លោះ​ដី​មួយក្រុម កាលពី​ថ្ងៃ​ពុធ​ បាន​ផ្ទុះ​កំហឹង គប់​ពងមាន់​ស្អុយដាក់​រូបអតីត​អភិបាល​រាជធានី​ភ្នំពេញ លោក​កែប ជុតិមា ដែល​អ្នក​តវ៉ា​ហៅថា ជា​សារ​ព្រមាន​ដល់​មន្ត្រី​ខិលខូច​មួយចំនួន​ទៀត ឲ្យ​បញ្ឈប់​បណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅដ្ឋាន​ទាំង​បង្ខំ​។​

អតីត​អ្នកភូមិ​បឹងកក់ អ្នកស្រី សៀ ណា​រ៉េត ដែល​ចូលរួម​តវ៉ា​ឲ្យ​VOD​ដឹងថា មូលហេតុ​ដែល​អ្នករងគ្រោះ​រឿង​ដីធ្លី ចំណាយលុយ ផ្តិត​រូបលោក កែប ជុតិមា ហើយ​គប់​ពងមាន់​ស្អុយ ដាក់​នៅ​ពេល​នេះដោយសា​តែ​ពួកគេដឹងថា មន្ត្រី​រូប​នោះ​ជាដើម​ចម ធ្វើឲ្យ​មាន​ព្រឹត្តិការណ៍​បណ្តេញ​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ ចេញ​ពី​លំនៅឋាន​ទាំង​បង្ខំ​ «លោក កែប ជុតិមា គាត់​ជាជន​ដៃ​ដល់ គាត់បាន​​ជួល​ដី​តំ​បន់​បឹងកក់​នេះ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​សូ​កា​កូ​អ៊ីនចំនួន​៩៩​ឆ្នាំ តម្លៃ​៧៧​លា[ដុល្លារ] គាត់​ធ្វើ​ឲ្យប្រជា​ជន​វេទនា​ខ្លាំង​ណាស់ បាន​ពួកខ្ញុំ​ចាប់​អារម្មណ៍​ទៅលើ​គាត់»។

​អ្នកស្រី សៀ ណា​រ៉េត ឲ្យដឹងទៀតថា ការ​គប់​ពងមាន់​ស្អុយលើ​រូប​លោក កែប ជុតិមា ពេលនោះបាន​ធ្វើឡើង​ពីរដង គឺ​ម្តង​គប់​នៅមុខ​ស្ថានទូត​សិង្ហ​បុរី និង​ម្តងទៀត​នៅ​ជិត​មន្ទីររដ្ឋសភា ខណៈ​ពេល​កម្លាំង​ចម្រុះរ​បស់​រដ្ឋាភិបាល​ព្យាយាម​បំបែក​ក្រុមអ្នកតវ៉ា​។​

តាម​របាយការណ៍​សង្គម​ស៊ីវិល​ឲ្យដឹងថា ដី​នៅ​តំបន់​បឹង​កក់​ទំហំ​១១៣​ហិកតា ត្រូវ​រដ្ឋាភិបាល​ជួល​ឲ្យទៅ​ក្រុមហ៊ុនស៊ូ​កាគូ​អុិន រយៈពេល​៩៩​ឆ្នាំ ធ្វើឲ្យ​ពលរដ្ឋរស់នៅ​តំបន់​នោះ​យ៉ាងតិចជាង​៣០០០​គ្រួសារ​ ត្រូវ​បាន​បណ្តេញចេញទាំង​បង្ខំ ចាប់ពី​ឆ្នាំ​២០០៦​មក​។​

អតីត​អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិមា ដែល​ពេល​នេះ​បាន​ចូល​ទៅ​អង្គុយ​កៅអី​រដ្ឋសភា​ផង​នោះ មានប្រសាសន៍​ដោយ​ខ្លី​ប្រាប់​VOD​ថា លោក​មិន​ចាប់អារម្មណ៍​នឹង​ព្រឹត្តិការណ៍​គប់​ពងមាន់​ស្អុយ​ដាក់​រូបលោក​នេះ​ទេ​ «ខ្ញុំអត់​មាន​អ្វី​ទេ អត់មាន​ប្រ​តិកម្ម​អ្វីទេ​ Sorry!»។

មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លីកាដូ លោក អំ សំអាត ដែល​តាមដាន​ករណីនេះយ​ល់ថា ការជ្រើសរើស​វិធីសាស្ត្រ​តវ៉ា​នេះ​ អាច​ប៉ះពាល់​ខ្លះ​ដល់​បុគ្គល​ដែល​រង​ការចោទប្រកាន់ ប៉ុន្តែ​លោក​ថា មិនមែន​ជា​កំហុស​ធ្ងន់ធ្ងរ​សម្រាប់​ការបញ្ចេញមតិ ក្នុង​របប​ដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ទេ​ «ព្រោះ​យើង​ឃើញនៅ​ប្រទេស​គេ​ ប្រធានាធិបតេយ្យ នាយករដ្ឋមន្ត្រីខ្លះ បើ​មិនពេញ​ចិត្ត​ យក​ពងមាន់​ផង គេ​មិនប្រកាន់ទោសពៃ​អ្វីផង​​ដែរ​»។

​តាម​អ្នក​មាន​ជម្លោះ​ដីធ្លី អះអាងថា ក្រោម​ការដឹកនាំ​របស់​លោក កែប ជុតិមា អតីត​អភិបាល​រាជធានី​រូបនោះ ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅ​ទីក្រុងរាប់​ម៉ឺន​គ្រួសារ បាត់បង់​ផ្ទះ​សម្បែង កុមារ​ច្រើន​ពាន់​នាក់​បោះបង់​ការសិក្សា ដោយ​ការ​ប​ណ្តេ​ចេញ ក្នុង​គម្រោង​បើកផ្លូវ​ដើម្បី​យក​ដី​អ្នកភូមិ ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើវិ​និយោគ​។ តំបន់​ដែល​រង​ការបណ្តេញ​ចេញ​​នោះ មានដូចជា សហគមន៍​ដីក្រហម សម្បុក​ចាប បុរី​កីឡា និង​បឹងកក់៕

សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

One Response to "​អ្នក​មាន​ជម្លោះ​ដីធ្លី​ គប់​ពងមាន់​ស្អុយ​ដាក់​រូប​អតីត​អភិបាល​រាជធានី​ភ្នំពេញលោក កែប ជុតិមា​​"

  1. អុជអាល says:

    គប់ពងមាន់ស្អុយលើរូបថត ម៉ា មិនឈឺទេ ព្រោះ ម៉ា ជាមនុស្សដែលមានក្បាល
    ទំពែកមានខួរជារបស់ឆ្កែ។បើគប់ដុំថ្មចំមុខតែម្ដងទើប ម៉ា ស្រែកង៉េសៗៗៗៗ