​អាជ្ញាធរ​ជាតិ​អប្សរា កាប់​ដើមឈើមាន​អាយុ​រាប់រយ​ឆ្នាំ នៅ​ប្រាសាទតាព្រហ្ម​ចោល ដើម្បី​ការពារ​គ្រោះថ្នាក់​​

ដោយ៖​ បូ សាវី​
ថ្ងៃព្រហស្បតិ៍ ទី28 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ភ្ញៀវទេសចរចូលទៅទស្សនាបរិវេណប្រាសាទតាព្រហ្មនាពេលកន្លងមក

​អាជ្ញាធរ​ជាតិ​អប្សរា ឲ្យដឹងថា ខ្លួន​នឹង​កាប់​ដើមឈើ​មួ​យ​ដើម ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ ដុះ​លើ​ប្រាង្គ​ប្រាសាទតាព្រហ្ម ដើម្បី​ការពារ​គ្រោះថ្នាក់​ដល់​ភ្ញៀវ​ទេសចរ និង​ការបាក់​សង្កត់​ថ្ម​ប្រាសាទ ដោយ​ប្រការ​ណាមួយ​។​

​សេចក្ដីជូនដំណឹង​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២៧​ខែ​សីហា ដែល​VOD​ទទួល​នៅ​ថ្ងៃនេះ បង្ហាញថា ដើមឈើ​ដែល​អ្នកជំនាញ​បារម្ភ​មាន​គ្រោះថ្នាក់​នោះ ជា​ប្រភេទ​ដើម​ស្ពង់ ដុះ​សង្កត់​លើ​កំផែង​ប្រាសាទតាព្រហ្ម ក្បែរ​រានហាល​ច្រកចូល​ទិស​ពាយព្យ ក្នុងប្រាសាទតាព្រហ្ម​។ លិខិត​បន្ដថា បន្ទាប់​ពី​មាន​ការតាមដាន និង​សិក្សា​ពី​ផលប៉ះពាល់​ចំពោះ​ដើម​ស្ពង់​រួចមក អាជ្ញាធរ​ជាតិ​អប្សរា នឹង​កាប់​ដើមឈើ​នោះ​មួយ​កំណាត់​ចោល ដោយ​ទុក​គ​ល់វា​នៅ​ដូចដើម​ដដែល ដើម្បី​រក្សា​ទម្ងន់ និង​ការពារ​គ្រោះថ្នាក់​ដល់​ភ្ញៀវ​ទេសចរ និង​រលំ​សង្កត់​ថ្ម​ប្រាសាទ​។ លិខិត​ដដែល​បញ្ជាក់​ថា មន្ដ្រី​ជំនាញ​ព្រៃឈើ នឹង​ចាប់ផ្ដើម​អនុវត្ដ​នៅ​ថ្ងៃទី​២៩​ខែសីហា​ស្អែក​នេះ​។​

​មន្ដ្រី​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក អុឹម សុខ​រិទ្ធី មានប្រសាសន៍​បន្ថែម​ថា មន្ដ្រី​ជំនាញ​អាជ្ញាធរ នឹ​ងធ្វើ ​ការកាប់​ដើមឈើ​ស្ពង់​នោះ មួយ​កំណាត់​និង​ដាក់​ថ្នាំ​បណ្ដុះ​វា​ឡើង​វិញ​។​លោក​ថា អាជ្ញាធរ​មាន​បច្ចេកទេស​គ្រប់គ្រាន់​ក្នុង​ការកាប់​ដើមឈើ​នោះ​។

​សេចក្ដីប្រកាស​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក៏​ឲ្យដឹង​ដែរថា ខ្លួន​បិទផ្លូវ​ចូល​ប្រាសាទតាព្រហ្ម បណ្ដោះអាសន្ន តាម​ខ្លោងទ្វារ​ចូល​ពី​ខាងត្បូង ចាប់ពី​ថ្ងៃស្អែក​នេះ ដើម្បី​រក្សា​សុវត្ថិភាព​ភ្ញៀវ​ទូទៅ និង​ដើម្បី​ជួសជុល​រចនាសម្ព័ន្ធ​ទីតាំង​នោះ ឲ្យមាន​ភាពរឹងមាំ​ឡើងវិញ។​

មគ្គុទេសក៍​ទេសចរ មួយរូប លោក គន់ ផល្លា  មានប្រសាសន៍​សាទរ​នឹង​អាជ្ញាធរ​ជាតិ​អប្សរា ឲ្យមាន​ការអនុវត្ដ​បែបនេះ​។ លោក​ថា ដើមឈើ​ស្ពង់​នោះ​មាន​អាយុ​ជាង​៣​រយ​ឆ្នាំ ហើយ​វា​អាច​រលើង​ឫស ជាពិសេស​នៅ​រដូវភ្លៀង​ផ្គរ​។ លោក​ទទួលស្គាល់ថា ដើមឈើ​នោះ​មាន​សោភ័ណ្ឌភាព​ទាក់ទាញ​ភ្ញៀវ​មែន ប៉ុន្ដែ​វា​មាន​វ័យ​ចំណាស់​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវ​ទេសចរ និង បាក់​សង្កត់​ថ្ម​ប្រាសាទ​ជាដើម​។

​ប៉ុន្តែ​អនុប្រធាន​សមាគម​ ទ្រទ្រង់​ក្ដីសង្ឃឹម មគ្គុទេសក៍​ទេសចរ ខេត្ដ​សៀមរាប លោក ព្រហ្ម សុវណ្ណ មិន​ស្វាគមន៍​នឹង​ការកាប់​ដើមឈើ​ដុះ​លើ​ប្រាសាទតាព្រហ្ម​នេះ​ទេ​។  លោក​ថា លោ​គាំទ្រ​ឲ្យ​កាប់​មែក​របស់​វា ប៉ុន្តែ​មិន​គាំទ្រ​ឲ្យ​កាប់​ដើមឈើ​ទាំងមូល​នោះ​ទេ ព្រោះ​វា​អាច​នឹង​ថ្លោះធ្លោយ​ដួល​បាក់​សង្កត់​ប្រាសាទ ធ្វើឲ្យ​ប្រាសាទរលំ​តែម្ដង​។ លោក​ស្ដីបន្ទោស​ស្ថាប័ន​នេះ​ថា ការធ្វើ​បែប​នេះ គ្រាន់តែ​ចង់​លើក​មុខមាត់​ឡើងវិញ បន្ទាប់​ពី​ខ្លួន​មិន​ទទួលស្គាល់​ដើម​ដូង​មួ​យ​ដើម ដែល​ងាប់​រាប់​ឆ្នាំ នៅ​កស្សិណ​អង្គរវត្ដ​ខាងត្បួង បាក់​សង្កត់​អ្នក​ដឹក​ភ្ញៀវទេសចរ​ស្លាប់​កន្លងមក តែប៉ុណ្ណោះ​។

​ ទោះជា​យ៉ាងណា ជារឿយៗ ដើមឈើ និង​ដើមត្នោត​ជា​ច្រើន​ដើម​នៅ​តំបន់​អង្គរ ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា កាប់បំផ្លាញចោល ដោយ​លើក​ហេតុផល​ថា មាន​ផល់ប៉ះពាល់​ដល់​ប្រាសាទ​បុរាណ​។ ប៉ុន្ដែ​កាលពី​ថ្ងៃ​ទី​១៧​ខែ​សីហា​នេះ ដើម​ដូង​ងាប់​មួយ​ដើម ស្ថិត​នៅ​កស្សិណ​ប្រាសាទ​អង្គរវត្ដ​ខាងត្បូង បាន​បាក់​សង្កត់​បុរស​ម្នាក់​ឈ្មោះ ម៉ៅ ថន អាយុ​៥២ ឆ្នាំ បណ្ដាលឲ្យ​ស្លាប់ ខណៈ​កំពុង​បើក​រ៉ឺម៉ក​ដឹក​ភ្ញៀវទេសចរ​ចិន​ពីរ​នាក់  ប៉ុន្ដែ​អាជ្ញាធរ​ជាតិ​អប្សរា ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​បដិសេធថា មិនមែន​ដើម​ដួង​កម្មសិទ្ធិ​របស់​ខ្លួន​គ្រប់គ្រង​ឡើយ​៕

សូមសរសេរមកកាន់លោក​ បួ សាវី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles

3 Responses to "​អាជ្ញាធរ​ជាតិ​អប្សរា កាប់​ដើមឈើមាន​អាយុ​រាប់រយ​ឆ្នាំ នៅ​ប្រាសាទតាព្រហ្ម​ចោល ដើម្បី​ការពារ​គ្រោះថ្នាក់​​"

  1. ratha sim says:

    Why they do like this? what the fuck
    These are belong to Apsara Authorize?

  2. meta says:

    IT IS OK IF IT IS NO BEST CHOICE, BUT I DON’T BELIEVE THIS AUTHORITY
    DO THE BEST FOR OUR NATION AND COUNTRY.

  3. Vk says:

    ភាពអច្ឆរយរបស់ប្រសាទអង្គរនឹងក្លាយជាគ្មានន័យបេីទេសភាពនៅទីនោះគ្មានដើមឈើធំៗ។ខ្ញុំយលថាអ្វីដែលពួកអ្នកទេសចរចូលចិត្តគឺទាំងប្រាសាទទាំងដើមឈើទាំងនោះផងដែរ។