អ្នកកាសែត​៖ លោក​ ឱម យ៉ិនទៀង មិន​សហការ​ផ្ដល់​ព័ត៌មាន​ជាមួយ​អ្នកកាសែត

ដោយ៖​ ណុល ដារ៉ា​
ថ្ងៃព្រហស្បតិ៍ ទី28 សីហា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក
​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយលោក ​ឱម យុនទៀង នាពេលកន្លងមក

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយលោក ​ឱម យុនទៀង នាពេលកន្លងមក

​ក្រុមអ្នកកាសែតរ​អ៊ូរ​ទាំ ករណី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក​ឱម យុិនទៀង មិន​សហការ​ផ្ដល់​ព័ត៌មាន នៅ​ពេល​ពួកគេ​សាកសួរ​ព័ត៌មាន​ទៅ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដ៏​មាន​សក្ដានុពល​មួយ​នេះ​។​

​អ្នកយក​ព័ត៌មាន​ឲ្យ​វិទ្យុ​ខ្មែរ​អ៊ី​ន​ឌី​ផេនដិន រេ​ដ្យូ មាន​មូលដ្ឋាន​ទៅ​ប្រទេសញូវ​ហ្សេ​ឡេន កញ្ញា សាយ សុ​ម៉ាលី ឲ្យ​VOD​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ២៨ សីហា នេះ​ថា កញ្ញា​បាន​ព្យាយាម​សម្ភាសន៍​លោក​ឱម យិុនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​សាកសួរ​ព័ត៌មាន​មួយ​ចំនួន ប៉ុន្តែ​លោក​មិន​ឆ្លើយ​ជាមួយ​អ្នកកាសែត ដោយ​លោក​ថា លោក​មិន​ស្គាល់ មិនដឹង​លោក​ឱម យិនទៀង​នោះ​ទេ «​ខ្ញុំ​បាន​ទូរស័ព្ទ​ទំនាក់ទំនង​ទៅ​លោក​ឱម យុិនទៀង ហើយ​គាត់​មិន​មាន​ការឆ្លើយតប​ជាមួយ​នឹង​យើង​ជា​អ្នកសារព័ត៌មាន​ទេ គាត់​ទៅ​ជា​គាត់​ថា គាត់​មិនដឹង គាត់​មិន​ស្គាល់​។ អ៊‍ីចឹង​គាត់​បិទ​ទូរស័ព្ទ គាត់​មិន​និយាយ​អ្វី​ទាក់ទង​ជាមួយនឹង​អ្នកសារព័ត៌មាន អ៊‍ីចឹង​ហាក់ដូចជា​អ្នកសារព័ត៌មាន​ហ្នឹង​វា​ដូចជា គាត់​មិន​ឲ្យ​តម្លៃ​ពួក​យើង​ជា​អ្នក​ការផ្សព្វផ្សាយ​ព័ត៌មាន​បន្ត ហើយ​បើ​សិន ថ្នាក់​ដល់​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល សុំ​ការឆ្លើយបំភ្លឺ ឬ​ការ​ស្រាយ​បំភ្លឺ​ហ្នឹង​គាត់​មិន​មាន​ការឆ្លើយតប តើ​ការផ្សព្វផ្សាយ ប្រព័ន្ធ​ព័ត៌មាន​នៅ​ក្នុងស្រុក​ខ្មែរ​ហ្នឹង ខ្ញុំ​ឆ្ងល់​ថា​តើ​ធ្វើ​ម៉េច​ឲ្យ​វា​មាន​ភាព​អព្យាក្រឹត​?»

​កញ្ញា​បន្ថែមថា ជារឿយៗ មន្ត្រី​រដ្ឋាភិបាល​តែងតែ​ចោទប្រកាន់ថា អ្នកសារព័ត៌មាន​លម្អៀង​ទៅខាង​នេះ ទៅខាង​នោះ ប៉ុន្តែ​ខ្លួន​ឯង​ទេ ដែល​មិន​ឲ្យ​តម្លៃ​អ្នកសារព័ត៌មាន និង​មិន​សហការ​ផ្ដល់​ព័ត៌មាន​ឲ្យបាន​ច្បាស់លាស់​។​

​កញ្ញា​សាយ សុ​ម៉ាលី ធ្វើការ​កត់សម្គាល់ថា មន្ត្រីជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​កម្ពុជា​តែងតែ​គេចវេះ មិន​ផ្ដល់​ព័ត៌មាន​ដល់​អ្នកកាសែត ដែល​ខុស​គ្នា​ស្រឡះ​ពី​មន្ត្រី​នៃ​បណ្ដា​ប្រទេស​នានា​ក្នុង​លោក ដែល​គេ​សប្បាយចិត្ត​នឹង​ផ្ដល់​ព័ត៌មាន​។ ត្រង់​ចំណុច​នេះ​កញ្ញា​យល់ថា អាច​មក​ពី​មន្ត្រី​ទាំងនោះ​មិន​មាន​សមត្ថភាព​បំពេញ​ការងារ​ដោយ​សុចរិត ឬ​មាន​ចេតនា​លាក់លៀម​មិនឲ្យ​ប្រជាពលរដ្ឋ​ដឹង​ព័ត៌មាន​។​

​អ្នកកាសែត​មួយរូប​ទៀត សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ អះអាងថា ជារឿយៗ​មន្ត្រីជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​កម្ពុជា មិន​ត្រឹមតែ​មិន​សហការ​ជាមួយ​អ្នកសារព័ត៌មាន​ទេ ថែម​ទាំង​គំរាមកំហែង​ពួកគេ​ទៀត​ផង​។ លោក​បន្ថែមថា ពួក​មន្ត្រី​ទាំងនោះ​មិន​ទទួល​ទូរស័ព្ទ​ទេ បើ​ពួកគេ​មិន​ស្គាល់​លេខ ហើយ​ជួនកាល​ពួកគេ​ទទួល​ទូរស័ព្ទ​ដែរ តែ​បដិសេធ​ថា ពួកគេ​មិន​មែន​ជា​មនុស្ស​ដែល​យើង​ចង់រ​ក​នោះ​ទេ​។​

VOD ព្យាយាម​ទាក់ទង​ទៅ​លោក ឱម យុិនទៀង ដើម្បី​សុំ​ការឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​របស់​អ្នកសារព័ត៌មាន ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ​។​

​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​សិក្សា​សារព័ត៌មាន លោក មឿន ឈាន​ណា​រិទ្ធិ មានប្រសាសន៍ថា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ដឹងឮ​ព័ត៌មាន​ទាំងអស់​នៅក្នុង​រដ្ឋាភិបាល ហើយ​មន្ត្រី​រដ្ឋាភិបាល និង​រដ្ឋាភិបាល មាន​កាតព្វកិច្ច ផ្ដល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​តាមរយៈ​អ្នកសារព័ត៌មាន​។ លោក​មឿន ឈាន​ណា​រិទ្ធិ បន្ថែមថា ការទទួលបាន​ព័ត៌មាន​គឺជា​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ «​នៅពេល​ដែល​មន្ត្រី​រដ្ឋាភិបាល​ហ្នឹង​គាត់​មិន​សហការ មិន​ផ្ដល់​ព័ត៌មាន​ដល់​អ្នកសារព័ត៌មាន​ហ្នឹង ៗ​ជា​ការរំលោភ​ទៅលើ​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ការរំលោភ​ទៅលើ​សិទ្ធិ​របស់​អ្នកសារព័ត៌មាន ព្រោះ​អី​នៅក្នុង​ច្បាប់​សារព័ត៌មាន​បាន​ចែង​ថា អ្នកសារព័ត៌មាន​មាន​សិទ្ធិ​ស្វែងរក​ព័ត៌មាន ដែល​ស្ថិតនៅ​ក្នុង​ការកាន់កាប់​របស់​រដ្ឋាភិបាល នៅ​គ្រប់​ស្ថាប័ន​ទាំងអស់​»។​

​លោក​មឿន ឈាន​ណា​រិទ្ធិ បញ្ជាក់ថា អ្នកសារព័ត៌មាន​គ្រាន់តែ​ជា​ស្ពាន ចម្លង​ព័ត៌មាន​ពី​មន្ត្រី​រដ្ឋាភិបាល ទៅ​ប្រជាពលរដ្ឋ បើ​មន្ត្រី​រដ្ឋាភិបាល​មិន​សហការ​ផ្ដល់​ព័ត៌មាន​ទេ វា​ជា​ការខាតបង់​ទាំងអស់គ្នា គឺ​ខាត​ទាំង​មន្ត្រី​រដ្ឋាភិបាល មិន​បានឲ្យ​ប្រជាពលរដ្ឋ​ដឹងថា ខ្លួន​បាន​ធ្វើ​អ្វីខ្លះ ចំណែកឯ​ប្រជាពលរដ្ឋ​ក៏​ខាតបង់​ដែរ ព្រោះ​ព័ត៌មាន​ដើរ​តួនាទី​សំខាន់​សម្រាប់ឲ្យ​ពួកគាត់​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​។​

​កន្លង​ទៅ​រដ្ឋាភិបាល​លោក​ហ៊ុន សែន ធ្លាប់បាន​ជំរុញ​ឲ្យ​ក្រសួង​នី​មួយៗ​មាន​អ្នកនាំពាក្យ ដើម្បី​ផ្ដល់ព័ត៌មាន​ដល់​អ្នកកាសែត ប៉ុន្តែ​មាន​អ្នកនាំពាក្យ​តិចតួច​ប៉ុណ្ណោះ​ដែល​បាន​ឆ្លើយតប​នឹង​អ្នកសារព័ត៌មាន ក្នុងនោះ​មាន​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ អ្នកនាំពាក្យ​ក្រសួង​ការងារ អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ត្រី និង​អ្នកនាំពាក្យ​រដ្ឋសភា និង​ព្រឹទ្ធសភា​ជាដើម ចំណែកឯ​ក្រសួង​ផ្សេងៗ​ទៀត​ដូចជា​ស្លាប់ក្រឡា​ស្ដូក​តែម្ដង​៕

សូមសរសេរមកកាន់លោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com

What Next?

Recent Articles

2 Responses to "អ្នកកាសែត​៖ លោក​ ឱម យ៉ិនទៀង មិន​សហការ​ផ្ដល់​ព័ត៌មាន​ជាមួយ​អ្នកកាសែត"

  1. meta says:

    LIKE FATHER LIKE SON. LIKE LEADER LIKE TOOLS OR LIKE LEADER LIKE SUBORDINATE.

  2. people says:

    communist style they scare of media they scare of people because they are the bad one if they are very good they openly let people know what going on but communist they alway keep secret.next election people must vote to chang to the honest people.GOD bless all people’