អង្គការ​សេ​ដាក​ផ្តល់​គំនិត​បន្ថែម​ដល់​កសិករ​ក្នុងការ​ធ្វើ​ស្រែ​ក្នុង​តំបន់​រាំងស្ងួត​ឆ្នាំនេះ​​

ដោយ៖​ ថុល ស្រីលក្ខណ៍​
ថ្ងៃសៅរ៍ ទី30 សីហា 2014
http://vodhotnews.com

VOD-CEDAC-1608555_683438505042493_40091482_n-2014-01-22

មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា (CEDAC) ផ្តល់​គំនិត​បន្ថែម​ដល់​កសិករ​ខ្មែរ ក្នុងការ​ធ្វើ​ស្រែឲ្យ​បានផល​ច្រើន ខណៈ​កសិករ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​កំពុង​ជួប​គ្រោះរាំងស្ងួត​រហូតមកដល់​ពាក់កណ្តាល​នៃ​រដូវវស្សា​នេះ​។​

អត្ថបទ​ផ្សព្វផ្សាយ របស់​អង្គការ​សេ​ដាក ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​បានដឹងថា កសិករ​នៅ​តាម​ខេត្ត​មួយចំនួន ដូចជា ខេត្តតាកែវ កំពង់ស្ពឺ និង​ខេត្ត​កណ្តាល​ជាដើម មិនទាន់​បាន​ធ្វើស្រែ​នៅឡើយ​ទេ ដោយសារ​ពួកគេ​ទាំងនោះ​ជួប​គ្រោះរាំងស្ងួត​តាំងពី​ដើម​រដូវវស្សា រហូតមក​ដល់​ពាក់កណ្តាល​រដូវ​ស្សា​នៅ​ចុងខែ​សីហា​នេះ​។ អត្ថបទ​នេះ​បន្ថែមថា បើទោះជា​ពាក់កណ្តាល​នៃ​រដូវវ​ស្សាក្តី តែ​កសិករ​នៅតែ​អាច​ធ្វើស្រែ​បាន​ផល​ច្រើន​ដដែល សំខាន់​កសិករ​គួរ​អនុវត្តន៍​តាម​អនុសាសន៍​ចំនួន​៤​ចំណុច​របស់​អង្គការ​នេះ​។

អនុសាសន៍​ទាំង​៤​នោះ​រួមមាន ទី​១ សូម​កសិករ​កុំ​ធ្វើស្រូវ​ព្រួស ពីព្រោះ​មកដល់​ដំណាក់កាល​នេះ​ការ​ធ្វើ​ស្រូវ​ព្រួសមិន​សូវ​បាន​ផល ចំណាយ​ពូជ​ច្រើន និង​ពេលវេលា​ខ្លី​។ ទី​២ នៅពេល​ស្ទូង​កសិករ​គួរ​ជ្រើសរើស​យក​តែ​សំណាប​ថ្លោសៗ​ល្អ​យក​ទៅ​ស្ទូង ដោយ​ស្ទូង​មួយ​គុម្ព​មួ​យ​ដើម ហើយ​ត្រូវ​លៃ​ចន្លោះ​គុម្ព​ឲ្យ​កាន់តែ​គៀក (​អាច​១​តឹក​កន្លះ ឬ​១​តឹក តែ​កុំ​ឲ្យ​កៀក​ជាង​១​តឹក​)​។ ទី​៣ ចំពោះ​ដើម​ស្រូវ​ស្ទូង​ហើយ មិនសូវ​មាន​ទឹក​ដក់ កសិករ​គួរ​ប្រមែប្រមូល​សារធាតុសរីរាង្គ ដូចជា ស្លឹក​និង​មែក​រុក្ខជាតិ (​ទន្ទ្រានខេត្ត ស្នោរ សណ្តែក ល្ហុង​ខ្វង អង្កា​ញ់ អង្គារ​ដី ស្តៅ) និង​អង្កាម​ជាដើម​បាច​ចូល​ក្នុង​ស្រែ ដើម្បី​ជួយ​ដី​ឲ្យមាន​ជីវជាតិ និង​ដី​មាន​សំណើម​។ ទី​៤ ចំពោះ​ដី​ស្រែ​ដែល​ស្ទូង​រួច មានទឹក​ដក់​ច្រើន​កសិករ​គួរ​បង្ហូរទឹក​ចេញ​ខ្លះ ដើម្បី​ឲ្យ​ស្រូវ លូតលាស់ និង​បែក​គុម្ព​ច្រើន ប៉ុន្តែ​ពេល​ស្រូវ​បែក​គុម្ព និង​ចេញ​ផ្កា កសិករ​គួរ​រក្សា​ទឹក​ក្នុង​ស្រែ​វិញ​៕

សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles

One Response to "អង្គការ​សេ​ដាក​ផ្តល់​គំនិត​បន្ថែម​ដល់​កសិករ​ក្នុងការ​ធ្វើ​ស្រែ​ក្នុង​តំបន់​រាំងស្ងួត​ឆ្នាំនេះ​​"

  1. Hun Nal says:

    សព្វថ្ងៃ វាគ្រាន់បើវិញ ដោយសារអង្កការ សេដាក់ ឋណោះ វិញទេ ! ចំណែករដ្ឋាភិបាល ពិសេស ក្រសួង កសិកម្ម តើធ្វើឍងីដែរ ក្រៅតែពីពុករលួយ ហើយគ្មានចេះអីទេ…!