Sat, 30 August 2014
ម៉ៃ គុណមករា
ភ្នំពេញប៉ុស្តិ៍
សង្គមស៊ីវិល និងអ្នកជំនាញហាក់ដូចជាមានក្តីរំពឹងតិចតួចបំផុតចំពោះតួនាទីរបស់បក្សប្រឆាំងដែលថ្មីៗនេះបានសម្រេចយល់ព្រមទទួលអាសនៈក្នុងរដ្ឋសភាកន្លងមកដើម្បីបញ្ចប់ការជាប់គាំងនយោបាយជាង ១ ឆ្នាំកន្លងមកនេះក្នុងការប្រើប្រាស់តួនាទីពង្រឹងការកៀរគរចំណូលទាំងពន្ធដារ និងពន្ធគយក្នុងការជួយលើកស្ទួយការអភិវឌ្ឍជាតិ និងសងបំណុលបរទេស។
ការកំណត់គោលនយោបាយប្រមូលពន្ធតាមផែនការរបស់រដ្ឋាភិបាលដែលត្រូវបានកំណត់ដាក់ឲ្យប្រើប្រាស់រាប់ទសវត្សរ៍មកនោះ ត្រូវបានក្រុមអ្នកជំនាញអះអាងថា ការធ្វើបែបនេះគឺជាមធ្យោបាយងាយស្រួលក្នុងប្រព្រឹត្តអំពើពុករលួយសម្រាប់យកទៅបម្រើបក្សកាន់អំណាច និងផលប្រយោជន៍បុគ្គលមួយក្រុមតែប៉ុណ្ណោះ ជាជាងបម្រើជាតិ ដែលវាពុំបានឆ្លុះបញ្ចាំងអំពីលទ្ធភាពជាក់ស្តែងដែលអាចប្រមូលបាន និងឆ្លើយតបទៅនឹងការរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេសនោះទេ។
បើយើងក្រឡេកមកមើលការកៀរគរចំណូលរបស់ស្ថាប័នពីរដែលបានដើរតួនាទីយ៉ាងសំខាន់នោះគឺអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានពន្ធគយ និងរដ្ឋាករ ក្នុងការប្រមែប្រមូលពន្ធដើម្បីជួយលើកស្ទួយចំណូលជាតិ ក្នុងការអភិវឌ្ឍប្រទេសដូចជាការកសាងផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធទាំងទន់ និងរឹង ហាក់ដូចជាពុំមានកំណើនមួយដ៏គួរឲ្យកត់សម្គាល់ឡើយ។
បើយោងតាមអ្នកជំនាញ និងមន្ត្រីគណបក្សប្រឆាំងដែលតាមដានលើចំណូលចំណាយរបស់រដ្ឋបានឲ្យដឹងថា ចំណូលពន្ធដារ និងគយត្រូវបានលេចធ្លាយចូលទៅក្នុងអំពើពុករលួយរាប់រយលានដុល្លារក្នុងឆ្នាំៗដោយសារតែភាពកម្សោយក្នុងការគ្រប់គ្រង និងការឃុបឃិតជាប្រព័ន្ធរបស់ក្រុមមន្ត្រីទាំងនោះដោយពុំបានខិតខំប្រើប្រាស់តួនាទីរបស់ខ្លួនក្នុងការប្រមូលពន្ធឡើយ។
របាយការណ៍ពីអគ្គនាយកដ្ឋានពន្ធដារបានបង្ហាញថា ចំណូលដែលខ្លួនប្រមូលបាននៅ ឆ្នាំ១៩៩៥ បានត្រឹម ០,៧ ភាគរយនៃ ផ.ស.ស និងនៅ ឆ្នាំ២០០៣ សម្រេចបាន ១,៩ ភាគរយនៃ ផ.ស.ស។ ដោយឡែកនៅ ឆ្នាំ២០១២ ចំណូលនេះសម្រេចបានជាង ៧៤០ លានដុល្លារសហរដ្ឋអាមេរិក គឺស្មើនឹង ១០០,៦០ ភាគរយនៃផែនការច្បាប់និងនៅ ឆ្នាំ២០១៣ កន្លងមកនេះប្រមូលបានជាង ៩០១ លានដុល្លារសហរដ្ឋអាមេរិកគឺស្មើនឹង ១០៤ ភាគរយនៃផែនការឬស្មើនឹង ៥,៨៧ ភាគរយនៃ ផ.ស.ស។ ដោយឡែកសម្រាប់ ឆ្នាំ២០១៤ នេះ គឺរដ្ឋាភិបាលបានកំណត់ឲ្យអគ្គនាយកដ្ឋានពន្ធដារត្រូវប្រមូលចំណូលឲ្យបានប្រមាណ ៩៩៣,៨ លានដុល្លារសហរដ្ឋអាមេរិក។ សម្រាប់រយៈពេល ៧ខែ ដើម ឆ្នាំ២០១៤ នេះ ស្ថាប័ននេះបានរកចំណូលបង់ចូលថវិកាជាតិបានចំនួនស្មើនឹង ៦៥,៣ ភាគរយ និងថវិការដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបានចំនួនស្មើនឹង ៤៦,៩៧ ភាគរយ។
លោក ព្រាប កុល ប្រធានអង្គការតម្លាភាពអន្តរជាតិកម្ពុជា បានមានប្រសាសន៍ដែរថា ការមិនបង្ហាញព័ត៌មានជាសាធារណៈរបស់ស្ថាប័នរដ្ឋ ជាពិសេសស្ថាប័នដែលរកចំណូលចូលថវិកាជាតិគឺជាការបិទបាំងក្នុងការឃុបឃិបប្រព្រឹត្តអំពើពុករលួយពីសំណាក់មន្ត្រីរដ្ឋាភិបាល។ លោកថា ការកំណត់គោលនយោបាយយកពន្ធតាមផែនការ វាក៏ពុំបានឆ្លុះបញ្ចាំងអំពីសក្តានុពល និងលទ្ធភាពជាក់ស្តែងនៃការខិតខំបង្កើនចំណូលជាតិដែរ។
លោកបានថ្លែងថា៖ «ខ្ញុំគិតថា យើងមិនត្រូវកំណត់ថា ស្ថាប័ននេះត្រូវប្រមូលពន្ធតាមផែនការនោះទេ គឺយើងពិតណាស់ត្រូវយកទៅតាមស្ថានភាពជាក់ស្តែង ការរីកចម្រើននៃសេដ្ឋកិច្ច និងអនុលោមតាមច្បាប់ មានន័យថា ខាងពន្ធដារត្រូវតែប្រមូលពន្ធទៅតាមកាតព្វកិច្ចនៃក្រុមហ៊ុននីមួយៗដែលត្រូវបង់ពន្ធគឺមិនមែនកំណត់តាមផែនការនោះទេ ដែលនេះ ហើយធ្វើឲ្យចំណូលពន្ធយើងនៅតែទាបបើទោះបីជាសេដ្ឋកិច្ចយើងរីកចម្រើនដល់កម្រិតណាក៏ដោយគឺវាមិនសមហេតុផលសោះឡើយ ហើយវាផ្ទុយទៅនឹងច្បាប់ដែលបានកំណត់»។
«យើងដឹងហើយថា ចំណូលពន្ធរបស់យើងគឺពិតជា នៅមានកម្រិតទាបនៅឡើយបើយើងធៀបទៅនឹងប្រទេសជិតខាងយើង ដែលវាត្រូវបានបាត់បង់ច្រើនរយលានដុល្លារក្នុង ១ ឆ្នាំៗចូលទៅក្នុងរូបភាពនៃអំពើពុករលួយ»។
លោក សុន ឆ័យ ដែលជាមន្ត្រីជាន់ខ្ពស់មកពីគណបក្សសង្គ្រោះជាតិ និងទើបតែត្រូវបានជាប់ឆ្នោតក្នុងរដ្ឋសភាជាអនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មបានថ្លែងប្រាប់កម្ពុជាចុងសប្តាហ៍កាលពីពេលថ្មីៗនេះដោយលើកឡើងផងដែរថា ការកំណត់យកពន្ធតាមផែនការនេះគឺជាមូលហេតុចម្បងនៃការធ្វើឲ្យបាត់បង់ថវិកាជាតិ។
លោកបានថ្លែងថា៖ «យើងយល់ថា ការប្រមូលពន្ធដែលមានកំណើនជាង ១០ ភាគរយជារៀងរាល់ឆ្នាំនេះគឺវាមិនសមនឹងការបាត់បង់ចំណូលដែលអ្នកឯកទេសគេបានសិក្សាកន្លងទៅទេ។ យើងប្រមូលបានសព្វថ្ងៃគឺប្រហែលជា ១២ ភាគរយនៃ ផ.ស.ស ដែលចំណូលនេះគឺតិចតួចមែនទែន ព្រោះអីការបាត់ចំណូលយ៉ាងតិចណាស់ពី ៦ ទៅ ៨ ភាគរយនៃ ផ.ស.ស ដែលគិតជាទឹកប្រាក់គឺជាង ១ ពាន់លានដុល្លារ ដូច្នេះខ្ញុំគិតថា កំណើនជាង ១០ ភាគរយនៃចំណូលពន្ធដារគឺវាមិនត្រឹមត្រូវទេ ពីព្រោះកំណើននេះគឺគ្មានអ្វីថ្មី ព្រោះអីគឺមានពន្ធថ្មី ដូច្នេះគឺវាមិនបានដោះស្រាយអំពីការដែលបានបាត់បង់ចំណូលពន្ធកន្លងទៅនោះទេ។ គឺវាត្រូវតែអនុវត្តទៅតាមច្បាប់ ដូចខ្ញុំបានបញ្ជាក់ជាច្រើនដងរួចមកហើយថា ដោយសារនៅស្រុកយើងគឺធ្វើការប្រមូលពន្ធទៅតាមផែនការ ដូច្នេះការប្រមូលបែបនេះគឺយើងចេះតែឃើញកើនៗរហូត តែធាតុពិតគឺមិនមានការកើនឡើងអីទេដោយសារយើងមានការបង្កើតប្រភេទពន្ធ ថ្មីៗទៀត»។
លោក សុន ឆ័យ បានថ្លែងបន្តទៀតថា រដ្ឋសភាគឺត្រូវតែមានការសួរនាំអំពីបញ្ហាទាំងនេះទៅកាន់ស្ថាប័ននេះ។ «វាទាមទារឲ្យមានការសួរនាំ ព្រោះនីតិវិធីដូចរដ្ឋសភាហៅមន្ត្រីមកសួរនាំគឺវាពាក់ព័ន្ធនឹងអំពើពុករលួយនេះ ដូច្នេះខាងគណបក្សសង្គ្រោះជាតិនឹងធ្វើការគ្រប់គ្រងគណៈកម្មការប្រឆាំងអំពើពុករលួយ ដូច្នេះយើងនឹងធ្វើការអង្កេតឡើងវិញអំពីនីតិវិធីនៃការប្រមូលពន្ធ និងហៅឲ្យមកបំភ្លឺជាថ្មីម្តងទៀតនៅមន្ទីររដ្ឋសភា»។
លោកថ្លែងបន្តទៀតថា៖ «ខ្ញុំមានក្តីសង្ឈឹមយ៉ាងមុតមាំថា ស្ថានភាពប្រមូលពន្ធនិងចំណូលពន្ធនឹងមានភាពប្រែប្រួលទៅរកភាពវិជ្ជមាន ហើយនេះមិនត្រឹមតែមានការប្រែប្រួលនៃចំណូលនោះទេគឺថែមទាំងចំណាយនោះទៀត ព្រោះសព្វថ្ងៃនេះយើងឃើញថា ចំណាយក៏មានភាពមិនច្បាស់លាស់ដែរ»។
ទោះបីជាយ៉ាងណា លោក កែម ឡី ដែលជាអ្នកសិក្សាស្រាវជ្រាវសង្គមនិងសេដ្ឋកិច្ចមិនរំពឹងថា តួនាទីរបស់គណបក្សប្រឆាំងក្នុងវិមានរដ្ឋសភា និងព្រឹទ្ធសភាមានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការធ្វើឲ្យប្រសើរឡើងនៃចំណូលពន្ធនេះឡើយ។
«ខ្ញុំមើលទៅដូចជាមិនអាចជួយអីបានច្រើនឡើយគឺវាទាក់ទងទៅនឹងសមត្ថភាពរបស់មន្ត្រីគណបក្សប្រឆាំងក្នុងការសិក្សាស្វែងយល់អំពីស្ថានភាពជំនាញនីមួយៗ ទាំងពន្ធដារ និងពន្ធគយ ដោយសារតែពួកគេពុំបានសិក្សាអំពីចំណូលចំណាយឲ្យបានគ្រប់ជ្រុងជ្រោយដូច្នេះគឺវាពុំអាចជួយអ្វីបានឡើយ»។ ម្យ៉ាងទៀតគឺទាក់ទងទៅនឹងសមត្ថភាពតាមដានរដ្ឋាភិបាលក៏ពួកគាត់មិនទាន់ធ្វើទៅបានដែរ»។
លោក ព្រាប កុល ក៏បានថ្លែងស្រដៀងគ្នាដែរថា៖ «ជាការពិតណាស់ខ្ញុំនៅតែមានទុទ្ទិដ្ឋិនិយមថា គណបក្សប្រឆាំងគឺនៅតែគ្មានអំណាចអ្វីគ្រប់គ្រាន់ក្នុងការពង្រឹងការកៀរគរចំណូលពន្ធនេះនៅឡើយទេ គឺគាត់គ្រាន់តែបានត្រួតពិនិត្យ សាកសួរនិងធ្វើការតាមដាន ហើយសិទ្ធិក្នុងការធ្វើអន្តរាគមន៍គឺមានកម្រិតតិចតួច តែចំពោះសិទ្ធិអំណាចថាត្រូវធ្វើយ៉ាងម៉េចនោះគឺវាស្ថិតនៅក្រោមនិតីប្រតិបត្តិ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ»។
លោកបានថ្លែងថា បើទោះបីជាខាងគណបក្សប្រឆាំងដឹកនាំគណៈកម្មការ ទី១០ នៅក្នុងរដ្ឋសភាដែលទើបនឹងបង្កើតថ្មីក៏ពិតមែនតែគណៈកម្មការនេះគ្រាន់តែមានភារកិច្ចត្រួតពិនិត្យ និងតាមដានគោលនយោបាយឬក៏នីតិវិធីនិងក្តាប់នូវសភាពការណ៍ពីសាធារណជនតែប៉ុណ្ណោះ។
លោក កែម ឡី បានផ្តល់ជាអនុសាសន៍យ៉ាងដូច្នេះថា ប្រសិនបើជារដ្ឋាភិបាលចង់ធ្វើកំណែទម្រង់ប្រព័ន្ធពន្ធដារនិងពន្ធគយពិតមែននោះ គេគួរតែធ្វើគម្រោងសាកល្បងយ៉ាងហោចណាស់ ៥ ទី១ ខណ្ខណាមួយគាត់ជួលក្រុមហ៊ុនមកប្រមូលថា តើវាបាននិងបាត់អស់ប៉ុន្មាន ទី២ ខណ្ឌណាមួយនោះដាក់ខាងសង្គមស៊ីវិលធ្វើតែឯង ទី៣ ដាក់សង្គមស៊ីវិលជាមួយនឹងមន្ត្រីរដ្ឋ ទី៤ ដាក់ជាមួយផ្នែកឯកជនជាមួយនឹងរដ្ឋ និង ទី៥ ដាក់រដ្ឋតែឯងតែម្តង។
លោកបានថ្លែងថា «ការធ្វើដូច្នេះយើងអាចប្រមូលទិន្នន័យមកមើលថា តើវាបានចំណេញនិងខាតបង់ប៉ុនណា។ រួចបន្ទាប់មកយើងនឹងធ្វើការជ្រើសរើសនូវគម្រោងមួយណាដែលល្អនោះ ដាក់អនុវត្តនៅទូទាំងប្រទេសតែម្តង»។
លោក កែម ឡី ក៏បានលើកឡើងស្រដៀងគ្នានេះដែរសម្រាប់ការធ្វើកំណែទម្រង់ការប្រមូលពន្ធគយគឺអនុវត្តរូបមន្តដូចគ្នាទៅនឹងរូបមន្តពន្ធដារនេះដែរ ដោយថា នៅតាមច្រកព្រំដែនគឺដាក់ច្រកខ្លះឲ្យក្រុមហ៊ុនប្រមូល ច្រកខ្លះដាក់ឲ្យសង្គមស៊ីវិលប្រមូល ច្រកខ្លះសហការគ្នា ដូច្នេះយើងនឹងដឹងអំពីទំហំនៃការបាត់បង់ប្រាក់ចំណូល។
កាលពីអំឡុង ខែសីហា ឆ្នាំ២០១៣ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិ ទី៥ នេះក៏បានចាត់វិធានការរួចទៅហើយទៅលើការធ្វើកំណែទម្រង់ប្រសិទ្ធភាពនៃការប្រមូលពន្ធ ទាំងពន្ធដារនិងពន្ធគយតាមរយៈការពង្រឹងវិន័យការយកពន្ធ ការពង្រីកបណ្តាញយកពន្ធ ការធ្វើឯករាជ្យនីយកម្មដោយតម្រូវឲ្យបង់តាមរយៈធនាគារ និងតាមប្រព័ន្ធអេឡិចត្រូនិកជាដើម ហើយកាលពីដើឆ្នាំនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតកម្មវិធីលើកទឹកចិត្តដែលផ្ដល់រង្វាន់ដល់បុគ្គលិកអគ្គនាយកដ្ឋានពន្ធដារនូវចំណែកនៃប្រាក់ផាកពិន័យទៅលើក្រុមហ៊ុនដែលមិនបានបង់ពន្ធ។
លោក គង់ វិបុល ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា ផែនការនេះផ្ដល់ដល់សវនកររដ្ឋាភិបាលចំនួន ១០ ភាគរយនៃប្រាក់ផាកពិន័យបានពីក្រុមហ៊ុនទាំងឡាយណាដែលត្រូវបានរកឃើញថា មិនគោរពតាមច្បាប់។
លោកបានលើកឡើងថា៖ «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្ដល់ប្រាក់លើកទឹកចិត្តឲ្យសវនករពន្ធដារ GTD ដែលអាចរកប្រាក់ចំណូលពន្ធបន្ថែមទៀតពីការគេចពន្ធឲ្យ អគ្គនាយកដ្ឋានពន្ធដារ ។ តាមនីតិវិធីច្បាប់ដែលធ្លាប់ស្ថិតក្រោមការប្រកាស ឬ គេចពន្ធនឹងត្រូវផាកពិន័យ»។
លោកបានថ្លែងបន្តថា៖ «តាមមធ្យោបាយនេះ រាជរដ្ឋាភិបាលអាចប្រមូលបានប្រាក់ចំណូលពន្ធកាន់តែច្រើន។ ប្រាក់លើកទឹកចិត្តនេះនឹងមិនមានផលប៉ះពាល់ដល់ថវិកាជាតិនោះទេ ប៉ុន្តែផ្ទុយទៅវិញគឺបង្កើនប្រាក់ចំណូលដល់រដ្ឋាភិបាល»។
ការផាកពិន័យរបស់អគ្គនាយកដ្ឋានពន្ធដារសម្រាប់ការបង់ពន្ធយឺតពេល ឬ មិនបង់ពន្ធចាប់ពី ១០ ដល់ ៤០ ភាគរយនៃចំនួនជំពាក់សរុបឲ្យអាជ្ញាធរ។
លោក គង់ វិបុល បានថ្លែងបន្ថែមទៀតថា៖ «គោលបំណងរបស់ផែនការលើកទឹកចិត្តនេះនឹងជំរុញឲ្យសវនករពន្ធធ្វើ ការកាន់តែខ្លាំងក្លាថែមទៀត ហើយផ្ដល់រង្វាន់ដល់ពួកគេសម្រាប់អ្នកណាដែលអាចរកឃើញការគេចពន្ធច្រើននិងស្ថិតក្រោមពន្ធត្រូវបានប្រកាសដើម្បីជំរុញឲ្យមានការគោរពច្បាប់ពន្ធដារ និងការពង្រឹងច្បាប់»៕
ខ្ញុំថា វាគ្មានអ្វីប្រែប្រួលឡើុ បើមេដឹកនាំនៅតែដដែលៗនោះ ហើយសង្ឃឹមលើបក្សប្រឆាំង ក៏វាគ្មានប្រសិទ្ធភាព១០០%ដែរ…ព្រោះបក្សប្រឆាំងមិនមែនអ្នកធ្វើទេ គ្រាន់តែជាអ្នកតាមដានបុ៉ណ្ណោះ!