ជម្លោះ​ដី​ឡ​ពាង​បណ្តាល​ឲ្យ​ក្មេងៗ​បាត់​ឱកាស​សិក្សា

ព្រះ​តេជគុណ ចេស ជា កូន​របស់​ពលរដ្ឋ​រង​គ្រោះ​ឡពាង​បួស​ជា​សង្ឃ​ដើម្បី​មាន​ទីជម្រក​និង​អាហារ​ទទួល​ទាន។

ព្រះ​តេជគុណ ចេស ជា កូន​របស់​ពលរដ្ឋ​រង​គ្រោះ​ឡពាង​បួស​ជា​សង្ឃ​ដើម្បី​មាន​ទីជម្រក​និង​អាហារ​ទទួល​ទាន។ ហេង ជីវ័ន



ភ្នំពេញប៉ុស្តិ៍

គង់​នៅ​ក្នុង​វត្ត​ដ៏​ស្ងាត់​ជ្រងំ​លោក នេន ដែល​មាន​វ័យ​ទើប​តែ ១២ វិស្សា​ព្រះ​តេជគុណ ចេស ជា ជា​កូន​ម្នាក់​ក្នុង​ចំណោម​កូន​អ្នក ភូមិ​ឡ​ពាង ដែល​មាន​ជម្លោះ​ជាមួយ​ក្រុម​ហ៊ុន KDC ដែល​ជា​កម្មសិទ្ធិ​របស់​ភរិយា​លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​រត់​មក​ជ្រក​កោន​ក្រោម​ម្លប់​ព្រះពុទ្ធ​សាសនា​ដើម្បី​បន្ត​ជីវិត​ជា​ក្មេង​កំព្រា​ឪពុក ឲ្យ​រស់​រាន​មាន​ជីវិត បន្ទាប់​ពី​ដី​ស្រែ​របស់​ញោម​ស្រី ត្រូវ​បាន​ក្រុម​ហ៊ុន​រឹប​អូស​យក​អស់ ក្រោយ​ពី​ជម្លោះ​ដែល​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង ១០ ឆ្នាំ​ដោយ​គ្មាន​ដំណោះ​ស្រាយ។

គ្រង​ស្បង់​ចីពរ គង់​ក្នុង​ទឹក​មុខ​ស្រងូត​ស្រងាត់​នៅ​ពេល​ដែល​ទទួល​ព័ត៌មាន​ថា ញោម​ស្រី ដែល​បាន​ចេញ​ទៅ​តវ៉ា​ដើម្បី​ទាម​ទារ​យក​ដី​មក​វិញ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​រហូត​ដល់​សន្លប់ ព្រះ​តេជកុណ ចេស ជា ជា​កូន​ច្បង​ក្នុង​ចំណោម​បង​ប្អូន ៤ នាក់​របស់​អ្នក​ស្រី ប៊ិន អូន បាន​មាន​សង្ឃ​ដីកា​ថា ដោយ​សារ​តែ​រឿង​ដី​នេះ​បាន​បង្ខំ​ឲ្យ​ព្រះអង្គ​បួស​ទាំង​បង្ខំ​ពីព្រោះ​ញោម​ស្រី​ជា​ស្ត្រី​មេម៉ាយ ហើយ​ដី​ត្រូវ​បាន​គេ​យក​អស់​មិន​អាច​មាន​លទ្ធភាព​ចិញ្ចឹម​កូនៗ។ ព្រះអង្គ​មាន​សង្ឃ​ដីកា​ថា៖ «អាត្មា​មិន​ចង់​បួស​ទេ អាត្មា​បួស​ទាំង​បង្ខំ​ព្រោះ​ញោម​ស្រី​ប្រាប់​ថា បើ​មិន​បួស​គ្មាន​កន្លែង​ស្នាក់​នៅ​ទេ​ដី​គេ​យក​អស់​ហើយ»។

ទោះ​បី​ជា​បួស​ជា​ព្រះ​សង្ឃ​ដើម្បី​ឲ្យ​ចិត្ត​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ក៏​ដោយ ក៏​កូន​នេន​តូច​ដែល​បួស​ដោយ​បង្ខំ​មួយ​អង្គ​នេះ​នៅ​ពុំ​ទាន់​ស្ងប់​ចិត្ត​នៅ​ឡើយ ដោយ​សារ​តែ​ផ្នត់​គំនិត​នៅ​តែ​នឹក​គិត​អំពី​សុវត្ថិភាព​របស់​ញោម​ស្រី​គ្រប់​ពេល នៅ​ពេល​ដែល​ចេញ​ទៅ​តវ៉ា​ដើម្បី​ការពារ​ដី​ប្រឆាំង​ជាមួយ​អាជ្ញាធរ​ដែល​មាន​កាំភ្លើង​នៅ​ដៃ។

ព្រះ​អង្គ​មាន​សង្ឃ​ដីកា​ថា៖ «អាត្មា​ចិត្ត​មិន​ស្ងប់​ដូច​សង្ឃ​ដទៃ​ទេ ពី​ព្រោះ​គិត​ពី​ញោម​ស្រី ហើយ​និង​ប្អូន​តូចៗ​ប្រសិន​បើ​ញោម​មាន​បញ្ហា​អី​នោះ​តើ​មាន​អ្នក​ណា​មើល​ប្អូន​តូចៗ»។

នេន​តូច​រូប​នោះ បាន​បោះ​បង់​ការ​សិក្សា​តាំង​ពី​ថ្នាក់ ទី៣ ហើយ​ក៏​មិន​ខុស​អី​ពី​កូន​អ្នក​ស្រុក​ដទៃ​ទៀត​ដែរ​គឺ​ពួក​គេ​បាន​រៀន​ខ្ពស់​បំផុត​ត្រឹម​ថា្នក់ ទី៥ ប៉ុណ្ណោះ ដោយ​សារ​បញ្ហា​ជីវភាព។

ព្រះ​អង្គ​មាន​សង្ឃ​ដីកា​ថា៖ «អាត្មា​បន់​ឲ្យ​តែ​ឆាប់​ធំ​ទេ ដើម្បី​ទៅ​តវ៉ា​យក​ដី​មក​វិញ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​នៅ​តូច​ពេក​មិន​ដឹង​ត្រូវ​ធ្វើ​ម៉េច។ អាត្មា​អាណិត​ញោម​ស្រី​ណាស់​គេ​ធ្វើ​បាប​និង​វាយ​គាត់​រហូត។ អាត្មា​ស្អប់​អំពើ​អយុត្តិធម៌​នេះ​ខ្លាំង​ណាស់។ អាត្មា​សូម​ទទូច​ឲ្យ​អាជ្ញាធរ​មេត្តា​ដោះ​លែង អ្នក​ទាំង ៥ នាក់​ដែល​គេ​ចាប់​ដាក់​ពន្ធនាគារ​វិញ»។

អង្គុយ​និយាយ​ក្រោម​ដើម​ស្វាយ​ដៃ​ត្រកង​ពលរដ្ឋ​ម្នាក់​ដែល​សន្លប់ អ្នក​ស្រី ទេព នី បាន​ថ្លែង​ថា ដោយ​សារ​ទំនាស់​ដីធ្លី​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​អ្នក​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​តុលាការ ខ្លះ​ចាប់​ដាក់​គុក​គ្រាន់​តែ​ការពារ​ដី និង​ខ្លះ​ទៀត​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ ប្រទេស​ថៃ ដើម្បី​បាន​លុយ​ផ្គត់​ផ្គង់​គ្រួសារ ខ្លះ​បាន​ដើរ​ជីក​ជន្លេន​លក់ ចំណែក​ឯ​ក្មេងៗ​មិន​បាន​ចូល​រៀន​ដោយ​សារ​តែ​ម្តាយ​ឲ្យ​នៅ​ចាំ​ផ្ទះ ដើម្បី​ឲ្យ​ឪពុក​ម្តាយ​របស់​គេ​ឡើង​តវ៉ា​ដើម្បី​ការពារ​ដី។

អ្នក​ស្រី​បាន​ថ្លែង​ទាំង​ទឹក​ភ្នែក​ថា៖ «តើ​វា​មាន​យុត្តិធម៌​ទេ​នៅ​ក្នុង​លោក​នេះ តើ​យើង​ជា​អ្នក​ក្រ​តែង​តែ​ទទួល​នូវ​ភាព​អយុត្តិធម៌​អញ្ចឹង​មែន​ទេ។ យើង​ការពារ​ដី​សោះ​គេ​វាយ​ពួក​យើង​ស្ទើរ​ងាប់​ស្ទើរ​រស់។ តើ​ទៅ​ថ្ងៃ​អនាគត​កូនៗ​របស់​ខ្ញុំ​ពឹង​ពាក់​អ្នក​ណា បើ​អស់​ដី​ធ្លី សូម្បី​តែ​រៀន​ក៏​មិន​បាន​រៀន ពេល​ខ្លះ​បាយ​ក៏​គ្មាន​ហូប​ដែរ»។

សំឡេង​ទ្រហោ​យំ​បាន​បន្លឺ​ឡើង​នៅ​ពេល​ដែល​មាន​ពលរដ្ឋ​រង​របួស​និង​សន្លប់​នៅ​ក្នុង​ភូមិ​ថា «បង​អូន! បង​ដឹង​ខ្លួន​ណា​បង​ណា បង​ត្រូវ​តែ​រស់ កូន​បង​តូចៗ​ច្រើន​ណាស់​កំពុង​រង់​ចាំ​បង​នៅ​ឯ​វត្ត បង​ដឹង​ខ្លួន​ឡើងៗ បង​មិន​អាច​ស្លាប់​បាន​ទេ កូនៗ​ត្រូវ​ការ​ម៉ែ»។ នេះ​គឺ​ជា​ពាក្យ​លើក​ទឹក​ចិត្ត​របស់​អ្នក​ស្រី ទេព នី ទៅ​ដល់​ពលរដ្ឋ​គ្នា​ឯង ក្រោយ​ពី​អ្នក​ស្រី ប៊ិន អូន ដែល​ជា​ម្តាយ​របស់​នេន​តូច​បាន​ដួល​សម្លប់​ស្តូក​ស្តឹង​បន្ទាប់​ពី​សមត្ថកិច្ច​ប្រើ​ហិង្សា​មក​លើ​ពលរដ្ឋ​នៅ​ក្នុង​ពេល​តវ៉ា​ដើម្បី​ការពារ​ដីធ្លី ដោយ​អាជ្ញាធរ​យក​លេស​ថា អនុវត្ត​ដីកា​របស់​តុលាការ។

កុមារា​ជា​កូន​អ្នក ភូមិ​ឡពាង ម្នាក់​ដែល​បាន​ចូល​រួម​តវ៉ា​នៅ​ក្រុង​ភ្នំពេញ មាន​ជំងឺ​ត្រូវ​បាន​ក្រុម​គ្រួសារ​កោស​ខ្យល់។ ហុង មិនា

អ្នក​ស្រី​បាន​ថ្លែង​ទាំង​ទឹក​ភ្នែក​និង​អួល​ដើម​ក រដិប​រដុប​ថា ពលរដ្ឋ​ខំ​នាំ​គ្នា​ឡើង​តវ៉ា​រឿង​ដី​ដោយ​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​បាន​មក​វិញ​គ្រាន់​ធ្វើ​ស្រែ​ចិញ្ចឹម​គ្រួសារ​តែ​គេ​យក​អស់ ហើយ​ខំ​ធ្វើ​ការ​ដេរ​ស្លឹក​រក​លុយ​ទិញ​អង្ករ​មួយ​គីឡូ​ឬ ២ គីឡូ​ស្ទើរ​តែ​មិន​បាន ពលរដ្ឋ​រង​ទុក្ខ​វេទនា​ប៉ុន​ណា​ក៏​គេ​មិន​ដឹង​ដែរ។ រឿង​ដីធ្លី​នេះ​បាន​កើត​ឡើង​ជាង ១០​ឆ្នាំ មក​ហើយ ហើយ​បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​រក​បាយ​ច្រក​ឆ្នាំង​មិន​បាន​ផង​ទើប​បាន​ជា​ពលរដ្ឋ​ខំ​នាំ​គ្នា​ក្រោក​ឡើង​ដើម្បី​បាន​ដី​នោះ​មក​វិញ​គ្រាន់​ធ្វើ​ស្រែ​ចិញ្ចឹម​កូន។

អ្នក​ស្រី​បាន​ថ្លែង​ថា៖ «កូនៗ​យើង​ពេល​ខ្លះ​គ្នា​ត្រូវ​ដើរ​ទៅ​ជីក​ជន្លេន​ដើម្បី​លក់ វា​ខុស​ពី​កូន​គេ​ដទៃ​ទៀត​ដែល​ព្រឹក​ឡើង​ស្លៀក​ពាក់​ស្អាត​ទៅ​សាលា ងាក​មក​ពួក​យើង​វិញ​ទំនេរ​ពី​ការពារ​ដី​ត្រូវ​ដេរ​កណ្តប​ស្លឹក​ត្នោត​ដើម្បី​លក់​ដូរ​យក​អង្ករ។ យើង​វេទនា​ហួស​និយាយ​ហើយ​រឿង​ដី​នេះ»។

មិន​ខុស​គ្នា​ប៉ុន្មាន​ដោយ​សារ​តែ​បញ្ហា​បាន​កើត​ឡើង​នៅ​ក្នុង​ឃុំ​តែ​មួយ អ្នក​ស្រី ថន ឌៀន បាន​ថ្លែង​ឲ្យ​ដឹង​ថា តើ​ឲ្យ​មាន​ពេល​វេលា​ឯណា​ជូន​កូន​ទៅ​រៀន បើ​រវល់​តែ​តវ៉ា​រឿង​ដី ម្យ៉ាង​ទៀត​នៅ​ពេល​ទំនេរ​ត្រូវ​ឆ្លៀត​រក​ការងារ​ធ្វើ​ហើយ​ពេល​ខ្លះ​ទៅ​ធ្វើ​សំណង់​ដល់ ប្រទេស​ថៃ​។

អ្នក​ស្រី​បាន​ថ្លែង​ថា៖ «យើង​គិត​ដែរ​ពី​អនាគត​កូន ប៉ុន្តែ​អា​ក្រពះ​ប្រចាំ​ថ្ងៃ​នេះ​វា​ទាម​ទារ​ដូច្នេះ​តើ​យើង​ឲ្យ​កូន​យើង​ទៅ​រៀន ឬ​ក៏​យើង​ឲ្យ​វា​ទៅ​រក​ស៊ី»។

ចំណែក​ឯ​អ្នក​ស្រី ប៊ិន អូន និយាយ​ទាំង​ទឹក​ភ្នែក​រលីង​រលោង ខណៈ​ដែល​និយាយ​អំពី​កូន​តូចៗ​ដែល​ខ្លួន​ជា​ស្ត្រី​មេម៉ាយ​នោះ​បាន​រំឭក​ថា អ្នក​ស្រី​គ្មាន​លទ្ធភាព​ចិញ្ចឹម​កូន ទើប​បង្ខំ​កូន​ប្រុស​បង​ម្នាក់​អាយុ ១០ ឆ្នាំ​ឲ្យ​បួស​ជា​សង្ឃ ដើម្បី​មាន​ទីជ្រក​កោន​និង​មាន​បាយ​ហូប​គ្រប់​គ្រាន់​បើ​ទោះ​ជា​គេ​នៅ​តូច​ក៏​ដោយ។

អ្នក​ស្រី​បាន​ថ្លែង​ថា៖ «បើ​មិន​ឲ្យ​កូន​ទៅ​នៅ​វត្ត​គ្នា​មាន​អី​ស៊ី ហើយ​សង្ឃឹម​ថា កូន​រស់​នៅ​វត្ត​ទៅ​អាច​មាន​ចំណេះ​វិជ្ជា​ខ្លះ​ជាប់​ខ្លួន ពីព្រោះ​ខ្ញុំ​គ្មាន​ពេល​មើល​ថែ​គេ​នោះ​ទេ»។

យោង​តាម​របាយ​ការណ៍​របស់​អង្គការ​អាដហុក បាន​កត់​សម្គាល់​ឃើញ​ថា ទំនាស់​ចាប់​ផ្តើម​តាំង​ពី ឆ្នាំ​២០០១ ដែល​មាន​អ្នក​តវ៉ា​ចំនួន ៤៩ គ្រួសារ ហើយ​នៅ ឆ្នាំ​២០០៦ អ្នក ភូមិ​ឡ​ពាង បាន​ដាក់​ពាក្យ​ប្តឹង​ឡើង​ដល់ ១០៨ គ្រួសារ អាជ្ញាធរ​បាន​ចុះ​ស្រង់​ស្ថិតិ​អ្នក​តវ៉ា​នៅ​សល់ ៧៧ គ្រួសារ​នៅ ឆ្នាំ​២០០៧ លុះ​ធ្វើការ​ជំរឿន​ជា​ថ្មី​ម្តង​ទៀត​អ្នក​តវ៉ា​នៅ​សល់​តែ ៦៤ គ្រួសារ​ប៉ុណ្ណោះ។ ការ​ថយ​ចុះ​នៃ​ចំនួន​អ្នក​ប្តឹង​គឺ​អាជ្ញាធរ​បំបែក​គឺ ទី១ និង ទី២ ក្រោយ​ពី​តុលាការ​ចាប់​ផ្តើម​ចាត់​វិធាន​ការ​បង្គាប់​ឲ្យ​បង់​ពន្ធ​លើ​កម្មវត្ថុ​បណ្តឹង​គឺ តម្រូវ​ឲ្យ​បង់​ពី ១០ ម៉ឺន​រៀល​ទៅ ៣០ ម៉ឺន​រៀល​ក្នុង​មួយ​ហិកតា​អ្នក​ភូមិ​មួយ​ចំនួន​មិន​បាន​ដាក់​ពាក្យ​ប្តឹង​នៅ​សល់ ៥២ គ្រួសារ​ប៉ុណ្ណោះ។ នៅ​ក្នុង​ទំនាស់​នេះ​យ៉ាង​ហោច​មាន​ប្រជាជន ២៤ នាក់​ត្រូវ​ជាប់​ពន្ធនាគារ និង​ជាប់​បណ្តឹង​ព្រហ្មទណ្ឌ។ អ្នក​ភូមិ​ទាំង​អស់​ត្រូវ​លោក ថៃ ហ៊ី តំណាង​ក្រុម​ហ៊ុន ខេឌីស៊ី ជាដើម​បណ្តឹង។

ការ​ដែល​ភាគី​ក្រុម​ហ៊ុន​ដាក់​ពាក្យ​បណ្តឹង​គឺ​បាន​ធ្វើ​ជា​បន្ត​បន្ទាប់​ទៅ​លើ​ភាគី​ប្រជាជន​នៅ​ចុង​ក្រោយ​នេះ ភាគី​ក្រុម​ហ៊ុន​បាន​ប្តឹង​ប្រជាជន​ចំនួន ១០ នាក់​ទៀត​ក្នុង​នោះ​មាន ៥ នាក់​កំពុង​ជាប់​ពន្ធនាគារ។

ដោយ​សារ​តែ​ជម្លោះ​គ្មាន​ដំណោះ​ស្រាយ​នោះ​ពលរដ្ឋ ឡ​ពាង ដែល​មាន​កូន​តូចៗ នៅ​ក្នុង​បន្ទុក​បាន​ប្តេជ្ញា​ចិត្ត​តស៊ូ​ត្រាំ​ត្រែង​ជាមួយ​អ្នក​ភូមិ​ជាង ៧០ នាក់​ផ្សេង​ទៀត ឡើង​មក​ស្នាក់​នៅ ទីក្រុង​ភ្នំពេញ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​តំណាង​ពលរដ្ឋ ៥​នាក់ ពី​ពន្ធនាគារ ខេត្ត​កំពង់ឆ្នាំង និង​ទាមទារ​សិទ្ធិ​កាន់​កាប់​ដីធ្លី​ដែល​ពួក​គាត់​រស់​នៅ​ជា​យូរ​ឆ្នាំ​ណាស់​មក​នោះ​ត្រឡប់​មក​វិញ។

តំណាង​អ្នក ភូមិ​ឡ​ពាង លោក រាជ សីម៉ា ដែល​ជាប់​បណ្តឹង​ចំនួន ៣ ដែល​បាន​ទទួល​យក​សំណង​ពី​ក្រុម​ហ៊ុន​កាល​ពី​ថ្ងៃ ទី២៦ ខែ​មិថុនា ហើយ​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នាយិកា​ក្រុម​ហ៊ុន​ពី​បទ​ឆបោក​និង​មោគភាព​កិច្ច​សន្យា ក្រោយ​ពី​ក្រុម​ហ៊ុន​បាន​ចេញ​មូលប្បទានប័ត្រ​ស្អុយ​បាន​ថ្លែង​ថា បើ​ទោះ​បី​ជា​ពលរដ្ឋ​មាន​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ​ក៏​ពួក​គាត់​ត្រូវ​តែ​តស៊ូ​ពី​ព្រោះ​ដី​របស់​ពួក​គាត់​ត្រូវ​បាន​គេ​យក​អស់​ទៅ​ហើយ។

លោក​ថា៖ «យើង​សង្ឃឹម​តែ​ទៅ​លើ​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ប៉ុណ្ណោះ មាន​តែ​សម្តេច​ទេ​ដែល​ជួយ​ពួក​យើង​បាន ពួក​យើង​មិន​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ​ទេ បើ​យើង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក៏​គ្មាន​អី»។

ទាក់​ទង​នឹង​ករណី​នេះ លោក ផាត់ ពៅសៀង មេធាវី​ក្រុម​ហ៊ុន ខេឌីស៊ី បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​មិន​បាន​រំលោភ​យក​ដី​ពលរដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ គឺ​ក្រុមហ៊ុន​បាន​ទិញ​ដី​នោះ​តាំង​ពី ឆ្នាំ​២០០៧ ដោយ​មាន​ឯកសារ​ទិញ​លក់ និង​មាន​ការ​បង់​ពន្ធ​ត្រឹម​ត្រូវ។ លោក​ថា៖ «ក្រុម​ហ៊ុន​ទិញ​ដី​ពី​ពលរដ្ឋ​នៅ ឆ្នាំ​២០០៧ តែ​អ្នក​ដែល​តវ៉ា​គាត់​ថា មាន​ជម្លោះ​តាំង​ពី ឆ្នាំ​២០០៦ ដូច្នេះ​សួរ​ថា ពលរដ្ឋ​ខូច ឬ​ក្រុម​ហ៊ុន​ខូច?

ក្រុម​ហ៊ុន​មាន​ឯកសារ​គ្រប់​គ្រាន់ ប៉ុន្តែ​ពួក​គាត់​អត់​មាន​ឯកសារ​សម្គាល់​ដី​ធ្លី​អី​ទេ ចេះ​តែ​ថា មាន​ប័ណ្ណ​តាំង​ពី ឆ្នាំ​១៩៨២ មក​តាម​ពិត​ដី​នោះ​មាន​ប័ណ្ណ​នៅ ឆ្នាំ​១៩៩៧។

ក្រុម​ហ៊ុន​ចង់​ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​ដោយ​ផ្តល់​សំណង​ជា​ហូរ​ហែ​ដែរ តែ​អ្នក​តវ៉ា​ភាគ​ច្រើន​បាន​ទទួល​លុយ​ពី​ក្រុម​ហ៊ុន​ម្តង​រួច​ហើយ ហើយ​បែរ​មក​ប្តឹង​គេ​ទៀត»។

លោក​មេធាវី​បាន​លើក​ឡើង​ថា កន្លង​មក​មាន​តែ​ប្រជា​ពលរដ្ឋ ២២ គ្រួសារ​ប៉ុណ្ណោះ​ដែល​បាន​ដាក់​ប្តឹង​ក្រុម​ហ៊ុន​នៅ​តុលាការ ប៉ុន្តែ​ក្រោយ​មក​បែរ​ជា​មាន​ការ​បំប៉ោង​តួលេខ​ដល់ ៥២ គ្រួសារ​ពេល​ខ្លះ ៦៥ គ្រួសារ និង​ពេល​ខ្លះ​ទៀត​ឡើង​ដល់ ៧៧ គ្រួសារ​ក៏​មាន។

លោក ចាន់ សុវេត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​អាដហុក បាន​ថ្លែង​ថា អ្នក ភូមិ​ឡពាង មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុម​ហ៊ុន ខេឌីស៊ី អស់​រយៈ​ពេល​ជាង ១០ ឆ្នាំ​មក​ហើយ លើ​ទំហំ​ដី​ប្រមាណ​តែ​ជាង ១០០ ហិកតា​ក្នុង​ចំណោម​ដី​ទំហំ ៥១២ ហិកតា​របស់​ក្រុម​ហ៊ុន ខេឌីស៊ី ហើយ​គិត​ចាប់​ពី​មាន​ទំនាស់​នោះ​មក​អ្នក ភូមិ​ឡពាង ពុំ​ដែល​បាន​ទទួល​ការ​ដោះ​ស្រាយ​ដោយ​យុត្តិធម៌​ម្តង​ណា​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ពី​ក្រុម​ហ៊ុន​ទេ។

បើ​ទោះ​ជា​ក្រុម​ហ៊ុន និង​សមត្ថកិច្ច​ខេត្ត​បាន​រៀបចំ​គណៈកម្មការ​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​រវាង​ប្រជា​ពលរដ្ឋ ៥២ គ្រួសារ​ជា​មួយ​ក្រុមហ៊ុន។

ការ​ដោះ​ស្រាយ​នោះ​មាន​ប្រជាជន​ប្រមាណ ៣៦ គ្រួសារ​ព្រម​ទទួល​យក​លុយ​សំណង​តែ ១៦ គ្រួសារ​ទៀត​មិន​ព្រម​ទទួល​យក​ការ​ដោះ​ស្រាយ​នេះ​ទេ ដោយ​ពួក​គេ​ចាត់​ទុក​ថា ការ​ដោះ​ស្រាយ​មិន​យុត្តិធម៌​មាន​អ្នក​ព្រម​ទទួល​យក​សំណង​ហើយ​ក៏​បែរ​ជា​ងាក​ទៅ​ប្តឹង​ក្រុម​ហ៊ុន​បន្ត​មាន​ចំនួន ២២ គ្រួសារ​បាន​ប្តឹង​បដិសេធ មិន​ទទួល​យក​សំណង​នោះ​ទេ។

លោក​ថា៖ «ជម្លោះ​ដី​ធ្លី​មាន​រយៈ​ពេល​ជាង ១៣​ឆ្នាំ មក​ហើយ តែ​នៅ​មិន​ទាន់​មាន​ដំណោះ​ស្រាយ។ ភាគី​ក្រុម​ហ៊ុន​តែង​តែ​ប្រើ​យុទ្ធសាស្រ្ត​ប្តឹង​បទ​ព្រហ្ម​ទណ្ឌ​លើ​ភាគី​ប្រជា​ពលរដ្ឋ​ដើម្បី​ចាប់​ខ្លួន​ដើម្បី​បំបាក់​ស្មារតី»។

ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី​កាល​ពី​ថ្ងៃ ទី១៨ ខែ​សីហា លោក ហ៊ុន សែន ថ្លែង​ថា លោក​មិន​បាន​ទទួល​ញត្តិ​ពី​ប្រជា​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ករណី​ក្រោយៗ​នេះ​ទេ ហើយ​លោក​ក៏​បាន​ស្តី​បន្ទោស​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន ដែល​ដាក់​កម្លាំង​រារាំង​ប្រជា​ពលរដ្ឋ​យក​ញត្តិ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​លោក។ លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​សម្រច​បង្កើត​គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​ត្រួត​ពិនិត្យ​វាស់វែង និង​វាយតម្លៃ​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​បាន​ផ្តល់​ជូន​ក្រុម​ហ៊ុន​ឯកជន​កន្លង​មក និង​ដក​ហូត​មក​វិញ​ចំពោះ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ក្រុម​ហ៊ុន​មិន​បាន​បំពេញ​កាតព្វកិច្ច​ផ្លូវ​ច្បាប់​តាម​កិច្ចសន្យា៕


What Next?

Recent Articles

One Response to "ជម្លោះ​ដី​ឡ​ពាង​បណ្តាល​ឲ្យ​ក្មេងៗ​បាត់​ឱកាស​សិក្សា"

  1. beloved khmer says:

    I strongly believe that one day , dictator hun sen
    Will be beheaded under the hands of farmers in cambpodia.
    At that time , hun sen will know and face the bad karma.