ដោយ៖ ស៊ុន ណារិន
ថ្ងៃពុធ ទី24 កញ្ញា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
លោក កឹម សុខា អនុប្រធានទី១នៃរដ្ឋសភា
អនុប្រធានទី១នៃរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃពុធនេះបញ្ជាក់ថាចំណុចយ៉ាងតិចចំនួន៣នៃរដ្ឋធម្មនុញ្ញមិនទាន់ត្រូវបានគោរពដូចអ្វីដែលមានចែង។
លោក កឹម សុខា លើកឡើងបែបនេះសម្រាប់ទិវារំលឹកខួបលើកទី២១នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ខែកញ្ញានេះ។លោកសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថាលោកកត់សម្គាល់ឃើញអំពីការមិនបានគោរពរដ្ឋធម្មនុញ្ញយ៉ាងតិច៣ចំណុចធំៗនៅកម្ពុជា រួមមានទី១)មិនទាន់ធានាបានពេញលេញនូវបូរណភាពទឹកដី(ព្រំដែន) ដូចមានចែងក្នងមាត្រា២ ទី២) មិនទាន់ធានាបាននូវឯករាជ្យភាពនៃអំណាចតុលាការ ដូចមានចែងក្នុងមាត្រា១២៨ថ្មី និងទី៣)មិនបានប្រារព្ធសមាជជាតិដែលត្រូវប្រព្រឹត្តទៅ១ឆ្នាំម្តង ដូចមានចែងក្នុងមាត្រា១៤៨ថ្មី។
លោក កឹម សុខា បន្តថា«ដូច្នេះខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំប្រទេសកម្ពុជា សូមអនុវត្តយ៉ាងពេញលេញនូវរដ្ឋធម្មនុញ្ញដែលខ្លួនបានប្តេជ្ញាគោរព»។
មាត្រា២នៃរដ្ឋធម្មនុញ្ញចែងថាបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ ក្នុងផែនទីខ្នាត ១/១០០.០០០ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩។មាត្រា១២៨ថ្មីចែងថាអំណាចតុលាការជាអំណាចឯករាជ្យ។អំណាចតុលាការ ធានារក្សាអនាគតិ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ចំណែកមាត្រា១៤៨ ថ្មីចែងថាសមាជជាតិ ប្រជុំមួយដងក្នុងមួយឆ្នាំ នៅដើមខែធ្នូ តាមការកោះអញ្ជើញរបស់នាយករដ្ឋមន្ត្រី។សមាជជាតិ ប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រ។
កន្លងទៅរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សសប្រជាជនកម្ពុជារងការរិះគន់ពីប្រជាពលរដ្ឋ និងគណបក្សប្រឆាំងថា ជាអាយ៉ងរបស់វៀតណាម ដែលបណ្តាលឲ្យបាត់បង់ទឹកដី។ ចំណែកតុលាការកម្ពុជាត្រូវបានរកឃើញថាស្ថិតនៅក្រោមអំណាចរបស់រាជរដ្ឋាភិបាល និងអ្នកមានអំណាច។
កាលពីថ្ងៃទី៨ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បញ្ឈប់នូវគោលនយោបាយលាបពណ៌មកកាន់គណបក្សប្រជាជនកម្ពុជាថាជាអាយ៉ងយួនដូចពេលកន្លងទៅនោះ។
ទាក់ទងនឹងអង្គតុលាការនោះវិញ ថ្មីៗនេះព្រះមហាក្សត្រទើបតែសម្រេចឡាយព្រះហស្ថលេខាលើព្រះរាជក្រម ដើម្បីឲ្យសេចក្តីព្រាងច្បាប់ចំនួនបីទាក់ទងនឹងតុលាការបានចូលជាធរមាន។ច្បាប់ទាំងនោះរួមមានច្បាប់ពីការរៀបចំអង្គការតុលាការ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា។ប៉ុន្តែច្បាប់ទាំង៣រងការរិះគន់ពីសង្គមស៊ីវិលជាតិ និងអន្តរជាតិថាមិនទាន់អាចធានាឯករាជ្យរបស់តុលាការបាននៅឡើយទេ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
As long as Hun Sen still be the leader, the constitution of Cambodia is a joke.
Hun sen nerver care about law, only kill