រដ្ឋមន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី​នឹង​មក​ទស្សនកិច្ច​កម្ពុជា​ពាក់ព័ន្ធ​នឹង​ជន​ភៀស​ខ្លួន

ដោយ ខែ សុណង
2014-09-24
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

រដ្ឋមន្ត្រី​អូស្ត្រាលី ៦១០
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishob) ក្នុង​ពេល​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង នា​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៤។ RFA/Van Vichar

រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍ និង​កិច្ច​ការពារ​ព្រំដែន​អូស្ត្រាលី នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​២​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៤។ គោលបំណង​នៃ​ការ​បំពេញ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​នេះ ត្រូវ​មន្ត្រី​កម្ពុជា​បញ្ជាក់​ថា គឺ​ពាក់ព័ន្ធ​នឹង​កិច្ចការ​ផ្ដល់​សិទ្ធិ​ដល់​ជន​ភៀស​ខ្លួន​មក​កម្ពុជា។

រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី និង​រដ្ឋាភិបាល​ប្រទេស​កម្ពុជា នឹង​ចុះ​ហត្ថលេខា​លើ​អនុសារណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ទាក់ទង​ទៅ​និង​ការ​តាំង​ទីលំនៅ​នៃ​​ជន​ភៀស​ខ្លួន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​សប្ដាហ៍​នេះ។

ក្រសួង​ការបរទេស​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍ និង​កិច្ច​ការពារ​ព្រំដែន​អូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៧ ខែ​កញ្ញា។ អំឡុង​ពេល​ទស្សនកិច្ច​នោះ​លោក​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង ដើម្បី​ចុះ​ហត្ថលេខា​លើ​អនុសារណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ទាក់ទង​ទៅ​និង​ការ​តាំង​ទីលំនៅ​នៃ​​ជន​ភៀស​ខ្លួន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួង មិន​បាន​មាន​ប្រសាសន៍​ច្រើន​ទេ ចំពោះ​កិច្ច​ជំនួប​នេះ៖ «សំឡេង៖តាម​ពិត​ទៅ​គឺ​មក​ដើម្បី​ចុះ​ហត្ថលេខា​ណា ចុះ​ហត្ថលេខា​អនុសារណៈ​នៃ​ការ​យោគយល់​រឿង​បញ្ហា​ការ​តាំង​ទី​លំនៅ​ជន​ភៀស​ខ្លួន​នៅ​កម្ពុជា ជាមួយ​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ស ខេង ហើយ​ការ​ចុះ​ហត្ថលេខា​ហ្នឹង ធ្វើ​ឡើង​នៅ​ក្រសួង​មហា​ផ្ទៃ​និង​ឯង ថ្ងៃ​ទី​២៦ ខែ​កញ្ញា ម៉ោង​៣​រសៀល​ចាំ​ដល់​ពេល​ហ្នឹង​ដឹង​ថា​យ៉ាង​ម៉េច​ណា»

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ខៀវ សុភ័គ ក៏​មិន​បញ្ជាក់​ប្រាប់​បន្ថែម​ទេ ក្រៅ​អំពី​គម្រោង​ជួប​ចុះ​ហត្ថលេខា​លើ​អនុសារណៈ​នេះ«ការ​ចុះ​ហត្ថលេខា​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ចុង​សប្ដាហ៍​ហ្នឹង​តាម​ខ្ញុំ​ដឹង​បើ​សិន​គ្មាន​អី​ប្រែប្រួល»

យ៉ាង​ណា​ក៏​ដោយ ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី ចរិយា នៅ​តែ​មាន​ទស្សនៈ​ថា ប្រទេស​កម្ពុជា​មិន​ទាន់​មាន​សមត្ថភាព​និង​លទ្ធភាព​ក្នុង​ការ​ទទួល​យក​​ជន​ភៀស​ខ្លួន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី​​ទេ។ លោក​បញ្ជាក់​ថា ប្រទេស​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ការ​រង​ការ​ទិតៀន​ពី​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោក ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​កង្វះ​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស៖ «តាម​ខ្ញុំ​យល់​ថា​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​សមត្ថភាព និង​លទ្ធភាព​ស្មើ​និង​ប្រទេស​អូស្ត្រាលី​ទេ​ក្នុង​ការ​ទទួល​ជន​ភៀស​ខ្លួន​នេះ។ ជន​ភៀស​ខ្លួន​ដែល​ចង់​ទៅ​រស់​នៅ​ប្រទេស​អូស្ត្រាលី​គឺ​គ្នា​បាន​ទទួល​រង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ពី​ប្រទេស​របស់​ខ្លួន​រួច​ទៅ​ហើយ​ដែល​ទៅ​រក​ប្រទេស​អូស្ត្រាលី​នេះ ហើយ​នៅ​ពេល​ដែល​អូស្ត្រាលី​បញ្ជូន​មក​ឲ្យ​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​មួយ​រំលោភ​សិទ្ធិ​មនុស្ស​ដែរ​នេះ គឺ​ថា​អ្នក​ទាំង​អស់​នេះ​ក្លាយ​ទៅ​ជា​ជន​រងគ្រោះ​ដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ពីរ​ដង គឺ​ទី​មួយ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ទី​២​គឺ​អាច​នឹង​មក​ទទួល​រង​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ទៀត»

ទោះ​ជា​យ៉ាង​នេះ​ក្ដី កន្លង​មក​រដ្ឋាភិបាល​តែងតែ​អះអាង​ថា គម្រោង​ការ​ផ្ដល់​សិទ្ធិ​ជ្រក​កោន​ឲ្យ​ជន​ភៀស​ខ្លួន ជា​ច្រើន​រយ​នាក់ ពី​ប្រទេស​អូស្ត្រាលី គឺ​ស្ថិត​ក្រោម​គោលការណ៍​មនុស្សធម៌​និង​ស្ម័គ្រ​ចិត្ត។ ប៉ុន្តែ​ដំណើរ​ការ​នៃ​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន រិះគន់​ថា ការ​ចរចា​មាន​ភាព​អាថ៌កំបាំង ស្រប​ពេល​ដែល​ប្រទេស​អូស្ត្រាលី​កំពុង​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ចំពោះ​ជន​ភៀស​ខ្លួន​ទាំង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "រដ្ឋមន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី​នឹង​មក​ទស្សនកិច្ច​កម្ពុជា​ពាក់ព័ន្ធ​នឹង​ជន​ភៀស​ខ្លួន"

  1. Anonymous says:

    ដូចការព្យាករណ៏គ្រាន់តែធ្វើប្រកាច់ស្គន់ជាន់អោយល្្អមើលតែប៉ុណ្ណោះ។ប្រជាជនខ្លួនត្រូវទៅធ្វើខ្ញុំគេ
    ពាសពេញពិភពលោក។កម្មករក្នុងស្រុកធ្វើបាតុកម្មគ្មានលោះថ្ងៃទាមទារប្រាក់ខែដើម្បីរស់។អែរដ្ផា
    ភិបាលឡប់សតិទៅទទួលជនភៀសខ្លួនបន្ថែមពេលដែលប្រជាជនខ្លួនរស់នៅយ៉ាងសែនវេទនា។
    សូមជួយគាត់នៅអណត្តិក្រោយដកថែម២០កៅអីទៀត?????????

  2. people says:

    really funny ‘and unbelievable ‘cambodia able to take refugee that really funny.the poorest country in asea compare to thailand malasia,mr morrison you should tour all around the country(cambodia)before you pour the refugee to the hell,com’n mr scott’you only serve the dictator and his vampire groups who suck alot of blood from cambodian people’.you pour the money to the vampire not help cambodia ,remember cambodian people 80% in poverty.GOD bless all cambodian people’