លោក ស៊ូ​ប៊ែ​ឌី ថា​កម្ពុជា​មិនទាន់​មាន​ការការពារ​សិទ្ធិមនុស្ស​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃព្រហស្បតិ៍ ទី25 កញ្ញា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូ​ប៊ែ​ឌី កាលពីកន្លងទៅ

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូ​ប៊ែ​ឌី លើកឡើង​ថា​កម្ពុជា​ស្ថិតនៅត្រង់រ​បត់​នៃ​ការផ្លាស់ប្តូរ​ប្រវត្តិសាស្ត្រ តែ​ការការពារ​សិទ្ធិមនុស្ស​មិនទាន់​មាន​នៅឡើយ​ទេ​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​លោក ស៊ូ​ប៊ែ​ឌី ចេញផ្សាយ​នៅ​ថ្ងៃទី​២៤​ខែ​កញ្ញា ឲ្យដឹងថា រហូតមកដល់​ពេលនេះ ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​អាច​ផ្លាស់ប្តូរ តែ​គោលការណ៍​គ្រឹះ​នៃ​អភិបាលកិច្ច និង​ការការពារ​សិទ្ធិមនុស្ស​មិនទាន់​មាន​នៅឡើយ​ទេ​។​លោក​បន្ត​ថា​ស្ថានភាព​នៅ​កម្ពុជា​បច្ចុប្បនេះ​គឺ​ខុស​ប្លែក​ខ្លាំង​ពី​ស្ថានភាព​កាលពី​ខ្ញុំ​កាន់​តួនាទី​ជា​អ្នករាយការណ៍​ពិសេស​៥​ឆ្នាំ​កន្លង​ទៅ​។​

​លោក ស៊ូ​ប៊ែ​ឌី បញ្ជាក់​ថា​អ្វី​ដែល​កម្ពុជា​ត្រូវការ​ពេល​នេះ គឺ​បង្កើត​រចនាសម្ព័ន្ធ​សិទ្ធិមនុស្ស​ខ្លាំង​មួយ ដែល​អាច​គាំទ្រ​កំណែទម្រង់​ទូលំទូលាយ និង​ដ៏​មាន​អត្ថន័យ​មួយ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា​ចាប់តាំងពី​ឆ្នាំ​២០០៩​អ្នករាយការណ៍​ពិសេស​បាន​ចេញ​របាយការណ៍​ចំនួន​៤​ទៅលើ​កំណែទម្រង់​ដីធ្លី ការបោះឆ្នោត ប្រព័ន្ធតុលាការ និង​សភា ដើម្បី​ជួយ​រដ្ឋាភិបាល​ជាមួយ​កំណែទម្រង់​ស្ថាប័នរដ្ឋ សម្រាប់​ការការពារ និង​លើកតម្កើង​សិទ្ធិមនុស្ស​។​

​លោក ស៊ូ​ប៊ែ​ឌី ឲ្យដឹង​ទៀត​ថា​បញ្ហា​ជាច្រើន​ជុំវិញ​សិទ្ធិ​ដីធ្លី មិនទាន់​ត្រូវបាន​ដោះស្រាយ​នៅឡើយ​ទេ ហើយ​ប្រជាពលរដ្ឋ​បន្ត​ឈឺ​ចាប់ពី​ការរំលោភបំពាន​សិទ្ធិ​ធ្ងន់ធ្ងរ​។​បញ្ហា​ផ្សេងៗ​ទៀត​រួម​មាន​និទណ្ឌភាព​នៃ​ការប្រើក​ម្លាំង​ហួសហេតុ​លើ​ប្រជាជន​ចាប់តាំងពី​ខែ​កញ្ញា ឆ្នាំ​២០១៣ ការ​រឹតត្បិត​សិទ្ធិ​សង្គម​ស៊ីវិល សិទ្ធិ​សហជីព លំហូរ​ព័ត៌មាន​លើ​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត​ជាដើម​។ លោក​ស្នើឲ្យ​សហគមន៍​អន្តរជាតិ​តាមដាន​ពី​ស្ថានភាព​នៅ​កម្ពុជា​យ៉ាង​យកចិត្តទុកដាក់ និង​ជួយ​កិច្ចការ​ទាំងនេះ​។​

​សមាគម​អាដហុក​លើកឡើងថា​ជិត​១​ឆ្នាំ​នៃ​ការជាប់គាំង​នយោបាយ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៧​ខែកក្កដា ឆ្នាំ​២០១៣ ស្ថានភាព​នៃ​ការគោរព​សិទ្ធិ​មនុស្ស​អាក្រក់​បំផុត​បើ​ប្រៀបធៀប​នឹង​ការបោះឆ្នោត​បួន​អាណត្តិ​មុន​។​នៅ​ចន្លោះ​ពេល​ជិត​១​ឆ្នាំនេះ មនុស្ស​៨​នាក់​បាន​ស្លាប់​ដោយសារ​ការបាញ់​បង្ក្រាប គឺ​នៅ​ស្ពាន​អាកាស​ក្បាលថ្នល់​ម្នាក់ ស្ពាន​ស្ទឹងមានជ័យ​ម្នាក់ និង​នៅតាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង​៦​នាក់​។​

​រហូតមកដល់​ពេលនេះ លោក សុរិយា ស៊ូ​ប៊ែ​ឌី  បានដាក់​អនុសាសន៍​ឲ្យ​នាំយក​ជនដៃដល់​ប្រើ​ហិង្សា​លើ​បាតុករ​មក​ផ្តន្ទាទោស​តាមច្បាប់​។​លោក​ក៏​បាន​ស្នើឲ្យ​បង្កើត​គណៈកម្មការ​ជាតិ​ឯក​រាជ្យ​ស្តីពី​សិទ្ធិមនុស្ស​ពិតប្រាកដ​មួយ ដែល​គណៈកម្មការ​នេះ​នឹង​អាច​ជួយ​ឲ្យ​អ្នក​ដែល​មាន​ក្តីបារម្ភ​ពី​បញ្ហា​សិទ្ធិមនុស្ស អ្នក​រង​ការបំពាន អាច​ស្វែងរក​ដំណោះស្រាយ និង​យន្តការ​ការពារ​សមស្រប​។​

​មន្ត្រី​រដ្ឋាភិបាល និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​រិះគន់ និង​ច្រានចោល​របាយការណ៍ និង​អនុសាសន៍​របស់​លោក ស៊ូ​ប៊ែ​ឌី​។​

​គួរបញ្ជាក់​ថា​លោក ស៊ូ​ប៊ែ​ឌី   នឹង​បញ្ចប់​បេសកកម្ម​ជា​អ្នករាយការណ៍​ពិសេស​នៅ​ខែ​មីនា​ឆ្នាំ​២០១៥​។ លោក​គ្រោង​នឹង​បំពេញ​បេសកកម្ម​ចុងក្រោយ​នៅក្នុង​ខែ​មករា​ឆ្នាំ​២០១៥​ខាងមុខនេះ​៕

​សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

2 Responses to "លោក ស៊ូ​ប៊ែ​ឌី ថា​កម្ពុជា​មិនទាន់​មាន​ការការពារ​សិទ្ធិមនុស្ស​​"

  1. Judge says:

    Human rights watch and other social organisations should work closely with HM the king as the king has social obligations to justice, protection citizens rights and stop abuses of power under his kingdom.

  2. ?? says:

    if we are talking about the king of CAMBODIA it mean not thing for this nation. for thirty yeas our king seem to be did not care about his nation. unlike the Queen of ENGLAN or the King of THAILAND those monarchy they care so much about their nation. they have to care for their nation because every thing they have came from their nation. let say a simple word if his or her nation has been eliminated where will they stay . the King or Queen can not be a toy for any politician or under the threatening of any one. even right now our king did not even know his nation under threatening of losing sovereignty. I have no confident to our king at all. peace for all CAMBODIAN