លោក អូ​បា​ម៉ា ថ្លែង​សរសើរ​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ពីររូប​​

ដោយ៖​ អុិត សូធឿត​
ថ្ងៃព្រហស្បតិ៍ ទី25 កញ្ញា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោកស្រី ចក់ សុភាព ងើបឈរនៅពេលលោក អូបាម៉ា ណែនាំលោកស្រី ដល់ទស្សនិកជនក្នុងពិធីគំនិត​ផ្តួចផ្តើម​ជា​សាកល​របស់ គ្លី​ន​តុ​ន (រូបពីហ្វេសប៊ុក​ស្ថានទូត​អាមេរិក​នៅកម្ពុជា)

​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក បា​រ៉ាក់ អូ​បា​ម៉ា (Barack Obama) កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា បាន​ថ្លែង​សរសើរ​សកម្មជន​ការពារ​បរិស្ថាន និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ពីរ​រូប​គឺ អតីត​ប្រធាន​អង្គការ​អភិរក្ស​ធនធាន​ធម្មជាតិ​លោក ឈុត វុទ្ធី  និង​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​លោកស្រី ចក់ សុភាព​។​

​ថ្លែង​នៅក្នុង​ពិធី​គំនិត​ផ្តួចផ្តើម​ជា​សាកល​របស់ គ្លី​ន​តុ​ន (Clinton Global Initiative ឬ CGI) នៅទីក្រុងញូយ៉ក លោក អូ​បា​ម៉ា មានប្រសាសន៍ថា នៅ​ជុំវិញ​ពិភពលោក បុរស និង​ស្ត្រី​ក្លាហាន​ដែល​ហ៊ាន​ឡើង​និយាយ​ត្រូវ​រង​ការ​យារ​យី និង​ការវាយប្រហារ ដែល​មាន​រហូត​ដល់​ការសម្លាប់​ថែមទៀត​។​

​លោក អូ​បា​ម៉ា មានប្រសាសន៍ថា «​ថ្ងៃនេះ យើង​សូម​គោរព​ដល់​អ្នក​ដែល​បាន​ពលី​ជីវិត​។ នៅក្នុង​ចំណោម​ពួកគេ​នោះ​មានឈ្មោះ Eric Lembembe ក្នុង​ប្រទេស​កា​មេ​រូ​ន ឈ្មោះ Salwa Bugaighis ក្នុង​ប្រទេស​លី​ប៊ី ឈ្មោះ ឈុត វុទ្ធី ក្នុងប្រទេស​កម្ពុជា ឈ្មោះ Natalia Estemirova ក្នុង​ប្រទេស​រុស្ស៊ី​»​។​

​លោក ឈុត វុទ្ធី ត្រូវបាន​គេ​បាញ់សម្លាប់​កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ ក្នុង​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង​នៅ​ពេល​លោកនាំអ្នក​សារព័ត៌មានពីររូប​​ចុះ​ទៅ​ស៊ើបអង្កេត​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​នោះ​។​

​លោក អូ​បា​ម៉ា ក៏​បាន​ធ្វើ​ការគាំទ្រ​ដល់​អ្នក​ធ្វើការ​មនុស្សធម៌ សកម្មជន អ្នក​តស៊ូ​មតិ និង​អ្នកធ្វើការងារ​ជា​គ្រូបង្រៀន នៅ​បណ្ដា​ប្រទេស​នានា​នៅក្នុង​ពិភពលោក​ដែល​បាន​ធ្វើ​ខិតខំ​ធ្វើការ​ដើម្បី​ជួយ​សង្គម​របស់​ពួកគេ បើ​ទោះបី​មាន​ការ​រឹត​ត្បិត ការគាបសង្កត់ និង​ការយាយី​។  ក្នុងនោះ​លោក​ក៏បាន​លើកឡើង​ពី​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​លោកស្រី ចក់ សុភាព របស់កម្ពុជា​ផងដែរ​។​

លោក អូបាម៉ា មាន​ប្រសាសន៍​ថា «​យើង​គាំទ្រ​សកម្មជន ដូចជា​លោក​ស្រី ចក់ សុភាព​(Chak Spheap) នៅ​ប្រទេស​កម្ពុជា​… លោកស្រី សុភាព បាន​ឃើញ​អ្នក​ធ្វើ​ការគាំទ្រ​សិទ្ធិ​មនុស្ស​ដូច​គ្នា​ត្រូវបាន​នគរបាល​ចាប់​យក​ទៅ ។ ពេលនោះ លោកស្រី​អាច​គេចខ្លួន​បាន តែ​លោក​ស្រី​បាន​និយាយថា លោកស្រី​នឹងមិន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​មួយ​នា​ទីណា​ឡើយ​។ ដូច្នេះ លោកស្រី​បាន​គៀងគរ នាំ​ដើរ​តវ៉ា និង​បំផុស​យុវជន​ឲ្យ​ទាមទារ​យុត្តិធម៌​។ លោកស្រី​បាន​មានប្រសាសន៍ថា “​ខ្ញុំ​មាន​ការ​ស្រ​ម៉ៃ​ចង់​បាន​ថា ពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ដែល​គេ​ត្រូវមាន​”​។ យើង​មាន​មោទនភាព​ចំពោះ​លោកស្រី ហើយ​យើង​គាំទ្រ​លោក​ស្រី​»​។​

​លោក អូ​បា​ម៉ា មានប្រសាសន៍​ទៀត​ថា ដោយសារ​ពលរដ្ឋ និង​សង្គម​ស៊ីវិល​អាច​មាន​អំណាច​ខ្លាំង រដ្ឋាភិបាល​កាន់តែ​ច្រើន​កំពុង​តែ​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​បំបាត់​សំឡេង​របស់​គេ​។ លោក​បន្តថា កំណើន​នៃ​ការបង្ក្រាប​នេះ​ទៅលើ​សង្គម​ស៊ីវិល​គឺជា​យុទ្ធនាការ​មួយ​ដើម្បី​បំផ្លាញ​គំនិត​ប្រជាធិបតេយ្យ ហើយ​អ្វី​ដែល​ត្រូវ​មាន​គឺ​យុទ្ធនាការ​មួយ​ខ្លាំង​ជាង​នេះ ដើម្បី​ការពារ​លទ្ធិប្រជាធិបតេយ្យ​។​

សូមសរសេរមកកាន់​លោក អុិត សូធឿត​ តាមរយៈ sothoeuth@vodhotnews.com

What Next?

Recent Articles

3 Responses to "លោក អូ​បា​ម៉ា ថ្លែង​សរសើរ​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ពីររូប​​"

  1. ឆ្មាខ្មៅ says:

    សូមចូលរួមអបអរសាទរដល់លោកស្រី ចក់ សុភាព សូមលោកស្រីបន្តបេសកកម្មរបស់លោកស្រីបន្តទៀតប្រកបដោយជោកជ័យ។

  2. Lassie says:

    I wish you all the best! Please keep up with your great work!

  3. Kmeng Peal says:

    សូមអ្នកស្រីប្រយត្ន័ពួកអាព្រាយជញ្ជក់ឈាមតាមយារយី,សំណាងល្អចំពោះអ្នកស្រី។