ដោយ៖ ឡាយ សាមាន
ថ្ងៃព្រហស្បតិ៍ ទី9 តុលា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
រដ្ឋមន្ត្រីក្រសួងធម្មការ លោក មិន ឃិន នៅក្នុងការបំភ្លឺនារសៀលថ្ងៃព្រហស្បតិ៍នេះ (រូបភាព៖ ឡាយ សាមាន)
ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អះអាងថាលោកនឹងស្នើទៅកាន់ប្រធានរដ្ឋសភាដើម្បីចុះទៅពិនិត្យផ្ទាល់ មើលការសាងសង់ដែលកំពុងតែកើតមាននៅក្បែរវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។
ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ លោក យ៉ែម បុញ្ញឫទ្ធិ បានលើកឡើងបែបនេះ នៅក្នុងការសាកសួររដ្ឋមន្ត្រីក្រសួងធម្មការ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ទាក់ទិននឹងព័ត៌មាននៃការលក់ដីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យទៅឲ្យក្រុមហ៊ុនណាហ្គាវើល។
លោក យ៉ែម បុញ្ញឫទ្ធិ ព្រមានថា ប្រសិនបើលោករកឃើញថាមានសំណង់របស់ក្រុមហ៊ុនណាហ្គា នៅលើដីរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នោះលោកនឹងបញ្ជាឲ្យផ្អាក និងធ្វើការរុះរើចេញភ្លាម។
លោក យ៉ែម បុញ្ញឫទ្ធិ ក៏បានស្នើឲ្យកសាងក្លោងទ្វារ និងរបងតាមរចនាបថ ដើមវិញជាបន្ទាន់ ហើយលោក នឹងស្នើសុំថវិកាបន្ថែមទៀត ដើម្បីជួយក្រសួងធម្មការក្នុងការ រៀបចំវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យឲ្យមានការរីកចម្រើន ហើយថែរក្សាគុណតម្លៃជាប្រវិត្តិសាស្ត្រ ដែលជាប្រភពដើមរបស់អ្នកតស៊ូ។
ក្នុងការចូលឆ្លើយបំភ្លឺ នារសៀលនេះ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក មិន ឃិន បានបញ្ជាក់ជាថ្មីថា ទីតាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ សព្វថ្ងៃមិនមានការរុះរើ ឬដោះដូរដូចពាក្យចចាមអារ៉ាមចោទនោះទេ។
លោក បញ្ជាក់ថា វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ស្មើនឹងនាយកដ្ឋានរបស់រដ្ឋ និងជាកន្លែងផ្ទុកសៀវភៅដ៏សំខាន់មួយ ដូចនេះក្រសួងមិនអាចលក់បានទេ។
លោក មិន ឃិន ឲ្យដឹងទៀតថា ចំពោះរឿងរ៉ាវទាក់ទងនឹងករណីនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានធ្វើលិខិតថ្វាយព្រះមហាក្សត្រថា មិនមានការលក់ដីនៅជុំវិញវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យទេ។ លោក មិន ឃិន បន្ថែមថា រោងដែកដែលគេសង់លើដីពុទ្ធសាសនបណ្ឌិត្យ គឺឲ្យ Naga World ធ្វើដោយគ្មានបង់ថ្លៃ។
នៅរសៀលម៉ោង២ ថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក មិន ឃិន បានដឹកនាំសហការីមកបំភ្លឺចំពោះគណៈកម្មការទី៧ និងតំណាងគណៈកម្មការនានានៃរដ្ឋសភា ជុំវិញរឿងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ និងការរៀបចំវិស័យធម្មការ និងសាសនា។
ការសាកសួររដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនានេះធ្វើឡើងបន្ទាប់ពីមានការតវ៉ាពីសំណាក់ព្រះសង្ឃមួយក្រុម ដែលបានដាក់ញត្តិទៅកាន់រដ្ឋសភាសុំអន្តរាគមន៍ទប់ស្កាត់ការលក់ ឬដោះដូរដីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យដែលជាព្រះរាជទ្រព្យ អតីតព្រះមហាក្សត្រ។
កាសែតភ្នំពេញប៉ុស្ដិ៍ កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ បានចុះផ្សាយថា ក្រុមហ៊ុនណាហ្គាវើលកំពុងតែសម្លឹងដីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ សម្រាប់អភិវឌ្ឍសណ្ឋាគារថ្មីមួយ។
ព័ត៌មាននៃការលក់ទិញវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនេះកើតឡើង ខណៈក្រុមហ៊ុនណាហ្គាកំពុងសាងសង់ផ្លូវ Naga Walk តាមបណ្ដោយមហាវិថីព្រះសីហនុ មុខវិទ្យាស្ថាននេះ និងកំពុងសាងសង់Naga2 ដែលធ្វើឲ្យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យស្ថិតនៅចំកណ្ដាលNaga និង Naga2៕

សូមសរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
និយាយឲ្យត្រង់ទៅ រឿងនេះ យើងមានការព្រួយបារម្ភណាស់ គឺព្រួយបារម្ភដូចអ្នកទាំងអស់ដែលប្រឆាំង ផងដែរ។
យើងគិតថា ហេតុម្តេចក៏គេមិនអាចរៀបប្លងសាងសង់អាគារ ឬសំណង់របស់ NAGA ឲ្យចៀសពីការប៉ះពាល់ លើដែនដី ជា ប្លង់សំណង់របស់ពុទ្ធសាសនៈបណ្ឌិត បាន? យើងថា បើធ្វើដូចនេះ បាន នុះ តទៅមុខ វានងអាចមានក្រុមហ៊ុនណាមួយ ទៀត ដែលសុំអនុញ្ញាតវាយរបងព្រះបរមរាជវាំង ឬ សុំវាយប្រាសាទទេវាវិនិច្ឆ័យរបស់ព្រះមហាក្សត្រ ជាបណ្តោះអាសន្ន ដើម្បីធ្វើអ្វីមួយរបស់គេ រួចទើបសង់ជាសំណងវិញ។
យើងគិតថា របងពុទ្ធសាសនបញឌិតនេះ គេអាចធ្វើសងរដ្ឋវិញបានក្នុងរូបភាព និងសោភ័ណភាព គុណភាពល្អជាងទៅទៀត។ តែនេះការដោះស្រាយរបៀបនេះ គឺជាការប្រមាថលើជាតិ លើប្រវត្តសាស្ត្រជាតិ។ វាអាច គឺអាចថា នៅថ្ងៃណាមួយ គេនឹងសុំវាយកំទេចអគារសារៈមន្ទីរជាតិ ឬក៏សុំដេញឲ្យរើសារមន្ទិរជាតិ ទៅដាក់កណ្តាលវាលស្រែណាមួយ ក៏មិនដឹង៕
យើងគិតថា អ្នកដែលបានសម្រេចលើការជួយជ្រោមជ្រែងឲ្យវាយរបងពុទ្ធសាសនៈបណ្ឌិត ពិតជាទទួលបានកម្រៃមិនតិចឡើយ។ រឿងនេះ សូមលោករដ្ឋមន្រ្តីក្រសួងធម្មការ និងអង្គភាពពុករលួយមើលផង៕