អត្ថបទចុះផ្សាយនៅថ្ងៃ 08-10-2014
ដោយ ប៉ែន បូណា
http://thmeythmey.com
សហភាពអឺរ៉ុបបានព្រមានថា បន្លែនាំចូលពីប្រទេសវៀតណាមមានបាក់តេរីដែលបង្កគ្រោះថ្នាក់ដល់សុខភាព ហើយបានព្រមានដាក់បម្រាមចំពោះការនាំចូលបន្លែ ផ្លែឈើពីវៀតណាម។ សមត្ថកិច្ចអឺរ៉ុបកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហានេះដើម្បីការពារសុខមាលភាពនៃប្រជាជនរបស់គេ។ នៅកម្ពុជាបាននាំចូល បន្លែ ផ្លែឈើ ត្រី សាច់ ពីវៀតណាម និងថៃយ៉ាងគគ្រឹកគគ្រេង។ នេះបង្ហាញឲ្យឃើញពីគ្រោះថ្នាក់ធំធេងចំពោះសុខភាពរបស់ពលរដ្ឋខ្មែរដោយសារកង្វះសុវត្ថិភាពចំណីអាហារ។
នៅបណ្តាប្រទេសផ្សេងៗ អាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះសុខភាពរបស់ពលរដ្ឋ។ រាល់ចំណីអាហារដែលដាក់លក់នៅលើទីផ្សារជាពិសេសទំនិញនាំចូលពីបរទេសត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតដើម្បីធានាថា ទំនិញទាំងនោះមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ បើមានបញ្ហាតែបន្តិច ពួកគេក៏ចាត់វិធានការភ្លាម។
ចុះនៅកម្ពុជា តើមួយថ្ងៃៗមានទំនិញអ្វីខ្លះនាំចូលពីវៀតណាមនិងថៃ? តើទំនិញទាំងនោះមានសុវត្ថិភាពចំពោះសុខភាពអ្នកប្រើប្រាស់ដែរឬទេ? យូរៗម្តងគេតែងសង្កេតឃើញសមត្ថកិច្ចកាំកុងត្រូលហៅទូរទស្សន៍ទៅថតការដុតបំផ្លាញជង្គង់មាន់ខូចគុណភាពនាំចូលពីប្រទេសថៃ។ ប៉ុន្តែ តើមានទំនិញប៉ុន្មានមុខទៀតដែលត្រូវបាននាំចូលដោយស្ងៀមស្ងាត់ដែលសមត្ថកិច្ចមិនដឹងឬក៏ដឹងដែរតែស្រវាំងភ្នែកមើលមិនឃើញដោយសារតែចំណាំងកាំរស្មីប្រាក់ដុល្លារ។ កុំថា តែទំនិញនាំចូល សូម្បីទំនិញក្នុងស្រុកក៏ពោរពេញដោយសារធាតុគីមីដែរ។
ជាការពិត បច្ចុប្បន្ន មនុស្សមានបញ្ហាសុខភាពកាន់តែខ្លាំងឡើង។ អ្នកខ្លះមានជំងឺមួយមុខ អ្នកខ្លះពីរឬបីមុខដំណាលគ្នា។ ជំងឺទាំងនេះកើតឡើងមិនចំពោះតែអ្នកមាន អ្នកក្រ ឬក៏នាម៉ឺនមន្ត្រីអ្វីនោះឡើយ តែវាកំពុងវាយលុកទៅលើមនុស្សដោយឥតរើសមុខ។ មូលហេតុសំខាន់ជាងគេគឺចំណីអាហារគ្មានសុវត្តិភាព និងបរិស្ថានកខ្វក់ដែលកំពុងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពរបស់មនុស្ស។
សារធាតុគីមីដែលជាសត្រូវរបស់សុខភាពត្រូវបានគេប្រើប្រាស់យ៉ាងអនាធិបតេយ្យនៅក្នុងចំណីអាហារស្ទើរតែគ្រប់មុខ រាប់តាំងពីត្រីសាច់ បន្លែ ផ្លែឈើ ដែលមនុស្សបរិភោគជារៀងរាល់ថ្ងៃ។ នៅពេលដែលសារធាតុពុលទាំងអស់នោះបានវាយលុកដោយស្ងៀមស្ងាត់ពីខាងក្នុងខ្លួន បរិយាកាសខាងក្រៅក៏បានចូលរួមចំណែកបំផ្លាញសុខភាពមនុស្សដែរតាមរយៈខ្យល់ដកដង្ហើម។ ជាតិពុលក៏កំពុងហ៊ុមពទ្ធ័បរិយាកាសជុំវិញខ្លួនមនុស្សកាន់តែខ្លាំងឡើងៗដោយសារតែមនុស្សបាននិងកំពុងបំផ្លាញបរិស្ថានយ៉ាងធ្ងន់ធ្ងរ។
បន្ថែមពីលើនេះ អាកប្បកិរិយារបស់មនុស្សសម័យថ្មីក៏ជាកត្តាអំណោយផលមួយយ៉ាងខ្លាំងដែរដល់ភាពទ្រុមទ្រោមនៃសុខភាព។ នៅពេលដែលមនុស្សស្រូបយកជាតិពុល គ្រប់ បែប យ៉ាងចូលក្នុងខ្លួន មនុស្សមួយចំនួនបែរជាមិនបញ្ចេញពលកម្មរាងកាយទាល់តែសោះ។ អាកប្បកិរិយាដ៏គ្រោះថ្នាក់មួយទៀតរបស់មនុស្សសម័យបច្ចុប្បន្នគឺការនិយមពិសារគ្រឿងស្រវឹងដ៏លើសលប់។ គ្រឿងស្រវឹងក៏កំពុងវាយលុកយ៉ាងខ្លាំងផងដែរទៅលើស្រទាប់យុវវ័យ។
ងាកទៅមើលប្រពន្ធ័សុខាភិបាលវិញ កម្ពុជាក៏មិនទាន់មានសេវាសុខាភិបាលគួរឲ្យទុកចិត្តនៅឡើយ។ ការចាកចេញទៅព្យាបាលជំងឺនៅឯបរទេសរបស់ពលរដ្ឋខ្មែរជាច្រើន គឺជាភស្តុតាងបញ្ជាក់ពីបញ្ហានេះបាន។ ក្រៅពីប្រពន្ធ័សុខាភិបាលទន់ខ្សោយ ពលរដ្ឋខ្មែរភាគច្រើនលើសលប់គ្មានទទួលបានការធាបារ៉ាប់រងសុខភាពអ្វីទាំងអស់។
ដូច្នេះ ដើម្បីឲ្យគ្រួសារ និងសង្គមទាំងមូលចៀសវាងបាននូវគ្រោះថ្នាក់ ចាំបាច់ណាស់ដែលពលរដ្ឋគ្រប់គ្នាមានសុខភាពល្អ។ ដំណោះស្រាយជាបឋមគឺ ក្រសួងមានសមត្ថកិច្ចនានាត្រូវតែច្បាស់លាស់ក្នុងការត្រួតពិនិត្យចំណីអាហារដែលលក់នៅលើទីផ្សារ។ រាល់គ្រឿងឧបភោគបរិភោគដែលដាក់លក់លើទីផ្សារត្រូវតែមានសុវត្ថិភាពចំពោះសុខភាពអ្នកប្រើប្រាស់ ជាពិសេសចូរប្រយ័ត្នកុំឲ្យកម្ពុជាក្លាយជាធុងសំរាមផ្ទុករបស់ខូចគុណភាពមកពីប្រទេសជិតខាង។
ទន្ទឹមនឹងនោះ ការពង្រឹងគុណភាពសុខាភិបាលក៏ជាកាតព្វកិច្ចមិនអាចមើលរំលងបានដែរពីសំណាក់រដ្ឋាភិបាល។ ចំណែកឯមនុស្សទូទៅក៏ត្រូវប្តូរទម្លាប់មិនល្អមួយចំនួនជាចាំបាច់។ ការងារដែលប្រើកម្លាំងកាយពិតជាមានសារប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាព។ ពលកម្មបានធ្វើឲ្យសត្វស្វាវិវឌ្ឍន៍មកជាមនុស្ស ប៉ុន្តែ ការបោះបង់ចោលពលកម្មនឹងធ្វើឲ្យមនុស្សវិវឌ្ឍន៍ទៅជាសត្វជ្រូកវិញ។ នេះជាទស្សនៈវិស័យដែលគេបានស្រមៃឃើញជាស្រេចសម្រាប់អនាគតមនុស្សជាតិ។
ដោយឡែក សម្រាប់សង្គមខ្មែរ បញ្ហាសុខភាពត្រូវគេប៉ាន់ប្រមាណថានឹងក្លាយជាចំណោទធំធេងមួយ។ ក្នុងរយៈពេលមិនយូរខាងមុខ មនុស្សខ្មែរជាច្រើននឹងត្រូវមានសុខភាពទ្រុឌទ្រោមមុនអាយុ ប្រសិនបើវិធានការនានាមិនត្រូវបានចាត់ឡើងឲ្យសមស្របនិងទាន់ពេលវេលាទេនោះ៕

youn hanoi killing us indirect and thai kill us direct so all cambodian people have to be carefull, like before angkor impire fall down the big population in angkor gone without reason ,maybe cambodian that time got big poison that why the history said did not know what was happen .so all cambodian need to think twice before you eat product from veitname and thai.GOD bless all cambodian people’