Wed, 15 October 2014
ហុង រស្មី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ក្នុងវ័យ២៣ឆ្នាំ កញ្ញា ថុន ស្រីពេជ្រ ជាអ្នកនិពន្ធចម្រៀងនៅផលិតកម្មរស្មីហង្សមាស មានឆន្ទៈក្នុងការតាក់តែងនិពន្ធបទចម្រៀងថ្មីដោយមិនចម្លងពីគេ បើទោះបីជានាងត្រូវខំរកប្រាក់ចម្អែតក្រពះយ៉ាងណាក៏ដោយ។
«ខ្ញុំសប្បាយចិត្ដនៅពេលបានឮបទចម្រៀងដែលខ្ញុំនិពន្ធផ្ទាល់ដៃ ទាំងបទភ្លេង និងទំនុកច្រៀង ចាក់នៅតាមភោជនីយដ្ឋាននានា និងមានក្នុងទូរស័ព្ទដៃរបស់មិត្ដភក្ដិ ហា ហាហា!»។ នេះជាការលើកឡើងរបស់អ្នកនិពន្ធវ័យក្មេងដែលខិតខំនិពន្ធបទចម្រៀងជាស្នាដៃផ្ទាល់ខ្លួន។
រហូតមកទល់នឹងពេលនេះកញ្ញានិពន្ធចម្រៀងបានជាង១០០បទដែលក្នុងនោះ «ទំនុកចម្រៀង» មានជាង៦០បទ និង «បទភ្លេង និងទំនុកច្រៀង» មានជាង៤០បទ។
កញ្ញាបានរៀបរាប់ពីស្នាដៃថ្មីៗនេះថា៖ «ខ្ញុំមានចម្រៀង Original ចេញលក់២អាល់ប៊ុម គឺអាល់ប៊ុម «ភ្លេងស្នេហ៍នៅសេអ៊ូល» និងអាល់ប៊ុម WHITE & BLUE»។
WHITE & BLUE ជាអាល់ប៊ុមដែលកញ្ញានិពន្ធបទភ្លេង និងទំនុកច្រៀង។ កញ្ញាចងក្រង និងជ្រើសរើសតារាចម្រៀងដោយខ្លួនឯង។ រីឯ «ភ្លេងស្នេហ៍នៅសេអ៊ូល» ជាអាល់ប៊ុមសាច់រឿងនិពន្ធរួមជាមួយអ្នកនិពន្ធ២នាក់។ បទ «គួរបន្ទោសបេះដូង» ក្នុងអាល់ប៊ុម «កញ្ញាគ្រាប់កាហ្វេ» ដែលអ្នកនិពន្ធវ័យក្មេងរូបនេះបានចូលរួមនិពន្ធជាមួយអ្នកនិពន្ធដទៃទៀត ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រិយមិត្ដ ជាពិសេសយុវវ័យ។
ក្រៅពីនោះបទ «បេះដូងត្រជាក់» ច្រៀងដោយ សុវណ្ណរាជ បទ «សុំជួបមុនបែក» ច្រៀងដោយ សុគន្ធកញ្ញា បទ «មិនបាច់ប្រាប់គេ» ច្រៀងដោយ រាជ និងកញ្ញា បទ «កុំសុំបែកគ្នា» ច្រៀងដោយ ហ្សូណូ និងបទ «គួរបន្ទោសបេះដូង» ច្រៀងដោយ សុគន្ធកញ្ញា ពិតជាបានបំពេអារម្មណ៍អ្នកស្ដាប់យ៉ាងពីរោះរណ្ដំ។
ចំពោះការតាក់តែងបទចម្រៀងថ្មីៗនេះ ថុន ស្រីពេជ្រ បានទទួលស្គាល់ថា៖ «ការនិពន្ធបទចម្រៀងអូរីជីណលពិតជាត្រូវប្រើពេលវេលាយូរ ហើយរត់តាមទីផ្សារមិនទាន់ទេ ពីព្រោះក្នុងមួយបទខ្ញុំត្រូវប្រើពេលប្រហែល២សប្ដាហ៍ ឬអាចយូរជាងនេះ»។
កញ្ញាបានបន្ថែមថា កញ្ញាចូលចិត្ដតារាចម្រៀងទាំងអស់នៅផលិតកម្មហង្សមាស ពីព្រោះពួកគេមានទឹកដមសំនៀងពីរោះម្យ៉ាងម្នាក់។ ប៉ុន្ដែចំពោះអត្ថន័យ និងចង្វាក់ភ្លេងរបស់កញ្ញា ភាគច្រើនសមនឹងហ្សូណូ សុគន្ធកញ្ញា សុវណ្ណរាជ សុវណ្ណបញ្ញា និងវីហ្សា។
មាននិស្ស័យស្នេហាសិល្បៈតាំងពីតូច យុវតីដែលមានកំណើតកើតជាក្នុងរាជធានីភ្នំពេញ និងមានបងស្រីជាអតីតតារាចម្រៀងម្នាក់ បានឆ្លៀតពេលការសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រងផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច និងភាសាអង់គ្លេស ទៅរៀនអក្សរភ្លេងខ្លះៗពីសាលាក្រៅម៉ោង ពីអ៊ីនធឺណិត និងមិត្ដភក្ដិ។ ភាពមមាញឹកទាំងការសិក្សា និងការនិពន្ធចម្រៀងនៅផលិតកម្មធ្វើឲ្យ ថុន ស្រីពេជ្រ បង្ខំចិត្ដត្រូវផ្អាកអាជីពជាពិធីការិនីវិទ្យុមួយរយៈសិន។
កញ្ញាបាននិយាយថា៖ «ខ្ញុំធ្លាប់ជាឌីជេនៅវិទ្យុអេហ្វអឹម១០៧ចាប់ពីឆ្នាំ២០០៨ និងអេហ្វអឹម ១០៤.៥ ក្នុងឆ្នាំ ២០១០។ ឆ្នាំ២០១៣ ខ្ញុំត្រូវបានអញ្ជើញឲ្យធ្វើជាពិធីការិនីជាថ្មីម្ដងទៀតនៅ១០៤.៥ ពីព្រោះមានប្រិយមិត្ដនឹក។ ប៉ុន្ដែខ្ញុំអាចឆ្លៀតពេលធ្វើបានតែ៣ខែ ប៉ុណ្ណោះ»។
ពាក់ព័ន្ធនឹងការសរសេរបទចម្រៀងថ្មីៗ កញ្ញា ថុន ស្រីពេជ្រ បានបន្ដថា ដើម្បីនិពន្ធចម្រៀងថ្មីមួយបទ កញ្ញាត្រូវលេងហ្គីតា ឬព្យ៉ាណូ ឃីបត និងនិពន្ធទំនុកច្រៀងឲ្យរួចរាល់ ហើយត្រូវច្រៀងថតធ្វើជាប៉ាន់ ជា File អឹមភីស្រ៊ី (MP3) ដើម្បីប្រគល់ឲ្យអ្នកចម្រៀងស្ដាប់ និងច្រៀងតាម។ បន្ទាប់មក ត្រូវប្រគល់ File នោះទៅអ្នកសម្រួលតន្ដ្រីដើម្បីរៀបចំឲ្យក្លាយជាតន្ដ្រីស្ដង់ដារ។
កញ្ញាទទួលស្គាល់ថា កញ្ញាមានបទពិសោធស្ដួចស្ដើងចំពោះអក្សរសាស្ដ្រខ្មែរ និងផ្នែកតន្ដ្រីដែលនៅមានមនុស្សពូកែជាច្រើនទៀតមិនទាន់មានឱកាសបង្ហាញសមត្ថភាព។
យ៉ាងណាមិញ អ្នកនិពន្ធវ័យក្មេងរូបនេះ ជឿថា៖ «ការតស៊ូគង់តែបានសម្រេច។ ស្រឡាញ់អ្វី ចូលចិត្ដអ្វី ក្ដីស្រមៃយើងជាអ្វី យើងត្រូវតែមោះមុតក្នុងកិច្ចការនោះ។ ខ្ញុំតែងតែមានពាក្យពេចន៍៣ម៉ាត់ដាស់តឿនខ្លួនឯងដើម្បីសម្រេចកិច្ចការអ្វីមួយនោះគឺឧត្ដមគតិ ឆន្ទៈ និងពលិកម្ម»៕
NICE