ដោយ៖ ឡាយ សាមាន និង ញឺម សុខន
ថ្ងៃចន្ទ ទី20 តុលា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
លោក អ៊ីរិក (Eric Sidgwick) ចេញមកបកស្រាយដល់អ្នកតវ៉ា (រូបដោយ៖ សុខន)
ប្រជាសហគមន៍ប្រមាណ២០០នាក់ នៅរាជធានីភ្នំពេញប្រមូលផ្តុំគ្នាម្តងទៀត នៅថ្ងៃចន្ទនេះ ជំរុញឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ADB ផ្តល់ព័ត៌មានលំអិតជុំវិញគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ដើម្បីទប់ស្កាត់ការបណ្តេញចេញ។
តំណាងអ្នកតវ៉ាលោក ឡុង ចាន់ឌី ថ្លែងនៅកន្លែងតវ៉ាជាប់របងធនាគារADBនាថ្ងៃទី២០ខែតុលាឆ្នាំ២០១៤នេះថា ធនាគារនេះបានផ្តល់ប្រាក់កម្ចីច្រើនលានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជាដើម្បីពង្រីកផ្លូវដែក។ លោកថា ក្នុងនាមជាម្ចាស់ប្រាក់កម្ចី និងផ្តល់ជំនួយ ត្រូវសួរភាគីពាក់ព័ន្ធពីគម្រោងអភិវឌ្ឍន៍នេះ ដើម្បីឲ្យពួកគេដែលរស់នៅតាមដងផ្លូវដែក ដឹងពីការផ្តល់សំណង និងទំហំនៃការពង្រីកផ្លូវនេះ ដើម្បីទប់ស្កាត់ការបណ្តេញចេញ។
តាមក្រុមអ្នកតវ៉ាឲ្យដឹងថា គម្រោងពង្រីកផ្លូវដែកនេះ មានព័ត៌មានមិនច្បាស់លាស់ ដោយក្រុមហ៊ុនខ្លះប្រកាសឲ្យអ្នករស់នៅតាមផ្លូវដែករើចេញចម្ងាយ១០ម៉ែត្រ ខ្លះទៀតប្រកាសឲ្យចេញចម្ងាយ២០ម៉ែត្រ រីឯសំណងនៃផលប៉ះពាល់ មិនទាន់ត្រូវបានទំលាយឲ្យដឹង ទើបពួកគេបារម្ភពីការបណ្តេញចេញ។
ក្រោយពីការតវ៉ា ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា លោក អ៊ីរិក (Eric Sidgwick)អះអាងថា ADBបានព្យាយាមហៅ ក្រុមហ៊ុនថូល និងមន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធមកពិភាក្សាគ្នាដើម្បីទទួលបានចម្លើយពិតពីគម្រោងពង្រីកផ្លូវដែកនេះដែរ ប៉ុន្តែលោកថា ភាគីទាំងនោះមិនបង្ហាញសញ្ញាវិជ្ជមានទេ។ លោកថ្លែងដោយមានអ្នកបកប្រែថា ការផ្តល់ព័ត៌មានលំអិតពីគម្រោងពង្រីកផ្លូវដែក និងការផ្តល់សំណងណាមួយ ជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលកម្ពុជា។
នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជាលោក អៀង វុទ្ធី មានប្រសាសន៍ថា ការបញ្ជាក់ពីធនាគារ ADB គ្រាន់តែជាការដោះសារប៉ុណ្ណោះ។ លោកបន្តថាធនាគារADB មានតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហានេះ ក្នុងការធ្វើជាអ្នកសម្របសម្រួល និងទម្លាយព័ត៌មានពីការអភិវឌ្ឍន៍នៅតំបន់នោះ ដើម្បីកុំឲ្យពលរដ្ឋរស់នៅភ័យដូចសព្វថ្ងៃ។ លោក បន្ថែមថា ប្រសិនបើគម្រោងទី ២ រដ្ឋាភិបាលយកដីចម្ងាយ ១០ម៉ែត្រពីផ្លូវរថភ្លើងធ្វើការអភិវឌ្ឍន៍នឹងប៉ះពាល់ដល់ពលរដ្ឋរាប់ពាន់គ្រួសារ។
តាមសេចក្តីរាយការណ៍នានា ឲ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី ADB ផ្តល់កម្ចី លើគម្រោងវិនិយោគជួសជុលផ្លូវដែកនៅកម្ពុជាចំនួន២ខ្សែរ គឺពីផ្នែកខាងត្បូងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ មានប្រវែង២៥៦គីឡូម៉ែត្រ។ចំណែកនៅខាងជើងភ្នំពេញ ទៅក្រុងប៉ោយប៉ែត ព្រំដែនថៃ ចម្ងាយ៣៨៣គីឡូម៉ែត្រ។ បើតាមADB គិតត្រឹមឆ្នាំ២០១២ គឺគម្រោងនេះ នឹងប៉ះពាល់ដល់ប្រជាពលរដ្ឋ ចំនួន៤០០០គ្រួសារនៅទូទាំងបប្រទេស ក្នុងនោះ១០៥០គ្រួសារត្រូវផ្លាស់ប្តូរទីលំនៅ៕
សូមសរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
និយាយពីរឿងចំណីផ្លូវនេះ ពិបាកនិយាយណាស់។
នេះគឺជារឿងតែមួយ របស់សង្គមខ្មែរនាបច្ចុប្បន្ន។
មិនថាតែអ្នកនៅតាមបណ្តោយផ្លូវដែក ដែលយូរៗ មានរថភ្លើងមួយខ្សែរត់កាត់ ឬក៏គ្មានសោះ, តែយើងបែរទៅមើលលើផ្លូវថំ្មតាវិញ ។ តាមផ្លូវធម្មតា គេឃើញ ៖
១) សង់ផ្ទះ ពង្រីកផ្ទះមកលើដីចំណី ឬទ្រូងផ្លូវ
២) លក់ដូរ លើទ្រូវផ្លូវ យកទ្រូងផ្លូវធ្វើជាផ្សារលក់ដូរ
៣) យកទ្រូងផ្លូវប្រើប្រាស់ជាប្រយោជន៍ឯកជន។
ទាំអស់នេះ គេហៅថា ជារបៀបរស់នៅ ជាវប្បធម៌ខ្មែរមួយចំនួន នាបច្ចប្បន្ន។
រឿងទាំងអស់ មិនមែនជាកំហុស ADB និងមិនមែនជាកំហុសរបស់រដ្ឋាភិបាល និងក្រុមហ៊ុនទេ តែជាទម្លាប់របស់មនុស្សខ្មែរមួយភាគនោះ។
វិធីដោះស្រាយ មានតែមួយ គឺ ផ្តល់សិទ្ធិឲ្យរដ្ឋាភិបាលអនុវត្តគោលនយោបាយឡ្មានលក្ខខណ្ឌមួយ និងមិនមានការលូកដៃពីអ្នកនយោបាយ រួមនឹងអង្គការញុះញង់មួយចំនួន ផង៕