កែវ ច័ន្ទសម្ផស្ស ថា​​មាត់​ចាប​មាត់​ព្រាបលាប​ពណ៌​

ដោយ៖​ វង្ស សុ​ម៉ា​លីន​
ថ្ងៃអង្គារ ទី21 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

កែវ ច័ន្ទ​សម្ផស្ស និង ​គង់ សុធារិទ្ធិ កាល​ពី​កន្លង​ទៅ (រូបភាព៖ វង្ស សុម៉ាលីន)

​​​​ទំនាក់​ទំនង​ស្និទ្ធ​ស្នាល​ជា​មួយ​ដៃ​គូ​ចាស់​ ​កំពុង​ធ្វើ​ឲ្យ​​តារា​ចម្រៀង​ស្រគត់​ស្រគំ ​នាង​​ កែវ ច័ន្ទ​សម្ផស្ស ធ្វើ​ឲ្យ​មាន​ការយល់​ឃើញ​មិនល្អ​ពី​ទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរ ។ យ៉ាង​ណាក៏​ដោយ នាង​អះ​អាង​ថា មិន​​​ខ្វល់​នោះ​ទេ ក្នុង​ពេលដែល​ស្វាមី​របស់​នាង​ក៏​​មិន​មាន​ការ​យល់​ឃើញអវិជ្ជមាន ​។

​​ ​​​កែវ ច័ន្ទ​សម្ផស្ស ទទួល​ស្គាល់​ថា ​ហេតុ​ផល​នៃ​ការ​បិទ​បាំង​​អត្តសញ្ញាណ​ស្វាមី ​និង​​​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​លោក​ គង់ សុធារិទ្ធិ អតីត​តារា​ចម្រៀង​ប្រចាំ​នៅ​​ផលិតកម្ម​រស្មី​​នាគ​​មាស ​នា​ពេល​ថ្មីៗ​ កំពុង​ធ្វើ​ឲ្យ​កើត​ឡើង​នូវការលាប​ពណ៌​ដោយ​ក្រុម​មាត់​ចាប​មាត់​ព្រាប ​។ អ្នកទាំង​នោះ បាន​សង្ស័យ​ថា​នាង​ភូត​កុហក​រឿង​​មាន​ប្ដី ​ឬ​​ពិត​ជា​មានមែន ប៉ុន្តែ​​អាច​ពាក់​ព័ន្ធ​របស់​គេ ទើប​មិន​ហ៊ាន​បណ្ដើរ​​ឲ្យ​អ្នក​កាសែត​បាន​ស្គាល់​ជា​ដើម​​ ។ ​​គាប់​ជួន​ជា​នាង​មិន​​​បាន​បញ្ចេញ​រូប​ថត​រៀប​ការ ឯគម្រោង​​យក​កូន​ក៏​មិន​បាន​កំណត់​​ផងនោះ ទើប​កាន់​តែ​ធ្វើ​ឲ្យ​​មាន​ការ​​លើក​ឡើង​ថា នាង​​​លេង​បិទ​ពួន​​ក្នុង​ពេល​​រវាងនាង និង​លោក​គង់ សុធារិទ្ធិ ​​បាន​ក្លាយ​ជា​ដៃ​គូ​ចម្រៀង​នឹង​គ្នា​នៅ​លើឆាក​ជា​ថ្មី​ ។

​​​ ​​​កែវ ច័ន្ទ​សម្ផស្ស ថា នាង​ហួស​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ការ​យល់​ឃើញ​ថា នាង​​អាច​នឹង​មាន​ចម្រូង​ចម្រាស់​​ប្ដី​ប្រពន្ធ ទើប​​ងាក​មក​​ពាក់​ព័ន្ធ​ជាមួយ​​​លោក គង់ សុធារិទ្ធិ​ជា​ថ្មី ដោយ​សូម្បី​តែ​ក្នុង​ពេល​ផ្ទុះ​រឿង​ថា​នាង និង​លោ​ក​សុធារិទ្ធិ​ ជា​សង្សារនោះ គឺ​ពួក​នាង​គ្រាន់តែ​ជាគូ​ចម្រៀង​សុទ្ធ​សាធ​ ។ នាង​នៅ​តែ​រក្សា​ចម្លើយ​​ថា ​នាង​និង​បុរស​ស្វាមី​​វ័យ​ជាង​៤០​ឆ្នាំ ​នៅ​​ល្អូក​ល្អិន បើ​ទោះ​​មិន​ទាន់​មាន​កូន​ជា​មួយ​គ្នា ​ក្នុង​ពេល​ម្នាក់​ៗ​រស់​នៅ​​ឆ្ងាយ​គ្នា ដោយ​សារ​ស្វាមី​ត្រូវ​គ្រប់​គ្រង​ចំការ​កៅ​ស៊ូ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ឯ​នាង​ច្រើន​នៅ​ភ្នំពេញ​ដើម្បី​អាជីព​ចម្រៀង និង​​គ្រប់​គ្រង​ផ្ទះ​ជួល​នៅ​ម្ដុំ​កំបូល​​នោះ​ក្ដី​ ។ នាង​លើក​ឡើង​បែប​ស៊ាំ​នឹង​​​​ព័ត៌មាន​អាស្រូវ​ថា «​រឿង​មាត់​ចាប​មាត់​ព្រាប ​អ្វី​ក៏​​អាច​និយាយ​បាន​ដែរ ប៉ុន្តែ​​ការ​ពិត​គឺ​ខ្ញុំ​​​​ដឹង​ខ្លួន​ឯង​ច្បាស់​ហើយ​!» ។ ​

​ កែវ ច័ន្ទ​សម្ផស្ស ​ខក​ខាន​ជិត​ស្និទ្ធិ​ជា​មួយ​​​​លោក​ គង់ សុធារិទ្ធិ ច្រើន​ឆ្នាំ​មក​ហើយ ពោល​គឺ​ចាប់​តាំង​ពី​នាង​សម្រេច​ចិត្ត​​ចូល​រោង​ការ​ជា​មួយ​បុរស​ពោះ​ម៉ាយ​កូន​២​វ័យ​ជាង​៤០ឆ្នាំ​​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​ចុង​ឆ្នាំ​២០១១​។ យ៉ាង​ណា​មិញ ​នៅ​មិន​មាន​ភស្ដុតាង​​ណា​មួយ បង្ហាញ​ថា​នាង​ពិត​ជា​បាន​រៀប​ការ​ដូច​ការ​អះ​អាង​​នោះ​ទេ។ ​តារា​រូប​នេះ​ប្រាប់​ថា លោក​សុធារិទ្ធិ ​គឺ​ជា​ដៃ​គូ​ចម្រៀង​តែ​ម្នាក់​គត់ ដែល​នាង​គិត​ថា​​ច្រៀង​​បាន​​​​ស៊ី​សង្វាក់​​គ្នា ហើយ​អាង​ថា​លោក​​ក៏​មាន​​​កំណាន់​ចិត្ត​រួច​ទៅ​ហើយ​ផង ទើប​មិន​ខ្លាច​មាត់​ចាប​មាត់​ព្រាប​លាបពណ៌​ដូចដែល​​លេចឮ ។

នាង​អះ​អាង​ថា ​តាំង​ពី​ដើម​មក​​នាង​ និង​បុរស​ម្នាក់​នេះ ក៏​​​មិន​មែន​ជា​គូ​ស្នេហ៍​នោះ​ដែរ ប៉ុន្តែ​មក​ពី​មាន​ការ​​ផ្គូរ​ផ្គង​​នៅ​លើ​ ​បណ្ដាញ​សារព័ត៌មាន ទើប​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​រហូត​ធ្វើ​ឲ្យ​នាង និង​លោក​​សុធារិទ្ធិ ស្ទើរ​តែ​លែង​ហ៊ាន​រាប់​អាន​គ្នា ក្រោយ​ពេល​មាន​​​ម្ចាស់​បេះ​ដូង​រៀង​ខ្លួន​។ យ៉ាងណា​មិញ ស្ថានភាព​ការងារ​ក្នុង​សិល្បៈ មិន​អាច​ឲ្យ​នាង​ដាច់​ឆ្ងាយ​បែ​ប​នេះ​បាន​ទេ ទើប​សម្រេច​ចិត្ត​ចាប់​ដៃ​គ្នា​វិញ ដើម្បី​រក​ប្រាក់ និង​ក្នុង​បំណង​ឲ្យ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​នៅ​គ្រប់​វេទិកា​សិល្បៈ។

កែវ ច័ន្ទ​សម្ផស្ស ​បញ្ជាក់​យ៉ាង​សឿង​ថា ស្វាមី​វ័យ​ជ្រេ​របស់​នាង មិន​ប្រចណ្ឌ​ជា​មួយ​ គង់ សុធារិទ្ធិ​ នោះ​ទេ បើ​ទោះ​ជា​ក្នុង​ពេល​ច្រៀង គឺ​នាង និង​លោក​បាន​បង្ហាញ​កាយវិកា​​ដូចគ្នា​នឹង​គូ​ស្នេហ៍​នៅ​លើ​ឆាក​នោះ​ក៏​ដោយ​។ ​​នាងថា​​មិន​ខ្វល់ចំពោះ​ការ​លាប​ពណ៌​នោះ​ទេ ដ្បិត​អ្វី​ដែល​សំខាន់​គឺ​​ស្វាមី​របស់​នាង​​យល់​ស្រប ​​ឯ​នាង និង​លោកគង់ សុធារិទ្ធិ ក៏​ស្គាល់​ច្បាស់​ពី​ទំនាក់​ទំនង​របស់​ខ្លួន​ថា​មិន​មែន​ក្នុង​ន័យ​ស្នេហា​។

នាង​​លើក​ឡើង​បែប​ហួស​ចិត្ត​ថា ​មាត់​ចាប​មាត់​ព្រាប​ពិត​ជា​ពូកែ​លាប​ពណ៌ ​ប៉ុន្តែ​ការ​លើក​ឡើង​នោះ ​នាង​អះ​អាង​ថា​អត់​ប៉ះ​ទង្គិច​​ដល់​អារម្មណ៍​រវាង​នាង និង​ស្វាមី​​នោះ​ឡើយ។ នាង​និយាយ​ថា «​គ្រួសារ​​ខ្ញុំ​ស្គាល់​ខ្ញុំ និង​សុធារិទ្ធិ​ច្បាស់​ណាស់ ដូច្នេះ​អ្នកយល់​ឃើញ​យ៉ាង​ម៉េច​គឺ​ជា​​ការ​គិត​របស់​ពួក​គេ»។ ​កែវ ច័ន្ទ​សម្ផស្ស ​ប្រាប់​ថា ​​ទោះ​ជា​ស្នេហា​របស់​តារា​សិល្បៈ​មួយ​ចំនួន ត្រូវ​បាន​រង្គោះ​រង្គើ​ដោយ​ការ​លាប​ពណ៌ ក៏​ស្នេហា​របស់​នាង​​និង​បុរស​​ពោះ​ម៉ាយ​​ម្ចាស់​ចម្ការ​កៅស៊ូនៅ​ខេត្ត​បន្ទាយ​មាន​ជ័យដែល​នាង​ប្រឹង​លាក់មក​ទល់​ពេល​នេះ ​នៅ​តែ​រឹង​មាំ​ជា​ដរាប៕

សូម​សរសេរ​មក​កាន់​លោក វង្ស សុម៉ាលីន តាម​រយៈ vongsomalin@yahoo.com

What Next?

Recent Articles

One Response to "កែវ ច័ន្ទសម្ផស្ស ថា​​មាត់​ចាប​មាត់​ព្រាបលាប​ពណ៌​"

  1. ##$$ says:

    អារឿង “សាច់មួយដុំ “ហ្នឹង ពិតជាស្មុគ្រស្មាញណាស់