ដោយ៖ ឡាយ សមាន
ថ្ងៃអង្គារ ទី21 តុលា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
អ្នកជំនាញផ្នែកច្បាប់ក្នុងស្រុក លើកឡើងថា ការដែលអភិបាលខេត្តកោះអញ្ជើញប្រធានតុលាការ ឬព្រះរាជអាជ្ញាឲ្យចូលបំភ្លឺពាក់ព័ន្ធនឹងការសម្រេចសេចក្តីលើក្តីបទល្មើសអ្វីមួយនោះ គឺជាការរំលោភលើអំណាចតុលាការ និងក្រសួងយុត្តិធម៌។
ការបកស្រាយរបស់អ្នកច្បាប់នេះ ដោយសារតែថ្មីៗនេះ អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានកោះអញ្ជើញប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីបំភ្លឺរបាយការណ៍ស្តីពីការសម្រេច មិនឃុំខ្លួនជនសង្ស័យពីរនាក់ពីបទរក្សាទុកគ្រឿងញៀនខុសច្បាប់។
ប្រធានសម្របសម្រួលគណៈកម្មាធិការប្រព្រឹត្តកម្ម លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា ប្រសិនបើអភិបាលខេត្តចង់ដឹងពីស្ថានភាពបទល្មើសថយ ឬមានការកើនឡើង គាត់អាចកោះហៅប្រធាន ឬព្រះរាជអាជ្ញាសាកសួរបន្ថែមបាន ក្នុងនាមជាមន្ត្រីគ្រប់គ្រងខេត្ត។ ប៉ុន្តែលោកថា ប្រសិនបើអភិបាលខេត្តកោះហៅប្រធានសាលាដំបូងខេត្តឲ្យចូលបំភ្លឺពាក់ព័ន្ធនឹងការសម្រេចរឿងក្តីអ្វីមួយនោះ ជាការបំពានអំណាចតុលាការ។ លោកបញ្ជាក់ថា «ឧទាហរណ៍ថា អភិបាលខេត្តគេចង់ដឹងស្ថានភាពដាក់ទៅហ្នឹងម៉េច ស្ថានភាពបទល្មើសទូទាំងខេត្តរបស់គេយ៉ាងម៉េច គេមានសិទ្ធិដឹង ដល់ពេលពាក់ព័ន្ធរឿងក្តីថាអ្នកឯង ចាប់គេម៉េច កាត់ក្តីគេម៉េចអាហ្នឹងអត់ត្រឹមត្រូវ»។
អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជន ម៉ាលីន មានប្រសាសន៍ថា អំណាចនីតិប្រតិបត្តិមិនអាចបញ្ជាទៅលើអំណាចតុលាការបានទេ។ ប៉ុន្តែលោកថា ក្នុងស្មារតីកិច្ចសហការគ្នា ដើម្បីទប់ស្កាត់បទល្មើស និងដោះស្រាយបញ្ហាដែលកើតឡើងនៅក្នុងខេត្ត អភិបាលខេត្តនេះអាចកោះហៅប្រធានសាលាដំបូងសាកសួរបន្ថែមបាន។ លោកបន្ថែមថា «បាទ គឺមិនអាចលូកលាន់ទៅក្នុងកិច្ចការផ្ទៃក្នុងបានទេ ប៉ុន្តែខ្ញុំនិយាយនេះជាដំណើរការនីតិវិធី ហើយវាជាដំណើរការឯករាជ្យរបស់តុលាការ មិនអាចមានភាគីណាមួយលូកលាន់ ឬក៏ឲ្យបំភ្លឺ ឬក៏អន្តរាគមន៍បានទេ (ប៉ុន្តែជាក់ស្តែងប្រសិនបើកោះហៅក្នុងកិច្ចសហការអាចបាន) បាទ អាចកិច្ចសហការបានព្រោះអី យើងជាសមត្ថកិច្ចដែលមានការទទួលខុសត្រូវថែរក្សាសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តទាំងអស់»។
ទាក់ទងករណីនេះអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ប្រាប់ VOD នៅថ្ងៃទី២១ ខែតុលានេះថា លោកគ្រាន់តែអញ្ជើញប្រធានសាលាដំបូងខេត្តចូលបំភ្លឺរបាយការណ៍ទាក់ទងនឹងការមិនឃុំខ្លួនជនសង្ស័យពីរនាក់ពីបទរក្សាទុកគ្រឿងញៀនខុសច្បាប់ប៉ុណ្ណោះ មិនមែនបំភ្លឺរឿងក្តីនោះទេ។ លោកបន្តថា ដោយសារមានចម្ងល់ពីសាធារណៈជនថា ហេតុអ្វីបានជាព្រះរាជអាជ្ញាសម្រេចមិនឃុំខ្លួនជនសង្ស័យទាំងនោះ ទើបលោកចង់ដឹងពីមូលហេតុ និងអាចធ្វើរបាយការណ៍ជូនថ្នាក់លើ។ លោកបញ្ជាក់ថា លោកដឹងពីតួនាទីរបស់ខ្លួនថាមានអំណាចដាច់ដោយឡែកពីគ្នា។ លោកមានប្រសាសន៍ថា «ប៉ុន្តែលើកទីបី ឲ្យលែងទៅទាំងអស់ លើកទីបីនេះ អភិបាលស្រុកសំរោង និងអធិការស្រុកសំរោងបានធ្វើរបាយការណ៍ឲ្យបងមួយ ហើយបងបានរាយការណ៍ជូនឯកឧត្តម ប្រធានក្រុមការងារថ្នាក់ជាតិចុះរឿងខេត្តតាកែវ គឺឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី សុខ អាន អំពីបញ្ហាថា របាយការណ៍របស់អភិបាលស្រុក និងអធិការស្រុកសំរោង ថាចាប់បានគ្រឿងញៀនបីដង ហើយតុលាការដោះលែងទៅទាំងបីដង អ៊ីចឹងឧបនាយករដ្ឋមន្រ្តី សុខ អាន លោកមានប្រសាសន៍ថា ឲ្យបងអញ្ជើញតុលាការមកសួរ បំភ្លឺថាហេតុអ្វីប៉ូលិសចាប់បានចេះតែលែងអ៊ីចឹង»។
តាមលិខិតសរសេរដោយដៃលោក ឡាយ វណ្ណៈ ចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ គឺបានកោះអញ្ជើញប្រធានសាលាដំបូងខេត្តលោក ប្លង់ ឆ្លាម និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តលោក ច្រឹង ខ្មៅ ឲ្យចូលបំភ្លឺករណីរបាយការណ៍ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ របស់អធិការដ្ឋានស្រុកសំរោង ស្តីពីសម្រេចមិនឃុំខ្លួនជនសង្ស័យពីរនាក់ ពីបទរក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
still used communist style. this case should openly to media or press that why people understand how it going on in the law and the meantime people understand the law too.GOD bless all cambodian people’