មាស សុខសោភា នាំ​អ្នក​ម្តាយ​ទៅ​ប្រទេស​អាល្លឺម៉ង់

តារាចម្រៀង​នាង មាស សុខសោភា​។

តារាចម្រៀង​នាង មាស សុខសោភា​។ សេត គឹមសឿន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ដោយ​ចំណាយ​ពេល​ជិត​២​សប្តាហ៍​នៅ​ប្រទេស​បារាំង នៅពេល​នេះ មាស សុខសោភា បាន​នាំ​ម្តាយ​ទៅកាន់​ប្រទេស​អាល្លឺម៉ង់ ជា​បន្ត​ទៀត ដើម្បី​សម្រេច​បំណង​ដ៏ធំ​របស់​នាង ខណៈ​ពេល​នេះ​ម្តាយ​របស់​នាង​កាន់តែ​មាន​វ័យ​ច្រើន​ណាស់​ទៅ​ហើយ។

នៅ​ឆ្នាំ​នេះ មាស សុខសោភា ពិតជា​មមាញឹក​នឹង​ការ​ជិះ​យន្តហោះ​ដើរ​ច្រៀង​នៅ​ក្រៅ​ប្រទេស​ស្ទើរ​គ្មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ផលិត​បទចម្រៀង​ប្រជែង​ទីផ្សារ​នៅក្នុង​ស្រុក​នោះ​ទេ ហើយ​កាលពី​ជាង​មួយ​ខែ​មុន​នេះ មាស សុខសោភា ទើប​តែ​ត្រឡប់​មកពី​ការ​សម្តែង​ជាប់​គ្នាៗ​ពីរ​ប្រទេស​គឺ​នៅ​ប្រទេស​នូវែលសេឡង់ និង​ប្រទេស​អូស្ត្រាលី ដោយ​នាង​ថែម​ទាំង​អាច​សណ្តោង​វត្តមាន​ម្តាយ​របស់​នាង​ទៅ​ដើរ​កម្សាន្ត​ជាមួយ​ទៀត​ផង​។

ក្រោយ​នាំ​ម្តាយ​ទៅ​សម្តែង​នៅ​ពីរ​ប្រទេស​ទើប​មក​ដល់​ស្រុក​ខ្មែរ​មិន​ទាន់​បាន​ស្រួលបួល​ផង ស្រាប់តែ មាស សុខសោភា ក៏​ត្រូវ​លៃ​ពេល​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​បារាំង​ទៀត ដោយ​បាន​ដាក់​លក្ខខណ្ឌ​ចំពោះ​អ្នក​ធានា​ថា ត្រូវ​យក​ម្តាយ​ទៅ​ជាមួយ ហើយ​លើស​ពី​អ្វី​ដែល​នាង​បាន​ប្រាប់​មហាជន​នោះ នៅ​ពេល​នេះ មាស សុខសោភា បាន​ទៅ​ដល់​ប្រទេស​អាល្លឺម៉ង់ ដើម្បី​សម្តែង​រយៈពេល​១​សប្តាហ៍​។

តាមរយៈ​គេហទំព័រ​ផ្ទាល់​ខ្លួន មាស សុខសោភា បាន​ឲ្យ​ដឹង​ថា កម្មវិធី​ចេញ​ទៅ​ទ្វីប​អឺរ៉ុប​របស់​នាង​លើក​នេះ គឺ​ត្រូវ​សម្តែង​នៅ​ទីក្រុង​មួយ​ចំនួន​នៅ​ប្រទេស​បារាំង​នៅពេល​ទៅ​ដល់​ភ្លាម រួច​នាង​នឹង​ត្រូវ​បន្ត​ទៅ​ប្រទេស​អាល្លឺម៉ង់​រយៈពេល​មួយ​សប្តាហ៍ ហើយ​ត្រឡប់​មក​សម្តែង​ច្រៀង​នៅ​ប្រទេស​បារាំង​វិញ មុន​នឹង​ត្រឡប់​មក​ខ្មែរ​វិញ។

ពាក់ព័ន្ធ​នឹង​ចម្ងល់​របស់​មហាជន​លើក​ឡើង​ថា មូលហេតុ​អ្វី​បានជា មាស សុខសោភា ចាំបាច់​ត្រូវ​ធានា​ម្តាយ​ទៅ​ជាមួយ​គ្រប់​ការ​សម្តែង​ក្រៅ​ប្រទេស​នោះ លោក មាស សុខរតនៈ បងប្រុស​បង្កើត​របស់ មាស សុខសោភា បាន​លើក​ឡើង​ថា ភាគច្រើន​នា​ពេល​នេះ មាស សុខសោភា តែង​ស្នើសុំ​ដល់​អ្នក​ធានា​នៅ​បរទេស​ដើម្បី​សុំ​យក​ម្តាយ​ទៅ​ជាមួយ ព្រោះ​គិត​ថា ម្តាយ​ចាស់​ហើយ ហើយ​គាត់​ក៏​ហត់នឿយ​ច្រើន​ស្ទើរពេញ​មួយ​ជីវិត​ទៅ​ហើយ មិន​ដែល​បាន​ស្គាល់​ប្រទេស​ក្រៅ​នោះ​ទេ ដូច្នេះ​ពេល​នេះ បើ​អាច​សុំ​គេ​បាន​គឺ​ត្រូវ​តែ​យក​ម្តាយ​ទៅ​ជាមួយ​។

លោក​និយាយ​ថា៖​«​នៅពេល​នេះ​ម្តាយ​ខ្ញុំ​មាន​អាយុ​ជាង​៦០​ឆ្នាំ​ហើយ អ៊ីចឹង​ចង់​ឲ្យ​គាត់​បាន​ដើរលេង​កម្សាន្ត​លម្ហែកាយ​ក្រៅ​ប្រទេស​ខ្លះ តាំងពី​ដើម​មក​គាត់​ស្គាល់​តែ​ហត់នឿយ គួរ​តែ​ដល់​ពេល​គាត់​ដើរ​លេង​ខ្លះ​ហើយ​»។

ក្រៅពី​ចង់​នាំ​ម្តាយ​ដើរ​លេង​លម្ហែ ការ​ស្នើសុំ​ធានា​ម្តាយ​ទៅ​ជាមួយ​របស់ មាស សុខសោភា ក៏​ព្រោះ​តែ​ចង់​ចំណាយ​ពេលវេលា​នៅ​ជាមួយ​ម្តាយ​ឲ្យ​បាន​ច្រើន ដោយសារ​តែ​ពេល​នៅ​ស្រុក​ខ្មែរ នាង​មិន​សូវ​មាន​ពេល​រស់នៅ​ជុំ​គ្នា ឬ​ក៏​ដើរ​លេង​ជាមួយ​គ្នា​បាន​ស្រួល​នោះ​ទេ ដោយសារ​តែ​ការងារ​រវល់​ស្ទើរតែ​ដក​ឃ្លា​មិន​រួច​។

លោក រតនៈ និយាយ​ថា៖ «​ការ​ចេញ​ទៅ​ក្រៅ​ប្រទេស​នេះ អាភា ក៏​ចង់​មាន​ពេល​នាំ​ម៉ែ​ដើរលេង​ជាមួយ​គ្នា នៅ​ជាមួយ​គ្នា​ឲ្យ​បាន​ច្រើន​ដែរ ព្រោះ​ពេល​នៅ​ស្រុក​ខ្មែរ​គ្មាន​ពេល​ទេ ព្រលឹម​ព្រលប់ៗ នៅ​ផ្ទះ​ជាមួយ​គ្នា​មែន តែ​ថ្ងៃ​ខ្លះ​អត់​បាន​ជួបមុខ​គ្នា​ក៏​មាន​»៕


What Next?

Recent Articles

One Response to "មាស សុខសោភា នាំ​អ្នក​ម្តាយ​ទៅ​ប្រទេស​អាល្លឺម៉ង់"

  1. people says:

    this good for you girl you can take your mum to see another world that mean you pay back to your god ‘some people never have a chance to pay back their parent because the situation not allowed. i never have achance to pay back to my parent.GOD bless you and your family and all cambodian people’