ដោយ៖ ណាត សុភាព
ថ្ងៃអង្គារ ទី21 តុលា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
កិច្ចប្រជុំរវាងក្រុមការងារកំណែទម្រង់ការបោះឆ្នោតបក្សទាំងពីរ កាលពីព្រឹកមិញ នៅវិមានរដ្ឋសភា (រូបថត៖ ណាត សុភាព)
ក្រុមការងារកំណែទម្រង់ការបោះឆ្នោតបក្សទាំងពីរថា ចំណុចនៅមិនព្រមព្រៀងគ្នាមានប្រមាណ១០ភាគរយទៀតប៉ុណ្ណោះ សម្រាប់ជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរង រួមជាមួយចំណុចលម្អិតមួយចំនួនរបស់ គ.ជ.ប។
បន្ទាប់ពីកិច្ចប្រជុំរវាងក្រុមការងារនៃគណបក្សទាំងពីរដែលធ្វើនៅរដ្ឋសភា កាលពីរសៀលថ្ងៃចន្ទម្សិលមិញ មន្ត្រីផ្លូវការឲ្យដឹងថា ច្បាប់បោះឆ្នោតថ្មីដែលគណបក្សទាំងពីរកំពុងព្រាង និងលើកយកមកពិភាក្សានោះមាន៧ជំពូក និង៦៦មាត្រា។
ប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន មានប្រសាសន៍ថា គណបក្សនេះកំណត់លក្ខណៈសម្បត្តិរបស់អគ្គលេខាធិការ និងអគ្គលេខាធិការរងរបស់ គ.ជ.ប គឺត្រូវមានអាយុចាប់ពី៣០ឆ្នាំឡើងទៅ និងត្រូវមានសញ្ញាបត្រមួយចំនួនពាក់ព័ន្ធនឹងការងារបោះឆ្នោត ប៉ុន្តែគណបក្សសង្គ្រោះជាតិទាមទារត្រឹមអាយុ២៥ឆ្នាំ។
យ៉ាងនេះក្តី លោក ប៊ិន ឈិន បញ្ជាក់ថា ចំណុចខ្វែងគំនិតគ្នានៅសល់តែប្រមាណ១០ភាគរយ ដើម្បីបញ្ជូនទៅថ្នាក់ដឹកនាំកំពូលជាអ្នកសម្រេច។ លោកបន្ថែមថា «ថ្ងៃចន្ទជួបគ្នាទៀតហើយ ហ្នឹងហើយថ្នាក់លើសម្រេច ថាមិនត្រូវទេណា ព្រោះប្រហែលជាច្បាប់ហ្នឹង តាមក្នុងកិច្ចព្រមព្រៀងទាល់តែច្បាប់ទាំងពីរហ្នឹងធ្វើ ប៉ុន្តែអាហ្នឹងស៊ីសងលើថ្នាក់ដឹកនាំ ខាងខ្ញុំនេះគណៈកម្មការបច្ចេកទេស មិនទៅនិយាយកិច្ចការហួសពីកិច្ចព្រមព្រៀងនោះបានទេ»។

លោក ប៊ិន ឈិន ប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា
ប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន ក៏យល់ស្របនឹងការលើកឡើងរបស់លោក ប៊ិន ឈិន ដែរ។ លោកថា រាល់ការជជែកគ្នា ត្រូវធ្វើឲ្យស្របតាមកិច្ចព្រមព្រៀងរបស់គណបក្សឈ្នះឆ្នោតទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ និងស្របតាមច្បាប់រដ្ឋធម្មនុញ្ញ។ លោកបន្តថា កិច្ចពិភាក្សានេះ និងបន្តនៅរដ្ឋសភា ថ្ងៃ២៧ ខែតុលា សប្តាហ៍ក្រោយ។
នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថាខុមហ្វ្រែល លោក គល់ បញ្ញា រិះគន់ការប្រជុំរវាងបក្សទាំងពីរនេះថា ស្ថិតនៅក្នុងស្ថានភាពអាថ៌កំបាំងនៅឡើយ។ លោកយល់ថា បក្សទាំងពីរ គួរចេញសេចក្តីព្រាងនៃកិច្ចប្រជុំនោះផ្សព្វផ្សាយជាសាធារណៈ ដើម្បីឲ្យមន្ត្រីរបស់គណបក្សផ្សេងទៀត និងអង្គការសង្គមស៊ីវិលបានដឹងពីការវិវត្តន៍នៃកិច្ចប្រជុំ ចៀសវាងការរិះគន់នៅថ្ងៃក្រោយទៀត។ លោកមានប្រសាសន៍ថា «សេចក្តីស្នើច្បាប់របស់គាត់ហ្នឹង ដែលគាត់បានស្រុះស្រួលគ្នា៩០ភាគរយហ្នឹង បញ្ចេញអាហ្នឹងមក ឲ្យអ្នកពាក់ព័ន្ធហ្នឹងគេបានដឹងផង ជាពិសេសគណបក្សដែលគេមានសកម្មភាព ដែលគេចង់ចូលរួម ការបោះឆ្នោតទៅមុខទៀត ឲ្យគេជួយមើលផងទៅ ហើយអង្គការសង្គមស៊ីវិល សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតនេះ គេបានជួយមើលផងទៅ។ អ៊ីចឹងគួរតែមានការជជែកពីឥឡូវទៅ ដើម្បីឲ្យចាប់ផ្តើមមានមនុស្សចូលរួមគិតគូរពីរឿងហ្នឹង ឲ្យយោបល់ យើងកែខ្លះអីខ្លះទៅ យើងធ្វើឲ្យច្បាប់ហ្នឹង វារឹងមាំ ហើយការបង្កើត គជប ថ្មីហ្នឹង វាមានការទុកចិត្តពីអ្នកពាក់ព័ន្ធសំខាន់ៗជាច្រើន។ វាមិនបាន១០០ភាគរយ តែវាបានច្រើន»។
កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានឯកភាពគ្នាធ្វើកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោតនេះឲ្យឯករាជ្យ ដោយសារបក្សប្រឆាំងចោទថា ការបោះឆ្នោតកន្លងមកមិនត្រឹមត្រូវ និងមានភាពមិនយុត្តិធម៌ ហើយធ្វើឲ្យជាប់គាំងនយោបាយ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
free election means FREEDOM for Cambodian people.