​គ​.​ជ​.​ប នឹង​បំផ្លាញ​សន្លឹកឆ្នោត​ប្រើប្រាស់​រួច​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​​

ដោយ៖​ ជន ស្រី​ណុ​ច​​
ថ្ងៃព្រហស្បតិ៍ ទី23 តុលា 2014
http://vodhotnews.com

VOD-nec-logo-2014-01-28

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) នឹង​បំផ្លាញ​សន្លឹកឆ្នោត ដែល​បាន​ប្រើប្រាស់​រួច​រួម​មាន​សន្លឹកឆ្នោត ដែល​បាន​ប្រើប្រាស់ ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៤ ឆ្នាំ​២០០៨ និង​សន្លឹកឆ្នោត​ដែល​បាន​ប្រើប្រាស់ ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៣ ឆ្នាំ​២០១២ នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ។​

សេចក្តីជូនដំណឹង​របស់​(​គ​.​ជ​.​ប​) ចុះ​ថ្ងៃ​ទី​២០​ខែ​តុលា​នេះ​ឲ្យដឹងថា ការបំផ្លាញ​សន្លឹកឆ្នោត​នេះ នឹង​ត្រូវ​ធ្វើឡើង​នៅ​ផ្ទះ​លេខ​៩ ផ្លូវ​៣៤៥ សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ​ទី​២៤ ខែតុលា ឆ្នាំ​២០១៤ វេលា​ម៉ោង ៨:០០​ព្រឹក។​

ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ច្បាប់​ស្តីពី​ការធ្វើ​វិសោធនកម្ម​នៃ​ច្បាប់​នេះ មាត្រា​១៦ ចំណុច​ទី​២៧ ចែងថា គ​.​ជ​.​ប មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការអនុវត្ត​សមត្ថកិច្ច​របស់​ខ្លួន រៀបចំ​គណៈកម្មការ​ដើម្បី​បំផ្លាញ​សន្លឹកឆ្នោ​តដែល​បាន​ប្រើប្រាស់​ក្នុងការបោះឆ្នោត តាម​អាណត្តិ​និ​មួយៗ បន្ទាប់​ពី​ការ​រក្សា​ទុក​ដោយ​សុវត្ថិភាព​ក្រោយពេល​បោះឆ្នោត​៤​ឆ្នាំ​។​

​គ​.​ជ​.​ប ធ្លាប់​បំផ្លាញ​សន្លឹកឆ្នោត​២​លើក​រួចមកហើយ គឺ​លើក​ទី​១ បំផ្លាញ​សន្លឹកឆ្នោត​ដែល​បាន​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំ​១៩៩៨ និង​២០០២ ដុច​កម្ទេច​នៅ​ឆ្នាំ​២០០៥ និង​លើក​ទី​២ សន្លឹកឆ្នោត​ដែល​បាន​ប្រើប្រាស់ ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០០៣ និង​ឆ្នាំ​២០០៧ ដុត​កម្ទេច​នៅ​ឆ្នាំ​២០០៩​៕

សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles

One Response to "​គ​.​ជ​.​ប នឹង​បំផ្លាញ​សន្លឹកឆ្នោត​ប្រើប្រាស់​រួច​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​​"

  1. Amouk says:

    Ballot papers used is a strong evidence to revealing that voting was rigged, fraud and cheating! Should not be destroyed!