Thu, 23 October 2014
ហុង រស្មី
ភ្នំពេញប៉ុស្តិ៍
ព្រៃវែង: ស្ថិតក្រោមពន្លឺភ្លើងពណ៌ដ៏ស្រទន់ អមដោយបទចម្រៀងលាន់ខ្ទរពេញបន្ទប់ មានទាំងម្ហូបចំណី និងគ្រឿងស្រវឹងត្រៀបត្រាពេញលើតុ អ្នកខ្លះកំពុងតែបង្ហើរសំនៀងតាមអក្សររត់លើកញ្ចក់ទូរទស្សន៍ ហើយខ្លះទៀតកំពុងតែលូកស្ទាប បបោសអង្អែលនារីស្រស់ស្អាតអង្គុយកៀកកើយ។
ទិដ្ឋភាពដ៏ក្អាកក្អាយហាក់ស្ដែងពីអារម្មណ៍រំភើបរីករាយចេញពីដួងចិត្ដពិតៗ ប៉ុន្ដែវាមិនសុទ្ធតែដូច្នោះទេ។ ប្រសិនបើយើងក្រឡេកមើលទៅជ្រុងម្ខាងទៀតនៃជីវិតរបស់នារីកំដរក្នុងហាងខារាអូខេទាំងនោះ ពួកគេមានទុក្ខសោកលាក់ក្នុងដើមទ្រូងច្រើនរយជំពូកដែលដោះស្រាយមិនចេញ។
អាណែត វ័យ១៩ឆ្នាំ ជានារីកំដរក្នុងហាងខារាអូខេមួយកន្លែង បានចំណាយពេលវេលាយុវវ័យរបស់ខ្លួនក្នុងពិភពកម្សាន្ដដ៏ស្រើបស្រាលកំដរអារម្មណ៍បុរសៗជាថ្នូរនឹងទឹកប្រាក់ធីបប្រចាំថ្ងៃសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅផ្ទាល់ខ្លួន និងក្រុមគ្រួសារនៅស្រុកកំណើត។
ក្នុងសំនៀងបែបអៀនខ្មាសនាងបានរៀបរាប់ថា៖ «ពេលខ្ញុំអង្គុយកំដរភ្ញៀវម្នាក់ ជួនកាលគាត់ឲ្យខ្ញុំ៥ដុល្លារ ឬ១០ដុល្លារទៅតាមទឹកចិត្ដរបស់គាត់។ សរុបមក ក្នុងមួយខែ ខ្ញុំអាចរកចំណូលបានពី៣០០ទៅ៤០០ដុល្លារ និងសល់ប្រមាណពី១០០ទៅ២០០ដុល្លារក្រោយពីទូទាត់ចាយវាយផ្សេងៗ ដូចជា ចំណីអាហារ និងសម្លៀកបំពាក់ជាដើម»។
យុវតីរូបនេះ បានឲ្យដឹងថា យ៉ាងហោចណាស់ នាងអាចលៃលកប្រាក់ពី៥០ទៅ៦០ម៉ឺនរៀលដើម្បីផ្ញើទៅជូនឪពុកម្ដាយដែលមិនបានដឹងពីមុខរបរក្រោមភ្លើងពណ៌របស់កូនដែរ។
អាណែត បានខ្សឹបប្រាប់ថា៖ «ខ្ញុំមិនចង់ឲ្យពួកគាត់ដឹងពីមុខរបររបស់ខ្ញុំទេ។ នៅពេលចេញពីផ្ទះក្រោយប្រឡប់មកពីប្រទេសចិនវិញ ខ្ញុំប្រាប់ពួកគាត់ថា ខ្ញុំមកធ្វើការជាអ្នករត់តុគុយទាវឲ្យគេនៅទីក្រុងភ្នំពេញ»។
អាណែត បានរៀបរាប់ពីបទពិសោធចូលបម្រើការងារក្នុងបន្ទប់ខារាអូខេនេះថា៖ «វាពិបាកគឺពិបាកហើយ តែដើម្បីលុយ ខ្ញុំត្រូវតែខំទ្រាំៗទៅ។ ចូលបន្ទប់ខារាអូខេដំបូង ខ្ញុំមានអារម្មណ៍ភ័យ ពិបាកក្នុងខ្លួនណាស់ គិតពីនេះពីនោះចង់ស្លាប់ហើយ ដោយសារតែភ្ញៀវចេះតែលូកលាន់ពេក។ ប៉ុន្ដែខ្ញុំគ្មានជម្រើសទេ ចេះតែទ្រាំសប្បាយជាមួយភ្ញៀវទៅដើម្បីតែលុយ»។
ទន្ទឹមនឹងភាពសប្បាយរីករាយនេះ យុវតីរូបនេះ បានប្រាប់ពីការលំបាកថា ជួនកាល ភ្ញៀវខឹងសម្បា ឡូឡា និងបោកកែវ បោកចានពេញបន្ទប់ ដោយសារតែនាងទ្រាំនឹងការលូកលាន់រាងកាយខ្លាំងពេកមិនបាន។
មុនពេលឈានជើងចូលបម្រើការជានារីកំដរក្នុងហាងខារាអូខេនេះ អាណែត បានត្រូវចាស់ទុំផ្គូផ្គងជាមួយបុរសចិនដីគោកជាប្ដីប្រពន្ធនឹងគ្នា។ ពេលនោះ ឆាកជីវិតដ៏សែនជូរចត់បានកើតចំពោះនាង និងស្ដ្រីខ្មែរជាច្រើននាក់ ដោយត្រូវបានប្ដីចិនតែងតែវាយធ្វើបាប បង្អត់អាហារ និងធ្វើការបម្រើគេគ្មានស្រាកស្រាន្ត។
នាង អាណែត រំឭករឿងអតីតរបស់ខ្លួនថា៖ «ដោយសារតែជីវភាពក្រខ្សត់ពេក ក្នុងឆ្នាំ២០១២ ឪពុកម្ដាយបានបង្ខំខ្ញុំឲ្យរៀបការ និងវេចបង្វេចធ្វើដំណើរទៅរួមសុខរួមទុក្ខជាមួយប្ដីនៅស្រុកចិន»។ ជាអកុសល យុវតីខ្មែរដែលមិនប្រាថ្នារស់ឆ្ងាយមាតុភូមិកំណើតត្រូវបានប្ដីអប្រិយវាយដំច្រំធាក់ និងបង្ខំធ្វើការបម្រើខ្លួនដូរបាយមិនឆ្អែតក្រពះ។
ស្ដ្រីជាភរិយាជនជាតិចិនដ៏ក្មេងខ្ចីរូបនេះ បានឲ្យដឹងថា ស្ដ្រីខ្មែរជាច្រើនទៀតដែលមានវាសនាដូចរូបនាងដោយត្រូវប្ដីចិនឃុំឃាំងក្នុងបន្ទប់បង្អត់អាហារ និងវាយធ្វើបាបរហូតរលូតកូនក៏មានដែរ។ នាងបានអះអាងថា៖ «ពួកយើងបានទៅប្រាប់បុគ្គលិកមន្ដ្រីស្ថានទូតខ្មែរនៅចិននោះដែរ តែគេមិនជឿថា ជនជាតិចិនវាយធ្វើបាបយើងទេ ទាល់តែពួកគេបានឃើញនឹងភ្នែកបានជឿ»៕
GOD bless you girl ‘you are free now do what ever you want to do ,not like china they are communist and their citizen grove up in communist never know humane right so they are so arrogant and violent .GOD bless all cambodian people’
My dear….go home, wash yourself off those scumbag odor….count your tip and smile. save enough money then quit that fucking job. open your small business, forget about the past and live happily ever after in peace!!! next life you will reborn as hun sen daughter……….
មាតា បិតា ខ្មែរទាំងអស់ មិនគួរណាជំរុញកូនឱ្យទៅយកប្ដីជនជាតិចិននៅក្រៅប្រទេសកម្ពុជាឆ្ងាយពីខ្លួនអញ្ចឹងទេ
ព្រោះទំនាមទម្លាប់គ្រប់សាសន៍ចិន តម្រូវឱ្យកូនប្រសារស្រីបំរើឪពុកម្ដាយក្មេក បងថ្លៃ ប្អូនថ្លៃយ៉ាងវេទនា
ហើយប្រុសៗចិនទុកលុយក្នុងដៃធ្វើជាមេគ្រួសារមិនរបេះទេ !
គួរឱ្យអាណិតប្អូនស្រីណាស់ សុំស្រីៗខ្មែរទាំងអស់កុំយកប្ដីទៅរស់នៅស្រុកចិនឬកូរ៉េ មិនល្អទេ
បើចង់យកប្ដីចិន ឬ កូរ៉េ ត្រូវរស់នៅក្នុងស្រុកខ្មែរជិតឪពុកម្ដាយទើបល្អ ។