សហគមន៍ការពារព្រៃឈើខេត្តកំពត៖«ធ្វើជាអ្នកការពារព្រៃឈើសហគមន៍ កុំគិតពីលុយ»​

ដោយ៖​ ស៊ុន​ ណារិន​
ថ្ងៃសុក្រ ទី31 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក ឃាន​ ផល្លា ជា​ប្រធាន​គណៈ​កម្ម​ការ​ការ​ពារ​ព្រៃ​សហ​គមន៍​ភ្នំ​ទ្រនាប់​ឬស្សី​កូន​ឆ្កែ ខេត្តកំពត

កម្ពស់​ប្រហែល​១,៧០​ម៉ែត្រ សំបុរ​ស្រអែម រូប​រាង​ស្គម​បន្តិច លោក ឃាន​ ផល្លា អាយុ​៤៥​ឆ្នាំ តែង​តែ​ស្លៀក​ពាក់​ឯក​សណ្ឋាន​​ប៉េ​អឹម នៅ​ពេល​ចុះ​ពិនិត្យ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ការ​ពារ​ព្រៃ​សហ​គមន៍​ភ្នំ​ទ្រនាប់​ឬស្សី​កូន​ឆ្កែ ដែល​ស្ថិត​ក្នុង​ភូមិ​ដុំ​ផ្តៅ និង​ភូមិ​ទួល​ដូន​តី ក្នុង​ឃុំ​ត្រពាំង​ភ្លាំង​ ស្រុក​ឈូក ខេត្ត​កំពត​។

ធ្លាប់​ធ្វើ​ការ​ងារ​ជា​ទាហាន​ម្នាក់​ក្នុង​ទសវត្សរ៍​៨០​ លោក ឃាន ផល្លា មាន​ទឹក​មុខ និង​សាច់​ឈាម​ស្លេក​ស្លាំង​បន្តិច​ ដោយ​សារ​តែ​លោក​មាន​ជំងឺ​ឈឺ​ទ្រូង ប្រចាំ​កាយ​ និង​ក្អួត​ឈាម​ជា​ប្រចាំ​ រៀង​រាល់​១​ខែ​ទៅ​២ខែ​ម្តង​។ ​លោក​រៀប​រាប់​ថា​លោក​ធ្លាប់​ជួប​ប្រទះ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កាល​ពី​ឆ្នាំ​១៩៩៨ ដោយ​ប៉ះ​ពាល់​ទ្រូង​របស់​លោក​ធ្ងន់​ធ្ងរ​។ ប៉ុន្តែ​លោក​ថា​លោក​មិន​បាន​ទៅ​ជួប​ជាមួយ​វេជ្ជ​បណ្ឌិត​ ដើម្បី​ពិភាក្សា​ពី​ជំងឺ​នេះ​ទេ ​ដោយ​សារ​ជីវ​ភាព​ក្រីក្រ​។

ក្រៅ​ពី​អាជីព​ជា​កសិ​ករ​រស់​នៅ​ក្នុង​ភូមិ​មួយ​ដាច់​ស្រយាល​មួយ​ពី​ទី​រួម​ខេត្ត​កំពត​ និង​ដោយ​សារ​ការ​ស្រលាញ់​ព្រៃ​ឈើ ជាមួយ​បទ​ពិសោធន៍​អតីត​កាល​ក្នុង​ការ​ដើរ​ល្បាត​ព្រៃ លោក ឃាន ផល្លា ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​បោះ​ឆ្នោត​ជ្រើស​រើស​ជា​ប្រធាន​គណៈ​កម្ម​ការ​ការ​ពារ​ព្រៃ​សហ​គមន៍​ភ្នំ​ទ្រនាប់​ឬស្សី​កូន​ឆ្កែ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៤​ ដោយ​លោក​មាន​តួនា​ទី​ក្នុង​ការ​ការ​ពារ​ដី​ព្រៃ​ប្រមាណ​៤២០​ហិកតា​ នៅ​តំបន់​ភ្នំ​។

នៅ​ពេល​និយាយ​ពី​ការ​ពារ​បរិ​ស្ថាន ​គេ​នឹង​ឃើញ​ដល់​សកម្ម​ជន​ការ​ពារ​ព្រៃ​ឈើ ​លោក ឈុត វុទ្ធី ដែល​ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ​ឆ្នាំ​២០១២ ក្នុង​ស្រុក​មណ្ឌល​សីមា​ ខេត្ត​កោះ​កុង​។ប៉ុន្តែ​លោក ឃាន​ ផល្លា មាន​ប្រសាសន៍​ថា​លោក​មិន​ដែល​ស្គាល់ ​លោក  ឈុត វុទ្ធី ​នោះ​ទេ។​

លោក ឃាន ផល្លា និយាយ​មួយៗ យឺតៗថា ការ​ងារ​ការ​ពារ​ព្រៃ​ឈើ​ដែល​លោក​កំពុង​តែ​ធ្វើ​ជា​ការ​ងារ​​ស្ម័គ្រ​ចិត្ត​ មិន​មាន​ការ​ទទួល​ប្រាក់​កម្រៃ​ណា​នោះ​ទេ ប៉ុន្តែ​លោក​ថា​លោក​មាន​បំណង​ការ​ពារ​ព្រៃ​ឈើ ​ដើម្បី​កុំ​ឲ្យ​បាត់​បង់​ទៅ​ថ្ងៃ​អនា​គត​បន្ថែម​ទៀត។ លោក​ទទួល​ស្គាល់​ថា​ព្រៃ​ឈើ​នៅ​ប្រទេស​កម្ពុជា​កំពុង​រង​ការ​កាប់​បំផ្លាញ​ និង​បាត់​បង់​ដោយ​សារ​ក្រុម​ហ៊ុន​សម្ប​ទាន​ដី​សេដ្ឋ​កិច្ច និង​ការ​កាប់​បំផ្លាញ​ពី​ប្រជា​ពល​រដ្ឋ និង​ឈ្មួញ​​ល្មើស​ផ្សេងៗ។ លោក​បញ្ជាក់​ថា«​ជា​អ្នក​ការ​ពារ​ព្រៃ​ឈើ ​យើង​មាន​ឆន្ទៈ​ក្នុង​ការ​ការ​ពារ​ព្រៃឈើ។​ទាល់​តែ​តស៊ូ​ប្រឹង​ប្រែង​ឲ្យ​បាន​ល្អ​ក្នុង​ការ​ដើរ​ត្រួត​ពិនិត្យ​ព្រៃ​ឈើ។អត់​បាន​លុយ​ទេ តែ​ចង់​ឲ្យ​ក្មេង​ជំនាន់​ក្រោយ ​យល់​ដឹង​ពី​ព្រៃ​ឈើ​ ទុក​ឲ្យ​ក្មេង​ស្គាល់​ ដើម​ឈើ  ហើយ​ចង់​ឃើញ​ឈើ​លូត​លាស់​ល្អ កុំ​ឲ្យ​ងាក​ទៅ​ត្រងិល​អស់​រលីង​»

លោក ឃាន ផល្លា និង​ក្រុម​ការងារ​ ពេល​ចុះ​ទៅ​ត្រួតពិនិត្យ​ការ​កាប់បំផ្លាញព្រៃ​សហគមន៍

នា​ពេល​បច្ចុប្បន្ន ប្រជា​ជន​ដែល​រស់​នៅ​តំបន់​ព្រៃ​ឈើ​ក្នុង​ប្រទស​កម្ពុជា ​តែង​តែ​បង្កើត​ជា​បណ្តាញ​ក្នុង​ការ​ពារ​ព្រៃ​ឈើ ​ដើម្បី​ទុក​ជា​អត្ថ​ប្រយោជន៍​សម្រាប់​សហ​គមន៍​នៅ​ពេល​អនាគត និង​ចៀស​វាង​ការ​បាត់​បង់​ដោយ​សារ​ការ​កាប់​បំផ្លាញ​ពី​ប្រជា​ពល​រដ្ឋ ឈ្មួញ និង​ការ​ផ្តល់​ដី​សម្ប​ទាន​ទៅ​ឲ្យ​ក្រុម​ហ៊ុន។

តំបន់​ការ​ពារ​ព្រៃ​ឈើ​របស់​សហគមន៍​នៅ​កម្ពុជា ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋ​បាល​ព្រៃ​ឈើ ដែលជា​សេនា​ធិការ​របស់​ក្រសួង​កសិ​កម្ម រុក្ខ​ប្រមាញ់ និង​នេ​សាទ។ ចំណែក​សហ​គមន៍​តំបន់​ការ​ពារ​ធម្ម​ជាតិ ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​បរិ​ស្ថាន​។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព មាន​ប្រសាសន៍​ថា​រហូត​មក​ដល់​ពេល​នេះរដ្ឋា​ភិបាល​បាន​ផ្តល់​ដី​ទៅ​ឲ្យ​សហ​គមន៍​ប្រើ​ប្រាស់​នៅ​ក្នុង​តំបន់​ការ​ពារ​ធម្មជាតិ ​ប្រមាណ​១២០​តំបន់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ លោក​ថា​ក្រសួង​មាន​គោល​ការណ៍​សម្រាប់​សហ​គមន៍​ក្នុង​ការ​ស្នើ​សុំ​ដី​ក្នុង​តំបន់​ការ​ពារ​ធម្ម​ជាតិ​ប្រើ​ប្រាស់​ជា​លក្ខណៈ​សហ​គមន៍​។ ​លោក​បន្ត​ថា​ដី​សហ​គមន៍​នឹង​ផ្តល់​ប្រយោជន៍​សម្រាប់​ជីវ​ភព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​ក្នុងការ​ដាំ​ដុះ និង​ការ​ការ​ពារ​ព្រៃ​ឈើ​។

លោក ឃាន ​ផល្លា មាន​ប្រសាសន៍​ថា​សហ​គមន៍​របស់​លោក​កំពុង​តែ​បញ្ចុះ​បញ្ចូល​ប្រជា​ពល​រដ្ឋ​ផ្សេង​ទៀត​ឲ្យ​ចូល​រួម​ជា​កម្លាំង​ក្នុង​ការ​ការ​ពារ​ព្រៃ​ឈើ។លោក​ថា​ព្រៃ​ទាំង​នោះ​នឹង​ក្លាយ​ជា​ផល​ប្រយោជន៍​សម្រាប់​ប្រជា​ពល​រដ្ឋ​ នៅ​ពេល​ពួក​គាត់​ជួប​ប្រទះ​បញ្ហា​ត្រូវ​ការ​ឈើ ដើម្បី​សង់​ផ្ទះ​ និង​ធ្វើ​សម្ភារៈ​ផ្សេងៗ​។

លោក ឃាន ​ផល្លា បន្ត​ថា​ការ​ងារ​ការ​ពារ​ព្រៃ​ឈើ​នេះ ត្រូវ​មិន​ឲ្យ​ពាក់​ព័ន្ធ​ជាមួយ​លុយ​ជា​ដាច់​ខាត ​ព្រោះ​អាច​នាំ​ឲ្យ​ប្រជា​ពល​រដ្ឋ​មិន​ពេញ​ចិត្ត​នឹង​សកម្ម​ភាព​ទាំង​នោះ។លោក​ថា​«យើង​បង្កើត​សហគមន៍​អញ្ចឹង​ កុំអី​វា​អស់​ព្រៃ​ឈើ។ចិត្ត​ចង់​ជួយ​ថែ​រក្សា​ព្រៃ​ឈើ បើ​គិត​លុយ​ មិន​មក​ស្ម័គ្រ​ចិត្ត​ បើ​គិត​ពី​លុយ​ ចាប់​ផ្តើម​អ្វី​មិន​ខុស​ពី​មេ​ព្រៃ និង​ប៉េ​អឹម។​អញ្ចឹង​ប្រជា​ពល​រដ្ឋ​ស្អប់​យើង ថា​ឲ្យ​ស្អី​អ្នក​ការ​ពារ​ស្អី​»

លោក ផល្លា និង​សមា​ជិក​សកម្ម​ដទៃ​ទៀត​២០​នាក់​ បាន​ចំណាយ​ពេល​របស់​ខ្លួន​ជា​ច្រើន​ដោយ​ដើរ​ជុំវិញ​ភ្នំ ពិនិត្យ​មើល​ព្រៃ​ ក្រែង​លោក​មាន​ការ​​កាប់​​បំផ្លាញ​។ ថ្មី​ៗ​នេះ​ពួក​គេ​សង្កេត​ឃើញ​មាន​ការ​កាប់​ព្រៃ​ទន្ទ្រាន ឈូស​ឆាយ​ដី​ពី​សំណាក់​ប្រជា​ពល​រដ្ឋ។លោក​ផល្លា​ថា​លោក​បាន​ណែ​នាំ​ដល់​ប្រជា​ពលរដ្ឋ​កុំ​ឲ្យ​កាប់​ទន្រ្ទាន​ព្រៃ​ពី​តំបន់​ការ​ពារ ​និង​បាន​សុំ​អន្ត​រាគមន៍​ពី​មេ​ព្រៃ​ដើម្បី​ចាត់​វិធាន​ការ​លើ​បញ្ហា​នេះ​។ លោក​បន្តថា​គណៈ​កម្ម​ការ​ការ​ពារ​ព្រៃ​ឈើ នឹង​ចាត់​វិធាន​ទប់​ស្កាត់​ភ្លាម​ៗ នៅ​ពេលពើប​ប្រទះ​ឃើញ​ប្រជា​ពល​រដ្ឋ​កាប់​បំផ្លាញ​ព្រៃ​ឈើ​។​

ថ្មីៗនេះ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា មជ្ឈមណ្ឌលអប់រំច្បាប់​សម្រាប់​សហ​គមន៍ និង​បណ្តាញ​ការ​ពារ​ព្រៃ​ឈើ​ផ្សេង​ទៀត​ បារម្ភ​អំពី​ការ​កើន​ឡើង​នៃ​ការ​កាប់​ឈើ​ខុស​ច្បាប់ និងការ​បំផ្លាញ​ធនធាន​ធម្មជាតិ  ដែល​បណ្តាល​មកពីការផ្តល់ សម្ប​ទាន​ដី​សេដ្ឋកិច្ច។សង្គម​ស៊ីវិល​ ឲ្យ​ដឹង​ថា ​តាំង​ពី​ឆ្នាំ​២០១២ ដល់​អំឡុង​ខែ​តុលា ឆ្នាំ២០១៤ ​ការ​កាប់​ឈើ​ខុស​ច្បាប់ និងការ​រត់​ពន្ធ​ឈើ​ចំនួន​៨១២​ករណី​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារ​ព័ត៌​មាន​ផ្សេងៗ​ក្នុង​ស្រុក​។

​លោក ភី ជា ដើរ​តួនាទី​ជា​អនុ​ប្រធាន​គណៈ​កម្ម​ការ​ការ​ពារ​ព្រៃ​សហ​គមន៍ និង​ធ្វើ​ការ​ជាមួយ​លោក​ឃាន ​ផល្លា យ៉ាង​ជិត​ស្និទ្ធិ​ក្នុង​ការ​ដើរ​ពិនិត្យ​មើល​ព្រៃ​ឈើ​ និង​បទ​ល្មើស​ផ្សេងៗ។លោក​មាន​ប្រសាសន៍​ថា​ព្រៃ​ឈើ​ទាំង​នោះ​នឹង​មាន​ប្រយោជន៍​ដល់​ប្រជា​ពល​រដ្ឋដែល​រង​គ្រោះ និង​ត្រូវ​ការ​ឈើ​ដើម្បី​ប្រើ​ប្រាស់នៅ​ពេល​ជួប​បញ្ហា​ដូ​ច​ជា​ភ្លើង​ឆេះ​ផ្ទះ​ជាដើម​។លោក​បន្ត​ថា​ការ​ស្នើ​សុំ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​សុំ​កាប់​ឈើ​ដើម្បី​​សង់​ផ្ទះ​ ឬ​ធ្វើ​អ្វី​មួយ ​ត្រូវ​មាន​ការ​សិក្សា​ពី​គណៈ​កម្ម​ការការ​ពារ​​ព្រៃ​ឈើ​។​លោក​បញ្ជាក់​ថា​«មុន​នឹង​ឲ្យ​គាត់​ គាត់​ធ្វើ​ពាក្យ​មួយ​ហើយ​ទៅ​ពិនិត្យ​ជាក់​ស្តែង​ដល់​ផ្ទះ​គាត់ ​យើង​ដឹង​ថា​តើ​ឈើ​ណា​គួរ​យើង​ផ្តល់​ឲ្យ ​គាត់​មួយ​ណា​មិនគួរ​ផ្តល់ឲ្យ​។​កាល​ណា​យើង​ផ្តល់​ឈើ​តូច​វា​អត់​កើត​ទេ។ កាល​ណា​យើង​ផ្តល់​អា​ឈើ​តូច វា​នាំ​ឲ្យ​បំផ្លាញ​ដល់​ព្រៃ​សហ​គមន៍​ដដែល​»

លោក ឃាន ផល្លា និង​ ​លោក ភី ជា

ប្រជា​សហគមន៍​ការ​ពារ​ព្រៃ​ឈើ​ឲ្យ​ដឹង​ថា​នៅ​ឆ្នាំ​ក្រោយ សហគមន៍​មាន​បំណង​បិទ​ស្លាក​ដើម្បី​កំណត់​ព្រំ​ដី​សហ​គមន៍​ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ការ​ពារ ​និង​អប់រំ​ប្រជា​ពល​រដ្ឋ​ពី​បញ្ហា​ព្រៃ​សហ​គមន៍។

លោក ភី ជា បញ្ជាក់​ថា«ត្រូវ​ចេះ​ថែ​រក្សា និង​ការ​ពារ​ទាំង​អស់​គ្នា ដោយ​មាន​ការ​ចូលរួម​ពី​ប្រជា​ពល​រដ្ឋ។​បើ​គាត់​មិន​ចូល​រួម​យើង​មិន​បាន​រីក​ចម្រើន ដោយ​សារ​២១នាក់​ដើរ​អត់​គ្រប់​ទេ​»​

អ្នកស្រី ឃឹម វេន ក្រុម​ប្រឹក្សា​ឃុំ​ត្រពាំង​ភ្លាំង​ ឈូក​ មាន​ប្រសាសន៍​ថា​ក្នុង​ឃុំ​របស់​អ្នកស្រី​ដែល​ជា​តំបន់​ការ​ពារ​ព្រៃ​ឈើ​នេះ​មាន​ប្រជា​ជន​២៦៦១​គ្រួសារ​ ត្រូវ​ជា​ចំនួន​មនុស្ស​ប្រហែល​១២៦៨៩នាក់​។​អ្នក​ស្រី​ថា​ការ​ចូល​រួម​ការ​ព្រៃ​សហគមន៍​នេះ​ពិត​ជា​មាន​តម្លៃ​សម្រាប់​ការ​ការ​ពារ​ព្រៃ​ឈើ​។ អ្នក​ស្រី​បញ្ជាក់​ថា«ខ្ញុំ​ថា​គាត់​មាន​តម្លៃ​យ៉ាង​ខ្ពង់​ខ្ពស់​ ព្រោះ​គាត់​ចំណាយ​ពេល​វេលា ដើម្បី​ផល​ប្រយោជន៍​សហ​គមន៍។​គាត់​អត់​មាន​​គិត​ពី​កម្រៃ ខ្ញុំថា​មនុស្ស​ទាំង​ឡាយ​ដែល​ស្ម័គ្រ​ចិត្ត​នេះ ជា​មនុស្ស​ល្អ​ណាស់​ ដោយ​អត់​គិត​កម្រៃ​គិត​ប្រាក់​ខែ​ប្រាក់​ថ្ងៃ​»

តំណាង​ភូមិ​ទួល​ដូនតី​ដែល​ជា​ភូមិ​មួយ​នៃ​តំបន់​ការ​ពារ​ព្រៃ​ឈើ លោក ញែម សារ៉ាន មាន​ប្រសាសន៍​ថា លោក​បាន​ផ្សព្វ​ផ្សាយ​ការ​ងារ​នេះ​ទៅ​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​ដើម្បី​ឲ្យ​ពួក​គាត់​ចូល​រួម​ជា​សមា​ជិក​ និង​យល់​ដឹង​ពី​សារ​ប្រយោជន៍​ព្រៃ​សហគមន៍​។

កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ២០១២ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចេញ​សេចក្តី​ប្រកាស ផ្អាក​ជា​បន្ទាន់​នូវ​ការ​ផ្តល់​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ ឲ្យ​ទៅ​ក្រុម​ហ៊ុន​ឯក​ជន ហើយ​បាន​អំពាវ​នាវ​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ដី​សម្បទាន ដែល​មាន​ស្រាប់​ទាំង​អស់​។ក្នុង​គោល​ការណ៍​របស់​រាជ​រដ្ឋា​ភិបាល​ដើម្បី​ផ្តល់​ដី​សម្ប​ទាន​ទៅ​ឲ្យ​ក្រុម​ហ៊ុន ​ដី​ការ​ពារ​ព្រៃ​ឈើ​របស់​ប្រជា​សហ​គមន៍​និង​សហគមន៍​តំបន់​ការ​ពារ​ធម្មជាតិ​ នឹង​មិន​ត្រូវ​ឲ្យ​ប៉ះ​ពាល់​នោះ​ទេ ដោយ​ក្វៀល​ដី​នោះ​ចេញ។ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ជម្លោះ​ដី​ធ្លីបាន​កើត​ឡើង​ ដោយ​សារ​ក្រុម​ហ៊ុន​មួយ​ចំនួន​បាន​ប៉ះ​ពាល់​ដល់​ដី​ការ​ពារ​សហ​គមន៍​។

រហូត​មក​ដល់​ពេល​នេះ ក្រសួង​បរិស្ថាន​បាន​ប្រកាស​ដក​ហូត​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ជាង​៧ម៉ឺនហិកតា​ពី​ក្រុម​ហ៊ុន​ចំនួន​ប្រមាណ​២០ ក្រោម​ហេតុ​ផល​ថា​ក្រុម​ហ៊ុន​ទាំង​នោះ​មិន​បាន​ធ្វើ​ការ​អភិ​វឌ្ឍទៅ​លើ​ដី​ និង​ដី​ទាំង​នោះ​បច្ចុ​ប្បន្ន​ប៉ះ​ពាល់​ដល់​ការ​រស់​​នៅ​របស់​ប្រជា​ពល​រដ្ឋ។

ចំណែក​លោក ឃាន ផល្លា លើក​ឡើង​ថា​លោក​នឹង​បង្កើន​ការ​ការ​ពារ​ព្រៃ​ឈើ​ក្នុង​តំបន់​របស់​លោក​និង​ស្នើ​ឲ្យ​មាន​ការ​ចូល​រួម​ពី​ប្រជា​ពលរដ្ឋ​អង្គ​ការ​សង្គម​ស៊ីវិល​និង​អាជ្ញា​ធរ​មូល​ដ្ឋាន​ពាក់​ព័ន្ធ។​លោក​បន្ត​ថា​លោក​នឹង​ចូល​រួម​ការ​ពារ​តំបន់​នេះ​ ដរាប​ណា​លោក​នៅ​មាន​កម្លាំង​ធ្វើ​។លោក​បញ្ជាក់​ថា​«បើធ្វើ​ដូច​រាល់​ថ្ងៃ​បាន​ធ្វើ​រហូត​ដល់​អស់​ជីវិត។ខ្លាច​តែ​ចាស់​ទៅ​ ធ្វើ​លែង​កើត​»

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles

2 Responses to "សហគមន៍ការពារព្រៃឈើខេត្តកំពត៖«ធ្វើជាអ្នកការពារព្រៃឈើសហគមន៍ កុំគិតពីលុយ»​"

  1. Judge says:

    សូមកោតសសេីរ នូវស្មារតី ជាតិ ក្នុងការថែរក្សា ព្រៃឈេី ដែលជាសម្បត្តិរបស់ជាតិ ដែលជាបរិដ្ឋាន ឧបត្ថម្ភ ដល់ជីវិតរស់នៅ ទាំង មនុស្សទាំងសត្វ។ ខ្ញុំ មាន ជំនឿថា ឯកឧត្តម នាយករដ្ឋមន្ត្រី នឹងយកចិត្ត ទុកដាក់ ដល់សកម្មជនបែបនេះ ព្រោះ លោក ធ្លាប់បានធ្វេី ការអះអាងផងដែរ ក្នុងការ ការពារព្រៃឈេី របស់ែខ្មរនោះ។

  2. Ah ny says:

    ពិតជាល្អណាស់លោកពូ សូមបន្តសកម្មភាពដ៏ល្អប្រពៃនេះបន្តទៅទៀត ដើម្បីប្រជាជន និងប្រទេសជាតិ ដ៏ល្អរបស់យើងទំាងអស់ គ្នា