Fri, 14 November 2014
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ សាលាឧទ្ធរណ៍បានចេញដីកាកោះហៅជនជាប់ចោទដែលនៅក្រៅឃុំចំនួន ២៣ នាក់ នៅក្នុងសំណុំរឿងដ៏ចម្រូងចម្រាស នៃការប៉ះទង្គិចគ្នា រវាងកម្មករ និងសមត្ថកិច្ច នៅមុខរោងចក្រយ៉ាកជីន និងនៅផ្លូវ វេងស្រេង ឲ្យចូលខ្លួនមកក្នុងសវនាការបណ្តឹងសាទុក្ខជំទាស់នឹងការសម្រេចរបស់សាលាដំបូងរាជធានីនៅថ្ងៃ ទី១៧ ខែវិច្ឆិកា ខាងមុខនេះ។
លោក ថេង សាវឿន អ្នកសម្របសម្រួលនៃសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ៤ ឆ្នាំ ៦ ខែ និងពិន័យជាប្រាក់ ២០០០ ដុល្លារ ប៉ុន្តែត្រូវអនុវត្តន៍ទោសក្នុងពន្ធនាគារ ៥ ខែនិងទោសនៅសល់ត្រូវបានព្យួរនោះ បានថ្លែងថា សាលាឧទ្ធរណ៍បានចេញដីកាកោះឲ្យរូបលោក និងអ្នកទាំង ២២ នាក់ទៀតឲ្យចូលខ្លួននៅក្នុងសវនាការនៅថ្ងៃ ទី១៧ វិច្ឆិកា។ លោកថ្លែងថា៖ «ពួកយើងមិនអាចទទួលយកការសម្រេចរបស់សាលាដំបូងរាជធានីបានទេ ពីព្រោះអីពួកយើងជាជនរងគ្រោះ ហេតុអីបានជាត្រូវមានទោស ឯអ្នកដែលប្រើហិង្សាលើពួកយើង បែរជាពុំបានទទួលទោសទៅវិញ»។ លោក សាវឿន យល់ថា ការកាត់ទោសកន្លងមក របស់សាលាដំបូងរាជធានី គឺមិនពេញលក្ខណៈទេ ពីព្រោះទាំងសាក្សី និងភ័ស្តុតាង មិនមានអ្វីដាក់បន្ទុកមកលើពួកលោកនោះទេ ដែលនេះបង្ហាញឲ្យឃើញថា តុលាការមិនបានប្រកាន់នូវឯករាជ្យភាពរបស់ខ្លួនឡើយ។ លោកថ្លែងថា៖ «ដោយតុលាការមានលក្ខណៈនយោបាយ ធ្វើឲ្យយើងជាជនរងគ្រោះ ទទួលបាននូវភាពអយុត្តិធម៌បំផុត»។ លោក សាវឿន បានចាត់ទុកសាលក្រមផ្តន្ទាទោសពួកលោកថា ជាសាលក្រមនយោបាយ ដោយពួកអ្នកនយោបាយបានយកពួកលោកទៅធ្វើជាចំណាប់ខ្មាំងនយោបាយ ដើម្បីដាក់សម្ពាធឲ្យបក្សប្រឆាំងចូលប្រជុំសភា។ លោកបានថ្លែងថា៖ «អ្នកនយោបាយបានយកពួកយើងសម្រាប់ចំណេញនយោបាយរបស់គេ ដោយទាំងពួកយើង ពុំមានពាក់ព័ន្ធអ្វីសូម្បីតែបន្តិចជាមួយនយោបាយ។
យើងធ្វើការដើម្បីតែសិទ្ធិសេរីភាពរបស់កម្មករតែប៉ុណ្ណោះ»។
ចំណែកលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចាត់ទុកការសម្រេចរបស់សាលាដំបូងរាជធានី ថាជារឿងអយុត្តិធម៌ធ្ងន់ធ្ងរ ខណៈដែលពួកលោក គឺជាជនរងគ្រោះ ដែលទទួលរងការវាយដំយ៉ាងធ្ងន់ធ្ងរ និងថា ពួកលោកពុំមានលទ្ធភាពរកលុយ ២ ពាន់ដុល្លារបង់ឲ្យតុលាការនោះទេ។ លោកថ្លែងថា៖ «អ្វីដែលសំខាន់គឺយើងសូមឲ្យតុលាការទម្លាក់បទចោទមកលើពួកយើង គេវាយយើងស្ទើរងាប់ស្ទើររស់ ពួកយើងមិនគួរទទួលបានការចោទប្រកាន់បែបនេះនោះទេ»។
លោកស្រី សាម សុគន្ធា មេធាវីការពារក្តី ឲ្យពិរុទ្ធជន ដែលនៅក្រៅឃុំ មកពីអង្គការលីកាដូ បានថ្លែងថា ឆ្លងតាមការសួរដេញដោលកូនក្តីរបស់លោកស្រី នៅសាលាដំបូងរាជធានីកន្លងមកគឺបង្ហាញថា កូនក្តីរបស់លោកស្រីទាំងអស់ គឺជាជនរងគ្រោះ នៃការប្រើអំពើហិង្សា ហើយពួកគេខ្លះនៅមិនទាន់ជាសះស្បើយពីរបួសនៅឡើយទេ រហូតមកដល់ពេលនេះ។ លោកស្រីបន្តថា៖ «កូនក្តីរបស់ខ្ញុំមិនខុសច្បាប់ទេ ដូច្នេះសាលក្រមកន្លងមកពុំបានផ្តល់យុត្តិធម៌ដល់ពួកគាត់ទេ ដូច្នេះខ្ញុំសង្ឃឹមថា សវនាការនៅថ្ងៃ ទី១៧ វិច្ឆិកា ខាងមុខនេះសាលាឧទ្ធរណ៍នឹងទម្លាក់បទចោទដើម្បីផ្តល់យុត្តិធម៌ដល់ពួកគាត់»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងកាលពីថ្ងៃពុធថា ការទម្លាក់កំហុសមកលើរដ្ឋាភិបាល គឺជាបំណងអាក្រក់មួយដែលមិនគួរកើតមានទេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពីព្រោះរដ្ឋាភិបាលកំពុងតែពង្រឹងនីតិរដ្ឋ និងប្រឆាំងនិទ្ទណ្ឌភាព។ លោកបានបន្តថា៖ «ការលាបពណ៌នេះគឺមិនអាចទទួលយកបានទេ គឺតុលាការលោកសម្រេចដោយវិនិច្ឆ័យទៅលើអង្គច្បាប់»។
សូមរំឭកថា ជនជាប់ចោទដែលនៅក្រៅឃុំចំនួន ២៣ នាក់ដែលត្រូវបានតុលាការផ្តន្ទាទោសនោះក្រោយពីអាជ្ញាធរចាប់ខ្លួនពួកគេក្នុងហេតុការណ៍ប៉ះទង្គិចរវាងកម្មករនិងសមត្ថកិច្ចកាលពីថ្ងៃ ទី០២ និង ទី០៣ ខែមករា ឆ្នាំ២០១៤ នៅមុខរោងចក្រយ៉ាកជីន និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង នៅពេលដែលកម្មករធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលកម្មករ ១៦០ ដុល្លារក្នុងមួយខែ។ ក្នុងហេតុការណ៍នោះកម្លាំងសមត្ថកិច្ចបានប្រើកាំភ្លើងគ្រាប់ពិត និងដំបងបាញ់ វាយទៅលើកម្មករដែលគប់ដុំថ្មលើពួកគេបណ្តាលឲ្យកម្មករយ៉ាងហោចណាស់ ៥ នាក់ស្លាប់ និងរងរបួសធ្ងន់រាប់សិបនាក់ទៀត។ ក្នុងហេតុការណ៍នេះ កម្មករ និងមន្ត្រីអង្គការសង្គមស៊ីវិលចំនួន ២៣ នាក់ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក៏ប៉ុន្តែគេមិនឃើញមានការចោទប្រកាន់ទៅលើកម្លាំងសមត្ថកិច្ចដែលបាញ់និងវាយដំ ទៅលើកម្មករដែលបណ្តាលឲ្យស្លាប់និងរបួសនោះទេ៕
CPP ruled government is opening a political campaign to crackdown the youth, activists, supporters of CNRP as well as those land activists! there is no rule of law now, but a law of CPP, not law of the land, but law of man! this is a new wave of political harrassment, threat and intimidation which is violating the 1993 Constitution!CP”s popularioty rating is going down in the whole country right now. Most people including the youth now are well aware of the politics!
ពួក អាទាហាន ឆ្កួតជ្រូក អស់នេះ ពូកែ បានតែ ជាមួយ ប្រជាពលរដ្ឋខ្មែរ ស្លូតត្រង់ តែប៉ុណ្ណោះ !
បើ ជាមួយ បរទេស យួន សៀម ខ្លាចគេ អោយ ញ៉រ លឹបក្បាល បាត់ !