Fri, 14 November 2014
សូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ មហាជនបានដាក់ការជឿជាក់យ៉ាងមុតមាំទៅនឹងដំណឹងដែលផ្សព្វផ្សាយថា នាយ ពែកមី បានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈក៏មានវីដេអូឃ្លីបអមជាមួយរថយន្តបង្ហាញពីស្លាកស្នាមគ្រោះថ្នាក់ខ្ទេចខ្ទីមួយកំណាត់ខាងក្រោយ ដែលអ្នកបង្ហោះបញ្ជាក់ថា តារាកំប្លែង ពែកមី បានជួបគ្រោះថ្នាក់ពិតមែន ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ប៉ុន្តែផ្ទុយពីការលើកឡើងនាយ ពែកមី ដែលកំពុងតែសម្តែងសិល្បៈបានអះអាងថា លោកមិនបានជួបគ្រោះថ្នាក់ចរាចរណ៍ដូចគេថានោះទេ។
វីដេអូឃ្លីបដែលបង្ហាញថា នាយ ពែកមី ជួបគ្រោះថ្នាក់ចរាចរណ៍ បានបញ្ជាក់ថា កើតឡើងនៅម៉ោង១៩ និង៥០នាទី នៅស្រុកដងទង់ ខេត្តកំពត ហើយក្នុងនោះក៏បានបញ្ជាក់ទៀតថា នាយ ពែកមី បានស្លាប់ពេលបញ្ជួនទៅដល់មន្ទីរពេទ្យ។
លាងនូវដំណឹងដ៏រន្ធត់ និងភ្ញាក់ផ្អើល នៅយប់ថ្ងៃទី១២ វិច្ឆិកា ទាំងនាយ ពែកមី និងបុគ្គលិកស្ថានីយទូរទស្សន៍ CTN លោក សុខ គា និងលោក ឈន ច័ន្ទតារា សុទ្ធតែបានចេញសារបកស្រាយថា នាយ ពែកមី មិនបានជួបគ្រោះថ្នាក់ចរាចរណ៍ដូចព័ត៌មាន ដែលកំពុងចែកចាយនោះទេ។
នាយ ពែកមី ផ្ទាល់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ តាមទូរស័ព្ទថា រូបលោកពិតជាមិនបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត ដូចព័ត៌មានល្បីនោះមែន ។ ជាមួយពាក្យសម្ដីដែលមិនសប្បាយចិត្តនឹងដំណឹងដែលថា ខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ នាយ ពែកមី ដែលស្តីបន្ទោសព័ត៌មានស្រុកខ្មែរថា មិនដឹងជាស្អី ចេះតែចុះផ្សាយទាំងរឿងមិនពិតនោះ បានបញ្ជាក់ថា៖«នៅវេលាម៉ោងជិត៦ល្ងាចម្សិលនោះ ពិតជាមានគ្រោះថ្នាក់ចរាចរណ៍មែន នៅម្តុំស្រុកដងទង់ ខេត្តកំពត ស្របគ្នានោះ ខ្ញុំ និងក្រុមកីឡាករបាល់ទះ ខ្ញុំត្រឡប់មកពីលេងនៅកំពត ឃើញបែបនេះខ្ញុំក៏ចុះមើល»។
នាយ ពែកមី បញ្ជាក់ថា៖«ក្រោយហេតុការណ៍នោះ គេឃើញខ្ញុំស្ថិតក្នុងនោះដែរ ហើយគេស្គាល់ខ្ញុំ គេក៏ថា ខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍តែម្តងទៅ»។
យ៉ាងណាការសរសេរសារបកស្រាយ និងការបញ្ជាក់របស់ នាយ ពែកមី ថាខ្លួនមិនបានជួបគ្រោះថ្នាក់ចរាចរណ៍ ដូចដែលដំណឹងចែកចាយយ៉ាងក្តៅគគុកនោះ មិនត្រូវបានមហាជនទទួលស្គាល់ឡើយ ដោយពួកគេចោទថា បើសូម្បីតែនាយ ពែកមី ខ្លួនឯងចេញមុខបញ្ជាក់យ៉ាងដូច្នេះក្តី នោះគឺជាការបិទបាំងការពិតតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋពីកន្លែងកើតហេតុបានបញ្ជាក់ថា ពួកគាត់បានស្គាល់យ៉ាងច្បាស់ថា មាននាយពែកមី ស្ថិតក្នុងហេតុការណ៍ អ្នកបើកឡាន និង តារាសម្ដែងស្រីពីរនាក់ផ្សេងទៀតដែរ។
មានការបង្ហើបប្រាប់ទៀតថា នាយ ពែកមី និងក្រុមការងារ រួមទាំងក្រុមកីឡាករបាល់ទះ បានធ្វើដំណើរពីកំពត ត្រឡប់មកភ្នំពេញវិញ។ ក្នុងដំណើរនោះ នាយពែកមី បានជិះឡាន Luxus 470 ដែលឡានមួយនោះ ត្រូវបានគេស្គាល់ថា ជាឡានរបស់លោក សុវណ្ណ រិទ្ធី ហៅតាវិទ័រ ដោយក្នុងនោះមានគ្នា ៤ នាក់ ប្រុស២ស្រី២។ ប្រភពដដែលបន្តថា ជាអកុសលនៅម៉ោងប្រមាណ ៦ ល្ងាច ពេលធ្វើដំណើរ មកដល់ភូមិ ល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ក៏ជួបនឹងគោមួយហ្វូងឆ្លងផ្លូវ ហើយអ្នកបើកបរ បានបួងចង្កូត គេចសត្វគោ ហើយក្រឡាប់ផ្ងារពោះ និងខូចដំបូលទាំងស្រុង។ ភ្លាមៗនោះប្រជាពលរដ្ឋនឹងអ្នកធ្វើដំណើរឆ្លងកាត់ទៅនោះ បាននាំគ្នា រុញឡាននោះឲ្យមកសភាពដើមវិញ និងជួយមនុស្សនៅក្នុងឡានចេញ។
មានការបញ្ជាក់ថា មិនមាននរណាម្នាក់គ្រោះថ្នាក់ ឬរបួសនោះឡើយ ក្រៅពីមនុស្សស្រីម្នាក់សន្លប់ ខណៈភ័យខ្លាំងពេក ហើយនាយ ពែកមី និង តារាស្រី២នាក់នោះ បានជួលឡានមួយផ្សេងទៀត ដើម្បីបន្តដំណើរមកភ្នំពេញភ្លាមៗ ដោយទុកតៃកុង ជាអ្នកចាំមើលឡាន ហើយក្រោយមកតៃកុងនោះ បានជួលរថយន្តមួយទៀតដឹកឡាននោះមកជួសជុលនៅឯភ្នំពេញ។
បើទោះជាមានការបញ្ជាក់យ៉ាងដូច្នេះក្តី ប៉ុន្តែនាយ ពែកមី នៅតែបដិសេធដដែល ខណៈដែលភ្នំពេញប៉ុស្តិ៍ ព្យាយាមសុំការបកស្រាយម្តងទៀត។ ដោយនាយអះអាងថា ខ្លួនពិតជាមិនបានជួបគ្រោះថ្នាក់ចរាចរណ៍នោះមែន។ នាយ ពែកមីបានបញ្ជាក់ប្រាប់ជាថ្មីទៀតថា ក្នុងដំណើរទៅខេត្តកំពតនោះ លោកមានគ្នាទាំងអស់ជិត២០នាក់ តែក៏មិនបានជិះឡានម៉ាកឡិចស៊ីសនោះដែរ គឺលោកនិងក្រុមការងារជិះឡានទួរីសទេ ៕

ជួបក៏ជួបទៅខ្លាចអីប្រាប់មហាជននោះ? ខំលាក់យ៉ាងណាក៏មិនជិតដែរវៀរលែងមិនមែន
ជួបគ្រោះថ្នាក់មែន ។ សេចក្ដីពិតនៅតែពិត ។