ដោយ៖ វង្ស សុម៉ាលីន
ថ្ងៃចន្ទ ទី17 វិច្ឆិកា 2014
http://vodhotnews.com
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដ៏កក្រើករបស់កម្មវិធី The Voice Cambodia រដូវកាលទី១ បានបញ្ចប់ហើយ កាលពីយប់ថ្ងៃអាទិត្យទី១៦ វិច្ឆិកា ដោយលោក ប៊ុត សីហា គឺជាម្ចាស់ពាន។ ក្រៅពីទទួលបានសិទ្ធិក្លាយជាតារាចម្រៀងអាជីព លោកក៏ក្លាយជាសមាជិកមួយរូប សម្រាប់ The Voice ពិភពលោកផងដែរ។
ការប្រកួតដ៏ស្វិតស្វាញ ដែលមានការគាំទ្រយ៉ាងច្រើនលើសលប់នោះ បានបញ្ចប់នៅវេលាម៉ោង១២យប់ មានវត្តមាន លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងភ្ញៀវកិត្តិយស និងអ្នកគាំទ្រយ៉ាងច្រើនកុះករចូលរួម។ បេក្ខជន ប៊ុត សីហា ជាអ្នកសម្រេចគោលដៅនៅវគ្គចុងក្រោយ ក្រោមការបោះឆ្នោតឲ្យដោយមហាជនភាគច្រើន។ មិនមានការបញ្ជាក់ថា លោកទទួលបានភាគរយ ឬតួលេខប៉ុន្មានពីការបោះឆ្នោតនោះទេ ដោយគ្រាន់តែមានការប្រកាសថា លោកឈ្នះសម្រាប់កម្មវិធី The Voice Cambodia។ យ៉ាងណាក៏ដោយ យោងតាមការប្រកួតប្រជែង លោកគឺជាបេក្ខជនមួយរូបដែលមានទឹកដមសំឡេងខ្ពស់ និងធ្វើបានល្អជាងបេក្ខនារី និងបេក្ខជន៣រូបទៀត ស័ក្តិសមនឹងទទួលពាននេះ។
បេក្ខនារី បេក្ខជនទាំង៤រូបចុងក្រោយ រួមមាន បេក្ខជន ប៊ុត សីហា កូនក្រុមរបស់លោក ឆន សុវណ្ណរាជ បេក្ខជន សយ រតនៈ កូនក្រុមរបស់ ពេជ្រ សោភា បេក្ខជន ឃុន វត្ថា កូនក្រុមរបស់ ឱក សុគន្ធកញ្ញា និងបេក្ខនារី ចំរើន សុភ័ក្រ កូនក្រុមរបស់លោក ណុប បាយ៉ារិទ្ធិ។
ប៊ុត សីហា ជាកូនកំព្រាឪពុក ដែលមានក្រីក្រគួរឲ្យអាណិត ក្នុងចំណោមអ្នកប្រឡងទាំងអស់ ដែលឈានមកដល់វគ្គផ្ដាច់ព្រ័ត្រ។ លោកជាបេក្ខជនជិះកង់មកដាក់ពាក្យប្រលង និងសុំដោយសារគេ មកកាន់ភ្នំពេញ ដើម្បីស្នាក់នៅប្រកួតប្រជែងជាមួយ The Voice Cambodia។ លោកបានស្រក់ទឹកភ្នែកភ្លាមៗ បន្ទាប់ពីលោកជា វិបុល ប្រកាសថាលោកជាបេក្ខជនដែលទើបតែត្រូវឪពុកស្លាប់ចោល ហើយជិះកង់ទាំងលំបាកមកប្រឡងកម្មវិធីThe Voice Cambodia។ តារាចម្រៀងជាគ្រូបង្វឹកទាំង៤ បានសរសើរពីគុណសម្បត្តិ និងទឹកដមសំឡេងរបស់ប៊ុត សីហា ច្រើនជាងគេ បើទោះជាលោកជាកូនក្រុមរបស់លោក ឆន សុវណ្ណរាជ។ នោះគឺដោយសារតែលោក បង្ហើរសំនៀងបានល្អតាំងពីជុំទី១ រហូតដល់ជុំទី២ ដែលជាវគ្គកាត់សេចក្ដី។ បេក្ខជនទាំង៤ ទទួលបានម៉ូតូឌ្រីម២០១៥ម្នាក់មួយគ្រឿង ទូរទឹកកកម្នាក់មួយគ្រឿង ស្រាបៀរម្នាក់២០កេស និងទឹកប្រាក់លើកទឹកចិត្តក្នុងម្នាក់ៗចំនួន១ពាន់ដុល្លារសម្រាប់អ្នកចាញ់។ ដោយឡែក សម្រាប់បេក្ខជន ប៊ុត សីហា ដែលជាទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានទឹកប្រាក់១០០លានរៀល ស្មើនឹង២៥០០០ដុល្លារ បន្ថែមពីលើម៉ូតូ ទូរទឹកកក និងស្រាបៀរ២០កេស។ អ្វីដែលសំខាន់គឺលោកទទួលសិទ្ធិស្វ័យប្រវត្តិធ្វើជាតារាចម្រៀងកុងត្រារបស់ផលិតកម្មហង្សមាស និងបានក្លាយជាសមាជិកមួយរូបរបស់The Voice ពិភពលោក។
ការប្រកួតរហូតដល់ពាក់អាធ្រាតុនោះ ក្នុងជុំទី១ បេក្ខនារីបេក្ខជនទាំង៤ តម្រូវឲ្យច្រៀងបទមនោសញ្ចេតនា ដោយបេក្ខជនឃុន វត្ថា ដែលជាអ្នកចម្រៀងស្រាប់នៅក្នុងភោជនីយដ្ឋាន៧មករានៅខេត្តកំពង់ចាម ច្រៀងបទ«កំដរសង្សារគេឈឺចាប់»។ ការបកស្រាយរបស់លោក ធ្វើមិនបានល្អឡើយ ដោយមានចំណុចភ្លៀវ និងភ្លាត់ចង្វាក់ដោយអន្លើរ។ បេក្ខជន ប៊ុត សីហា មកពីខេត្តកំពង់ស្ពឺ បកស្រាយបទ«ស្រឡាញ់បងគ្មានអនាគតទេ» ដោយការបង្ហើសំនៀងរបស់លោក ទទួលបានសំឡេងគាំទ្រយ៉ាងកងរំពងពេញសាលចម្រៀង ដោយសារតែលោកមានតុងច្រៀងបានខ្ពស់ និងពីរោះមិនចាញ់លោកខេមរៈ សិរីមន្ត ជាម្ចាស់ដើម។ នៅក្នុងជុំនេះ បេក្ខនារីចំរើន សុភ័ក្រ ដែលជានារីតែម្នាក់ បានច្រៀងបទ «ចំណង៥ប្រការ» ដោយការបកស្រាយរបស់ប្អូនស្រីក៏មានចំណុចស្ទើរសង្វាក់មួយចំនួនផងដែរ។ ដោយឡែកលោកលោក សយ រតនៈ មកពីកំពង់ឆ្នាំង បានជ្រើសយកបទ«ស្បថមុខព្រះក៏បងមិនជឿ!» មកធ្វើការបកស្រាយ ដោយការបកស្រាយរបស់លោក អាចនិយាយបានមានចំណុចខ្វះខាតស្ទើរពីដើមដល់ចប់តែម្ដង ទើបទទួលការរិះគន់ពីគ្រូបង្វឹកដោយផ្ទាល់។
ចប់ជុំទី១ អ្នកទាំង៤ ត្រូវតម្រូវឲ្យបកស្រាយបទឆ្លើយឆ្លងជាមួយតារាចម្រៀងជាគ្រូបង្វឹករៀងៗខ្លួន ដើម្បីទុកពេលឲ្យមហាជនធ្វើការបោះឆ្នោតសន្សំពិន្ទុមួយតង់សិន។ បេក្ខជនឃុន វត្ថា ច្រៀងបទ«លះបង់ឲ្យអ្នកទី៣» ជាមួយតារាចម្រៀងឱក សុគន្ធកញ្ញា។ បេក្ខជន សយ រតនៈ ច្រៀងបទ «ចិត្តបញ្ជា» ជាមួយនាងពេជ្រ សោភា។ ចំរើន សុភ័ក្រ ច្រៀងបទ «សន្ដានក្បត់ក្នុងចិត្តមនុស្សម្នាក់» ជាមួយលោកណុប បាយ៉ារិទ្ធិ និងលោកប៊ុត សីហា ច្រៀងបទ «ទីក្រុងគ្មានមេឃ» ជាមួយ លោកឆន សុវណ្ណរាជ។ ក្នុងចំណោមអ្នកទាំង៤ ប៊ុត សីហា នៅតែធ្វើបានល្អជាគេសម្រាប់វគ្គShowពិសេសនេះ ទោះជាការបង្ហាញរបស់ពួកគេ មានការប្រកាសថាមិនមែនជាបទសម្រាប់ប្រលង។
ក្នុងជុំទី២ អ្នកទាំង៤ ត្រូវកម្មវិធីកំណត់ឲ្យបកស្រាយបទញាក់កន្ទ្រាក់អារម្មណ៍ ដោយ ប៊ុត សីហា ជាអ្នកបើកឆាកមុនគេ ជាមួយនឹងបទ«គ្មានអូនបងនៅតែជាបង»។ បេក្ខនារីចំរើន សុភ័ក្រ ច្រៀងបទ«សង្កៀរបេះដូង»ដែលជាចង្វាក់រ៉ុក។ បេក្ខជនឃុន វត្ថា ច្រៀងបទ«អូនសុំបែកបងសុំលា» និងបេក្ខជនសយ រតនៈ ច្រៀងបទ«រឿងងាយទេ»។ នៅក្នុងវគ្គនេះ សយ រតនៈ និងប៊ុត សីហា ជាអ្នកច្រៀងបានល្អជាងគេ ដោយទទួលបានការសរសើរគ្រប់គ្នាពីគ្រូបង្វឹកទាំង៤។ យ៉ាងណាក៏ដោយ ប៊ុត សីហា ដែលបញ្ចេញសមត្ថភាពបានល្អតាំងពីជុំទី១ ដល់ជុំចុងក្រោយ បានក្លាយជាម្ចាស់The Voice Cambodia រដូវកាលទី១ ប្រចាំ២០១៤នេះ មិនខុសពីការទាយទុកនោះដែរ បើទោះជាលោកត្រូវប្រឈមដោយគូប្រកួតប្រជែងជាអ្នកខ្លាំងមិនធម្មតា។ នេះជាមោទនភាពធំមួយ ដែលបេក្ខជនប្រចាំខេត្តកំពង់ស្ពឺលោកប៊ុត សីហា បានទទួលពីកម្មវិធីThe Voice ដ៏ល្បីល្បាញរបស់ពិភពលោក៕
សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

Seyha, you sing better than Sereymon….good luck to you Bro!!!