ដោយ៖ ខាន់ លក្ខិណា
ថ្ងៃចន្ទ ទី17 វិច្ឆិកា 2014
http://vodhotnews.com
កម្មករប្រមាណជាង២០០០នាក់ នៅរោងចក្រជីម លី ក្នុងភូមិត្រពាំងទួល សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃចន្ទនេះ បាតុកម្មតវ៉ានៅមុខរោងចក្រ ដើម្បីទាមទារលក្ខខណ្ឌការងារ៨ចំណុច ។
ប្រធានសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ឲ្យVODដឹងថា ការតវ៉ានេះកើតឡើងដោយសារតែរោងចក្របានដកជាងម៉ាស៊ីនម្នាក់ដោយគ្មានមូលហេតុមុនបុណ្យអុំទូក ហើយក្រុមតំណាងសហជីពបានព្យាយាមធ្វើការដោះស្រាយជាមួយនឹងនិយោជក ប៉ុន្តែភាគីខាងនយោជកមិនព្រមទទួលយកជាងម៉ាស៊ីននោះឲ្យចូលធ្វើការវិញទេ ។
លោក ប៉ាវ ស៊ីណា បន្តថា ដោយសារតែគ្មានការដោះស្រាយ ទើបកម្មករនាំគ្នាតវ៉ាទាមទារលក្ខខណ្ឌចំនួន៨ចំណុចដូចជា ទទួលយកជាងម៉ាស៊ីនដែលត្រូវបានបញ្ឈប់ឲ្យចូលធ្វើការវិញ ផ្ដល់លុយអាហារ៤០០០រៀលក្នុងមួយថ្ងៃ ផ្ដល់លុយស្នាក់នៅនិងសម្រាប់ធ្វើដំណើរ១៥ដុល្លារក្នុងមួយខែ ផ្ដល់លុយព្រីម១៨ដុល្លារ បើកលុយ៥ភាគរយនៅពេលកម្មករនិយោជិកដល់កុងត្រា បើកលុយបីខែមុនដល់ស្រី្តដែលដាក់ច្បាប់ឈប់សម្រាកទៅសម្រាលកូន រៀបចំកន្លែងដាក់កង់ម៉ូតូឲ្យបានសមរម្យ និងអនុវត្តម៉ោងចូលធ្វើការឲ្យដូចមុន ។
ប្រធានរដ្ឋបាលរោងចក្រ ជីម លី លោក សោម ពិសិដ្ឋ ឲ្យ VOD ដឹងថា ភាគីរោងចក្របានហៅកម្មករឲ្យចូលរួមបប្រជុំដោះស្រាយរួចហើយ ប៉ុន្តែភាគីអ្នកស្នើសុំមិនមានការយល់ព្រម ដូច្នេះរោងចក្រក៏បានបញ្ជូនសំណុំរឿងទៅក្រសួងការងារជាអ្នកចាត់ចែងបន្ត ដោយលោកបានអះអាងថា ក្រុមហ៊ុននឹងធ្វើទៅតាមការសម្រេចរបស់ក្រសួង ។
កម្មករម្នាក់ដែលបានចូលចរចាជាមួយភាគីរោងចក្រលោក សុំ សេង ឲ្យដឹងថា ខាងរោងចក្របានបដិសេធមិនព្រមទទួលជាងម៉ាស៊ីនដែលត្រូវបានបញ្ឈប់នោះឲ្យចូលធ្វើការវិញ ធ្វើឲ្យការចរចាមិនអាចបន្តទៅពិភាក្សាលើចំណុចផ្សេងទៀត ។ លោកថា ក្រុមកម្មករបាននាំគ្នារំសាយបន្ទាប់ពីការចរចា ដោយគ្រោងនឹងនាំគ្នាធ្វើការតវ៉ាជាថ្មីនៅថ្ងៃស្អែក ៕
សូមសរសេរមកកញ្ញា ខាន់ លក្ខិណា តាមរយៈ khanleakhena@yahoo.com
គិតថា នៅពេលដែលរោងចក្រជួបនឹងការទាមទារដែលពុំមានព្រំដែនយ៉ាងនេះ តើម្ចាស់រោងចក្រចេះតែទ្រអញ្ចឹងទៀត ឬក៏ត្រូវសម្រេចចិត្តយ៉ាងណា?
ប្រទេសភូមា ក៏កំពុងអភិវឌ្ឍ វៀតណាមក៏ត្រូវការ គេត្រូវការរោងចក្រ ដើម្បីឲ្យប្រជាជនគេមានការងារធ្វើ។ សូមអស់លោកបញ្ឈប់ការរកស៊ីនៅស្រុកខ្មែរ ហើយទៅបើកនៅប្រទេសទាំងនោះម្តងល៎មើល។
មិនជាអ្វីទេ កម្មករខ្មែរអាចនឹងវេចបង្វិចទៅធ្វើការរកស៊ីនៅថៃ ក៏បានដែរ។
ម្នាក់ៗ ពូកែណាស់ ! តែដល់ពេលទៅនៅស្រុកគេ តាំងនិយាយពីរឿងគេធ្វើបាប ពីរឿងចាញ់បោកគេ។
តែបើគេមកបើករោងចក្រនៅស្រុកឯង តាំងនាំគ្នាគាបសង្កត់គេ។
ពីដើមរៀងមក គេឮតែថា ថៅកែជិះជាន់កម្មករ, តែនៅស្រុកខ្មែរនេះ កម្មករជិះជាន់ថៅកែ៕