សង្គម​ស៊ីវិល​យល់ថា​តុលាការ​នៅតែ​ជា​ឧបករណ៍​បម្រើ​ឲ្យ​បក្ស​កាន់​អំណាច​​

ដោយ៖​ ញឹម សុខន​
ថ្ងៃចន្ទ ទី17 វិច្ឆិកា 2014
http://vodhotnews.com

​សង្គម​ស៊ីវិល​ក្នុងស្រុក​មួយ​ចំនួន បង្ហាញ​ការយល់ឃើញ​ថា រដ្ឋាភិបាល​នៅ​តែ​បន្ត​យក​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​ឧបករណ៍​នយោបាយ ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន ផ្ទុយទៅនឹង​ច្បាប់រដ្ឋធម្មនុញ្ញ ។​

​ប្រតិកម្ម​របស់​អង្គការ​សង្គម​ស៊ីវិល​នេះ ស្របពេល​ដែល​កម្លាំង​រដ្ឋាភិបាល ចាប់ឃុំខ្លួន​ស្ត្រី​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​និង​បុរី​កីឡា​១០​នាក់ ចាប់​ផ្សឹក​ព្រះសង្ឃ​នៅ​វត្ត​ស្ទឹងមានជ័យ​ក្នុង​រាជធានី​ភ្នំពេញ​៣​អង្គ​យកទៅ​ឃុំ​ព្រះកាយ​ភ្លាមៗ និង​ចាប់​សកម្មជន​បក្សប្រឆាំង​៤​នាក់​ឃុំខ្លួន​នៅ​ពន្ធ​នាគរ​ព្រៃ​ស ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ខ្វែងគំនិត​គ្នា​លើ​ចំណុច​ខ្លះ​នៃ​កំណែទម្រង់ គជប​។​

​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ខុមហ្វ្រែល លោក គល់ បញ្ញា លើកឡើងថា ការចាប់ខ្លួន​សកម្មជន​អ្នក​តវ៉ា​ថ្មីៗ​នេះ បង្ហាញថា រដ្ឋាភិបាល​មិនបាន​ធ្វើ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ ឲ្យបាន​ប្រសើរ​ទេ ដែល​ធ្វើឲ្យ​ស្ថាប័ន​ជាតិ​ដ៏​សំខាន់​មួយ​នេះ នៅតែ​ជា​ឧបករណ៍​របស់​អ្នកនយោបាយ​។​

​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​កម្ពុជា លោក សួន ប៊ុន​ស័ក្តិ យល់ថា វិធានការ​ចាប់ខ្លួន​ក្រុមអ្នកតវ៉ា​នេះ ជា​រូបភាព​គំរាម​សេរីភាព​បញ្ចេញមតិ និង​ធ្វើឲ្យ​ស្ថានការ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ស្ថិត​ក្នុង​រូបភាព​ព្រួយបារម្ភ​។​

​លោក​សួន ប៊ុន​ស័ក្តិ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យឡើងវិ​ញ​ពី​សិទ្ធិមនុស្ស ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​។​

VOD​មិនអាច​សុំ​ប្រតិកម្ម​ពី​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក សន សោភ័ណ បានទេ ជុំវិញ​ការលើកឡើង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នេះ ដោយ​លោក​តម្រូវឲ្យ​ដាក់​លិខិត​ផ្លូវការ​មុន​ឆ្លើយតប ។​

​ប៉ុន្តែ​ក្រោយពី​មាន​ការរិះគន់​ថា រូបភាព​នៃ​ការចាប់ខ្លួន សកម្មជន​ដីធ្លី និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ បក្ស​កាន់​អំណាច​បាន​ចេញ​សេចក្តីថ្លែងការណ៍​ច្រាន​ចោល​ការចោទប្រកាន់ ដោយ​អះអាង​ថា វិធានការ​ចាប់ខ្លួន​នោះ ធ្វើឡើង​តាម​នីតិវិធី​ច្បាប់ ដើម្បី​ពង្រឹង​នីតិរដ្ឋ​។​

​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លីកាដូ លោក អំ សំអាត យល់ថា ការអនុវត្ត​នីតិរដ្ឋ​នៅ​កម្ពុជា មិនមែន​ចាប់​អ្នករងគ្រោះ​ដាក់ពន្ធនាគារ ហើយ​អ្នក​បាញ់​សម្លាប់​មនុស្ស​ក្រៅច្បាប់​រួចខ្លួន ដូច​ករណី​បាញ់សម្លាប់​លោក ម៉ៅ សុខ​ចាន់ នៅ​គល់​ស្ពាន​ក្បាលថ្នល់ បាញ់​សម្លាប់​អ្នក​លក់​បាយ​នៅ​គល់​ស្ពាន​ស្ទឹងមានជ័យ អ្នកស្រី អេង សុខុម និង​ការបាញ់​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង​ឲ្យស្លាប់​៥​នាក់​ជា​ដើម ដែល​ជនដៃដល់​មិន​ត្រូវបាន​កាត់ទោស​នោះ​។​

​យ៉ាងណាក្តី ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក បាន​ចេញ​សេចក្តីជូនដំណឹង​រួមគ្នា ដល់​អ្នក​សារព័ត៌​ជាតិ​និង​អន្តរជាតិ ព្រមទាំង​តំណាង​ស្ថានទូត​បរទេស​ប្រចាំ​កម្ពុជា ឲ្យចូល​រួម​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ ដែល​ប្រធានបទ​និយាយ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​បច្ចុប្បន្ន ពាក់ព័ន្ធ​នឹង​ការចាប់​ឃុំខ្លួន​សកម្មជន​ដីធ្លី ព្រះសង្ឃ និង​អ្នកនយោបាយ ហើយ​សន្និសីទ​នោះ​នឹង​ធ្វើ​នៅ​សមាគម​ការពា​សិទ្ធិមនុស្ស​អាដហុក​។​

សូម​សរសេរ​មក​លោក ញឹម សុខន តាម​រយៈ sokhorn@vodhotnews.com

What Next?

Recent Articles

One Response to "សង្គម​ស៊ីវិល​យល់ថា​តុលាការ​នៅតែ​ជា​ឧបករណ៍​បម្រើ​ឲ្យ​បក្ស​កាន់​អំណាច​​"

  1. ប្រជាពលរដ្ឋ says:

    នយោបាយ ខ្មាំងបរទេស ធ្វើអោយប្រទេសកម្ពុជា ចុះខ្សោយ ឈ្លោះគ្នា ដោយមិនដឹងខ្លួន =

    = បង្កើត បញ្ហា អយុត្តិធម៏ ពុករលួយ គំរាម ដកមុខតំណែង កាត់ទោស ដាក់គុក សម្លាប់ ក្រៅច្បាប់ !